Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អស់ចម្ងល់ពីជំងឺស្អូច

ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅប្រទេសមួយចំនួនដែរសុទ្ធតែធ្លាប់កើតជំងឺស្អូច ប៉ុន្តែក្នុងនោះក៏មានប្រជាជនមួយចំនួនមិនដែលបានជួបប្រទះនឹងជំងឺនេះក្នុងជីវិតរបស់គេផងដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីជំងឺស្អូចនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត «គឹម អាង» ដែលជាសាស្រ្តាចារ្យផ្នែករោគកុមារនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកុមារជាតិ ដែលលោកបានបកស្រាយយ៉ាងក្បោះ-ក្បាយពីជំងឺមួយនេះ ៖

តើអ្វីទៅជាជំងឺស្អូច?
បើផ្អែកទៅតាមអង្គការសុខភាពពិភពលោក ជំងឺស្អូចជាជំងឺឆ្លងប្រភេទស្រាលជាទូទៅបង្កឡើងពីវីរុស ដែលជាញឹកញាប់កើតមានលើកុមារ និងមនុស្សវ័យជំទង់។ ប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនប្រជាជនកើតមានជំងឺនេះនៅឡើយទេ គ្រាន់តែដឹងថាមានកុមារកើតជំងឺនេះច្រើន។ ប្រសិនបើវីរុសស្អូចឆ្លងទៅស្ត្រីមានផ្ទៃពោះ នោះនឹងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតស្អូចពីកំណើត ដែលក្នុងនោះអង្គការសុខភាពពិភពលោកមានទិន្នន័យស្តីពីទារកកើតជំងឺស្អូចពីកំណើតប្រមាណ១០០,០០០នាក់ជារៀងរាល់ឆ្នាំ។

តើជំងឺស្អូចបង្កឲ្យមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺស្អូចដែលលេចឡើងមានដូចជា ចេញកន្ទួលតូចៗលើស្បែកមុខ ឬ ក រួចរាលដាលដល់ខ្លួន ក្តៅខ្លួនតិចតួច (ចន្លោះ៣៨អង្សា) ខ្លះក្អួតចង្អោរ ភ្នែកក្រហម ឬកើតកូនកណ្តុរនៅក្រោយត្រចៀក ក ជាដើម។ តែក៏អាចមានការឈឺសន្លាក់តិចតួចផងដែរចំពោះមនុស្សពេញវ័យ។ ស្អូច ជាជំងឺឆ្លងជាពិសេសឆ្លងតាមតំណក់តូចៗតាមរយៈទឹកមាត់ កណ្តាស់របស់អ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយពួកគេកើតមានកន្ទួលលើស្បែកហើយអំឡុងពេលពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំជារយៈពេលឆ្លងបំផុត។

តើរោគវិនិច្ឆ័យអាចធ្វើបានតាមរបៀបណាខ្លះ?
ដោយស្អូចជាជំងឺស្រួចស្រាល ដូច្នេះចំពោះការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ យ៉ាងណាមិញ ស្អូចមានលក្ខណៈពិសេសខុសពីជំងឺផ្សេងបន្តិចត្រង់មានឡើងកូនកណ្តុរនៅក្រោយត្រចៀក ឬកដែលផ្តល់លក្ខណៈងាយស្រួលដល់ឪពុកម្តាយអាចធ្វើរោគវិនិច្ឆ័យបានដោយខ្លួនឯង។  ក្រៅពីនេះ រោគវិនិច្ឆ័យក៏អាចធ្វើបានតាមរយៈការពិនិត្យឈាម ដោយឲ្យគេរកមើលប្រព័ន្ធការពារ (Immunoglobulin G and Immunoglobulin M ) របស់ជំងឺស្អូច។ ប្រសិនបើរកឃើញ Immunoglobulin M (IgM) នោះមានន័យថាអ្នកឆ្លងជំងឺនេះថ្មីៗ តែផ្ទុយទៅវិញ បើរកឃើញ Immunoglobulin G (IgG) នោះមានន័យថា យើងធ្លាប់កើតជំងឺនេះ ឬចាក់វ៉ាក់ស៊ាំង ហើយមានប្រព័ន្ធការពារស្អូចរួចហើយ។ វិធីសាស្រ្តនេះអាចអនុវត្តបានលុះត្រាតែមានបញ្ហាស្មុគស្មាញខ្លាំងក្នុងការធ្វើរោគវិនិច្ឆ័យតែប៉ុណ្ណោះ។

តើវិធីព្យាបាលជំងឺស្អូចមានអ្វីខ្លះ?
ការព្យាបាលជំងឺស្អូច គឺព្យាបាលតាមរោគសញ្ញា មានន័យថាបើអ្នកជំងឺក្តៅខ្លួន ត្រូវប្រើប្រាស់ថ្នាំក្តៅខ្លួន បើបាត់បង់ជាតិទឹក ឬក្អួត ត្រូវបន្ថែមជាតិទឹក(បញ្ចូលសេរ៉ូម) បំបៅដោះដល់ទារក សម្រាក និងញុំាឲ្យបានគ្រប់គ្រាន់ នោះអ្នកជំងឺនឹងជាក្នុងរយៈពេល៥ថ្ងៃទៅមួយសប្តាហ៍។ ជំងឺស្អូចមិនអាចលាប់ឡើងវិញទេ ព្រោះអ្នកជំងឺ ដែលកើតស្អូចហើយតែងមានប្រព័ន្ធការពារជំងឺនេះ ប៉ុន្តែគ្រូពេទ្យ និងប្រជាជនមួយចំនួនមានការច្រឡំរោគសញ្ញានេះនឹងប្រភេទជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នា ហេតុនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ គឺចាំបាច់ត្រូវប្រើវិធីពិនិត្យឈាម(IgG និងIgM)។  

ជាទូទៅ ជំងឺស្អូចមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេព្រោះវាជាជំងឺស្រាល ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដោយការថែទាំមិនបានត្រឹមត្រូវចំពោះអ្នកជំងឺ ដូចជាក្តៅខ្លួនខ្លាំង  បាត់បង់ជាតិទឹកច្រើន មិនបានព្យាបាលជាដើម និយាយរួម គឺស្លាប់ដោយសារផលវិបាកនៃការមិនបានទទួលការព្យាបាល។

ជាការពិតណាស់ ស្អូចជាជំងឺមួយមិនគួរបារម្ភខ្លាំងទេតែអ្វីដែលចោទជាបញ្ហា គឺជំងឺស្អូចពីកំណើត ដូច្នេះវិធីការពារពិតជាមានសារៈសំខាន់។ ជំងឺស្អូចពីកំណើតអាចបង្កឲ្យក្មេងកើតមកមានលក្ខណៈមិនពេញលេញមាន ជំងឺផ្សេងៗដូចជា ពិការភាព បេះដូងមានបញ្ហា បញ្ហាខួរក្បាលមិនមានផលិតភាព ក្រពេញទីរ៉ូអ៊ីតបំពេញមុខងារមិនបានត្រឹមត្រូវ ដែលនេះសុទ្ធតែទាមទារការចំណាយខ្ពស់ក្នុងការព្យាបាលហើយក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះប្រទេសដែលជួបបញ្ហាបែបនេះ។ ដូច្នេះ ដើម្បីបង្ការបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ស្រ្តីស្ថិតនៅវ័យអាចបង្កកំណើតគួរតែចាក់វ៉ាក់ស៊ាំងការពារជំងឺស្អូច គឺចាក់មុនពេលមានផ្ទៃពោះ។

ជាក់ស្តែង ការចាក់វ៉ាក់សាំងលើទារកត្រូវបាន បញ្ចូលក្នុងកម្មវិធីជាតិដែលក្នុងនោះមានវ៉ាក់សាំងការពារស្អូច និងកញ្ជ្រឹលក្នុងម្ជុលតែមួយ ដោយធ្វើការចាក់នៅអាយុ៩ខែ និងចាក់រំលឹកនៅអាយុ១៨ខែ ដើម្បីឲ្យក្មេងមានប្រព័ន្ធការពារតាំងពីតូចតែម្តង និងចៀសវាងជំងឺស្អូច ពីកំណើតដែលជាបញ្ហាចោទដ៏ធ្ងន់ធ្ងរ។

ថ្វីត្បិតតែស្អូចជាជំងឺស្រាលងាយស្រួលព្យាបាលមិនមានអ្វីធំដុំគួរឲ្យបារម្ភ តែយើងមិនអាចមិនអើពើ ឬធ្វេសប្រហែសនឹងជំងឺនេះបានទេ។  ការធ្វេសប្រហែសអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬកើតស្អូចពីកំណើត ដែលអាចនឹងផ្តល់ផលវិបាកខ្លាំងដល់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ ដូចនេះ ការចាក់វ៉ាក់សាំងការពារ ជាវិធីសាស្រ្តតែមួយគត់ក្នុងការពារកុំឲ្យបញ្ហាដ៏គួរឲ្យភ័យខ្លាចនេះកើតមានឡើង។


Related Articles

View All

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គ្រប់គ្នាស្គាល់គ្រុនឈាម ជាជំងឺដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរលើមនុស្សស្ទើរគ្រប់វ័យជាពិសេសកុមារ ប៉ុន្តែហាក់ដូចជាប្រជាជនមួយចំនួននៅតែមានការយល់ច្រទ្បំ។ ការយល់ខុសទាំងនោះ អាចរួមមាននូវ៣ចំណុចខាងក្រោម៖ ងាយច្រឡំគ្រុនឈាម និងគ្រុនក្តៅ ដោយសារតែជំងឺគ្រុនឈាម  មានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនក្តៅ ទើបធ្វើឲ្យមនុស្សមួយចំនួននៅតែមានការភាន់ច្រទ្បំរវាងជំងឺទាំង២ ។ ដូចនេះ លោកអ្នកត្រូវបែងចែកឲ្យច្បាស់ថា គ្រុនឈាម ជាជំងឺដែលការចម្លងវីរុសធ្វើឡើងតាមរយៈមូសខ្លាញី រីឯរោគសញ្ញាលេចទ្បើងក្នុងអំទ្បុងពេល ៣ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លង រួមមាន ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺក្នុងភ្នែកឈឺ ឬរួយសាច់ដុំ ក្អួត ចង្អោរ និង ចេញកន្ទួលលើស្បែក។ ផ្ទុយពីជំងឺគ្រុនក្តៅ ដែលវាបង្កដោយពពួកវីរុស ឬបាក់តេរី ហើយរោគសញ្ញារួមមាន ទ្បើងសីតុណ្ហភាពខ្ពស់ (៣៩ទៅ៤០អង្សាសេ) ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺពេញខ្លួន  ក្នុងអំទ្បុងពេល ៣ ទៅ ៥ថ្ងៃ។ សុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិត សូមបញ្ជាក់ថា អ្នកជំងឺគ្រុនឈាមនឹងមិនអាចឈានដល់ការបាត់បង់ជីវិតទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ករណីសីតុណ្ហភាពទ្បើងដល់ ៤០ អង្សាសេ ត្រូវប្រុងប្រយ័ត្នប្រសិនបើវាឡើង ៣ទៅ៧ថ្ងៃបន្ទាប់ពីមានរោគសញ្ញាប្រកាច់ ជាមួយការថយចុះសីតុណ្ហភាពក្រោម ៣៨ អង្សាសេ រួមនឹងការឈឺពោះខ្លាំង ក្អួតមិនឈប់ ដកដង្ហើមញាប់ ឈាមហូរតាមអញ្ចាញធ្មេញ ក្អួតមានឈាម នោះបន្ទាប់ពី ២៤ ទៅ ៤៨ម៉ោង ដែលអ្នកជំងឺអាចស្លាប់បណ្តាលមកពី ធ្លាយប្លាស្មា ជំងឺផ្លូវដង្ហើម ហូរឈាមធ្ងន់ធ្ងរ និងការចុះខ្សោយនៃសារពាង្គកាយខ្លាំង។ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូចដែលអ្នកខ្លះនៅតែយល់ខុសថា គ្រុនឈាមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានបើប៉ះផ្ទាល់ខ្លួនប្រាណ ឬឈាមអ្នកជំងឺ នេះមិនមែនជាការពិតនោះទេ។ ជាក់ស្តែងជំងឺគ្រុនឈាមឆ្លងពីការខាំរបស់មូសខ្លាញីដែលផ្ទុកមេរោគគ្រុនឈាម។ មូសនេះទៀតសោត មានឥទ្ធិពលខ្លាំងនៅរដូវភ្លៀងធ្លាក់ អាចបង្កើតកូននៅកន្លែងដែលអាចដក់ទឹកបានដូចជា ថូផ្កា ពាងទឹកសម្បកកង់ទ្បានជាដើម ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺគ្រុនឈាម ជាទូទៅត្រូវបានដឹងថាជាជំងឺដែលងាយនឹងរងគ្រោះទៅលើកុមារ ក៏ប៉ុន្តែជំងឺនេះក៏អាចកើតមានចំពោះមនុស្សពេញវ័យ ឬមនុស្សធំផងដែរ។ជំងឺគ្រុនឈាមហាក់បីដូចជាលែងក្លាយទៅជាប្រធានបទក្តៅជាយូរមកហើយក្រោយពីមានយុទ្ធនាការប្រឆាំងនឹងជំងឺនេះជាច្រើនកន្លងមកពីសំណាក់ក្រសួងសុខាភិបាល ក៏ប៉ុន្តែជំងឺនេះនៅតែមិនអាចធ្វេសប្រហែសបានឡើយ ត្បិតតែក្នុងពេលបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមដែលកើតឡើងនៅតែមានច្រើន។ ជាក់ស្តែង នៅមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់ ស្ថិតក្រោមការតាមដានរយៈពេល ៦ខែចុងក្រោយនេះ (ចាប់ពីខែតុលាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨) មានចំនួនសរុបប្រហែលជាង ១៦៥ ករណីសង្ស័យជាជំងឺគ្រុនឈាមកើតឡើងចំពោះមនុស្សពេញវ័យ។ ក្នុងចំណោមនោះ ករណីដែលផ្ទៀងផ្ទាត់ដោយតេស្ត Serology NS1 ផ្តល់លទ្ធផលវិជ្ជមានមានលើសពី១០០ករណីរីឯករណីផ្សេងទៀតផ្តល់លទ្ធផលអវិជ្ជមានក្នុងតេស្ត Serology NS1 ប៉ុន្តែមានការលេចឡើងនូវសញ្ញាគ្លីនិកសង្ស័យមួយចំនួន ដែលពុំមែនមានន័យថាអ្នកជំងឺមិនមានជំងឺគ្រុនឈាមឡើយ។ និយមន័យនៃជំងឺគ្រុនឈាម ជំងឺគ្រុនឈាមចំពោះមនុស្សធំ មិនខុសពីជំងឺគ្រុនឈាមកើតលើកុមារឡើយ ដោយវាកើតឡើងពីការខាំរបស់មូសខ្លាញី Aedes ដែលមានមេរោគ Flavirvirusបញ្ចូលទៅក្នុងខ្លួនរបស់មនុស្ស និងធ្វើឲ្យមនុស្សឈឺ។ជំងឺនេះត្រូវបានហៅថាជំងឺគ្រុនឈាមដោយសារតែវាអាចផ្តល់ជារោគសញ្ញាគ្រុនក្តៅ និងការហូរឈាម។ ប្រភេទនៃជំងឺគ្រុនឈាមដែលកើតលើមនុស្សពេញវ័យ គ្រុនឈាមត្រូវបានបែងចែកចេញជាបីប្រភេទផ្សេងៗគ្នា Dengue Fever, Dengue Hemorrhagic Fever និង Dengue Shock Syndrome។ ជាទូទៅមនុស្សធំច្រើនតែមានទំនោរនឹងកើតមានជំងឺគ្រុនឈាមកម្រិត Dengue Fever ច្រើនជាង Dengue Hemorrhagic Fever ផ្ទុយពីកុមារដែលច្រើនតែកើត Dengue Hemorrhagic Fever ច្រើនជាង Dengue Fever ប៉ុន្តែប្រសិនបើមនុស្សធំមាន Dengue Hemorrhagic Fever វិញនោះស្ថានភាពនឹងអាក្រក់ជាងការដែលកើតលើកុមារ។ យន្តការនៃជំងឺគ្រុនឈាម មេរោគគ្រុនឈាមនឹងត្រូវបានចម្លងទៅកាន់មនុស្សក្រោយពីមូសខ្លាញី Aedes ខាំ  ដែលដំបូងមេរោគនេះគឺនៅក្រោមស្បែកប៉ុណ្ណោះ   ប៉ុន្តែភ្នាក់ងារបង្ហាញអង់ទីហ្សែនរបស់ខ្លួនយើង ដែលជាពពួក Antigen-presenting cells (APCs)ជាអ្នកចាប់យកមេរោគនេះទៅទីកន្លែងផ្សេងៗ ហើយនាំយករហូតដល់ក្នុងសរសៃឈាមដើម្បីឲ្យរាងកាយផលិតជាអង់ទីករកម្ចាត់មេរោគទាំងនេះ។ស្របពេលជាមួយគ្នានេះដែរ សរីរាង្គរបស់អ្នកជំងឺក៏បានបញ្ចេញនូវពពួកសារធាតុគីមីមួយចំនួនក្នុងរាងកាយរបស់យើងគឺពពួក ProinflammatoryដូចជាពពួកInterleukins  និងCytokines មួយចំនួន ដែលសារធាតុទាំងនោះអាចទៅបំផ្លាញសរសៃឈាមរបស់អ្នកជំងឺហើយអាចបង្កឲ្យមានការហូរឈាម។ គួរបញ្ជាក់ថា កម្រិតនៃជំងឺគ្រុនឈាម ក៏ត្រូវបានសម្គាល់ដោយចលនការ Proinflammation នេះផ្ទាល់ផងដែរ ហើយកម្រិតនីមួយៗកើតឡើងអាស្រ័យនឹងការឆ្លើយតបនៃរាងកាយរបស់មនុស្សម្នាក់ៗ។ ចំណែកពពួក Antigens (NS1) របស់មេរោគនឹងបាត់ពីក្នុងឈាមរបស់អ្នកជំងឺទៅវិញនៅចន្លោះថ្ងៃទី៣ ឬទី៤បន្ទាប់ពីចាប់ផ្តើមមានការក្តៅខ្លួន។   កត្តាប្រឈម ដូចគ្នាផងដែរ កត្តាប្រឈមនៃជំងឺគ្រុនឈាមចំពោះមនុស្សធំគឺ ពុំមានមូលហេតុដែលពិសេសជាងករណីកើតលើកុមារឡើយ មានន័យថា មិនថាអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម ឬអ្នកពិសាស្រាច្រើន  ក្មេង ឬចាស់នោះឡើយ  គឺសុទ្ធតែអាចប្រឈមនឹងជំងឺនេះបានដូចគ្នាឲ្យតែគាត់ត្រូវបានមូសខ្លាញីខាំ (ជាពិសេសការស្ថិតនៅទីកន្លែងងងឹតក្នុងពេលថ្ងៃ)។ រោគសញ្ញា ចំពោះមនុស្សធំដែលច្រើនមានជំងឺគ្រុនឈាមអាចចេញជារោគសញ្ញាដូចជា៖ •កម្រិត Dengue Fever (DF)៖ ក្តៅខ្លួន (កើតមានសឹងមនុស្សគ្រប់គ្នា) ឈឺក្បាល ក្អួត ចង្អោរ និងការឈឺសាច់ដុំឬឈឺចុកចាប់នៅក្នុងសន្លាក់ហើយពេលខ្លះអាចលេចចេញជាកន្ទួលក្រហមនៅលើស្បែក។ •កម្រិត Dengue Hemorrhagic Fever (DHF)៖ រោគសញ្ញានៃការហូរឈាម ឬហៅថាPlasma leakage syndrome។ ការហូរឈាមអាចមានជាការហូរឈាមធ្ងន់ធ្ងរ និងហូរឈាមតិចតួច ដែលក្នុងនោះករណីហូរឈាមតិចតួចមានដូចជាការហូរឈាមក្រោមស្បែក (purpura or petechiae)ដែលច្រើនកើតមាននៅលើដៃនិងជើង  ឬហូរឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬខ្លះហូរឈាមច្រមុះជាដើម។ រីឯការដែលហូរឈាមខ្លាំង   អាចមានជាការហូរឈាមតាមប្រព័ន្ធរំលាយអាហារ (ការក្អួតឈាមឬការបត់ជើងចេញឈាម)   ហើយដែលករណីខ្លះធ្ងន់ធ្ងររហូតដល់ត្រូវការការបញ្ចូលឈាមទៀតផង។ •កម្រិតធ្ងន់ធ្ងរ Dengue Shock Syndrome(DSS)៖ អាចនឹងមានការធ្លាក់ចុះនៃសម្ពាធឈាមជីពចរដើរញាប់ ដែលជាទូទៅបណ្តាលមកពីអ្នកជំងឺបាត់បង់គ្រាប់ឈាម និងប្លាស្មា ដោយសារការខូចខាតនៃសរសៃឈាម។ ជាធម្មតាជញ្ជាំងសរសៃឈាមទប់មិនឲ្យមានការហូរចេញនៃប្លាស្មាពីសរសៃឈាមឡើយ តែកាលណាមានមេរោគគ្រុនឈាម វាអាចទៅបង្កើតជាបណ្តុំអង់ទីករអង់ទីហ្សែនដែលនាំឲ្យមានការបញ្ចេញសារធាតុProinflammatory ទៅបំផ្លាញស្រទាប់សរសៃឈាម ធ្វើឲ្យមានការហូរឈាម រួចក៏បង្កឲ្យមានការធ្លាក់ទាបនៃបរិមាណឈាម ដែលហៅថា Hypovolemic shock។ កម្រិតទី៣ នៃជំងឺគ្រុនឈាមនេះគឺជាកម្រិតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលកម្រិតសង្គ្រោះបន្ទាន់ (ICU)។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺគ្រុនឈាមជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់គ្រូពេទ្យក្នុងការសន្និដ្ឋានអំពីជំងឺ ក្នុងនោះការធ្វើរោគវិនិច្ឆ័យរួមមាន៖ 1. ការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក៖  មេរោគគ្រុនឈាមគឺប្រភេទជាវីរុស ដែលអាចស្តែងជារោគសញ្ញាប្រហាក់ប្រហែលទៅនឹងការចម្លងរោគដោយពពួកវីរុសដទៃទៀតដូចជាជំងឺផ្តាសាយជាដើមដែលអាចមានរោគសញ្ញាដូចជាការក្តៅខ្លួន ឈឺសាច់ដុំ  ក្អួតចង្អោរ   ឈឺក្បាល(តែគ្រុនឈាមនឹងពុំមានអាការៈហៀរសម្បោរឡើយ)  រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក   និងការហូរឈាមតិចឬច្រើនផងដែរ។ ក្នុងនោះការធ្វើតេស្តនៅលើស្បែកដែលត្រូវបានគេស្គាល់ថាTourniquet Test  ដោយក្រុមគ្រូពេទ្យ  ក៏អាចដាក់ឲ្យមានការសង្ស័យផងដែរចំពោះជំងឺគ្រុនឈាមនេះបើសិនជាតេស្តនេះបង្ហាញលទ្ធផលវិជ្ជមាន។ 2. ការមើលឈាម (Hemogramme ឬ Full Blood Count (FBC)៖  ជាការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដែលអាចជាសញ្ញានៃការវាយលុកដោយមេរោគគ្រុនឈាមបើ៖ - មានការធ្លាក់ចុះនៃប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឲ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ) - មានការកើនឡើងនៃ Hematocrit (កំហាប់ឈាមខាប់)   ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មា ដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម - មានការថយចុះ ឬមានការកើនឡើងបន្តិចបន្តួច របស់គ្រាប់ឈាមស។ 3. តេស្តឈាមរកអង់ទីហ្សែន (Serology NS1)៖ ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ។ ក៏ប៉ុន្តែ ចំពោះតេស្តនេះផ្ទាល់ពុំអាចបង្ហាញលទ្ធផលទេប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែ អង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។ 4. តេស្តឈាមរកអង់ទីករ (Serology antibod)៖   ក្នុងករណីដែលអ្នកជំងឺបានចេញរោគសញ្ញាលើសពី៤ ទៅ ៥ថ្ងៃមកហើយ តាមរយៈតេស្តនេះ  គ្រូពេទ្យនឹងតាមដានរកមើលអង់ទីករIgM ឬ IgG ដែលមិនបាត់ទៅវិញទោះអង់ទីហ្សែនរបស់មេរោគបានបាត់ទៅហើយក៏ដោយ។ 5. តេស្ត PCR Virus (Polymerase chain reaction)៖  ជាការពិនិត្យឈាមរកមើល DNAរបស់វីរុសផ្ទាល់តែម្តង។ ដោយឡែក តេស្តនេះគឺមានតម្លៃថ្លៃ   ហើយដែលគេនឹងមិនប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជាទូទៅឡើយ។ 6. តេស្តផ្សេងៗទៀត ៖ គួរឲ្យដឹងផងដែរថា  តេស្តមួយបែបទៀត ដែលហៅថាតេស្តរហ័ស (Rapid test) គឺជាតេស្តទាក់ទងនឹងការរកមើលពពួកមេរោគគ្រុនឈាមនៅក្នុងឈាមរបស់អ្នកជំងឺដែលតេស្តប្រភេទនេះអាចបង្ហាញលទ្ធផលឆាប់រហ័សនឹងមិនមានទាមទារឲ្យមានមន្ទីរពិសោធន៍ទំនើបឡើយ តែផលវិបាកដ៏ធំរបស់តេស្តប្រភេទនេះគឺការដែលអាចមានលទ្ធផលវិជ្ជមានច្រឡំដោយសារវាអាចមាន Cross reactionជាមួយនឹងប្រភេទមេរោគដទៃទៀតនាំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស។ តេស្តនេះត្រូវបានប្រើប្រាស់សម្រាប់ករណីដែលយើងសង្ស័យភ្លាមៗប៉ុណ្ណោះប៉ុន្តែមិនអាចយកមកផ្ទៀងផ្ទាត់សម្រាប់សន្មតជំងឺឡើយ។ ដូចនេះ ជម្រើសនៃការធ្វើរោគវិនិច្ឆ័យនឹងជ្រើសរើសទៅតាមស្ថានភាព និងលទ្ធភាពដែលអាចធ្វើបាន។  ទោះយ៉ាងណា តេស្តដែលអាចកំណត់រោគវិនិច្ឆ័យបានច្បាស់ហើយមានភាពលម្អៀងតិចនោះគឺមានតែ Serology NS1,Serology Antibody និង PCR ប៉ុណ្ណោះ។   ការព្យាបាលជំងឺគ្រុនឈាម មកដល់បច្ចុប្បន្នពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមឡើយនៅទូទាំងសកលលោកដូចនេះការព្យាបាលរបស់វាគឺអាស្រ័យនឹងរោគសញ្ញាដែលស្តែងចេញ។ - ករណីអ្នកជំងឺមាន Dengue Fever ដែលមិនបណ្តាលឲ្យមានការហូរឈាមខ្លាំងទេនោះគាត់ក៏មិនតម្រូវឲ្យសម្រាកព្យាបាលនៅពេទ្យ ឬបញ្ចូលសេរ៉ូមឡើយ  គឺគ្រាន់តែសម្រាកនៅផ្ទះ និងផឹកទឹកឲ្យបានច្រើនប៉ុណ្ណោះ   (មេរោគអាចធ្វើឲ្យឈាមចេញពីសរសៃឈាម   នាំឲ្យខ្វះជាតិទឹកក្នុងឈាម)។ - ករណីអ្នកជំងឺមាន Dengue Hemorrhagic Fever ដែលអាចបង្កឲ្យមានការថយចុះនៃប្លាកែត   នោះអ្នកជំងឺអាចនឹងត្រូវការការចាក់បញ្ចូលឈាម។ ប៉ុន្តែ គ្រូពេទ្យនឹងសាកល្បងធ្វើការបញ្ចូលសូលុយស្យុងមួយចំនួនជាមុនដូចជាColloid ឬករណីខ្លះ គេបញ្ចូលតែ ប្លាកែត ប៉ុណ្ណោះ ហើយបើសិនជាលទ្ធផលល្អគេនឹងមិនធ្វើការបញ្ចូលឈាមឡើយ។ សរុបមក ការព្យាបាលចំពោះជំងឺគ្រុនឈាមគឺមានការខុសគ្នាទៅតាមករណីនីមួយៗ ដែលនឹងត្រូវសម្រេចចិត្តដោយគ្រូពេទ្យក្រោយពីធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់អ្នកជំងឺ ឯការបញ្ចូលឈាមនឹងធ្វើទៅតាមក្រឹត្យក្រមដែលបានកំណត់ត្រឹមត្រូវដើម្បីចៀសវាងនូវផលវិបាកដោយសារការព្យាបាលទៅលើអ្នកជំងឺ។ម្យ៉ាងទៀត ជាទូទៅចំពោះមនុស្សធំដែលកើតមានជំងឺគ្រុនឈាមនឹងត្រូវបានណែនាំឲ្យចូលសម្រាកនៅមន្ទីរពេទ្យ ជាពិសេសគឺករណីមាន Dengue Hemorrhagic Fever (ដែលអាចចូលផ្នែកទូទៅ ឬផ្នែកសង្គ្រោះបន្ទាន់) ហើយក្នុងករណី Dengue Shock Syndrome គឺតម្រូវឲ្យចូលក្នុងផ្នែកសង្គ្រោះបន្ទាន់តែម្តង។ ទាក់ទងនឹងការតមចំណីអំឡុងពេលព្យាបាលក្នុងករណីជំងឺឆ្លងជាទូទៅដែលមិនថាជាជំងឺគ្រុនឈាម  ឬគ្រុនពោះវៀន វាជាការយល់ច្រឡំមួយរបស់ប្រជាជនភាគច្រើន។ ក្នុងករណីនេះ គ្រូពេទ្យនឹងណែនាំឲ្យមានការពិសាអាហារមានជីវជាតិឲ្យបានច្រើន ដើម្បីបំប៉នដល់សរីរាង្គ និងជាពិសេសដល់ពពួកគ្រាប់ឈាមស ដែលជាអ្នកប្រឆាំងនឹងមេរោគក្នុងខ្លួនរបស់យើង។ ករណីត្រូវប្រុងប្រយ័ត្ន ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួន ហើយមានការសង្ស័យថាអាចជាជំងឺគ្រុនឈាម និងមុនពេលធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះ អ្នកជំងឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ក្នុងនោះរួមមានពពួក NSAIDs និងអាស្ពីរីនជាដើម ពីព្រោះឱសថអាស្ពីរីនមានមុខងារទប់មិនឲ្យប្លាកែតចាប់ជាប់គ្នា ដែលអំណោយផលដល់រោគសញ្ញានៃការហូរឈាម ជាហេតុអាចបង្កឲ្យមានការគ្រោះថ្នាក់ខ្លាំងក្នុងករណីដែលមានជំងឺគ្រុនឈាម។ ដូចគ្នាផងដែរ ពពួក NSAIDs ក៏អាចបង្កការគ្រោះថ្នាក់ដោយការហូរឈាមនេះផងដែរ។ ចំពោះការប្រើប្រាស់ថ្នាំពពួក ប៉ារ៉ាសេតាម៉ុល ក៏គួរតែមានការប្រុងប្រយ័ត្នផងដែរ ដោយមិនគួរប្រើប្រាស់ឲ្យលើសពីកម្រិតនៃការប្រើប្រាស់ឡើយ។ ម្យ៉ាងទៀត អ្នកជំងឺក៏ត្រូវប្រយ័ត្នប្រយែងចំពោះកត្តាដែលបណ្តាលឲ្យមានការហូរឈាមដូចជាការដួល បុកទង្គិច និងកោសខ្យល់ជាដើម ទោះបីក្នុងកម្រិតស្រាលក៏ដោយដោយសារមេរោគគ្រុនឈាមអាចបំផ្លាញសរសៃឈាម និងប្លាកែតស្រាប់ធ្វើឲ្យងាយទទួលរងការប៉ះទង្គិចជាងធម្មតា (គ្រោះថ្នាក់បំផុតប្រសិនបើវាបង្កឲ្យមានការហូរឈាមនៅខាងក្នុង)។ ការការពារជំងឺគ្រុនឈាម ការពារជំងឺគ្រុនឈាមសម្រាប់មនុស្សធំមិនខុសពីកុមារឡើយ គឺតម្រូវឲ្យធ្វើការស្លៀកពាក់ជិតៗ និងបើអាចគឺសម្លៀកបំពាក់ដែលមានពណ៌ចាំងៗឬពណ៌ស្រស់ ហើយគួរព្យាយាមកុំស្ថិតនៅទីកន្លែងងងឹត ការលាបផលិតផលការពារមូសនៅលើស្បែក និងការគេងក្នុងមុងជាដើម ដែលនេះជាការការពារបុគ្គល។ រីឯការការពារជារួម គឺការបំបាត់ទឹកថ្លុក ប្រើថ្នាំអាល់បែតក្នុងពាង កម្ទេចសម្បកកង់និងសម្ភារៈដែលអាចដក់ទឹកបាន។ចំពោះការការពារដោយវ៉ាក់សាំង គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នាក្នុងចំណោមអង្គការសុខភាពពិភពលោកនៅឡើយ ហើយក៏នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយក្នុងពិភពលោកដែរបើទោះបីជាវ៉ាក់សាំងរបស់ជំងឺគ្រុនឈាមនេះត្រូវបានផលិត និងចរាចរណ៍តាំងពីឆ្នាំ ២០១៦មកម្ល៉េះក៏ដោយ។ ផលវិបាកនៃជំងឺគ្រុនឈាម ផលវិបាកនៃគ្រុនឈាមគឺ ការហូរឈាម ឬឈានដល់មាន Shock Syndrome (ការធ្លាក់ទាបនៃសម្ពាធឈាម) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ អាចមានការប៉ះពាល់ដោយកម្រផងដែរ ទៅលើសរីរាង្គថ្លើមដោយសារមេរោគគ្រុនឈាមនេះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិត (Fulminant hepatic failure)។ជារួមមក លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ បានក្រើនរំលឹកម្តងទៀត ចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាម ជាពិសេសពេលក្តៅខ្លួននៅអំឡុងពេលខែវស្សា ត្រូវចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង មុនពេលដឹងមូលហេតុច្បាស់លាស់ ព្រមទាំងរួសរាន់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឬមន្ទីរពេទ្យធំដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យបានរហ័ស។ លោកក៏បានលើកទឹកចិត្តផងដែរដល់ក្រុមគ្រូពេទ្យឲ្យបន្តធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ (តាមរយៈការវិភាគរោគសញ្ញាគ្លីនិក និងការវិភាគទៅលើលទ្ធផលឈាម អេម៉ូក្រាម ដែលសុទ្ធតែអាចធ្វើទៅបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់) ដើម្បីចៀសវាងក្នុងការបណ្តោយឲ្យជំងឺនេះវិវឌ្ឍទៅរកស្ថានភាពដែលធ្ងន់ និងផ្តល់ការព្យាបាលដែលសមស្របទៅនឹងករណីរបស់អ្នកជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ (Internal Medicine) និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

និយមន័យនៃជំងឺហង់សិន ជំងឺហង់សិន ឬ ជំងឺឃ្លង់ ជាប្រភេទជំងឺឆ្លងបង្កដោយបាក់តេរីម្យ៉ាងឈ្មោះបាក់តេរីដឺហង់សិន (My-cobacterium Lepre)។ វាប៉ះពាល់ជាសំខាន់ទៅលើស្បែក និងសរសៃប្រសាទ។ ការវិវឌ្ឍរបស់ជំងឺនេះយឺតៗ ដោយសារមេរោគសម្ងំនៅក្នុងខ្លួនមនុស្សជាមធ្យម៣ឆ្នាំ ទើបចេញជារោគសញ្ញា។ ជាក់ស្តែងជំងឺហង់សិន អាចកើតមានលើមនុស្សគ្រប់វ័យ និងគ្រប់ភេទ។ប្រទេសកម្ពុជាបច្ចុប្បន្ន ជំងឺហង់សិនមានជាមធ្យមចន្លោះពី ១០០ ទៅ ២០០នាក់ នៃករណីថ្មីរបស់ជំងឺហង់សិនទូទាំងប្រទេស ដែលមានអត្រាប្រេវ៉ាទ្បង់១ លើ ១០០,០០០។ ប៉ុន្តែ អត្រានៃអ្នកកើតជំងឺហង់សិនថ្មីនេះ មានការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលវាស្ថិតក្នុងចន្លោះពី១០ ទៅ១៥ ភាគរយ។ មូលហេតុអ្វីដែលបង្កឲ្យកើតជំងឺ? ដោយហេតុថា ជំងឺហង់សិនបណ្តាលមកពីមានការឆ្លងមេរោគបាក់តេរីដឺហង់សិន (Mycobacterium Lepre)។ ម៉្យាង វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដង្ហើម ដូចជំងឺរបេងដែរ។ដូច្នេះ អ្នកដែលមានហានិភ័យខ្ពស់បំផុតទៅនឹងជំងឺនេះគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយអ្នកជំងឺដែលមិនទាន់បានទទួលការព្យាបាល។ តើជំងឺហង់សិនមានរោគសញ្ញាបែបណាខ្លះ? ជំងឺហង់សិនត្រូវបានចែកចេញជា២ប្រភេទរួមមានប្រភេទមេរោគតិច និង ប្រភេទមេរោគច្រើនដែលមានរោគសញ្ញាដូចជា៖ •ស្នាមលើស្បែកមួយឬ ច្រើន ដោយមានការបាត់បង់ញាណដឹងនៅលើស្លាកស្នាម ហើយមិនទាន់ទទួលការព្យាបាលត្រឹមត្រូវដោយថ្នាំច្រើនមុខ(MDT)។ •ស្នាមនៃជំងឺហង់សិន អាចមានពណ៌ស ឬក្រហមស្រគាំ ឬ ពណ៌ទង់ដែង •អាចរាបស្មើ ទ្បើងខ្ពស់ ឬ ពក មិនរមាស់ •ជាធម្មតាមិនឈឺលើស្នាមទេ •មានបាត់បង់ញាណដឹងលើស្នាមដូចជា ក្តៅ ប៉ះមិនដឹង មិនមានការឈឺចាប់ •វាកើតមានគ្រប់កន្លែងនៃរាងកាយ។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យនៃជំងឺ ជាទូទៅជំងឺហង់សិនឬឃ្លង់ត្រូវបានធ្វើរោគវិនិច្ឆ័យតាម២របៀប៖ •ការធ្វើតេស្តលើស្នាម •ការរកមេរោគក្នុងមន្ទីរពិសោធន៍។ ការព្យាបាលជំងឺហង់សិន ការព្យាបាលជំងឺហង់សិនចែកជា២របៀប៖ •រយៈពេល៦ខែ សម្រាប់អ្នកជំងឺដែលមានមេរោគតិច (ប៉េបេ) •រយៈពេល១២ខែ សម្រាប់អ្នកជំងឺដែលមានមេរោគច្រើន (អឹមបេ)។ គួរបញ្ជាក់ថា អ្នកជំងឺហង់សិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយ១០០% នៅគ្រប់មណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជាដោយពុំមានការបង់ប្រាក់នោះទេ។ ករណីការព្យាបាលមានភាពយឺតយ៉ាវ នោះអ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា ពិការភ្នែក ដៃ ជើង ដោយសារការកើតមានប្រតិកម្មនៃជំងឺហង់សិន។ វិធីសាស្រ្តដើម្បីការពារខ្លួន វិធីមួយដ៏សាមញ្ញនោះគឺបើសង្ស័យ ឬមានស្នាមនៅលើស្បែកដែលមិនមានការឈឺចាប់ សូមអញ្ជើញទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព ដែលមាននៅក្បែរផ្ទះរបស់លោកអ្នក។ សូមលោកអ្នកចាំថា ជំងឺហង់សិនឬ ឃ្លង់ វាជាជំងឺឆ្លង មិនមែនជំងឺសួរពូជទេ ហើយជំងឺនេះងាយព្យាបាលតែពិបាករកវត្តមានមេរោគ ពីព្រោះការសម្ងំរោគ និង ការបង្ករោគមិនមានការរំខានមក លើអ្នកជំងឺទ្បើយ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទ្បាយ សម្បត្តិ ឯកទេសជំងឺទូទៅ ជាប្រធានផ្នែកហង់សិន ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទោះបីសព្វថ្ងៃ ប្រទេសកម្ពុជាយើង មានកម្មវិធីជាតិកម្ចាត់ជំងឺរបេង និងហង់សិន ហៅកាត់ថា CENAT បានធ្វើការគ្រប់គ្រងរបេងបានល្អ និងមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ របេងនៅតែជាជំងឺមួយដែលត្រូវតែស្វែងយល់បន្ថែម។ និយមន័យជំងឺរបេង របេង ជាជំងឺបង្កឡើងដោយមេរោគម៉្យាងឈ្មោះថា Koch’s bacillus ស្ថិតក្នុងក្រុម Mycobacterium Tuberculosis Complex ដែលត្រូវបានបែងចែកជា២ប្រភេទ គឺទម្រង់Active និង Latent។ របេងអាចកើតមានឡើងនៅគ្រប់សរីរាង្គទាំងអស់រួមមាន សួត ឆ្អឹង កូនកណ្តុរ ប្រដាប់បន្តពូជ ពោះវៀន ឬស្រទាប់ពោះវៀន និងនៅលើស្បែកជាដើម។ ប៉ុន្តែមនុស្សភាគច្រើនចំណាំថា របេងច្រើនកើតតែនៅលើសួត ដោយហេតុថាក្នុងចំណោមរបេងទាំងអស់លើសពី៩០ភាគរយ បង្កជំងឺនៅផ្លូវដង្ហើម (សួត)។ មូលហេតុនៃការឆ្លង ដូចដែលបានរៀបរាប់ខាងលើ ជំងឺរបេងកើតមានឡើងដោយសារមេរោគប្រភេទបាក់តេរី ដែលឆ្លងតាមផ្លូវដង្ហើម ដូច្នេះហើយគ្រប់បរិបទណាដែលទាក់ទងតាមផ្លូវដង្ហើម សុទ្ធតែអាចចម្លងមេរោគរបេងនេះបាន។ បុគ្គលដែលមានទំនោរទាក់ទងជាមួយមនុស្សច្រើន តែងប្រឈមខ្ពស់ទៅនឹងជំងឺរបេងនេះ ដូចជាអ្នកទទួលភ្ញៀវ អ្នកធ្វើការជាមួយអ្នកជំងឺរបេង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម អ្នកជំងឺបេះដូង ជាពិសេសអ្នកជំងឺអេដស៍ជាដើម។ តំបន់ដែលប្រឈមនឹងជំងឺរបេងច្រើនគឺប្រទេសកំពុងអភិវឌ្ឍ ដោយសារការរក្សាអនាម័យនៅមានកម្រិតនៅឡើយ។     រោគសញ្ញាអ្នកជំងឺរបេង ភាគច្រើននៃអ្នកជំងឺរបេងដែលបង្កឡើងនៅលើសួត តែងស្តែងចេញជារោគសញ្ញា៤សំខាន់៖ • ក្តៅខ្លួនស្ទិញៗ ច្រើនកើតចាប់ពីពេលរសៀលដល់ពេលយប់ (Febricula) • ចាប់ផ្តើមស្រកទម្ងន់ខុសពីធម្មតា • ថយចុះនូវចំណង់អាហារ • អស់កម្លាំង។ ក្រៅពីនោះ ក៏មានសញ្ញាទាក់ទងនឹងសួត ដូចជាក្អករ៉ាំរ៉ៃ មានស្លេស្ម លើសពី២សប្តាហ៍ និងមានអាការៈហត់។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យជំនាញធ្វើការវិភាគជំងឺរបេងដោយផ្តោតលើ៣ចំណុចសំខាន់៖ • សាកសួរអំពីប្រវត្តិអ្នកជំងឺ៖ ធ្លាប់មានក្រុមគ្រួសារកើតជំងឺរបេង ធ្វើការនៅតំបន់ដែលប្រឈមមុខដូចដែលបានរៀបរាប់ខាងលើ • ពិនិត្យលើរោគសញ្ញានានា • ថតសួត និងរកមើលមេរោគរបេងក្នុងកំហាកអ្នកជំងឺ។ ក្នុងកម្មវិធីជាតិកម្ចាត់ជំងឺរបេង គេចែកការធ្វើរោគវិនិច្ឆ័យជា៣ប្រភេទខុសគ្នារួមមាន៖ • របេងក្នុងសួតដែលមើលកំហាកឃើញមេរោគរបេង • របេងក្នុងសួតដែលមើលកំហាកមិនឃើញមេរោគរបេង • របេងក្រៅសួតដូចជា របេងឆ្អឹង របេងកូនកណ្តុរ របេងស្រោមសួត របេងប្រដាប់បន្តពូជ។ ក្រៅពីនោះ គ្រូពេទ្យនឹងធ្វើការច្រឹបសាច់សួត ដើម្បីធ្វើការត្រួតពិនិត្យមើលមេរោគដោយមីក្រូទស្សន៍។ ការព្យាបាលជំងឺរបេង តាមរូបមន្តថ្មីនៃកម្មវិធីជាតិ របេងតម្រូវឲ្យមានការព្យាបាលតាម ២របៀប ដោយផ្អែកលើការវិវឌ្ឍរបស់របេង៖ • របៀបទី១៖ o ប្រើសម្រាប់ករណីថ្មី ដែលការព្យាបាលមានរយៈពេល៦ខែ ដោយ២ខែដំបូងជាការព្យាបាលសម្រុកដោយអ្នកជំងឺត្រូវប្រើថ្នាំរបេង៤មុខបញ្ចូលគ្នា និងចាប់ពីខែទី៣ដល់ទី៦ជាការព្យាបាល ដោយប្រើថ្នាំតែ២មុខ។ ជាទូទៅ ថ្នាំត្រូវលេបម្តងក្នុងមួយថ្ងៃ នៅពេលព្រឹក ដោយធ្វើការគណនាកម្រិតប្រើប្រាស់ធៀបនឹងទម្ងន់អ្នកជំងឺ។ o ដោយឡែក ចំពោះអ្នកជំងឺរបេងឆ្អឹង និងរបេងស្រោមខួរ ការព្យាបាលតាមរបៀបទីមួយនេះ ត្រូវប្រើរយៈពេល១២ខែ ដោយបែងចែកការព្យាបាលសម្រុកប្រើថ្នាំរបេង៤មុខបញ្ចូលគ្នារយៈពេល២ខែដំបូង និងព្យាបាលបន្តរយៈពេល១០ខែ ដោយប្រើថ្នាំតែ២មុខ។ • របៀបទី២ ៖ ប្រើសម្រាប់ករណីព្យាបាលតាមរបៀបទី១មិនជា ឬជារបេងលាប់ឡើងវិញ ឬខកខានការតាមដានព្យាបាល។ ការព្យាបាលតាមរបៀបទី២នេះត្រូវប្រើរយៈពេល៨ខែ ដោយបែងចែកការព្យាបាលសម្រុក ប្រើថ្នាំរបេង៤មុខបញ្ចូលគ្នារយៈពេល៣ខែដំបូង និងព្យាបាលបន្តរយៈពេល៥ខែដោយប្រើថ្នាំតែ៣មុខ។ ករណីរបេងមានភាពស៊ាំនឹងថ្នាំ ការព្យាបាលគឺខុសពីរបៀបទាំងពីរខាងលើ ព្រោះការព្យាបាលតាមរបៀបទី១ និងទី២មិនទទួលបានលទ្ធផល នោះអ្នកជំងឺនឹងតម្រូវឲ្យសម្រាក និងព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ។ ជាក់ស្តែងប្រសិទ្ធភាពនៃការព្យាបាលជំងឺរបេងមានកម្រិតខ្ពស់ ប៉ុន្តែដោយសារជំងឺរបេងខ្លះ មានភាពកាចសាហាវពីកំណើត ពេលខ្លះអ្នកជំងឺមិនបានគោរពតាមការព្យាបាលឲ្យបានត្រឹមត្រូវ ឬបោះបង់ការព្យាបាល ដោយសារទ្រាំទ្រនឹងផលរំខានថ្នាំពុំបាន ម៉្យាងអ្នកជំងឺមិនបានលេបថ្នាំឲ្យបានទៀងម៉ោងដែលគ្រូពេទ្យបានណែនាំ ធ្វើឲ្យមេរោគស៊ាំនឹងថ្នាំ និងថ្នាំលែងមានប្រសិទ្ធភាពទៀត។ ផលវិបាក ករណីអ្នកជំងឺរបេងដែលមិនបានទទួលការព្យាបាលទាន់ពេលវេលា នឹងធ្វើឲ្យសរីរាង្គមានការខូចខាតកាន់តែខ្លាំងឡើង ដូចជាដំបៅសាច់សួតកាន់តែខ្លាំង ពុកឆ្អឹងកាន់តែខ្លាំងជាដើម។     ការការពារ គួរមានការប្រុងប្រយ័ត្នខ្ពស់ពេលនិយាយទំនាក់ទំនងជាមួយអ្នកជំងឺរបេងដូចជា  ពាក់ម៉ាស់ ប្រើរបាំងការពារ ឬប្រើកង្ហារបក់បញ្ច្រាសនៅកន្លែងធ្វើការ កន្លែងដែលត្រូវមានទំនាក់ទំនងច្រើនជាមួយភ្ញៀវ និងប្រកាន់ខ្ជាប់ការរស់នៅស្អាតក្នុងបរិយាកាសបរិសុទ្ធ។ ប្រសិនបើមាននរណាម្នាក់មានសញ្ញាសង្ស័យខាងលើ គួរណែនាំឲ្យមកជួបជាមួយគ្រូពេទ្យឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ គួរបញ្ជាក់ថា ថ្នាំព្យាបាលជំងឺរបេងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកតាមស្រុក ខេត្ត ក្រុង និងពេទ្យថ្នាក់ជាតិទូទាំងខេត្ត-ក្រុង។ គួរបញ្ឈប់ ឬចៀសឲ្យឆ្ងាយពីផ្សែងបារី ព្រោះវាអាចធ្វើឲ្យមេរោគរបេងងាយឆ្លងចូល។ បកស្រាយដោយ ៖ សាស្ត្រាចារ្យរង នី ចន្ទី ប្រធានផ្នែកជំងឺសួត និងជំងឺឆ្លង ព្រមទាំងជាអនុប្រធានបច្ចេកទេស ប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រជាជនទូទៅតែងតែខ្លាចរអាជាមួយជំងឺរបេង ហើយចាស់ៗតែងតែនិយាយតគ្នាថា ជំងឺរបេងជាជំងឺតពូជ។ ចំពោះប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ជំងឺរបេងជាជំងឺងាយឆ្លងណាស់ ពោលគឺប្រជាជនក្នុងតំបន់មានការអប់រំពីសុខភាពនៅមានកម្រិត។ យ៉ាងណាវិញ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រីឯជំងឺរបេងមានវិធានការការពារខ្ពស់ចំពោះប្រជាជនផងដែរ ជាលទ្ធផលនាពេលបច្ចុប្បន្ន អត្រានៃជំងឺរបេងមានកម្រិតទាបមួយ។ បើតាមប្រសាសន៍របស់គ្រូពេទ្យឯកទេស ជំងឺរបេងលែងជាជំងឺតពូជទៀតឡើយ មានន័យថាបើអ្នកដែលរស់នៅជាមួយអ្នកជំងឺផ្ទុកមេរោគរបេងនេះ មានការការពារខ្ពស់នោះការឆ្លងមានតួលេខទាប។ របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺរបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។  វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជំងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន។ ខាងលើនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន។ លោកវេជ្ជបណ្ឌិតក៏ផ្តែផ្តាំបន្តថា ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដែលសង្ស័យជាជំងឺរបេង លោកអ្នកគួរគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ក៏ដូចជាការពារការឆ្លងទៅមនុស្សជុំវិញខ្លួនលោកអ្នកផងដែរ៕ ស្វែងយល់បន្ថែម៖ ជំងឺរបេងមិនមែនជាជំងឺតពូជទេ ! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

   ប្រជាជនកម្ពុជាភាគច្រើន ប្រាកដជាជជ្រាបខ្លះពីជំងឺរបេង។​ ប៉ុន្តែដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទាក់ទិននឹងជំងឺរបេង​ លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន បានផ្តល់ជាកិត្តិយសដល់ចូលរួមបកស្រាយ ពីស្ថានភាពទូទៅនៃជំងឺរបេង។ ជំងឺរបេង និងការឆ្លងរាលដាល      របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។ ប៉ុន្តែប្រភេទជំងឺរបេងទាំងនេះ មិនឆ្លងរីករាលដាលគឺមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតឡើយ។ ជំងឺរបេងមួយប្រភេទដែលអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះគឺជំងឺរបេងសួតដោយជំងឺរបេងសួតនេះឆ្លងតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកជំងឺនេះ។ រោគសញ្ញា       ជំងឺរបេងនេះ អាចបង្ហាញជារោគសញ្ញាមួយចំនួនដូចជា ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ហើយក្នុងករណីនេះជាជំងឺរបេងសួត វាធ្វើឲ្យអ្នកជំងឺក្អករ៉ាំរ៉ៃ។ ប៉ុន្តែភាគច្រើនយោងតាម ការសិក្សាស្រាវជ្រាវចុងក្រោយនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ស៊ិន បានបញ្ចាក់ថា នៅពេលបច្ចុប្បន្ននេះ ចំនួន៥០%នៃអ្នកជំងឺរបេង មិនបានបង្ហាញរោគសញ្ញាតាមរយៈការក្អកឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រជាជមកម្ពុជាយើងគួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះរបកគំហើញថ្មីមួយនេះ។ ហេតុដូច្នេះ ប្រសិនបើអ្នកមានអាការៈធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នងជាដើម នេះគួរតែទៅពិនិត្យសុខភាព និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ ការវិវឌ្ឍន៍នៃជំងឺរបេង       លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើសិននិយាយពីជំងឺរបេង ប្រជាជនភាគច្រើនតែងតែសង្កត់ធ្ងន់ទៅជំងឺរលាកសួត ប៉ុន្តែជំងឺរបេងនេះវាមិនមែនកើតតែនៅលើសួតតែម៉្យាងទេ ពោលគឺវាអាចកើតឡើងលើសរីរាង្គមួយចំនួនទៀតដូចជា ស្បែក ប្រដាប់ភេទ ប្រព័ន្ធរំលាយអាហារ​ (តម្រងនោម) ភ្នែក និងលើសន្លាក់ ។ល។ ជំងឺរបេងត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកជាជំងឺសង្គមពីព្រោះវាជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យអ្នកជំងឺស្គម អស់កម្លាំង ពិសាបាយមិនបាន សម្រាន្តមិនលក់ និងមិនអាចរកទទួលទានបានទៀតផង ហើយក្នុងករណីធ្ងន់ធ្ងរជំងឺនេះ អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រជាជនកម្ពុជាយើងមានការយល់ដឹងច្រើនអំពីជំងឺរបេង ដោយសារនាពេលបច្ចុប្បន្ននេះ ប្រទេសយើងបានបង្កើតប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដោយឡែកមានប្រជាជាននៅតំបន់ដាច់ស្រយាលមួយចំនួនតិចតួចប៉ុណ្ណោះ ដែលមិនបានយល់ឲ្យស៊ីជម្រៅពីជំងឺនេះ។ សមាគមន៍ដាច់ស្រយាលទាំងនោះ មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់ស៊ិនបានចុះទៅដោយផ្ទាល់ដើម្បីស្រាវជ្រាវពីអត្រាអ្នកកើតជំងឺរបេង និងផ្តល់ការព្យាបាលដោយយកចិត្តទុកដាក់។ ការព្យាបាល         មនុស្សមួយចំនួនតែងគិតថា ជំងឺជាជំងឺតពូជពីព្រោះពួកគាត់តែងមានទស្សនៈថា កូនកម្លោះក្រមុំរស់នៅក្នុងគ្រួសារដែលមានឪពុក ឬម្តាយកើតជំងឺរបេងតែងឆ្លងជំងឺនេះពីឪពុក ឬម្តាយរបស់គេ ហេតុដូច្នេះគេមិនយកធ្វើជាភរិយា ឬស្វាមីឡើយ។ ប៉ុន្តែតាមការពិត ទស្សនៈបែបនេះវាហួសសម័យហើយ ពីព្រោះជំងឺរបេងនេះអាចព្យាបាលជាសះស្បើយបាន១០០% ដោយការប្រើប្រាស់ឱសថ និងការចាក់ថ្នាំ ដោយគ្រាន់តែឲ្យអ្នកជំងឺអនុវត្តការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឬបុគ្គលិកសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ។ ការការពារ         វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជុះងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Top