ក្រោយសម្រាលកូន ធ្វើម៉េចបានសម្រកទម្ងន់បាន?
បន្ទាប់ពីអ្នកបានសម្រាលកូនរួច អ្នកអាចប្រហែលអស់កម្លាំង ឬមានអារម្មណ៍ថាគ្មានពេលវេលាដើម្បីឲ្យខ្លួនឯង ញ៉ាំរបស់ដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ។ ស្ត្រីភាគច្រើនឡើងទម្ងន់ជាមធ្យមចន្លោះពី ៥ទៅ១៨គីឡូក្រាមអំឡុងពេលមានផ្ទៃពោះ ហើយបន្ទាប់ពីកូនត្រូវបានសម្រាលរួចអ្នកម្តាយគ្រប់រូបតែងមានកង្វល់អំពីទម្ងន់របស់ខ្លួន។ គម្រោងនៃការធ្វើលំហាត់ប្រាណ រួមជាមួយរបបអាហារសុខភាពនឹងជួយអ្នកបង្កើនមេតាបូលីស និងដុតបំផ្លាញកាល់ឡូរី។
ការបំបៅដោះកូន និងការស្រកទម្ងន់
កម្រិតនៃការស្រកទម្ងន់គឺស្ថិតនៅចន្លោះកន្លះទៅមួយគីឡូក្រាមក្នុងមួយសប្តាហ៍ អំឡុងពេលនៃការបំបៅដោះកូនរបស់អ្នក។ ការស្រកទម្ងន់បន្ថែមកាន់តែលឿនតាមរយៈរបបអាហារអាចមានន័យថាអ្នកមិនបានផ្តល់នូវសារធាតុបំប៉នគ្រប់គ្រាន់ទៅកាន់កូនអ្នកឡើយ។ ការបំបៅដោះ គឺមិនគ្រាន់តែល្អសម្រាប់កូនតូចរបស់អ្នកទេ វាក៏អាចជួយអ្នកឲ្យស្រកទម្ងន់ដែលកើនឡើងអំឡុងពេលមានផ្ទៃពោះ ព្រោះរាងកាយរបស់អ្នកប្រើសារធាតុខ្លាញ់និងថាមពលទៅផ្តល់អាហារដល់កូនរបស់អ្នក។ ម៉្យាង អ្នកប្រហែលអាចរកឃើញថាអ្នកមិនស្រកទម្ងន់រហូតទាល់តែអ្នកឈប់បំបៅដោះកូន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលបំបៅកូនដោយទឹកដោះ ហោចណាស់ ៣ខែដំបូងហាក់ដូចជាស្រកទម្ងន់ដែលបានឡើងពេលកំពុងមានទម្ងន់លឿនជាងស្ត្រីដែលមិនបំបៅកូនដោយទឹកដោះ។ ការបំបៅដោះកូនអាចធ្វើឲ្យអ្នកឃ្លានដូច្នេះអ្នកគួរទទួលទានបន្លែបន្ថែម ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលល្អបំផុត និងគួរព្យាយាមចៀសវាងប្រភេទអាហារកំប៉ុងដែលសម្បូរដោយខ្លាញ់ និងស្ករ រួមជាមួយនឹងការទទួលទានទឹកធម្មតាឲ្យបានច្រើនតាមដែលអាចធ្វើបាន។
ក្រៅពីនេះ អ្នកចាំបាច់ត្រូវគោរពតាមគន្លឹះសំខាន់ដូចខាងក្រោម៖
• ទទួលទានអាហារស្រស់ និងសម្បូរដោយសរសៃគ្រប់ប្រភេទដូចជា បន្លែ ប្រូតេអ៊ីន និងប្រភេទគ្រាប់ធញ្ញជាតិ
• ញ៉ាំក្នុងបរិមាណតិចតែសមរម្យ ដោយទម្លាប់ប្រើចានតូចល្មម និងអង្គុយញ៉ាំយឺតៗ
• ករណីអ្នកឃ្លានខ្លាំង អ្នកគួរជ្រើសរើសអាហារសុខភាពជាជាង អាហារសម្រន់កំប៉ុង ឬអាហារកែច្នៃ
• មិនគួររក្សាប្រភេទអាហារកញ្ចប់ដែលមិនសូវសម្បូរសារធាតុចិញ្ចឹមដាក់ក្នុងផ្ទះរបស់អ្នកឡើយ
• ចាប់ផ្តើមហាត់ប្រាណដោយការដើរជាមួយកូនតូចរបស់អ្នក ឬ/និងអាចចាប់ផ្តើមថ្នាក់ហាត់ប្រាណសារជាថ្មី។
ការស្វែងរកជំនួយ
អ្នកត្រូវត្រៀមខ្លួនជានិច្ច ប្រសិនអ្នកលើសទម្ងន់មុនពេលអ្នកចាប់ផ្តើមមានផ្ទៃពោះ អ្នកប្រហែលត្រូវប្រឹក្សាជាមួយគ្រូពេទ្យអំពីវិធីសាស្ត្រនានាដែលអាចសម្រកទម្ងន់របស់អ្នកបានអំឡុងពេលនេះ។ ក្រៅអំពីការត្រៀមខ្លួន អ្នកគួររៀបគម្រោងរបបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម ប៉ុន្តែត្រូវធ្វើឡើងតាមសម្រួលករណីសម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ។ វាពិតជាមិនសូវល្អចំពោះសុខភាពអ្នកជាម្តាយនោះទេបើអ្នកស្រកទម្ងន់ខ្លាំងពេក ឬស្រកទម្ងន់លឿនពេក។ ខ្លួនអ្នកត្រូវការថាមពលក្នុងការរក្សាខ្លួនឯង និងគ្រួសារក៏ដូចជាកូនតូចរបស់អ្នក។ អ្វីដែលអ្នកមិនត្រូវភ្លេច ប្រសិនបើអ្នកបារម្ភខ្លាំងអំពីទម្ងន់របស់អ្នកក្រោយសម្រាល យកល្អអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ