បន្ថែមអាហារទាំងនេះ ដើម្បីការលូតកម្ពស់របស់កុមារ
កម្ពស់ អាចជាផ្នែកមួយដែលគេអាចវាស់វែងបានពីគុណភាពនៃការលូតលាស់របស់កុមារ។ បើទោះបីវាជាប់ពាក់ព័ន្ធជាចម្បងទៅនឹងហ្សែន និងអ័រម៉ូនរបស់បុគ្គលម្នាក់ៗ តែការផ្តល់ជីវជាតិពីរបបអាហារដែលត្រឹមត្រូវក៏រួមចំណែកក្នុងការលូតលាស់ និងជំរុញឲ្យអ័រម៉ូនដំណើរការបានល្អផងដែរ។ ការជ្រើសរើសអាហារបែបណាសម្រាប់កូនៗអាចជារឿងពិបាក ដែលអ្នកអាចស្វែងយល់តាមរយៈអាហារូបត្ថម្ភខាងក្រោម៖
សាច់មាន់
សាច់មាន់មានផ្ទុកប្រូតេអុីនខ្ពស់ ដែលអំណោយផលសម្រាប់ការលូតលាស់របស់ឆ្អឹង និងសាច់ដុំ ពិសេសការលូតលាស់ផ្នែករាងកាយរបស់កុមារ។ ឪពុកម្តាយគ្រប់រូបគួរតែបន្ថែមសាច់មាន់ជាប្រចាំទៅក្នុងអាហាររបស់កូនៗ ដែលអាចរកបានយ៉ាងងាយនៅលើទីផ្សារ។
ស៊ុត
ក្រៅពីសាច់មាន់ ស៊ុតក៏ជាប្រភពនៃប្រូតេអុីនមិនអាចខ្វះបាននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនរបស់អ្នក។ ជាក់ស្តែង ស៊ុតសម្បូរទៅដោយសារជាតិបំប៉ន វីតាមីនA វីតាមីន B១២ វីតាមីន D ដែលជួយជំរុញដល់ការលូតលាស់ផ្នែករាងកាយរបស់កុមារបានយ៉ាងប្រសើរ។ អ្នកអាចឲ្យកូនទទួលទានស៊ុត ១ ទៅ២គ្រាប់ក្នុងមួយថ្ងៃ ដោយផ្តោតទៅលើផ្នែកសឲ្យបានច្រើន ពីព្រោះវាមានផ្ទុកនូវសារធាតុអាល់ប៊ុយមីនដែលមិនធ្វើឲ្យឡើងទម្ងន់ដល់ទៅ ១០០ ភាគរយ។
ត្រីសមុទ្រ
ត្រីជាអាហារមួយប្រភេទដែលជួយជំរុញ និងមានប្រសិទ្ធភាពដល់ការលូតកម្ពស់ ផ្នែកស្មារតី ពិសេសផ្នែករាងកាយរបស់កុមារ។ អ្នកអាចជ្រើសរើស ត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីន ដោយវាសម្បូរនូវវីតាមីន D ក្នុងការជួយស្រូបយកសារធាតុកាល់ស្យូម។ ចំណែកប្រូតេអុីនដែលមាននៅក្នុងសាច់ត្រីក៏មានតួនាទីពង្រឹង និងជួយឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អផងដែរ។
ទឹកដោះគោ
ទឹកដោះគោសម្បូរនូវជាតិកាល់ស្យូមខ្ពស់ដែលជួយដល់ការលូតលាស់ផ្នែករាងកាយកុមារ ធ្វើឲ្យឆ្អឹងរឹងមាំ និងរួមចំណែកការពារមិនឲ្យឆ្អឹងពុកផុយ ឬបាក់។ ជាក់ស្តែង ផលិតផលទាំងនោះរួមមានដូចជា ឈីស យ៉ាអួរ និងទឹកដោះគោស្រស់ ដែលសម្បូរទៅដោយវីតាមីន A, B, D និងស័ង្កសីដែលជាសារធាតុជំរុញជាលិកាឆ្អឹងរបស់កុមារឲ្យស្រូបយកជាតិកាល់ស្យូម ព្រមទាំងជួយដល់ការលូតលាស់កោសិកាបានយ៉ាងឆាប់រហ័ស ដោយលោកអ្នកគ្រាន់តែឲ្យកូនញុំាទឹកដោះគោ ២ ទៅ៣កែវក្នុងមួយថ្ងៃជាការស្រេច។
បន្លែ និងផ្លែឈើ
ប្រភេទអាហារជាបន្លែ និងផ្លែឈើសម្បូរនូវជាតិសរសៃវីតាមីនចម្រុះ ប៉ូតាស្យូម និងសារជាតិខនិជ និងសារជាតិចិញ្ចឹមជាច្រើនទៀត ដែលមានប្រសិទ្ធភាពប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយជួយឲ្យកោសិកាក្នុងរាងកាយកុមារលូតលាស់ និងអាចធ្វើឲ្យឆ្អឹងរឹងមាំបានល្អប្រសើរផងដែរ។ អ្នកអាចបញ្ចូល ផ្លែល្ហុង ប៉េងប៉ោះ ផ្លែស្វាយ ការ៉ុត ស្ពៃក្តោប ប្រូខូលី ផ្លែឪឡឹកនិងផ្លែប័រទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ