ហេតុអ្វីបានជា ពិបាកក្នុងការមានផ្ទៃពោះ?
ការពិបាកក្នុងការមានផ្ទៃពោះ ខុសពីពាក្យថាពិបាកមានកូន ហើយមូលហេតុក៏ខុសគ្នាដែរ។ ការពិបាកមានផ្ទៃពោះ រាប់ទាំងការពិបាកបង្កកំណើត ការពិបាកទុំជាប់របស់កូនក្នុងស្រទាប់រដូវ ដែលបញ្ជាក់ថាស្ត្រីមានផ្ទៃពោះ។ ការពិបាកមានកូន គឺរាប់ទាំងការពិបាកមានផ្ទៃពោះ និងការពិបាកក្នុងការទ្រទ្រង់កូនឲ្យមានការលូតលាស់រហូតដល់អាយុគភ៌ដែលទារកអាចកើតមកមានជីវិតរស់បាន។ អាយុដែលទារកអាចកើតមករស់បាន គឺខុសគ្នាទៅតាមលក្ខខណ្ឌវិស័យសុខាភិបាល ប្រទេសនីមួយៗ ដែលអាចចាប់ពី ២២ សប្តាហ៍ទៅ ២៦ សប្តាហ៍ និងពេលខ្លះអាចទៅដល់ ២៨សប្តាហ៍។
ការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ ១០ភាគរយនៃស្ត្រី អាយុ ពី១៥ទៅ ៤៤ឆ្នាំ នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។
គេសង្កេតឃើញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះ គឺបណ្តាលមកពីមូលហេតុខាងបុរស។ មូលហេតុញឹកញាប់មានដូចជា ការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនមានការបញ្ចេញមេជីវិត ពេលបញ្ចេញទឹកកាមម្តងៗ។ មូលហេតុផ្សេងទៀត ដូចជា ការបញ្ចេញទឹកកាមចូលទៅខាងក្នុងទ្វារមាសស្ត្រីមិនបានត្រឹមត្រូវការកង្វះអ័រម៉ូនពីក្រពេញអុីប៉ូហ្វីស ដែលបញ្ជាទៅក្រពេញពងស្វាសឲ្យផលិតមេជីវិតបុរស ការបង្កើតប្រព័ន្ធភាពសុំាប្រឆាំងនឹងមេជីវិតបុរស។
ការពិបាកមានផ្ទៃពោះក៏អាចបណ្តាលមកពីខាងស្ត្រីមួយផ្នែកដែរ។ មូលហេតុញឹកញាប់ គឺមកពីមិនមានការបញ្ចេញមេជីវិតស្ត្រីក្នុងវគ្គរដូវ ពិសេសស្ត្រីដែលមានវ័យលើសពី ៤០ឆ្នាំឡើង ស្ត្រីដែលមានបញ្ហាពងទឹកច្រើននៅកន្សោមមេជីវិត ស្ត្រីដែលមានកម្រិតអ័រម៉ូនប្រូឡាក់ទីនខ្ពស់ ស្ត្រីដែលមានបញ្ហាលើមុខងារក្រពេញអ័រម៉ូនទីរ៉ូអុីត ឬស្ត្រីដែលមានបញ្ហាសុខភាពរុំារ៉ៃ។ មូលហេតុផ្សេងទៀត ដូចជាការស្ទះដៃស្បូនសងខាង ដុំស្បូនក្នុងស្រទាប់រដូវ ជំងឺអង់ដូមេទ្រីយ៉ូស ឬស្ត្រីមានការទទួលការព្យាបាលថ្នាំគីមី ឬកាំរស្មីពីមុន។
កត្តាផ្សេងៗទៀតដែលជះឥទ្ធិពលលើការពិបាកមានផ្ទៃពោះដូចជា ផ្សែងបារី ស្រា ការឡើង ឬស្រកទម្ងន់ខ្លាំងពេក ការបរិភោគមិនបានគ្រប់គ្រាន់ ពិសេសសារជាតិមួយចំនួនដូចជា ហ្វូលិកអាស៊ីត ជាតិដែក ស័ង្កសី និងវីតាមីនបេ១២ កង្វះខាតការហាត់ប្រាណ ឬហាត់លើសកម្រិតពេក ការឆ្លងជំងឺកាមរោគ ការប៉ះពាល់ជាមួយសារជាតិគីមីមួយចំនួនដូចជា ថ្នាំសម្លាប់សត្វល្អិត និងជំងឺផ្លូវចិត្ត។
ដើម្បីទទួលការព្យាបាលត្រឹមត្រូវ ទាំងបុរស និងស្ត្រី ត្រូវមានការធ្វើតេស្តមួយចំនួន ដើម្បីរកមើលនូវមូលហេតុដែលពិបាកក្នុងការមានផ្ទៃពោះ។ តេស្តទាំងនោះរួមមាន ការពិនិត្យអេកូតាមទ្វារមាស អេកូលើពងស្វាសបុរស ការថតដៃស្បូន ការធ្វើតេស្តឈាមមួយចំនួន និងការពិនិត្យមេជីវិតបុរស។
មន្ទីរសម្រាកព្យាបាល និងសម្ភព មាតា មានទទួលពិគ្រោះ ពិនិត្យ និងព្យាបាលនូវការពិបាកមានផ្ទៃពោះ ដែលបណ្តាលមកពីមូលហេតុបុរស និងស្ត្រី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥
អុីម៉ែល៖ doctor_tysovannaroth@yahoo.com
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែក សម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ