រំចង់មានអ្វីខ្លះទើបក្លាយជាមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា?
រំចង់ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ១៩៩៦ ដោយពេលនោះចំនួនជាងធ្មេញហាក់ដូចជាមានច្រើន ស្របពេលដែលចំនួនពេទ្យធ្មេញនៅមានកម្រិតនៅឡើយ។ ជាមួយនឹងការបម្រើសេវាទន្តសាស្រ្តដ៏ល្អឥតខ្ចោះជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាព និងស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជាតាមរយៈប្រព័ន្ធISO 9001:2000 នៅក្នុងឆ្នាំ២០០៨។
ហេលស៍ថាមបានធ្វើការសម្ភាសន៍លោក គង់ ភក្តី ដែលជាទន្តសាស្រ្តមួយរូបរបស់រំចង់ ដោយលោកបានប្រាប់ក្រុមការងារយើងថា អតិថិជនដែលបានទទួលសេវកម្មផ្នែកទន្តសាស្រ្តរបស់រំចង់ សុទ្ធតែមានការពេញចិត្ត និងកោតសរសើរអំពីគុណភាព និងភាពល្អឥតខ្ចោះនៃការបម្រើសេវកម្ម។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនជាច្រើនបានណែនាំទៅកាន់មិត្តភក្តិក៏ដូចជាធ្វើការលើកតំកើងរំចង់ជាមន្ទីរពេទ្យទន្តសាស្រ្តដ៏គម្រូមួយប្រចាំនៅកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។
លោកក៏បានបន្តទៀតថា មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ មានបម្រើសេវកម្មជាច្រើនដោយរួមបញ្ចូលទាំងការវិនិច្ឆ័យរោគផ្សេងៗ ការព្យាបាលភាពមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ ការថែទាំក្រោយការព្យាបាល ការបង្កើននូវសម្រស់ក៏ដូចជាភាពទាក់ទាញតាមរយៈការពត់ធ្មេញជាដើម ព្រមទាំងការផ្តល់នូវវិធីសាស្រ្តផ្សេងៗដើម្បីថែរក្សាសុខភាពមាត់ធ្មេញក៏ដូចជាចៀសវាងនូវបញ្ហាដដែលទៀត។ តាមរយៈការប្រឹក្សាជាមួយនឹងទន្តពេទ្យដ៏ជំនាញរបស់រំចង់ លោកអ្នកនឹងទទួលបានគម្រោងនៃការព្យាបាល និងការវិនិច្ឆ័យរោគសញ្ញានៃជម្ងឺផ្សេងៗដែលកើតមានចំពោះសុខភាពមាត់ធ្មេញរបស់លោកអ្នក។ លើសពីនេះទៀត រំចង់ក៏មានសេវាកម្មធ្វើឲ្យពណ៌ធ្មេញនៅសស្អាត ដើម្បីបង្កើតឲ្យបានស្នាមញញឹមប្រកបដោយភាពទាក់ទាញផងដែរ។ រីឯបញ្ហាមិនប្រក្រតីនៃមាត់ធ្មេញដូចជា ជម្ងឺអញ្ចាញធ្មេញ ក៏នឹងត្រូវបានដោះស្រាយដោយទន្តពេទ្យដ៏ជំនាញរបស់រំចង់ផងដែរ។ ក្រៅពីសេវាកម្មព្យាបាល រំចង់ក៏មានសេវាកម្មពត់ធ្មេញដែលជួយបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀតដល់អ្នកដែលមិនមានបញ្ហាមាត់ធ្មេញ។
ក្រៅពីការបម្រើសេវាកម្មដោយរកប្រាក់កម្រៃហើយ រំចង់ក៏មានផ្តល់ជូននូវសេវាកម្មទន្តសាស្រ្តដោយឥតគិតថ្លៃជូនដល់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងព្រះវិហារ តាំងពីឆ្នាំ២០០៧ ដោយបានបង្កើតនូវគ្លីនិកធ្មេញចល័តដោយបានទទួលអ្នកជម្ងឺពី១០០ទៅ200នាក់ក្នុងមួយថ្ងៃ។ រំចង់បានផ្តល់ឱកាសជូននិស្សិតទន្តសាស្រ្តដែលរៀបនឹងបញ្ចប់ការសិក្សាចូលរូមសកម្មភាពសប្បុរសធម៌ ដើម្បីជាការអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន ក៏ដូចជាជួយដោះស្រាយបញ្ហាមាត់ធ្មេញរបស់ប្រជាជននៅទីនោះ។ នេះជាទង្វើដ៏គួរស្ញប់ស្ញែងមួយរបស់រំចង់ ក្នុងការតបស្នង និងជួយសង្គ្រោះសង្គមជាតិទាំងមូលឲ្យប្រជាជនកម្ពុជាមានសុខភាពមាត់ធ្មេញរឹងមាំ។
ជាចុងក្រោយ លោកគង់ ភក្តីក៏បានផ្តល់ជាអនុសាសន៏ដល់ប្រជាជនកម្ពុជាដែលកើតមានបញ្ហាមាត់ធ្មេញត្រូវរកពេទ្យធ្មេញដែលមានស្តង់ដា និងត្រូវចេះថែរក្សាវាឲ្យបានល្អ ព្រោះការព្យាបាលធ្មេញដែលខូចទាមទារការចំណាយប្រាក់ និងពេលវេលាច្រើន។ ហើយលោកក៏បានជូនជាដំបូន្មានដល់និស្សិតទន្តសាស្រ្តជំនាន់ក្រោយៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលាហើយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមរយៈប្រព័ន្ធអ៊ិនធឺណែតឬប្រភពផ្សេងៗទៀត និងឆ្លៀតពេលចុះអនុវត្តតាមគ្លីនិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។