“ការសិក្សាអំពីការគ្រប់គ្រងលើការឈឺចាប់នៃក្មេងស្រីជំទង់ និងស្រ្តីពេញវ័យបណ្តាលពីការមករដូវដំបូងក្នុងរាជធានីភ្នំពេញ”
ភាពមិនប្រក្រតីនៃការមករដួវបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ជីវិតស្ត្រី ពិសេសក្មេងស្រីជំទង់ និងស្ត្រីពេញវ័យ។ មានកត្តាជាច្រើនដែលធ្វើឲ្យស្ត្រីមានការឈឺចាប់ នៅពេលមករដូវដំបូង (primary dysmenorrhea) ក្នុងនោះមាន អាយុ ការជក់បារី ភាពយឺតយាវ ឬ មិនប្រក្រតីនៃការធ្លាក់ស រលាកអាងត្រកៀក កត្តាតំណពូជ (សែន) ប្រវត្តិនៃការរួមភេទ រាងកាយស្គម ការមករដូវលឿនពេក និង បញ្ញាផ្លូវចិត្តជាដើម។ ការឈឺចាប់នៅពេលមករដូវជាបញ្ហាដែលកើតឡើងញឹកញាប់ ក្នុងចំណោមបញ្ហាដែលទាក់ទងនឹងរោគស្ត្រី ហើយបញ្ហានេះបានកើតឡើងលើស 50% ទៅលើស្ត្រីដែលមានរដូវ។ ការឈឺចាប់នេះកើតឡើងដោយសារការបញ្ចេញប្រូស្តាហ្ក្លង់ឌីន (prostaglandins) ទៅក្នុងជាលិកាស្បូន ដែលជាហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំរបស់ស្បូន និងនាំឲ្យមានការឈឺចាប់។ ចំពោះរោគសញ្ញាដែលអាចកើតឡើង រួមមាន ឈឺក្បាល វិលមុខ រាគ ក្អួត ចង្អោរ ឈឺខ្នង ឬជើង។ ពពួកថ្នាំ Non-steroidal anti-inflammatory drug(NSAID) ត្រូវបានប្រើប្រាស់ សម្រាប់ការព្យាបាលដំបូងទៅលើការឈឺចាប់ដោយសារការមករដូវនេះ។ ក្នុងករណីខ្លះទៀត គេក៏អាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់បានដែរ។ ម៉្យាងវិញទៀត ប្រសិនបើការឈឺចាប់នៅពេលមករដូវមានក្នុងអំឡុងពេល២ទៅ៣ឆ្នាំហើយនៅតែបន្តទៅមុខប៉ុន្មានឆ្នាំទៀត នោះវានឹងអាចធ្វើឲ្យមានបញ្ហាទៅលើអាងត្រកៀក។ ក្នុងការសិក្សាមួយបានបង្ហាញថា 98% នៃក្មេងស្រីជំទង់មិនបានប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់ ដោយគ្រាន់តែប្រើប្រាស់ការស្អំ ឬការសម្រាកប៉ុណ្ណោះ ហើយមានការសិក្សាផ្សេងៗទៀតទៅលើប្រជាជនជាច្រើនក្រុមបានបង្ហាញថាពី 30% ទៅ 70% បានប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជា (over-the-counter pain medication)។
វិធីសាស្រ្ត
ការសិក្សាគឺធ្វើឡើងតាមរយៈការស្ទង់មតិទៅលើក្មេងស្រីពី 10 ទៅ 24 ឆ្នាំចំនួន 1025នាក់ ដែលការបង្កើតជាកម្រងសំនួរ ផ្អែកលើឯកសារកម្រងសំណួររបស់អង្គការសុខភាពពិភពលោក (WHO)។ ទីតាំងសម្រាប់ធ្វើការស្ទង់មតិប្រព្រឹត្តទៅនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យបញ្ញាសាស្ត្រ សកលវិទ្យាល័យកម្ពុជា សកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង សាលារៀនជ័យថាវី។
លទ្ធផល
ក្នុងចំណោមស្ត្រីចំនួន 1025 នាក់ដែលស្ម័គ្រចិត្តចូលរួមក្នុងការស្ទង់មតិ មានក្មេងស្រីជំទង់ ពី 10 ទៅ 19 ឆ្នាំចំនួន 448 នាក់ និងស្ត្រីពី 20 ទៅ 24 ឆ្នាំចំនួន 557នាក់។ ក្នុងការសិក្សានេះបង្ហាញថាស្ត្រីចំនួន ៩៥៨នាក់ (៩៣%) មានការឈឺចាប់ពេលមករដូវដោយមូលហេតុផ្សេងៗពីគ្នា។ ក្នុងនោះស្ត្រីប្រមាណ 75% ដែលមានអាការៈ ឈឺពោះឬចង្កេះខ្លាំងនៅពេលមករដូវដំបូង និងប្រមាណជាង 50% មានអារម្មណ៍និងឆេវឆាវ ហើយមានស្ត្រីចំនួនតិចតួចប៉ុណ្ណោះដែលមានអាការៈក្អួត ឬចង្អោរ។ ចំពោះយន្តការនៃការព្យាបាល ភាគច្រើនដែលគាត់ប្រើប្រាស់ថ្នាំខ្លួនឯងដោយគ្មានវេជ្ជបញ្ជា និង១ភាគ៤ដែលទៅឱសថស្ថានទិញថ្នាំ ហើយស្ត្រីភាគតិចបំផុតដែលទៅមន្ទីរពេទ្យ ឬមិនព្យាបាលតែម្ដង។ គួរកត់សម្គាល់ផងដែរថា មានស្ត្រីដែលគាត់មានការឈឺចាប់ពេលមករដូវដំបូងមាន40% បានជ្រើសយកការប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុលជាមួយកាហ្វេអ៊ីន (Paracetamol + Caffeine)ដោយមិនគិតពីផលប៉ះពាល់ នៅពេលប្រើប្រាស់ថ្នាំប្រភេទនេះច្រើន។ យ៉ាងណាមិញ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងពពួកថ្នាំ Non-steroidal anti-inflammatory drug (NSAID)ដែលជាថ្នាំត្រឹមត្រូវក្នុងការព្យាបាល នៅមានកម្រិតទាបប្រហែល២០%ប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងប្រទេសជីតខាង ការប្រើប្រាស់ថ្នាំដោយខ្លួនឯងក្នុងការព្យាបាលការឈឺចាប់ពេលមករដូវមានអត្រា 75% ក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសថៃមានអត្រា 82% និងប្រទេសអូស្ត្រាលីមាន 57%។
សេចក្ដីសន្និដ្ឋាន
ការឈឺចាប់ពេលមករដូវ (dysmenorrhea) ទៅលើស្ត្រីក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងអត្រាមួយប្រហាក់ប្រហែលនឹងប្រទេសមួយចំនួនដូចជាប្រទេស Turky និង Malaysiaប៉ុន្តែស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ។ ម៉្យាងវិញទៀត អត្រានៃការប្រើប្រាស់ថ្នាំដោយខ្លួនឯងរបស់ស្ត្រីនៅកម្ពុជាក៏ស្ថិតនៅក្នុងកម្រិតខ្ពស់ ដែលគួរឲ្យព្រួយបារម្ភផងដែរ។ កត្តាទាំងនេះកើតមានឡើងដោយសារនៅពេលដែលគាត់មានការឈឺចាប់ពេលមករដូវ ថ្នាំដែលគាត់បានទិញយកមកប្រើប្រាស់ ភាគច្រើនសុទ្ធតែអាចបន្ថយរោគសញ្ញនៃការឈឺចាប់បាន។ ដោយសារមូលហេតុនេះ គាត់នៅតែបន្តរបៀបព្យាបាលរបស់គាត់ ដោយមិនបានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញឡើយ។
ដូចនេះ ការអប់រំអំពីសុខភាពបន្តពូជដែលទាក់ទងនឹងអាការៈការព្យាបាល និងការកាត់បន្ថយការឈឺចាប់ពេលមករដូវគួរតែដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំដើម្បីឲ្យក្មេងស្រីជំទង់និងស្ត្រីគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ក្នុងការត្រៀមទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងអាចជ្រើសរើសយកវិធីសាស្ត្រសមស្របក្នុងការព្យាបាលនៃការឈឺចាប់ដំបូងពេលមករដូវ។
អ្នកនិពន្ធ៖ ពេញសឺឌី1, ពេញ សាក់ក្តូ2, យ៉ែង សុវត្ថិនា2, ម៉ាក់ ហ៊ាងលីណា2, ខូវ ហ្កិចជូ2
1: និស្សិតឯកទេសផ្នែករូបភាពវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
2: និស្សិតឱសថសាស្រ្តឆ្នាំទី4 សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។