ស្ត្រីមានផ្ទៃពោះអាចហាត់ប្រាណបានដែរមែនទេ?
ដើរក៏ពិបាក អង្គុយក៏ពិបាក តើឲ្យស្រ្តីមានផ្ទៃពោះទៅហាត់ប្រាណយ៉ាងម៉េចរួច? តើការហាត់ប្រាណអាចជាបន្ទុកធ្ងន់ធ្ងរសម្រាប់ស្រ្តីមានផ្ទៃពោះ ឬយ៉ាងណា? តាមពិតទៅ ការឈឺចាប់ និងភាពរំខាននានាដូចជា ពិបាកគេង ហើមជើង ហើមពោះ ឬទល់លាមកក្នុងអំឡុងពេលពពោះសុទ្ធតែអាចសម្រួលបានតាមរយៈការធ្វើលំហាត់ប្រាណ។ ទន្ទឹមគ្នាផងដែរ លំហាត់ប្រាណក្នុងពេលពពោះក៏អាចជួយសម្រាលផ្លូវចិត្តរបស់ស្រ្តីកាត់បន្ថយភាពនឿយហត់ ចង្អោរ និងពន្លឿនសុខភាពម្តាយត្រឡប់មកវិញក្រោយពេលកើត។ យ៉ាងណាមិញ ការហាត់ប្រាណអាចមានច្រើនយ៉ាងតែស្រ្តីដែលកំពុងពពោះមានជម្រើសមួយចំនួនដែលនឹងអាចសាកល្បងតាមរយៈវិធីសាស្រ្តខាងក្រោម៖
យូហ្គា
យូហ្គាជាប្រភេទលំហាត់ប្រាណមួយដែលជួយសម្រួលភាពរំខាននៅអំឡុងពេលមានផ្ទៃពោះ។ វាអាចជួយឲ្យស្រ្តីគេងលក់ស្រួល បន្ថយស្រេ្តស កាត់បន្ថយភាពភ័យខ្លាច និងកាត់បន្ថយអាការៈចាញ់កូនបានខ្លះៗផងដែរ។ លើសពីនេះទៀត យូហ្គាអាចធ្វើឲ្យលំហូរឈាមក្នុងរាងកាយរបស់ស្រ្តីមានលំនឹងល្អ ព្រមទាំងការពារពីការប្រឈមនឹងជំងឺផ្សេងៗមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងពង្រឹងសុខភាពសរសៃឈាមបេះដូង។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថាក្រោយពីការសម្រាលស្រ្តីតែងតែបាត់បង់នូវការមករដូវនោះការហាត់យូហ្គាអាចជួយទប់ស្កាត់ការកើតជំងឺពុកឆ្អឹងបានដោយបង្កើតដង់ស៊ីតេនៃសារធាតុរ៉ែសម្រាប់ឆ្អឹង និងជំរុញឲ្យខួរក្បាលក្មេងនៅក្នុងផ្ទៃមានការលូតលាស់។ ដូច្នេះស្រ្តីដែលមានផ្ទៃពោះក្នុងត្រីមាសទី១ គួរតែចំណាយពេលត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ៣ដងក្នុងមួយសប្តាហ៍ដើម្បីជួយសម្រួលដល់ការឈឺចាប់ពេលសម្រាល និងមានសុខភាពល្អ។
Pilates
Pilates មិនមែនសំដៅតែលើការហាត់ឲ្យរាងស្រឡូនស្អាតតែមួយមុខនោះទេ តែវាក៏រួមចំណែកក្នុងការជួយរក្សារាងរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះបានផងដែរ។ ដោយហេតុថា វាសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ចិត្តដើម្បីគ្រប់គ្រងរាងកាយ និងផ្ដល់តុល្យភាពរវាងរាងកាយនិងចិត្តតាមរយៈការអភិវឌ្ឍទៅលើសាច់ដុំខាងក្នុងនៃរាងកាយ។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយនូវភាពតានតឹង ស្ត្រេស ជួយសម្រួលដល់ការគេង បំបាត់នូវភាពនឿយហត់ ជាពិសេសអាចការពារពីការកើតជំងឺក្នុងអំឡុងពេលមានផ្ទៃពោះដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺក្រឡាភ្លើងក្រោយពេលសម្រាល និងជួយកាត់បន្ថយការឈឺចាប់បានទៀតផង។ ដូច្នោះ មុនពេលសម្រាលអ្នកគួរតែចំណាយពេលមួយដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបាននូវសុខភាពល្អទាំងម្តាយ និងទារក។
ការដើរ
ការដើរ ឬការធ្វើចលនាយឺតៗគឺជាលំហាត់ប្រាណមួយដ៏អស្ចារ្យសម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ វាជាលំហាត់ប្រាណបែបកម្សាន្ត ហើយមិនត្រូវការគម្រោងចាំបាច់ ឬឧបករណ៍អ្វីច្រើនឡើយ ដោយគ្រាន់តែមានស្បែកជើងមួយគូសម្រាប់ដើរជាការស្រេច។ ការដើរដែលមានលក្ខណៈយឺតៗអាចជួយដល់ចលនាឈាមរត់ កាត់បន្ថយការស្ទះសរសៃឈាមបេះដូង កាត់បន្ថយភាពតានតឹង ស្ត្រេស ព្យាបាលជំងឺទល់លាមកជាពិសេសជួយនូវការឈឺចាប់ពេលសម្រាលបានផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនបានដើរ ឬធ្វើចលនានោះទេ វានឹងធ្វើឲ្យអ្នកមានអាការៈមួយចំនួនដូចជា ស្ពឹកដៃជើង គេងមិនលក់ ឡើងទម្ងន់ ពិសេសអាចឲ្យអ្នកកើតជំងឺផ្សេងបានថែមទៀតផង។ ដោយឡែក ប្រសិនបើអ្នកមិនទាន់បានសាកល្បងនោះ អ្នកគួរតែចំណាយពេលដើរត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ៣ទៅ៥ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យអ្នកគេងលក់ស្រួល និងធ្វើឲ្យមានសុខភាពល្អទាំងម្តាយ ទាំងកូន។
ការលើកទម្ងន់
ជាលំហាត់ប្រាណដែលជួយឲ្យសាច់ដុំមានភាពល្អសម្រាប់ធ្វើការសម្រាល ជួយអ្នករក្សានូវទម្ងន់ដែលអ្នកចង់បានពិសេសជួយពង្រឹងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អ និងរឹងមាំផងដែរ។ អ្នកអាចធ្វើវាបាននៅផ្ទះ ឬនៅកន្លែងហាត់ប្រាណដែលមានគ្រូបង្វឹកត្រឹមត្រូវ ដោយចៀសវាងការធ្វើចលនាដែលប៉ះពាល់ដល់ក្បាលពោះ កុំលើកធ្ងន់ពេក ឬលើកក្នុងកាយវិការដេក ប៉ុន្តែអ្នកអាចធ្វើបានក្នុងកាយវិការអង្គុយ ឬឈរ។ ជាក់ស្តែង យោងតាមការសិក្សារបស់ The Journal Of Physical Activity And Health Reported បានឲ្យដឹងថាការបង្កើនកម្លាំងពីអាំងតង់ស៊ីតេទាបទៅកម្រិតមធ្យម ពីរដងក្នុងមួយសប្តាហ៍អាចធ្វើឲ្យការសម្រាលរបស់អ្នកមានសុវត្ថិភាពនិងការពារអ្នកពីជំងឺផ្សេងៗបានថែមទៀតផង។
ការហែលទឹក
ចំពោះស្រ្តីដែលចេះហែលទឹកគួរតែបន្តការហែលទឹកនៅអំឡុងពេលមានផ្ទៃពោះ។ វាអាចជួយឲ្យចលនាដង្ហើមប្រព្រឹត្តទៅបានល្អប្រសើរ ចលនាបេះដូងដើរបានស្រួល ជួយដល់លំហូរឈាម បង្កើនភាពរឹងមាំនៃសាច់ដុំ កាត់បន្ថយការឈឺចាប់បានតិចតួចពេលសម្រាលព្រមទាំងជួយបន្ធូរសម្ពាធនៅក្នុងពោះបានខ្លះផងដែរ។ ជាក់ស្តែង ស្រ្តីគ្រាន់តែធ្វើលំហាត់ប្រាណបែបនេះត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ហើយអនុវត្ត ៣ ទៅ៥ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ស្រ្តីមានផ្ទៃពោះគួរចៀសវាងប្រភេទលំហាត់ប្រាណដែលខ្លាំងក្លា ឬប្រើប្រាស់កម្លាំងសាច់ដុំពោះដោយសារវាអាចមានហានិភ័យដល់ទារក និងម្ដាយ។ ចំណែកការជ្រើសរើសលំហាត់ប្រាណណាមួយខាងលើ ក៏គួរតែទទួលបានការអនុញ្ញាតពីសំណាក់គ្រូពេទ្យជំនាញផងដែរ ពីព្រោះសុខភាពរបស់ស្រ្តីពពោះអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ ៨១
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ