5ជំហានមិនអាចខ្វះបានក្នុងការកសាងកេរ្តិ៍ឈ្មោះ
បុគ្គលម្នាក់ៗមាននាមជាសម្គាល់ រីឯផលិតផល ឬស្ថាប័នក៏មានស្លាកយីហោសម្រាប់ជាអ្វីដែលនាំឲ្យអ្នកផងទាំងពួងបានស្គាល់ផងដែរ ហើយទំនុកចិត្តពីសំណាក់អតិថិជនក៏មានទៅតាមកេរ្តិ៍ឈ្មោះនៃបុគ្គល ឬស្ថាប័នដែរ។ ជាក់ស្តែង លោក សោម សម្បតិ្តដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនខាំផែន(ថ្នាំពណ៌ជាតិ) ក៏បានលើកឡើងផងដែរថា «មិនសំខាន់ អ្នកស្គាល់អ្នកណា សំខាន់ នរណាខ្លះស្គាល់អ្នក» ហើយសិល្បៈនៃការកសាងកេរ្តិ៍ឈ្មោះ ក៏មិនមានអ្វីខុសគ្នាពីសិល្បៈនៃការធ្វើទីផ្សារដែរ។
យ៉ាងណាមិញ កេរ្តិ៍ឈ្មោះដែលគេស្គាល់ និងទុកចិត្តនោះ គឺមិនអាចនឹងកសាងឡើងបានក្នុងរយៈពេលខ្លីនោះទេ ហើយបើអាចក៏នឹងមិនអាចស្ថិតស្ថេរបានយូរអង្វែងនោះដែរ។ តើគួរធ្វើបែបណាទើបគេស្គាល់ហើយស្គាល់យូរទៀត? មានជំហាន៥យ៉ាងដែលលោកអ្នកមិនគួរមើលរំលងក្នុងដំណើរនៃការសាងកេរ្តិ៍ឈ្មោះនេះ…
គុណភាព ៖ «បើគ្មានគុណភាព កេរ្តិ៍ឈ្មោះក៏មិនអាចមានដែរ» សម្រាប់បុគ្គល អ្នកដែលមានគុណសម្បត្តិល្អ និងជួយឲ្យស្ថាប័នមួយរីកចម្រើនត្រូវបានគេហៅថាHuman Capital រីឯផលិតផលវិញក៏មិនខុសគ្នាដែរ មុននឹងឲ្យគេស្គាល់ទាល់តែមានគុណភាពដែលអាចទទួលយកបានសិន។ អ្វីដែលគួរចៀសវាងនោះ គឺការគិតលើប្រាក់ចំណេញភ្លាម និងរយៈពេលខ្លីដែលជាដៃគូនឹងតម្លៃថោក និងគុណភាពទាប។ សរុបទៅ គឺ គ្រប់ប្រភេទ និងផ្នែកទាំងអស់ សុទ្ធតែត្រូវការគុណភាពជាចម្បង ហើយក៏ត្រូវអាស្រ័យលើចំណែកទីផ្សារដែលចង់ចូលផងដែរ។
ការរចនា និងវេចខ្ចប់ ៖ មានគុណភាពតែមួយមុខ គឺមិនទាន់មានអ្វីដែលប្លែកខុសពីគេនោះទេ ហើយអ្វីដែលត្រូវការបន្ថែមនោះ ជាការរចនាម៉ូតព្រមទាំងការវេចខ្ចប់ប្លែក ដើម្បីបង្កើននូវភាពទាក់ទាញ។ សម្រាប់បុគ្គល ការតុបតែងខ្លួនទៅតាមវិជ្ជាជីវៈជាអ្វីដែលមិនអាចខ្វះបាន ព្រោះថាទោះចង់ ឬមិនចង់ វាជាអ្វីដែលអ្នកដទៃក្រឡេកឃើញមុនគេ។
ការកំណត់ជំហរ ៖ ដរាបណាមានគោលជំហរច្បាស់លាស់ មិនថាស្ថិតនៅក្នុងចំណែកទីផ្សារណានោះទេ បុគ្គល ឬស្ថាប័នក៏នឹងមិនភ័យខ្លាចនឹងទទួលបានការស្គាល់ពីអ្នកដទៃដែរ។ សំខាន់…ត្រូវដឹងថាផលិតផលរបស់ខ្លួននឹងបំពេញតម្រូវការរបស់ក្រុមអតិថិជនប្រភេទណា ហេតុនេះហើយ ទើបទីផ្សារបច្ចុប្បន្នមិនមានទីផ្សារផ្តាច់មុខ។ តែអ្វីដែលយើងសង្កេតឃើញនោះ គឺក្រុមហ៊ុនច្រើនបំពេញតម្រូវការក្នុងចំណែកទីផ្សារដូចគ្នា ហើយក្រុមហ៊ុនដែលលេចធ្លោនឹងមានចំណែកទីផ្សារធំជាងគេ។
ការកសាងក្រុម ៖ «ជោគជ័យមិនមែនជាស្នាដៃរបស់បុគ្គលទេ វាគឺជាស្នាដៃ ឬសមិទ្ធផលរួមគ្នា ហើយមេដឹកនាំដែលពូកែ ចេះកសាងមនុស្សពូកែនៅជុំវិញខ្លួនឲ្យបានច្រើន ដោយបង្កើនថាមពល និងធ្វើឲ្យក្រុមហ៊ុនកាន់តែខ្លាំង។ ជាក់ស្តែង មនុស្សខ្លាំងពិត មានសមត្ថភាពចេះដឹកនាំគេឲ្យក្លាយជាមនុស្សមិនធម្មតា ហើយរួមគ្នាធ្វើការបង្កើតអ្វីដែលមិនធម្មតា ហើយលទ្ធផលដែលល្អប្រសើរ និងអស្ចារ្យនឹងត្រូវបានគេចាប់អារម្មណ៍ ហើយចង់ដឹង និងស្គាល់ពីហេតុ ឬអ្នកដែលនៅពីក្រោយភាពជោគជ័យនោះ។
ពេលវេលា ៖ អ្វីគ្រប់យ៉ាង សុទ្ធតែត្រូវការពេលវេលា ជាក់ស្តែង ការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់បុគ្គល ឬស្ថាប័នមិនអាចធ្វើទៅបានជោគជ័យក្នុងរយៈពេលខ្លីនោះទេ។ ប្រសិនបើចង់បានលទ្ធផលឆាប់ រហ័សពេក ខ្លាចលោថាតែមិនអាចទទួលបានជាមួយនឹងកម្រិតគុណភាពដែលប្រាថ្នា។
លោកនាយកប្រតិបត្តិក៏បានបញ្ជាក់ផងដែរថា ដំណើរនៃការសាងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងបុគ្គល គឺកើតឡើងមុនក្រោយគ្នាតែបន្តិចប៉ុណ្ណោះ ដរាបណាអ្នកមាន«ចំណេះដឹង ជំនាញ និងចំណង់» ដែលត្រឹមត្រូវតាមសម័យកាលនោះ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ