តើកូនអ្នកត្រូវការវ៉ាក់សាំងអ្វីខ្លះតាំងពីកើតមក?
ក្រោយសម្រាល មាតាបិតាតែងនាំបុត្រធីតាជាទីស្រលាញ់មកទទួលវ៉ាក់សាំងប៉ុន្តែតើមាតាបិតាបានស្វែងយល់ស៊ីជម្រៅយ៉ាងណាខ្លះអំពីវ៉ាក់សាំង? អត្ថបទខាងក្រោមនឹងបង្ហាញព័ត៌មានសំខាន់ៗជុំវិញបញ្ហានេះតាមរយៈការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសកុមារមានខ្លឹមសារដូចតទៅ៖
និយមន័យ និងប្រភព
វ៉ាក់សាំង គឺជាសារធាតុជីវសាស្ត្រដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតជាភាពស៊ាំជាក់លាក់ (អង្គទីករ) នៅក្នុងសារពាង្គកាយមនុស្ស ឬសត្វក្នុងគោលបំណងឲ្យរាងកាយត្រៀមខ្លួនរួចជាស្រេចទប់ទល់នឹងការរាតត្បាតនៃមេរោគជាក់លាក់មួយដែលឈានមកដល់ក្នុងពេលអនាគត។ នេះមានន័យថាបើអ្នកចាក់វ៉ាក់សាំងការពារមេរោគកញ្ជ្រឹល នោះរាងកាយនឹងបង្កើតអង្គទីករការពារបានតែមេរោគកញ្ជ្រឹលមួយប៉ុណ្ណោះ។
ជាទូទៅ តួនាទីសំខាន់របស់វ៉ាក់សាំងគឺការបង្កើតបានជាអង្គទីករ ដែលប្រៀបបានជាទ័ពការពារប្រចាំរាងកាយដ៏ខ្លាំងក្លា ដែលរង់ចាំការប្រយុទ្ធប្រឆាំងនឹងមេរោគបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើវ៉ាក់សាំងទទួលបាននោះជាវ៉ាក់សាំងដែលមានគុណភាព និងទទួលបានត្រឹមត្រូវគ្រប់ចំនួនដងតាមការកំណត់។ វ៉ាក់សាំងត្រូវបានចម្រាញ់ចេញពី ៤ ប្រភពសំខាន់ៗគឺ៖
- វីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine)
- វីរុសស្លាប់ (Kill form of virus/ Inactivated form virus)
- បំណែកប្រូតេអុីនណាមួយនៃមេរោគ (Subunit of vaccine/ Conjugated vaccine)
- ជាតិពុលនៃមេរោគ (Toxin form vaccine)។
ប្រភេទវ៉ាក់សាំងដែលចាំបាច់ត្រូវផ្តល់ជូនកុមារ
នាពេលបច្ចុប្បន្ន មានវ៉ាក់សាំងចំនួន ១១ប្រភេទដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីថ្នាំបង្ការថ្នាក់ជាតិ។ នេះមានន័យថា ទារក និងកុមារគ្រប់រូបត្រូវមកទទួលវ៉ាក់សាំងទាំងអស់នេះដោយមិនចំណាយប្រាក់ តាំងពីពេលកើតដំបូងរហូតដល់អាយុកំណត់មួយ។ វ៉ាក់សាំងនេះមានដូចជា៖
- វ៉ាក់សាំងការពារជំងឺរបេង (BCG Vaccine)
- វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ដែលមានជាទម្រង់ចាក់ និងប្រើតាមមាត់ (OPV/IPV Vaccine)
- វ៉ាក់សាំងការពារជំងឺរលាកថ្លើម បេ (HBV Vaccine)
- វ៉ាក់សាំងការពារជំងឺរលាកសួត និងរលាកស្រោមខួរក្បាល (Haemophilus Influenzae B Vaccine)
- វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ (Diphtheria Vaccine)
- វ៉ាក់សាំងការពារជំងឺតេតាណូស (Tetanus Vaccine)
- វ៉ាក់សាំងការពារជំងឺក្អកមាន់ (DTaP vaccine)
- វ៉ាក់សាំងការពារជំងឺរលាកស្រោមសួត (Pneumococcal Vaccine)
- វ៉ាក់សាំងការពារជំងឺស្អូច កញ្រ្ជឹល និងស្រឡទែន (Measles, Mumps, Rubella Vaccine)
- វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ (Japanese Encephalitis Vaccine)។
ក្រៅពីវ៉ាក់សាំងខាងលើនេះ មាតាបិតាទាំងឡាយក៏អាចនាំបុត្រធីតារបស់លោកអ្នកទៅទទួលវ៉ាក់សាំងសំខាន់ផ្សេងៗទៀតដែលមាននៅតាមបណ្តាគ្លីនិកធំៗ ឬមន្ទីរពិសោធន៍នានាដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ វ៉ាក់សាំងទាំងនោះមានដូចជា
១. វ៉ាក់សាំងការពារជំងឺផ្តាសាយធំ (Grippe Vaccine)
២. វ៉ាក់សាំងការពារជំងឺរាក (Rotavirus Vaccine)
៣. វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ ដែលបណ្តាលមកពីបាក់តេរី (Meningococcal Vaccine )
៤. វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន (Typhoid Vaccine)
៥. វ៉ាក់សាំងការពារជំងឺអុតស្វាយ (Varicella Vaccine)
៦. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)
៧. វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (Rabies Vaccine)។
អាយុដែលត្រូវទទួលវ៉ាក់សាំង
ចំពោះវ៉ាក់សាំងថ្នាក់ជាតិទាំង ១១មុខខាងលើគឺនឹងត្រូវបានផ្តល់ជូនទារកនិងកុមារដោយឥតគិតថ្លៃចាប់តាំងពីកើតដំបូង។ ចំណែកការបែងចែកប្រភេទ និងចំនួនដងនៃវ៉ាក់សាំងដែលត្រូវផ្តល់ជូនគឺអាស្រ័យទាំងស្រុងទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗ ព្រមទាំងអាយុរបស់ទារក និងកុមារ។ ប្រសិនបើមាតាបិតាទាំងឡាយចង់ស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីចំនួនដង ឬប្រភេទនៃវ៉ាក់សាំងទាំងនោះ មាតាបិតាអាចអានបន្ថែមនូវព័ត៌មានលម្អិតដែលនៅក្នុងប័ណ្ណលឿង ដែលជាប័ណ្ណតាមដាននៃការទទួលវ៉ាក់សាំងរបស់កុមារ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃ ខែដែលត្រូវមកទទួលវ៉ាក់សាំងលើកក្រោយទៀត។ ចំណែកការទទួលវ៉ាក់សាំងបន្ថែមផ្សេងទៀតក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក៏អាស្រ័យទៅតាមអាយុផងដែរ។ ឧទាហរណ៍វ៉ាក់សាំងផ្តាសាយត្រូវបានផ្តល់ជូនចាប់ពីអាយុ ៦ខែឡើងទៅ វ៉ាក់សាំងអុតស្វាយអាយុ ៩ខែ វ៉ាក់សាំងគ្រុនពោះវៀន អាយុចាប់ពី ២ឆ្នាំ ចំណែកវ៉ាក់សាំងមហារីកមាត់ស្បូនអាចផ្តល់ជូនចំពោះក្មេងស្រីអាយុចាប់ពី ១០ឆ្នាំឡើងទៅជាដើម។
ផលវិបាកនៃការមកទទួលវ៉ាក់សាំងយឺតយ៉ាវ
ភាពយឺតយ៉ាវនៃការមកទទួលវ៉ាក់សាំងអាចចែកចេញជា ២ប្រភេទហើយផលវិបាកដែលបង្កឡើងអាចមានភាពស្រដៀងគ្នាផងដែរដោយ៖
- ការយឺតយ៉ាវមិនព្រមមកទទួលវ៉ាក់សាំងតាំងពីលើកដំបូង៖ ទង្វើបែបនេះអាចបណ្តាលឲ្យទារក និងកុមារងាយប្រឈមនឹងការឆ្លងជំងឺកាចសាហាវផ្សេងៗដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត
- ការយឺតយ៉ាវក្នុងការមកទទួលវ៉ាក់សាំងជាលើកទី ២ ឬបន្តបន្ទាប់ទៀត៖ អាចបណ្តាលឲ្យវ៉ាក់សាំងដែលបានទទួលលើកមុនបាត់បង់ប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព។ ជាទូទៅ មាតាបិតាអាចខកខានក្នុងការនាំបុត្រធីតាមកទទួលវ៉ាក់សាំងម្តងទៀតក្នុងគម្លាតរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ គិតចាប់ពីថ្ងៃដែលត្រូវមកជួបគ្រូពេទ្យ ទើបជាការប្រសើរ។
លក្ខខណ្ឌដែលមិនអាចទទួលវ៉ាក់សាំង
តាមពិតកុមារស្ទើរតែគ្រប់រូបអាចទទួលបានវ៉ាក់សាំងគ្រប់ប្រភេទ លើកលែងក្នុងករណីមួយចំនួនដូចជាករណីអាល្លែកហ្ស៊ីធ្ងន់ធ្ងរ (Choc anaphylactic) ជាមួយប្រភេទវ៉ាក់សាំង ឬសារធាតុណាមួយនៃធាតុផ្សំដែលលាយក្នុងវ៉ាក់សាំង។ រោគសញ្ញានៃអាល្លែកហ្ស៊ីអាចស្តែងចេញនូវអាការៈដូចជាក្តៅខ្លួនខ្លាំងមិនអាចគ្រប់គ្រងបាន ការឡើងរមាស់(ប្រទាលត្រអាក)ពេញខ្លួន ហើម ពិបាកដកដង្ហើមជាដើម។ ក្រៅពីបញ្ហាអាល្លែកហ្ស៊ី ទារក និងកុមារដែលមានប្រព័ន្ធការពារខ្លួនខ្សោយ (មានជំងឺអេដស៍ មានជំងឺរ៉ាំរ៉ៃ ឬមានវិបតិ្តស្រូបអាហារធ្ងន់ធ្ងរ) ក៏មិនត្រូវបានផ្តល់អនុសាសន៍ទទួលវ៉ាក់សាំងដែរ ជាពិសេសប្រភេទវ៉ាក់សាំងដែលមានប្រភពពីវីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine)។ គួរបញ្ជាក់ថា ប្រភេទ Live Vaccine ទាំងនេះមានដូចជាវ៉ាក់សាំងកញ្ជ្រឹល ស្អូច និងស្រឡទែនជាដើម។
ផលរំខានក្រោយទទួលវ៉ាក់សាំង
ក្រោយទទួលវ៉ាក់សាំងទារក និងកុមារនឹងស្តែងឡើងជារោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួន ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែងទារក និងកុមារអាចមានបញ្ហារោល ឡើងក្រហម ឈឺចុកត្រង់ទីតាំងដែលម្ជុលបានចាក់ចូល (Injection site reaction) ព្រមទាំងអាការៈក្តៅខ្លួនស្រៀវស្រាញ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដែលតែងកើតមានឡើងជាញឹកញាប់។ ប៉ុន្តែបញ្ហាទាំងអស់នេះនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣ថ្ងៃបន្ទាប់ ឬក្រុមគ្រូពេទ្យអាចផ្តល់ជូនជាថ្នាំប៉ារ៉ាសេតាមុល ដើម្បីសម្រាលអាការៈឈឺចាប់ និងក្តៅខ្លួន។ ម៉្យាងការស្អំទឹកកកត្រង់ទីតាំងដែលឈឺចាប់ក៏ជាជម្រើសល្អដែលត្រូវបានយកមកអនុវត្តផងដែរ។
ការមកទទួលវ៉ាក់សាំងឲ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ជាពិសេសការទទួលបានវ៉ាក់សាំងដែលមានគុណភាពពិតជាអាចការពារអាយុជីរិតកូនជាទីស្រលាញ់របស់លោកអ្នកចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវទាំងនោះបានយ៉ាងប្រសើរ។ សូមទៅទទួលសេវាកម្មនេះជាមួយស្ថាប័នដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល ចៀសវាងការខាតបង់ប្រាក់កាស ព្រមទាំងអាចគ្រោះថ្នាក់ដល់សុខភាពទៀតផង។
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈ ប៊ុនណា ឯកទេសរោគកុមារ ផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ