លី គីមឈន់ «អាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ អ្នកដទៃ និងសង្គមផង»
លោក លី គីមឈន់
មូលហេតុដែលលោកជ្រើសរើសយកអាជីពជាគ្រូពេទ្យ ព្រោះថាអាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ អ្នកដទៃ និងសង្គមផង។ ចំពោះជំនាញ ថ្លើម ក្រពះ ពោះវៀនវិញ ព្រោះ ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលមានលក្ខណៈសម្បូរបែបទាំងប្រភេទជំងឺ និងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមាន សរីរាង្គច្រើន។
លោកបានបន្តថា លក្ខណៈសំខាន់សម្រាប់និស្សិតឯកទេសនេះ គឺភាពឧស្សាហ៍ព្យាយាម ការអត់ធ្មត់ និងប្រាក់កាក់ ព្រោះថា ការសិក្សាមានការលំបាកនិងមានរយៈពេលយូរ(៤ឆ្នាំ) បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រទៀត ។ ហើយភាសាគឺជាចាំបាច់បំផុត ព្រោះឯកសារទាំងអស់គឺត្រូវបានសសេរជាភាសាបារាំងនិងអង់គ្លេស ដូច្នេះ និសិ្សតគួររៀនភាសាទាំង២ ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម។
និយាយពីការលំបាកវិញ គឺត្រូវចំណាយពេលវេលាច្រើន ថវិកាច្រើន និង ភាពអត់ធ្មត់ ក្នុងការសិក្សា។ ក្រៅពីការរៀននៅសាលា លោកត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗ ហើយយកទ្រឹស្តីមកផ្សារភ្ជាប់នឹងការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យក្រោមការជួយណែនាំពីសិស្សច្បងនិងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីទទួលបានបទធិសោធន៏ល្អៗ។
គីមឈន់ បានប្រាប់ថា ពេលបញ្ចប់ការសិក្សា ខ្លួនមានបំណងបម្រើការនៅទីក្រុងភ្នំពេញ ព្រោះឯកទេសនេះនៅមានកម្រិតនៅឡើយនៅទីក្រុងភ្នំពេញ។ លោកក៏បានបន្តទៀតថា បញ្ហា ថ្លើម ក្រពះ ពោះវៀន មានច្រើនណាស់ជាពិសេស គឺជំងឺរលាកក្រពះ និងជំងឺរលាកថ្លើម។ ជាចុងក្រោយ លោកចង់ផ្តាំផ្ញើដល់អ្នកមានបញ្ហាថ្លើម ក្រពះ ពោះវៀន គួរឆាប់មកជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការការពារ ឬ ព្យាបាលឲ្យបានទាន់ពេលវេលា។