អ្នកម្តាយគួរបំបៅដោះកូននៅដំណាក់កាលណាខ្លះ?
ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្ត្រមួយដ៏ប្រសើរសម្រាប់សុខភាពរបស់ទារក តែទោះយ៉ាងណា អ្នកម្តាយភាគច្រើនតែងមានចម្ងល់ថា តើពួកគាត់គួរផ្តល់ការបំបៅប៉ុន្មានដងក្នុងមួយថ្ងៃនិងម្តងៗគួរចំណាយរយៈពេលប៉ុន្មានទើបជាការប្រសើរ?
តាមពិត តម្រូវការរបស់ទារកម្នាក់ៗមានភាពខុសៗគ្នា ទៅតាមអាយុ និងវ័យលូតលាស់របស់ទារក ដោយចម្លើយទាំងអស់នេះអ្នកអាចស្វែងយល់បានកាន់តែច្បាស់តាមរយៈអត្ថបទខាងក្រោម៖
ថ្ងៃទី ១ ក្រោយសម្រាល
ពោះរបស់ទារកនៅតូចណាស់ក្នុងដំណាក់កាលនេះហេតុនេះពួកគេមិនត្រូវការបរិមាណទឹកដោះច្រើនទេ ប៉ុន្តែត្រូវការការបៅច្រើនដងក្នុងមួយថ្ងៃ ដោយការបំបៅគួរត្រូវបានធ្វើឡើងជារៀងរាល់ ១ទៅ៣ម៉ោងម្តង។ ការបំបៅញឹកញាប់បែបនេះអាចជួយជំរុញការផលិតទឹកដោះ ព្រមទាំងអាចជួយទារកអនុវត្តការជញ្ជក់ និងការលេបបានកាន់តែប្រសើរបន្តិចម្តងៗ។
សប្តាហ៍ទី១ ដល់ខែទី ១
ក្នុងអំឡុងពេលនេះ ពោះរបស់ទារកចាប់ផ្តើមរីកធំជាងមុន ដូច្នេះពួកគេអាចបៅបានបរិមាណច្រើនជាងមុន។ ជាទូទៅ អ្នកម្តាយអាចបំបៅទារកចន្លោះចាប់ពី ៨ទៅ១២ដងក្នុង១ថ្ងៃ ដោយការបំបៅម្តងៗអាចចំណាយរយៈពេលជាមធ្យមប្រមាណ ៥ទៅ១០នាទីចំពោះការបំបៅសុដន់ម្ខាងៗ ឬអាចកើនរយៈពេលដល់ ២០នាទីម្តងចំពោះទារកមួយចំនួន។ រយៈពេលនៃការបំបៅអាចខុសគ្នា អាស្រ័យលើបរិមាណទឹកដោះដែលបានបញ្ចេញ និងភាពសុខស្រួលដែលកូនមានលើទ្រូងម្តាយ។
ចាប់ពី ៦ទៅ១២ខែ
ចាប់ពីអាយុ៦ខែ ទារកអាចចាប់ផ្តើមទទួលយកអាហារបន្ថែមក្រៅពីទឹកដោះម្តាយតែមួយមុខ ហេតុនេះចំនួនដង និងបរិមាណនៃការបំបៅអាចប្រែប្រួលទៅតាមនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបំបៅដោះនៅតែជាកិច្ចការចម្បងដែលអ្នកម្តាយត្រូវតែអនុវត្តបន្តចំពោះទារកជាទីស្រលាញ់។ អ្នកម្តាយអាចចាប់ផ្តើមសង្កេតមើលកាយវិការ ទឹកមុខរបស់ទារក ថាតើពួកគេកំពុងត្រូវការការបំបៅដោះឬទេ ឬប្រសិនបើពួកគេចាប់ផ្តើមលែងចាប់អារម្មណ៍ការបំបៅដោះ អ្នកម្តាយត្រូវព្យាយាមធ្វើបែបណាដើម្បីឲ្យទារកបៅជាមុនសិន មុននឹងផ្តល់អាហារបន្ថែមទៅពួកគេ។ គួរចងចាំថានៅក្នុងវ័យនេះទឹកដោះម្តាយគឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតដែលទារកត្រូវទទួលបាន។
ចាប់ពី ១២ទៅ២៤ខែ
ក្នុងវ័យនេះចំនួនដងក្នុងមួយថ្ងៃដែលពួកគេអាចទទួលបានមានភាពខុសៗគ្នា។ ខណៈពេលដែលទឹកដោះម្តាយគ្រាន់តែជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែក្មេងខ្លះចង់ទទួលយកការបំបៅតែមុនពេលចូលគេង ឬនៅពេលព្រឹកតែប៉ុណ្ណោះ។ អ្នកម្តាយអាចបន្តតាមដានកូនរបស់អ្នក ដើម្បីសម្រេចថាតើនៅពេលណាដែលពួកគាត់ឃ្លាន។
តើអ្នកដឹងទេ?
ចំពោះទារកមួយចំនួនដែលទើបនឹងកើត ប្រហែលជាចូលចិត្តការគេងជាជាងការបៅ ដូច្នេះអ្នកម្តាយត្រូវដាស់ពួកគេជារៀងរាល់ ២ទៅ៤ម៉ោងម្តងដើម្បីឲ្យទារកបានបៅជាមុនសិនមុនបន្តការគេងទៀត។ ការធ្វើបែបនេះអាចឲ្យទារកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់លូតលាស់ និងសុខភាពល្អ។ តិចនិកក្នុងការដាស់់ទារកមានដូចជា ការប៉ះអង្អែលថ្នមៗការរង្គើតិចៗ ប្តូរសម្លៀកបំពាក់ ឬប្តូរខោទឹកនោមជាដើម។
ដឹងថាកូនបៅឆ្អែត ឬមិនឆ្អែតតាមរបៀបណា?
ប្រសិនបើទារកបៅឆ្អែត អ្នកម្តាយអាចកំណត់ចំណាំតាមរយៈទឹកមុខ និងកាយវិការរបស់ទារកដូចខាងក្រោម៖
• បង្ហាញភាពពេញចិត្ត និងសប្បាយចិត្តក្រោយការបៅរួច
• គេងបានលក់ស្រួល
• ស្រែកយំ ឬតែងបញ្ចេញសំឡេង បន្ទាប់ពីភ្ញាក់ពីគេង
• ឡើងទម្ងន់
• កន្ទបសើម និងប្រឡាក់ ប្រហែល ៤ទៅ ៦ដងក្នុងមួយថ្ងៃ
• ការបន្ទោបង់ទៀងទាត់ និងលាមកមានលក្ខណៈធម្មតា។
ផ្ទុយមកវិញ ប្រសិនបើទារកបៅមិនឆ្អែត នោះពួកគេអាចបញ្ចេញសញ្ញាដូចជា៖
• មិនសប្បាយចិត្ត ក្រោយការបំបៅ
• ឃ្លានញឹកញាប់
• កន្ទបមិនសូវសើមញឹកញាប់
• យំជារឿយៗ
• មិនឡើងទម្ងន់សោះ។
រាល់ពេលមានបញ្ហាទាក់ទងនឹងការបំបៅដែលមិនអាចដោះស្រាយបាន អ្នកម្តាយគួរស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញផ្នែកទារក និងកុមារឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ