ត្រៀមខ្លួនយ៉ាងណាសម្រាប់ការងារជាអ្នកទីផ្សារ ពីអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងHRនៃក្រុមហ៊ុន អេច ជី ប៊ី អូតូ
ការងារអាចចាត់ទុកជាយាន្តមួយសម្រាប់បើកផ្លូវអនាគតរបស់បុគ្គលម្នាក់ៗ ហើយការសម្រចបានភាពជោគជ័យ ឬយ៉ាងណា វាអាស្រ័យទៅលើការសម្រេចចិត្តនៃការជ្រើសរើសការងារទាំងនោះ ដូច្នេះគួរមានការរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ធ្វើការសំម្ភាសការងារដែលខ្លួនពេញចិត្តដើម្បីទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត។ តើគួរមានការត្រៀមលក្ខណៈសម្បត្តិបែបណាខ្លះ?
ហេលស៍ថាម សូមណែនាំអ្នកពីគន្លឹះសំខាន់ៗក្នុងការរៀបចំខ្លួនដើម្បីយកឈ្នះតំណែងជាអ្នកទីផ្សារមួយរូបក្នុងស្ថាប័ននានា ដែលមានការចែករំលែកពីសំណាក់លោក ថន រ៉ាដែន ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន អេច ជី ប៊ី អូតូ។
ការត្រៀមលក្ខណៈមុនពេលដាក់បម្រើការងារ
ចំពោះអ្នកមានបំណងចង់ក្លាយខ្លួនជាអ្នកទីផ្សារមួយរូប មិនចំពោះអ្នកទើបបញ្ចប់ការសិក្សា ឬចង់ផ្លាស់ប្តូរការងារថ្មីក៏ដោយ ត្រូវស្វែងយល់ពីចំណុចមួយចំនួនតួយ៉ាង៖
• សិក្សាពីចំណង់ចំណូលចិត្ត ថាអ្វីជាការចូលចិត្តរបស់ខ្លួន
• គួរតែទទួលបានជំនាញ ពីការបណ្តុះបណ្តាលពីស្ថាប័ននៃជំនាញទីផ្សារនោះ
• សិក្សាឲ្យបានមុនពីតម្រូវការទីផ្សារ និងអតិថិជនគោលដៅនៃស្ថាប័នដែលខ្លួនចង់ ចូលបម្រើការងារ
• ជាការល្អគួរមានបទពិសោធន៍ការងារកំឡុងពេលខ្លួនជានិសិ្សត។
ការរៀបចំពាក្យសុំបម្រើការងារ (CV)
• បញ្ជាក់ពីជំនាញរបស់ខ្លួនដែលសមស្របទៅនឹងតួនាទីដែលបានស្នើសុំ
• បញ្ចូលនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីទទួលបានភាពទាក់ទាញកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន មិនថាបទពិសោធន៍ក្រៅពីតួនាទីដែលខ្លួនចង់បាន។
• គួររៀបចំពាក្យសុំបម្រើការងារឲ្យត្រូវតាមលក្ខណៈស្តង់ដារ រៀបរាប់ឲ្យបានក្បោះក្បាយ និងមានភាពទាក់ទាញ ផ្តល់នូវព័ត៌មានដែលពិតនូវអ្វីដែលខ្លួនធ្លាប់សម្រេចបានកន្លងមក។
• សុំជំនួយពីអ្នកនៅជុំវិញខ្លួន អាចជាមិត្តភក្តិ ឬរៀមច្បងសម្រាប់ការកែតម្រូវនូវចំណុចខ្វះខាតនៃពាក្យសុំបម្រើការងារនោះ។
ចំណុចគួរយល់ដឹងពេលសម្ភាសការងារ
អ្នកទីផ្សារអាចចាត់ទុកថាជាជួរមុខដំបូងរបស់ក្រុមហ៊ុន ដូច្នេះសំណួរចម្បងដែលអាចលើកឡើងពេលសម្ភាសការងារអាចជា៖
• សំណួរដែលទាក់ទងពីការបង្កើតថ្មី ឬយុទ្ធសាស្រ្តរបស់បេក្ខជន ដើម្បីឲ្យពួកគាត់បានបង្ហាញពីភាពច្នៃប្រឌិតដែលខ្លួនមាន តួយ៉ាងពួកគាត់អាចបង្ហាញពីវិធីសាស្រ្តឬគំនិតផ្តួចផ្តើមក្នុងការលក់ផលិតផលនៅលើទីផ្សារ។
• មើលពីភាពរហ័សរហួនរបស់បេក្ខជន (Mental alertness)
• រៀបចំទស្សនវិស័យរបស់ខ្លួនទៅថ្ងៃអនាគតឲ្យបានច្បាស់លាស់ ព្រោះក្រុមហ៊ុននិមួយៗតែងតែចង់បានបុគ្គលិកដែលអាចមានលទ្ធភាពបម្រើការងារបានយូរ
• គួរមានជំនាញទំនាក់ទំនងល្អ និងការចេះរៀបចំទុកដាក់
• មានការរៀបចំខ្លួនឲ្យបានសមរម្យ ព្រោះក៏ជាចំណុចសំខាន់ក្នុងការទទួលបានពិន្ទុពីសំណាក់ក្រុមហ៊ុន។
លក្ខណៈសម្បត្តិបុគ្គលិកទីផ្សារឆ្នើម
• បុគ្គលិកទីផ្សារឆ្នើម ជាអ្នកជោគជ័យក្នុងការលក់ផលិតផល តាមរយៈការសិក្សាស្វែងយល់ពីចំណែកទីផ្សារ ថាតើអ្នកណាជាអតិថិជនគោលដៅ ពេលវេលា និងទីកន្លែងក្នុងការលក់ផលិតផលទាំងនោះ
• ពួកគេមានទំនាក់ទំនងជិតស្និទ្ធទៅនឹងខាងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ជាការណែនាំដល់មហាជនពីផលិតផលរបស់ក្រុមហ៊ុនដោយប្រើប្រាស់នូវថវិកាតិច តែចំណេញបានច្រើន តួយ៉ាងដូចជាការធ្វើទីផ្សារតាមរយៈប្រយោល។
ទង្វើគួរធ្វើ និងចៀសវាងចំពោះអ្នកទីផ្សារ
• បុគ្គលិកគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធ៌មនៅក្នុងខ្លួន
• មានការប្រាស្រ័យទាក់ទងឲ្យបានល្អ ដោយចាត់ទុកអតិថិជនជាស្តេច
• គោរពពេលវេលាក្នុងការណាត់ជួប និងការចេះសហការគ្នាក្នុងការដោះដូរផលិតផលណាមួយ
• ចៀសវាងដាច់ខាតក្នុងការផ្តល់ព័ត៌មានដែលមិនពិត។
អនុសាសន៍សម្រាប់អ្នកអាន
ចង់ចាប់ផ្តើមប្រឡូកក្នុងវិស័យការងារ ដំបូងគួរមានការរៀបចំពាក្យសុំបម្រើការងារឲ្យបានល្អ និងស្អាតគួរឲ្យចាប់អារម្មណ៍ដែលអាចប្រៀបបានជាអ្នកមានជំនាញម្នាក់ ហើយដាក់ចិត្តក្នុងការបំពេញកិច្ចការងារឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ព្រោះមិនត្រឹមតែផ្តល់ភាពជោគជ័យដល់ក្រុមហ៊ុននោះទេ តែក៏ជាការជោគជ័យសម្រាប់ខ្លួនផ្ទាល់ផងដែរ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ