កូនកើតចៃម្តងហើយម្តងទៀតត្រូវដោះស្រាយបែបណា?
ចំពោះកូនៗដែលនិយមលេងច្រើនជាមួយក្មេងៗខាងក្រៅ អាចចោទជាការបារម្ភជាច្រើនចំពោះឪពុកម្តាយ ដោយក្នុងនោះរួមមានទាំងការកើតចៃផងដែរ។
ការកើតចៃនៅលើក្បាលកូនរបស់អ្នកមិនផ្តល់ជារោគសញ្ញាធ្ងន់ធ្ងរទេ តែបើនៅតែបណ្តោយឲ្យមានចៃដោយមិនកម្ចាត់ ឬព្យាបាលចេញនោះអាចធ្វើឲ្យស្បែកក្បាលរបស់កូនអ្នកដាច់រហែកដោយសារក្រចកដៃរហូតដល់បណ្តាលឲ្យឆ្លងមេរោគបាននៅពេលកើតអាការៈរមាស់។ លើសពីនេះ វាអាចប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កុមារ ធ្វើឲ្យកុមារលូតលាស់មិនបានល្អ បង្កើតការរអើមដល់អ្នកជុំវិញ ឬមិត្តភក្តិរបស់ពួកគេ ប៉ះទង្គិចផ្លូវចិត្ត និងអាចឲ្យកុមារសម្រាកមិនបានគ្រប់គ្រាន់ ដោយសារការរមាស់។
ជាក់ស្តែង ការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃពិតជាអាចមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបាន ក៏ប៉ុន្តែការកើតឡើងវិញម្តងហើយម្តងទៀតពិតជាធ្វើឲ្យអ្នកឈឺក្បាល និងរវល់មិនឈប់។ ដូចនេះ ឪពុកម្តាយរបស់ក្មេង គួរតែស្វែងយល់អំពីដើមចមរបស់បញ្ហានេះឡើងវិញទើបជាការប្រសើរ។
តើចៃកើតឡើងមកពីអ្វី?
ចៃគឺជាពពួកប៉ារ៉ាស៊ីតមានទំហំជាមធ្យម ៣មិលី្លម៉ែត្រដែលរស់នៅដោយបឺតឈាមដើម្បីចិញ្ចឹមជីវិត និងធ្វើឲ្យកើតរមាស់ ថែមទាំងកើតមានអាការៈរលាកស្បែកក្បាល។ ជាធម្មតាមេចៃមួយក្បាលអាចបញ្ចេញពងដាក់នៅលើសក់ពី ៥០ ទៅ១៥០ពងក្នុងមួយថ្ងៃប្រើពេលភ្ញាស់ចេញជាកូនប្រមាណ ១សប្តាហ៍។ ជាទូទៅ សត្វចៃអាចកើតដោយសារការនៅជិតគ្នា ឬគេងនៅជិតគ្នាជាមួយអ្នកដែលកើតចៃ។ ដោយឡែកសត្វចៃក៏អាចកើតឡើងដោយការមិនធ្វើអនាម័យខ្លួនប្រាណ ឬការប្រើប្រាស់សម្ភារមួយចំនួនរួមគ្នារបស់កូនអ្នកជាមួយមិត្តភក្តិដែលរួមមានក្រាស់សិតសក់ ឬមួកជាដើម។
តើគួរកម្ចាត់ចៃពីលើក្បាលកុមារដោយរបៀបណា?
ការកម្ចាត់ចៃឲ្យអស់អាចពិបាកបន្តិច ដោយសារវាងាយឆ្លងឡើងវិញណាស់ ដូចនេះដើម្បីកម្ចាត់មិនឲ្យមេចៃធំពេញវ័យនោះ ឪពុកម្តាយគ្រប់រូបគួរអនុវត្តវិធីសាស្រ្តខាងក្រោម៖
- កក់សក់កូនរបស់អ្នកជាប្រចាំជាមួយសាប៊ូដែលមានផ្ទុកនូវសារធាតុ Pediculicide យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតធូលី ឬកម្ទេចដែលបង្កឲ្យមានការកកើតឡើងនៃចៃ
- ឬអាចប្រើជាថ្នាំដែលជាប្រភេទ Lotion ឬ Cream ដែលមានផ្ទុកនូវសារធាតុ Permethrin, Maldidon និង Pyrethrin ដើម្បីលាបនៅលើសក់ក្បាលរបស់កូនរបស់អ្នកនៅពេលសក់សើម ដោយលាបឲ្យសព្វពេញសាច់ក្បាលហើយយកមួកដែលធ្វើពីផ្លាស្ទិកមកគ្របពីលើ រួចទុករយៈពេល១៥នាទី ចាំលាងសម្អាតចេញ។ បន្ទាប់មកលោកអ្នកធ្វើការប្រើស្និតដើម្បីសិតសក់ទម្លាក់ចៃ ដែលនៅលើក្បាលរបស់កូនអ្នក។ គួរបញ្ជាក់ផងដែរថា មុននឹងប្រើប្រាស់រាល់ផលិតផលខាងលើសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិនដើម្បីដឹងពីវិធីប្រើប្រាស់ និងការប្រុងប្រយ័ត្នមួយចំនួនចំពោះការប្រើនេះផងដែរ
- ប្រសិនអាច គួរចៀសវាងការប្រើប្រាស់សម្ភារៈ និងគេងជិតគ្នាជាមួយក្មេង ឬមិត្តភក្តិដែលកើតចៃ
- បោកសម្អាតកម្រាលពូក ស្រោមខ្នើយ និងសម្លៀកបំពាក់របស់កូនអ្នកឲ្យបានជាប្រចាំ
- ប្រសិនបើកូនអ្នកកើតចៃម្តងហើយម្តងទៀត ឬពិបាកក្នុងការកម្ចាត់ អ្នកចាំបាច់គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យចេញវេជ្ជបញ្ជាព្យាបាលជំងឺដែលកើតឡើងពីពពួកប៉ារ៉ាស៊ីត។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ