កត្តាត្រូវយល់ដឹង ដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។
តាមរយៈអត្ថបទនេះ អ្នកនឹងបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមហារីកសុដន់ដោយមានការសម្ភាសរវាងហេលស៍ថាមជាមួយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី។ សូមបញ្ជាក់ផងដែរ ថាលោកវេជ្ជបណ្ឌិតជាអតីតនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រនៅឆ្នាំ 2006 ។ ក្រោយមកលោកបានបន្តការសិក្សានៅប្រទេសបារាំង រយៈពេល១ឆ្នាំកន្លះ និងបានត្រលប់មកវិញក្នុងឆ្នាំ 2007 ហើយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី បានបន្តការសិក្សានៅប្រទេសបារាំងម្តងទៀតអំពីថ្នាក់ឯកទេសនេះដែលមានរយៈពេល ១ឆ្នាំ និងបានបញ្ចប់នៅឆ្នាំ 2011។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិតជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន។
ជំងឺមហារីកសុដន់ គឺជាបណ្តុំនៃកោសិកាដែលមានការប្រែប្រួល DNA ហើយកោសិកាទាំងនេះធ្វើការលូតលាស់ខុសប្រក្រតីដែលខ្លួនយើងមិនអាចគ្រប់គ្រងវាបាន។ ជំងឺមហារីកនេះបង្កឡើងដោយកត្តាផ្សេងៗរួមបញ្ចូលគ្នាហើយកត្តាជម្រុញទាំងនោះរូមមាន៖
-តំណពូជ៖ ចំពោះស្ត្រីដែលក្រុមគ្រួសារគាត់ធ្លាប់មានប្រវត្តិនៃជំងឺមហារីកសុដន់នោះការប្រឈមមុខរបស់គាត់ចំពោះជំងឺនេះនឹងកើនឡើង ជាពិសេសស្ត្រីដែលមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2
-ការប្រើប្រាស់អ័រម៉ូនពីខាងក្រៅ
-ភាពធាត់លើសទម្ងន់
-ការជក់បារី និងពិសាស្រា
-ការមិនសូវធ្វើលំហាត់ប្រាណ
-អ័រម៉ូនស្ត្រីអឺស្ត្រូសែនដើរតួយ៉ាងសំខាន់ក្នុងការជម្រុញឲ្យមានជំងឺមហារីកសុដន់។
ហេតុដូចនេះហើយមានស្ត្រីជាច្រើនដែលប្រឈមមុខនឹងការកើតមានជំងឺមួយនេះហើយមនុស្សប្រុសក៏អាចកើតមានជំងឺនេះផងដែរប៉ុន្តែភាគរយនៃការកើតមានកម្រិតទាបណាស់។
រោគសញ្ញានៃជំងឺមហារីកសុដន់មានច្រើនបែប និងសណ្ឋានខុសៗគ្នាអាស្រ័យទៅតាមដំណាក់កាលនៃជំងឺនេះ៖
-មានដុំនៅនឹងសុដន់ដែលអាចស្ទាបប៉ះ
-មានការឡើងក្រាស់នៃស្បែកនៅជិតសុដន់ ឬក្រោមក្លៀក
-ការប្រែប្រួលនៃទំហំ រូបរាង ឬគែមនៃសុដន់
-ការឡើងនៃកូនកណ្តុរនៅក្រោមក្លៀក ឬជុំវិញសុដន់
-មានការប្រែប្រួលនៃស្បែកជុំវិញសុដន់ ឬនៅចុងដោះដូចជា មានការឡើងក្រាស់ដូចសម្បកក្រូច ខួច ប៉ោង ក្រមរ ឬរលាក
-មានដំបៅ និងមានទឹក ឬឈាមហូរចេញពីចុងសុដន់
-មានចំណុចមួយដែលមានលក្ខណៈខុសប្លែកពីសុដន់ម្ខាងទៀត។
ជាទូទៅ ដំណាក់កាលនៃជំងឺមហារីកមាន៤កម្រិតអាស្រ័យទៅតាមទំហំចំនួនកូនកណ្តុរដែលប៉ះពាល់និងការរីករាលដាលនៃជំងឺមហារីកទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយ៖
-ដំណាក់កាល 0 ៖ ជាដំណាក់កាលដំបូង ហើយជាធម្មតាដុំដែលកើតមានស្ទាបមិនដឹងទេ
-ដំណាក់កាលទី 1 ៖ ជាដំណាក់កាលដែលដុំ មហារីកមានទំហំតូចជាង 1អ៊ីញ
-ដំណាក់កាលទី 2 ៖ ដុំមហារីកមានទំហំតូចជាង 2អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក
-ដំណាក់កាលទី 3 ៖ ដុំមហារីកមានទំហំធំជាង 2 អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក និងជុំវិញសុដន់
-ដំណាក់កាលទី 4 ៖ ជាដំណាក់កាលដែលជំងឺមហារីករាលដាលទៅកាន់សរីរាង្គផ្សេងៗទៀត។
ការព្យាបាលនៃជំងឺមហារីកសុដន់អាស្រ័យទៅតាមដំណាក់កាលទាំងនេះ ហើយជំងឺមហារីកសុដន់នឹងអាចព្យាបាលជាប្រសិនជាវាមិនទាន់រាលដាលទៅកាន់កន្លែងផ្សេងៗ។
ដើម្បីកាត់បន្ថយការប្រឈមនឹងការកើតមាននៃជំងឺមហារីកសុដន់លោកអ្នកគួរតែ៖
-សម្រកទម្ងន់
-ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
-បញ្ឈប់ការជក់បារី និងការពិសាគ្រឿងស្រវឹង
-បញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់អ័រម៉ូន
-ស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងដែលការអនុវត្តន៍នេះបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ថ្ងៃជារៀងរាល់ខែ
-កាត់សុដន់ចេញប្រសិនជារកឃើញមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2 ឬធ្លាប់មានប្រវត្តិគ្រួសារដែលស្លាប់ដោយជំងឺមហារីកសុដន់នៅវ័យក្មេង។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ