ស្ងួត រមាស់ ក្រហាយទ្វារមាសគួរដោះស្រាយបែបណា?
ស្ងួតទ្វារមាស ជាលក្ខខណ្ឌមួយដែលបណ្តាលឲ្យមានការរមាស់ ក្រហាយ ស្ងួត ឈឺចាប់ជាពិសេសក្នុងអំឡុងពេលរួមភេទដែលកត្តាទាំងនេះពិតជាជះឥទ្ធិពលយ៉ាងអវិជ្ជមានទៅលើគុណភាពជីវិត និងទំនាក់ទំនងដៃគូផងដែរ។ ជាទូទៅ ការស្ងួតទ្វារមាសតែងកើតមានឡើងជាញឹកញាប់ ជាក់ស្តែង ៥០% នៃស្ត្រីអស់រដូវ និងស្រ្តីដែលមិនទាន់អស់រដូវមួយចំនួនតូចបានជួបវិបត្តិនេះ។
មូលហេតុនៃស្ងួតទ្វារមាស
នៅពេលកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនបានធ្លាក់ចុះ ស្ត្រីនឹងប្រឈមជាមួយភាពស្ងួតនៃទ្វារមាសជាបញ្ហាចម្បង។ អ័រម៉ូននេះ ជាប្រភេទអ័រម៉ូនស្ត្រីម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ធ្វើយ៉ាងណាឲ្យទ្វារមាសមានសុខភាពល្អ តាមរយៈការរក្សាភាពសើម ភាពយឺត និងកម្រិតអាស៊ីតនៅត្រង់តំបន់ទ្វារមាស។ ចំណែកមូលហេតុបង្កផ្សេងទៀតអាចរាប់បញ្ចូលទាំងលក្ខខណ្ឌសុខភាពមួយចំនួន ព្រមទាំងការលាងសម្អាតប្រចាំថ្ងៃដែលមិនត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា ការថយចុះនូវកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនអាចបណ្តាលមកពីកត្តាច្រើនប្រភេទ ក្នុងនោះរួមមាន៖
• វ័យក្រោយអស់រដូវ
• ចន្លោះវ័យជិតអស់រដូវ
• ការវះកាត់ចោលនូវសរីរាង្គអូវែ
• ការបំបៅកូនដោយទឹកដោះម្តាយ
• ក្រោយសម្រាលកូន
• ទម្លាប់ជក់បារី
• ផលវិបាកបន្ទាប់ពីទទួលការព្យាបាលជំងឺមហារីកអូវែ តាមរយៈការបញ្ចាំងកាំរស្មី និងការប្រើប្រាស់ថ្នាំគីមី
• វិបត្តិនៃប្រព័ន្ធការពាររាងកាយ
• ការប្រើប្រាស់ឱសថរារាំងតួនាទីអ័រម៉ូនអឺស្ត្រូហ្សែនដែលប្រើសម្រាប់ព្យាបាលជំងឺ Vterine fibroids ឬ Endometriosis
• ការលាងសម្អាតទ្វារមាសបែប Douching ដែលជាប្រភេទលាងសម្អាតជ្រៅចូលទៅខាងក្នុង
• ការប្រើប្រាស់ឱសថផ្តាសាយ និងអាល្លែកហ្ស៊ី(អាចជះឥទ្ធិពលលើបុគ្គលមួយចំនួនតូច)។
ដំណោះស្រាយ
ការព្យាបាលអាចមានជម្រើសច្រើន និងខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្កដែលការព្យាបាលទាំងនោះរួមមាន៖
- ការប្រើប្រាស់ក្រែមលាបអឺស្ត្រូហ្សែន
ការព្យាបាលប្រភេទនេះត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេ ក្នុងករណីមូលហេតុបង្កមកពីកង្វះអ័រម៉ូនអឺស្ត្រូហ្សែន។ វិធីសាស្ត្រនេះត្រូវបានណែនាំឲ្យប្រើប្រាស់តាមរយៈការលាបផ្ទាល់ត្រង់តំបន់ទ្វារមាស ដើម្បីបន្ថយអាការៈឈឺចាប់ រមាស់ ក្រហាយទាំងនោះ។ ម៉្យាង ការប្រើប្រាស់អ័រម៉ូនអឺស្រ្តូហ្សែនតាមវិធីសាស្រ្តបែបនេះ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកនានា បើប្រៀបធៀបជាមួយការប្រើប្រាស់ដោយលេប ឬចាក់ជាដើម។
- ការប្រើប្រាស់ទឹករំអិល និងសារធាតុផ្តល់សំណើម
ក្នុងករណី បញ្ហាស្ងួតទ្វារមាសនៅមានសភាពស្រាលដែលអាចស្តែងចេញតាមរយៈអាការៈឈឺចាប់រាល់ពេលរួមភេទ ឬមានការឈឺចាប់ រមាស់ ក្រហាយបន្តិចបន្តួច នោះស្ត្រីទាំងឡាយអាចប្រើប្រាស់ទឹករំអិលនៅពេលរួមភេទ ឬប្រើប្រាស់សារធាតុផ្តល់សំណើមប្រចាំថ្ងៃទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។
- អនុវត្តវិធីសាស្រ្តព្យាបាលនៅផ្ទះ
ការផ្លាស់ប្តូររបៀបរបបនៃការស់នៅមួយចំនួនពិតជាអាចជួយកាត់បន្ថយអាការៈស្ងួតទ្វារមាសនេះបានដែលវិធីសាស្ត្រទាំងនេះមានដូចជា៖
+ ទម្លាប់នៃការរួមភេទទៀងទាត់៖ ចំពោះស្ត្រីដែលមានដៃគូអាចអនុវត្តការរួមភេទឲ្យបានទៀងទាត់ ព្រោះលក្ខខណ្ឌនេះអាចជួយជំរុញលំហូរឈាម និងរំញោចឲ្យមានការផលិតទឹករំអិលកាន់តែច្រើន។ បន្ថែមពីនេះ ដៃគូអាចផ្តើមការឱប ថើប បំបោសអង្អែលជាមុន ដើម្បីជំរុញការបង្កើនទឹករំអិលមុនពេលចាប់ផ្តើមធ្វើការរួមភេទ។
+ ប្រើប្រាស់ផលិតផលអនាម័យត្រឹមត្រូវ៖ ស្រ្តីមួយចំនួនធំ ទម្លាប់ប្រើប្រាស់ទឹកអនាម័យដែលមានក្លិនក្រអូបខ្លាំង ឬការប្រើប្រាស់ Douche ជាប្រចាំដែលជាហេតុបណ្តាលឲ្យកម្រិត pH នៃតំបន់ទ្វារមាសប្រែប្រួល។
+ អាហារដែលសម្បូរសារធាតុហ្វីតូអឺស្ត្រូហ្សែន (phytoestrogens)៖ Phytoestrogens ជាសារធាតុដែលមានតួនាទីស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនក្នុងរាងកាយ។ សារធាតុនេះត្រូវបានរកឃើញក្នុងរុក្ខជាតិជាច្រើនមានដូចជា សណ្តែកសៀង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងតៅហ៊ូ។ ការសិក្សាវិទ្យាសាស្រ្តក៏បានបង្ហាញផងដែរថា phytoestrogens មានទំនាក់ទំនងក្នុងការធ្វើឲ្យប្រសើរឡើងនូវភាពស្ងួតទ្វារមាស និងអាការៈក្តៅក្រហល់ក្រហាយក្នុងរាងកាយដែលបណ្តាលមកពីការថយចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូហ្សែន។
+ ខោទ្រនាប់ធ្វើពីកប្បាស៖ ខោទ្រនាប់ដែលធ្វើអំពីសាច់កប្បាសអាចសម្រួលខ្យល់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យទ្វារមាសដកដង្ហើមបានយ៉ាងប្រសើរ។ ហេតុនេះការបង្ករោគនានាដែលបណ្តាលឲ្យមានបញ្ហាស្ងួតទ្វារមាស ក៏មិនអាចលូតលាស់បានផងដែរ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ