ការដុះជម្រះសាច់ដុះលើស្បែក អាចបង្កបញ្ហាដែរឬទេ?
សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ត រស់នៅ ខេត្តបន្ទាយមានជ័យ។ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅបរិវេណ ដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញឯងៗនៅពេលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយឬទេ? មានវិធីអ្វីអាចកំចាត់បញ្ហានេះឬទេ?
ចម្លើយ ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១គឺស្បែកដែលដុះមែនទែន(skin tags) និងទី២ស្បែកដែលកើតឡើងដោយសារវីរុសនៅពេលយើងមានវ័យចាស់បន្តិច(Siberia Keratosis)ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់សាច់ដែលដុះមកនេះនៅពេលដំបូងវាតែងតែដាច់ទៅវិញនៅពេលដែលយើងងូតទឹកដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមក មិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេ ព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាល្លែកហ្ស៊ី ឬ តាអក។ ហើយបើបញ្ហានេះបង្កជាការលំបាកដល់សោភណ្ឌភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ