ដូចម្តេចដែលហៅថា ការឆ្លងទន្លេ?
ការឆ្លងទន្លេ គឺជាពាក្យដែលគេប្រើក្នុងពេលដែលស្ត្រីឈឺពោះសម្រាលកូន។ ការសម្រាលកូន ប្រៀបដូចជារឿងធម្មជាតិ ដែលស្ត្រីជាអ្នកពពោះ និងជាអ្នកផ្តល់កំណើតដល់ជិវិតថ្មីមួយទៀត។ មិនថាការសម្រាលកូនដោយវះកាត់ ឬដោយធម្មជាតិទេ គឺស្ត្រីតែងតែអាចជួបនូវគ្រោះថ្នាក់ដល់អាយុជីវិតទាំងក្នុងពេលពពោះ ពេលឈឺពោះ ពេលសម្រាលឬក្រោយសម្រាល។ ពេលខ្លះ គេឃើញស្ត្រីមានសុខភាពល្អធម្មតា មិនដែលមានជំងឺប្រចាំកាយពីមុនទេ តែស្ត្រីអាចនឹងជួបគ្រោះថ្នាក់ជាច្រើនក្នុងពេលពពោះ និងពេលសម្រាលបុត្រ។
ការអង្កេតអត្រាមរណភាពរបស់មាតាក្នុងពេលសម្រាលបុត្រទូទាំងពិភពលោក ដោយយោងទៅតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោកគេសង្កេតឃើញថា ក្នុងឆ្នាំ ២០១៧ អត្រាមរណភាពរបស់ស្រ្តីពេលសម្រាលកូនទូទាំងពិភពលោកបានធ្លាក់ចុះ ៤៤ភាគរយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។ ប៉ុន្តែ ការប្រឈមមុខនេះនៅតែជួបប្រទះ ជារៀងរាល់ថ្ងៃ លើស្ត្រី ៨៣០ នាក់ ដែលបានស្លាប់ដោយសារការពពោះ និងការសម្រាលកូន។ យោងតាមព័ត៌មានរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) នៅឆ្នាំ ២០១៧ ក៏បានបញ្ជាក់នូវអត្រាស្លាប់របស់ស្ត្រីក្នុងពេលពពោះ និងពេលសម្រាល គឺស្ត្រីម្នាក់ត្រូវបានស្លាប់រៀងរាល់ ២នាទី។
គេសង្កេតឃើញថា ការស្លាប់របស់ស្ត្រីក្នុងពេលសម្រាលកូនភាគច្រើន គឺបណ្តាលមកពីការធ្លាក់ឈាមច្រើនក្នុងពេលសម្រាល(១៥%) ផលវិបាកនៃការរំលូតកូនមិនមានសុវត្ថិភាព(១៥%) ការលើសឈាមក្នុងពេលមានផ្ទៃពោះ(១០%) ការឆ្លងរោគក្រោយសម្រាល(៨%) ការធ្លាយស្បូនក្នុងពេលសម្រាលតាមធម្មជាតិ(៦%) ការស្ទះសរសៃឈាមបេះដូង ឬសួតដោយទឹកភ្លោះ ឬកំណកឈាម(៣%) និងដោយសារតែស្ថានភាពជំងឺមុនពេលមានផ្ទៃពោះ(២៨%)។
ទោះជាការឆ្លងទន្លេជាពេលវេលាដ៏មានគ្រោះថ្នាក់សម្រាប់ស្ត្រីក៏ដោយ ក៏ស្ត្រីអាចនឹងត្រូវបានការពារពីគ្រោះថ្នាក់ទាំងនោះដោយការពិនិត្យសុខភាពមុនមានផ្ទៃពោះ ការតាមដានផ្ទៃពោះឲ្យបានត្រឹមត្រូវការតាមដានក្នុងពេលសម្រាល និងក្រោយសម្រាលឲ្យបានត្រឹមត្រូវ។ ស្ត្រីត្រូវជ្រើសរើសទីកន្លែងសម្រាលប្រកបដោយសុវត្ថិភាព មានក្រុមគ្រូពេទ្យជំនាញ និងមានកន្លែងវះកាត់។
ផលប្រយោជន៍ក្នុងការពិនិត្យសុខភាពស្ត្រី ៖
• មុនពេលមានផ្ទៃពោះ៖ បើក្នុងករណីស្ត្រីមានបញ្ហាសុខភាព ត្រូវដឹងថាតើជំងឺនោះ រួមទាំងការព្យាបាល នឹងមានភាពប៉ះពាល់ដល់ស្រ្តីក្នុងពេល មានផ្ទៃពោះ ឬទារកដែរទេ? តើស្ត្រីអាចពពោះដោយសុវតិ្ថភាពឬទេ?
• ក្នុងពេលមានផ្ទៃពោះ៖ បើរកឃើញនូវបញ្ហា ណាមួយត្រូវមានការព្យាបាល ឬការពារឲ្យទាន់ពេលវេលា មុននឹងឈានទៅរកផលវិបាកធ្ងន់ធ្ងរ និងដើម្បីឈានទៅដល់ការសម្រាលប្រកបដោយសុវត្ថិភាព។
• ក្នុងពេលសម្រាល និងក្រោយសម្រាល៖ ការតាមដានខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ គឺអាចឲ្យស្ត្រី ចៀសផុតពីផលវិបាកនានា ដែលនាំឲ្យស្ត្រី និងទារកសម្រាលប្រកបដោយសុវត្ថិភាព។
សម្ភពមាតា គឺមានទទួលសម្រាលបុត្រតាមបែបធម្មជាតិ ដោយមិនមានការឈឺចាប់ និងសម្រាល ដោយការវះកាត់ ដោយមានការថែទាំខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍តាមដានម្តាយ និងទារកទំនើបប្រកបដោយផាសុកភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥
អ៊ីម៉ែល៖ doctor_tysovannaroth@yahoo.com
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែក សម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ