អ្វីខ្លះដែលផ្នែកHR ពិចារណាមុនដំឡើងប្រាក់ខែ ឬមុខតំណែង?
តើអ្នកធ្លាប់ទទួលបានការដំឡើងប្រាក់ខែ ឬមុខតំណែងពីសំណាក់ប្រធានក្រុមហ៊ុនរបស់អ្នកទេ? អ្នកធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីបានជាមិត្តរួមការងារបានទទួលការដំឡើងប្រាក់ខែ ឬមុខតំណែង? តែអ្នកហាក់ដូចជាគ្មានឱកាសទទួលបានតំណែងទាំងនោះទាល់តែសោះ…ជាក់ស្តែង ការទទួលបានការសរសើរ ឬដំឡើងមុខតំណែង ឬប្រាក់ខែ ពីសំណាក់ប្រធានក្រុមហ៊ុនផ្ទាល់ ជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងជំនាញរួមជាមួយនឹងគុណតម្លៃយ៉ាងជាក់លាក់មួយរបស់អ្នកដែលបានផ្តល់ទៅកាន់ក្រុមហ៊ុន ហើយវាក៏ជាលើកទឹកចិត្តក្នុងការបន្តកិច្ចការងាររបស់អ្នកតទៅមុខទៀតផងដែរ។
ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវគនឹ្លះសំខាន់ៗក្នុងការរៀបចំខ្លួនសម្រាប់ការទទួលបានការដំឡើងប្រាក់ខែ ឬមុខតំណែងដោយមានការចែករំលែកពីសំណាក់លោក អួង បូរិន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០០៨ខាងផ្នែកគ្រប់គ្រងអាជីវកម្ម ហើយសព្វថ្ងៃលោកកំពុងបម្រើការងារជាប្រធានផ្នែកធនធានមនុស្សនៅ Aplus Consulting Co., Ltd និងជាសាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យន័រតុនផងដែរ។
តើក្រុមហ៊ុននឹងសម្លឹងមើលលើអ្វីខ្លះជាលក្ខខណ្ឌក្នុងការដំឡើងប្រាក់ខែ ឬមុខតំណែងដល់បុគ្គលិកមួយរូប?
ជាទូទៅ សម្រាប់ក្រុមហ៊ុនមានលក្ខខណ្ឌពីរក្នុងការពិចារណាដំឡើងប្រាក់ខែ ឬមុខតំណែង៖
• លទ្ធផលការងារផ្ទាល់ខ្លួនដែលយើងហៅថា KPI (Key Performance Indicator)៖ ជាធម្មតា បុគ្គលិកទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនទទួលបានKIPពីរឆ្នាំជាប់ៗគ្នា ដូច្នេះ ទើបគាត់មានលទ្ធភាពទទួលបានការដំឡើងមុនគេមិនថាតែប្រាក់ខែ ឬមុខតំណែងនោះទេ។
• លទ្ធភាពមួយទៀត គឺការកែប្រែក្រុមហ៊ុន (Company Review)៖ កាលណាក្រុមហ៊ុនមានការប្រែប្រួលដោយមានភាពរីកចម្រើននោះ គេនឹងចាប់ផ្តើមធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនទាំងមូល ជាទូទៅគេធ្វើរយៈពេលមួយឆ្នាំម្តងហើយបុគ្គលិកទាំងអស់នឹងទទួលបានកាំប្រាក់ថ្មី។ប៉ុន្តែវាប្រែប្រួលទៅតាមបុគ្គល បើបុគ្គលិកមិនមានប្រសិទ្ធិភាពការងារល្អ ទោះបីជាក្រុមហ៊ុនមានការរីកចម្រើនក៏ដោយ បុគ្គលិកប្រភេទនេះក៏ពុំទទួលបានលទ្ធផលល្អដែរ។
តើបុគ្គលិកថ្មីមានឱកាសទទួលបានការដំឡើងតំណែង ឬប្រាក់ខែទេ?
ប្រាកដណាស់ ពួកគាត់ពិតមានឱកាសទទួលបានលទ្ធភាពទាំងនោះ បើទោះបីជាពួកគាត់ជាបុគ្គលិកថ្មីក៏ដោយ តែសំណួរសួរថា «តើបុគ្គលិកថ្មីទាំងនោះ គឺថ្មីកម្រិតណា» ជាធម្មតាការក្លាយខ្លួនជាបុគ្គលិកឆ្នើម អ្នកទាំងនោះគួរតែបានបំពេញការងាររយៈពេល២ឆ្នាំយ៉ាងតិច ពីព្រោះក្នុងអំឡុងពេលនេះ ពួកគាត់នឹងស្វែងយល់ពីការងាររបស់ក្រុមហ៊ុនកាន់តែច្បាស់ ហើយការសម្រេចភារកិច្ចរបស់ខ្លួនក៏ទទួលបានជោគជ័យ និងល្អប្រសើរ សម្រាប់ទទួលបានតំណែង និងប្រាក់ខែថ្មីទៅតាមហ្នឹងដែរ។
ចុះចំណែកបុគ្គលិកដែលមិនទទួលបានការដំឡើងតំណែង ឬប្រាក់ខែវិញមានលក្ខណៈសម្បតិ្តយ៉ាងណាខ្លះដែរ?
• បុគ្គលិកពុំសម្រេចបាននូវគោលដៅ ដូច្នោះហើយ ក្រុមហ៊ុនពុំរវីរវល់ក្នុងការដំឡើងប្រាក់ខែ ឬតំណែងនោះទេ។
• បុគ្គលិកពុំមានជំនាញបន្ទាប់បន្សំសមរម្យ (Soft Skills) ហើយមានអត្តចរិត និងអាកប្បកិរិយាមិនសូវល្អរួមមានដូចជា ការនិយាយស្តីមិនសមរម្យ ការមិនគោរពវិន័យ ឬដាក់ច្បាប់សុំឈប់សម្រាកច្រើនជាដើម។ ភាពទាំងអស់នោះ ជាភាពកំសោយមួយរបស់បុគ្គលិកដែលក្រុមហ៊ុនមិនពិចារណាក្នុងការដំឡើងតំណែង ឬប្រាក់ខែនោះទេ ហើយអ្វីដែលជាការប្រឈមនោះ គឺពួកគាត់អាចត្រូវបានក្រុមហ៊ុនដកមុខតំណែង និយាយរួម គឺដេញចេញពីការងារតែម្តង។
មានកត្តាអ្វីខ្លះដែលផ្នែកធនធានមនុស្សពិចារណា រាល់ពេលដំឡើងប្រាក់ខែ និងមុខតំណែងដល់បុគ្គលិក?
មានកត្តា៤ដែលរួមមាន៖ «លទ្ធផលការងារ វិន័យ ការងារក្រុម និង កត្តាក្រុមហ៊ុនទាំងមូល»។ បុគ្គលគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវកត្តាទាំង៤នេះ បើខ្លួនអ្នកពិតជាចង់ទទួលបានឱកាសផ្សេងៗក្នុងមុខតំណែងរបស់ខ្លួន។
រវាងបុគ្គលិកចាស់ និងបុគ្គលិកថ្មី តើមួយណាដែលមានឱកាសច្រើនជាង?
ខ្ញុំយល់ថាវាឈរលើបរិបទ២យ៉ាង៖
• ផ្អែកតាមLogic៖ជាទូទៅ ស្ថាប័នការងារមិនសូវជាគិតគូរខ្លាំងពីរយៈពេលដែលបុគ្គលិកបំពេញការងារនោះទេ ប៉ុន្តែគេសង្កេតខ្លាំងទៅលើសមត្ថភាព ដែលបុគ្គលិកបានបំពេញការងារ ដូច្នេះឱកាសដូចគ្នា។
• ផ្អែកតាមEmotion៖ពាក្យថា«អារម្មណ៍»ត្រង់ចំណុចនេះ គឺចង់ឲ្យក្រឡេកមើលឡើងវិញថាមុខតំណែងនីមួយៗដែលបុគ្គលិកកំពុងបំពេញជាប្រភេទអ្វីតួយ៉ាង មុខតំណែងដូចជាCashier គឺមិនត្រូវការអ្វីដែលថ្មី ដែលតម្រូវឲ្យពួកគាត់នាំចូលដល់ក្រុមហ៊ុននោះទេ ក្រៅពីការគ្រប់គ្រងថវិកាឲ្យបានល្អ ដូច្នេះហើយ ការដំឡើងប្រាក់ខែ ឬមុខតំណែងផ្សេងៗ គឺត្រូវមើលផងដែរនូវតួនាទីនៃប្រភេទមុខតំណែងដែលនិយោជិកកំពុងបំពេញ។
តើមានគន្លឹះអ្វីខ្លះដែលនិយោជិកគួរប្រតិបត្តិ ដើម្បីក្លាយជាបុគ្គលិកប្រកបដោយសក្តានុពលមួយរូប?
ខ្ញុំសូមចែករំលែកនូវគោលការណ៍៥យ៉ាង ដែលនិយោជិកអាចមានឱកាសទទួលបានតំណែងថ្មី និងល្អ រួមនឹងប្រាក់ខែដែលជាទីគាប់ចិត្ត៖
• ត្រូវយល់ពីអាជីវកម្មរបស់ប្រធានក្រុមហ៊ុនឲ្យបានច្បាស់៖ ជួនកាល បុគ្គលិកខ្លះមិនបានយល់ច្បាស់ពីគោលបំណងរបស់អតិថិជន និងដៃគូប្រកួតប្រជែងក្នុងក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការនោះទេ ដែលនេះហើយជាចំណុចមួយដែលពួកគាត់មិនទទួលបានជោគជ័យ។
• ត្រូវឲ្យតម្លៃលើតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឯង៖ គួរយល់ឲ្យច្បាស់នូវចំណែករបស់ខ្លួន សម្រាប់ការរីកចម្រើនរបស់ស្ថាប័ន ហើយព្យាយាមធ្វើឲ្យបានល្អបំផុត។
• ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន៖ ត្រូវតែប្រកាន់ខ្ជាប់នូវភាពល្អរបស់ខ្លួនដែលធ្វើទៅកាន់អ្នកដទៃ ហើយត្រូវចៀសឲ្យបាននូវឥទ្ធិពលអាក្រក់ពីអ្នកដទៃ ដែលធ្វើឲ្យផ្លាស់ប្តូរដល់ខ្លួនអ្នកផ្ទាល់។
• ត្រូវបង្ហាញពីសមិទ្ធផលរបស់ខ្លួន៖ និយោជិកត្រូវយកលទ្ធផលជាមូលដ្ឋាន ហើយកាត់បន្ថយហេតុផលដែលធ្វើឲ្យការងារមិនបានសម្រេច ព្រោះវាជាអំណាចនៃបុគ្គលិកឆ្នើម។
• បុគ្គលិកគួរតែចេះបារម្ភពីនិរន្តភាពរបស់ក្រុមហ៊ុន៖ ត្រូវចេះផ្តល់គំនិត ឬយោបល់សម្រាប់ដោះស្រាយភាពលំបាកក្នុងក្រុមហ៊ុនក្នុងគោលបំណងឲ្យស្ថាប័ននៅតែអាចបន្តទៅមុខទៀត។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ