ដំណោះស្រាយចំពោះហានិភ័យសុខភាពរបស់ស្រ្តីអស់រដូវពី Isoflavones ក្នុងសណ្តែកសៀង
ហានិភ័យសុខភាព ព្រមទាំងរោគសញ្ញារំខានជាច្រើនដែលអាចកើតមានឡើងនៅអំឡុងពេលវ័យអស់រដូវរបស់ស្ត្រី ជាទូទៅត្រូវបានការពារក៏ដូចជាព្យាបាលជាចម្បងដោយសារធាតុអ័រម៉ូនជំនួស (HRT)។ ស្របពេលជាមួយគ្នា Isoflavones ក្នុងសណ្តែកសៀងជាសារធាតុដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសារការផ្តល់នូវប្រសិទ្ធភាពសម្របសម្រួលអាការៈរបស់ស្ត្រីអស់រដូវ ក៏ដូចជាការការពារការប្រឈមទៅនឹងជំងឺពុកឆ្អឹង និងជំងឺសរសៃឈាមបេះដូង ជាពិសេសវាមានភាពប្រសើរជាង HRT បើប្រៀបធៀបលើផលរំខានពីការព្យាបាលរបស់វា ដោយសារលក្ខណៈជម្រើសសកម្មភាពលើប្រភេទជាលិកាជាក់លាក់របស់វា។
ជាលទ្ធផល ការបន្ថែម isoflavonesពីសណ្តែកសៀងក្នុងរបបអាហារ បានបង្ហាញនូវអត្ថប្រយោជន៍បែបគ្លីនិកជាច្រើន បើយោងតាមការសិក្សា ដោយក្នុងនោះរួមមាន៖
អាការៈក្តៅក្រហល់ក្រហាយក្នុងខ្លួន
អាការៈនេះកើតមានជាពិសេសនៅពេលយប់ ដោយរួមមកជាមួយនឹងការបែកញើស ដែលធ្វើឲ្យស្ត្រីអស់រដូវដែលរងគ្រោះ ត្រូវការការព្យាបាលដើម្បីកាត់បន្ថយភាពរំខាននេះ។ ការបរិភោគអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀងត្រូវបានដឹងថាអាចកាត់បន្ថយអាការៈនេះបានយ៉ាងប្រសើរ។ Isoflavones ក៏ត្រូវបង្ហាញដោយជោគជ័យផងដែរថាអាចការពារអាការៈក្តៅក្រហល់ក្រហាយនេះបានតាំងពីដំណាក់កាលជិតអស់រដូវ។
ការរសាត់ឆ្អឹង
បញ្ហាពុកឆ្អឹង និងថយចុះនៃដង់ស៊ីតេឆ្អឹង គឺជាបញ្ហាទូទៅដែលកើតមានក្នុងចំណោមស្ត្រីអស់រដូវ ហើយវាគឺជាមូលហេតុនៃភាពពិបាកបត់បែន និងការឈឺចាប់នៃសន្លាក់។ ពុំមានការការពារណាអាចជំនួសទម្លាប់បរិភោគអាហារត្រឹមត្រូវ ព្រមទាំងការរក្សានូវសន្ទស្សន៍ម៉ាស់រាងកាយ (BMI) បានឡើយចំពោះបញ្ហារសាត់ឆ្អឹង ដោយក្នុងនោះអាហារសម្បូរដោយ Isoflavoneត្រូវបានចាត់ទុកថាជាដំណោះស្រាយការពារដ៏ល្អចំពោះស្ត្រីអស់រដូវ។
បម្រែបម្រួលមេតាបូលីស បេះដូង និង BMI
ភស្តុតាងពីការសិក្សាថ្មីៗនេះ បានបង្ហាញថា ហានិភ័យនៃបញ្ហាមេតាបូលីស និងជំងឺលើសទម្ងន់ ក៏ដូចជាការរើឡើងវិញរបស់វាមានការកើនឡើងដល់ទៅ ៣ដងចំពោះស្ត្រីអស់រដូវបើធៀបនឹងស្ត្រីមិនទាន់អស់រដូវ ដែលជាលទ្ធផលនាំមកនូវផលវិបាកជាការវិវឌ្ឍជាជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង ការលើសជាតិខ្លាញ់ ការស៊ាំនឹងអាំងស៊ុយលីននិងលើសសម្ពាធឈាម។
ជំងឺមហារីក
ទំនាក់ទំនងរវាងការប្រឈមនឹងជំងឺមហារីកសុដន់ និងការការពាររបស់វាដោយប្រើប្រាស់សារធាតុអង់ទីអុកស៊ីតកម្មត្រូវបានលើកយកមកសិក្សា និងអង្កេតយ៉ាងទូលំទូលាយ។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថាអឺស្ត្រូសែនពីធម្មជាតិ (Isoflavones) អាចចាត់ទុកបានថាមានអត្ថប្រយោជន៍ការពារជំងឺមហារីកបាន។
បម្រែបម្រួលស្បែក
ការថយចុះនៃកម្រាស់ស្បែក ដោយសារការរួមនៃស្រទាប់ស្បែក និងខ្លាញ់ ភាពស្ងួត ជ្រីវជ្រួញ និងការកើនឡើងនៃដំបៅរាលដាល គឺជាបញ្ហាដែលកើនឡើងជាមួយនឹងអាយុ ហើយជាអកុសលក៏កាន់តែមានការវិវឌ្ឍកាន់តែឆាប់រហ័សផងដែរនៅពេលស្ត្រីចូលដល់ដំណាក់កាលអស់រដូវ ដោយសារតែបម្រែបម្រួលនៃអ័រម៉ូនអឺស្ត្រូសែន។ Genistein aglycone ជាទម្រង់មួយនៃ Isoflavones ដែលបរិមាណដ៏ច្រើនរបស់វាឃើញមានក្នុងសណ្តែកសៀងផ្អាប់ត្រូវបានចាត់ទុកថាមានតួនាទីការពារបញ្ហាបម្រែបម្រួលស្បែកទាក់ទងនឹងវ័យអស់រដូវដោយមិនផ្តល់នូវផលវិបាកទាក់ទងនឹងអឺស្ត្រូសែនលើជាលិកាបន្តពូជឡើយ។
ជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្តត្រូវបានដឹងថាជាបញ្ហាដ៏ចម្បងមួយក្នុងចំណោមជំងឺទាំង ១១ ដែលស្ត្រីអស់រដូវអាចប្រឈមខ្លាំង។ ការសិក្សាមួយបានណែនាំថា Isoflavones អាចបង្កើនសារប្រយោជន៍ចំពោះអ្នកជំងឺបាក់ទឹកចិត្តបាន។ ជាពិសេស ការរួមផ្សំជាមួយនឹងឱសថ Sertraline ឬ Fluoxetine ជាមួយ Isoflavones បានបង្ហាញនូវភាពប្រសើរឡើងផ្នែកអារម្មណ៍អ្នកជំងឺជាជាងការព្យាបាលដោយឡែកនៃឱសថមួយៗ ឬ Isoflavones តែឯង។
ការរួមនៃស្រទាប់ជាលិការំអិលយោនី
ស្បែក និងស្រទាប់រំអិល នឹងបាត់បង់សំណើមនៅពេលវ័យកាន់តែចាស់ជាពិសេសនៅវ័យអស់រដូវដែលភាពស្ងួតនេះអាចធ្វើឲ្យងាយប្រឈមនឹងភាពរលាក។ បញ្ហារួមនៃយោនីក៏កាន់តែកើនឡើងផងដែរចំពោះស្ត្រីអស់រដូវ។ ការប្រើប្រាស់ Isoflavones ៦០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលមួយខែបានបង្ហាញលទ្ធផលលើការធ្វើតេស្ត Pap Smear ថាធ្វើឲ្យភាពរួមនៃយោនីមានការធូរស្រាល និងផ្តល់ឲ្យអ្នកជំងឺមានអារម្មណ៍ប្រសើរឡើងផងដែរ។ ស្របពេលជាមួយគ្នា ការធ្វើតេស្តឈាម និងទឹកនោម ក៏មិនបានបង្ហាញនូវផលរំខានទាក់ទងនឹងការបញ្ចេញនៃអ័រម៉ូនទៅលើថ្លើមនិងតម្រងនោមឡើយ។
Isoflavones ពីសណ្តែកសៀង បានក្លាយទៅជាជម្រើសមួយទៀតនៃការព្យាបាលចំពោះស្ត្រីអស់រដូវ ដោយសារតែឥទ្ធិពល និងសារប្រយោជន៍ដ៏មានតម្លៃរបស់វា។ ជាមួយការព្យាបាលរួមនឹងវិធីសាស្ត្រជាក់លាក់ Isoflavones ក៏ផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនគុណភាពជីវិតចំពោះស្ត្រីអស់រដូវផងដែរ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ