ម៉ោះ!! មកត្រៀមគម្រោងអាហារពេលល្ងាចសម្រាប់ខែកុម្ភៈទាំងអស់គ្នា
ទិវានៃក្តីស្រលាញ់មកដល់កៀកមែនទែនហើយ តើអ្នកមានគម្រោងសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់ដើម្បីប្រារព្ធឲ្យមានន័យហើយឬនៅ? លើកនេះសុំណែនាំជូនអ្នកមានគូម្តង ថាថ្ងៃបុណ្យនៃក្តីស្រលាញ់ (Valentine’s Day) ញ៉ាំអាហារពេលល្ងាចយ៉ាងណាខ្លះ ដើម្បីចំណាយពេលឲ្យសមតម្លៃនឹងមួយឆ្នាំមានម្តង ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។
១. ញ៉ាំអាហារក្រោមពន្លឺភ្លើងទាន
ធ្លាប់តែឮក្នុងរឿង ហើយអ្នកខ្លះធ្លាប់ទាំងជ្រេញគេទៀត! តែតាមពិតទៅធ្វើបែបនេះពិតជាបង្កើនបរិយាកាសឲ្យកាន់តែស្ងប់ស្ងាត់ ព្រមទាំងក្នុងចិត្តរបស់អ្នកទាំងពីរផងដែរ។ មិនជឿសាកមើលទៅ!
២. ភិចនិច (Picnic)
ខ្ចប់ទៅញ៉ាំអីនៅខាងក្រៅ ក្រាលកន្ទេល ដាក់បាសបើកចម្រៀងតិចៗកំដរបរិយាកាស ញ៉ាំម្ហូបចម្អិនខ្លួនឯងយកមកស្រាប់ ឬចម្អិនភ្លាមៗប្រសិនបើត្រៀមសម្ភារមកស្រេច និយាយរឿងសប្បាយៗជាមួយគ្នា មើលទេសភាព (ប្រសិនបើនៅតាមមាត់ទឹក ឬកន្លែងមើលថ្ងៃលិចបានទៀត កាន់តែរ៉ូមែននិក) ហើយប្រសិនបើនៅដល់យប់ អ្នកគួរដេកមើលផ្កាយ និងព្រះច័ន្ទនោះអ្នកនឹងទទួលបានអារម្មណ៍កាន់តែល្អលើសមុនទៅទៀតរួមទាំងក្លាយជាថ្ងៃដ៏មានន័យមិនអាចបំភ្លេចបាន។
៣. ភោជនីយដ្ឋានសំណព្វចិត្ត
អ្នកណាក៏មានកន្លែង ឬម្ហូបដែលចូលចិត្តបំផុតដែរ ដូចនេះ អ្នកគួរនាំដៃគូរបស់អ្នកទៅកន្លែងដែលគេចូលចិត្តជាទីបំផុត កម៉្មង់ម្ហូបសំណព្វចិត្តហើយញ៉ាំជាមួយគ្នាឲ្យមានក្តីសុខ នោះអាហារមួយពេលនេះកាន់តែមានន័យខុសធម្មតា។
៤. ចម្អិនម្ហូបនៅផ្ទះ
អ្នកខ្លះថាញ៉ាំម្ហូបផ្ទះរាល់ថ្ងៃមិនទ្រលាន់ទេអី? ត្រូវហើយ យើងញ៉ាំបាយផ្ទះរាល់ថ្ងៃមែន តែយើងអាចបង្កើតម្ហូបសម្រាប់ជប់លៀងផ្សេងៗទៀតដូចជា គោឡើងភ្នំ សាច់អាំងBBQ ឬធ្វើអីក៏បាន ឲ្យតែអ្នកគិតថា វាជាអាហារសម្រាប់ជប់លៀងជាមួយអ្នកនៅផ្ទះទៅបានហើយ។ សម្រាប់អ្នកខ្លះមិនសូវបានញ៉ាំបាយជុំគ្នាជាមួយអ្នកផ្ទះប៉ុន្មានទេ ដូច្នេះបានជាចង់ឆ្លៀតឱកាសប្រាប់អ្នកឲ្យទៅញ៉ាំអាហារជុំជាមួយគ្រួសារ អ្នកផ្ទះ ឬហៅអ្នកជាទីស្រលាញ់មកញ៉ាំនៅផ្ទះជាមួយជាដើម។
***BONUS => និយាយពាក្យ «ស្រលាញ់» ឲ្យអស់ពីចិត្ត
អ្នកដឹង គេដឹង អ្នកគ្រប់គ្នាដឹង ហើយមិនបាច់និយាយក៏ដឹង ប៉ុន្តែឆ្លៀតឱកាសពិសេស ក្រោយអាហារពេលល្ងាចមានន័យ ឬមិនមានក៏ដោយអ្នកគួរតែនិយាយប្រាប់មនុស្សជាទីស្រលាញ់របស់អ្នកនូវពាក្យ «ស្រលាញ់» មួយម៉ាត់នេះឲ្យបានជាដាច់ខាត។ ពាក្យមួយនេះវាមិនពិបាកនឹងនិយាយទេហើយក៏មិនធ្ងន់អីដែរគ្រាន់តែនិយាយត្រង់ៗនោះ។ សារភាពពាក្យក្នុងចិត្តទាំងប៉ុន្មានមកឲ្យអស់ ប្រាប់គេថាអ្នកស្រលាញ់គេខ្លាំងប៉ុណ្ណាដូចពេលដែលអ្នកសារភាពលើកដំបូងនោះទៅ យ៉ាងហោចណាស់ ពាក្យទាំងនោះធ្វើឲ្យគេចាំក្នុងចិត្តថាអ្នកនៅស្រលាញ់គេដដែល ឬច្រើនជាងមុនហើយក៏បង្កើនចំណងរបស់អ្នក ទាំងពីរឲ្យកាន់តែស្អិតរមួតជាងមុនទៅទៀត។ ខ្ញុំជឿជាក់ថានរណាៗក៏ចង់ឮពាក្យនេះចេញពីដៃគូរបស់ខ្លួនដែរ ហើយកាន់តែរំភើបនឹងសប្បាយចិត្តលើសមុន ប្រសិនបើបានឮអ្នកនិយាយចេញពីចិត្ត មិនប្រឌិតកុហកពិតមែន។
ថ្វីត្បិតថាទិវានេះមានប្រភពមកពីបរទេស តែវាមិនជាកំហុសអ្វីទេ គ្រាន់តែយើងចង់បង្ហាញក្តីស្រលាញ់ចេញមុខចេញមាត់ម្តងនោះ។ ប្រារព្ធថ្ងៃនេះជាមួយមនុស្សជាទីស្រលាញ់ទៅ ទាន់នៅមានឱកាស កុំឲ្យទុកពេលចោលកន្លងទៅយូរ នាំស្តាយក្រោយ។ ស្រលាញ់មនុស្សជុំវិញខ្លួនរបស់អ្នកឲ្យខ្លាំងដូចថ្ងៃស្អែក លែងមានទៀត!
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ