Vuthy Rathviriya Young UP student with big Dream
មិនមែនជារឿងងាយទេ ដែលនិស្សិតពេទ្យមួយរូបមានកាលវិភាគសិក្សារវល់ ដែលត្រូវធ្វើការងារផង តែនៅតែអាចរៀនពូកែទៀត។ និស្សិតពេទ្យភាគច្រើនប្រាកដជាចង់ឲ្យលទ្ធផលនៃការសិក្សារបស់ខ្លួនបានជោគជ័យ បើទោះជាមានកាលវិភាគមិនសូវជាទំនេរក៏ដោយ។ ហេតុនេះហើយ ដើម្បីជាគន្លឹះសម្រាប់ចែកជូនមិត្តនិស្សិត ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងយុវនិស្សិតស្រីវ័យក្មេងស្អាត ឆ្លាតហើយថែមទាំងពូកែ ដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវសម្តីខ្លី តែមានន័យជ្រៅថា «Little Girl, Big Dream» គឺ កញ្ញា វុឌ្ឍី រ័ត្នវីរីយ៉ា។
ខ្លះៗពីវីរីយ៉ា
ជាមួយនឹងក្តីប្រាថ្នាក្លាយជាវេជ្ជបណ្ឌិតតាំងពីតូច ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ព្រមទាំងមានសុខភាពល្អ និងមានរាងកាយរឹងមាំរួចផុតពីជំងឺផ្សេងៗ និងដោយសារតែមានលោកឳពុកជាវេជ្ជបណ្ឌិតមួយរូបស្រាប់ ហេតុនេះហើយកញ្ញាមានការស៊ាំទៅនឹងការរស់នៅក្នុងមជ្ឈដ្ឋាននេះ ដោយសព្វថ្ងៃនេះ កញ្ញាជានិស្សិតផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) និងបម្រើការងារក្រៅម៉ោងនៅគ្លីនិកស្បែកប៊ីស៊ី (BC Skin Clinic) ជាជំនួយការគ្រូពេទ្យផ្ទាល់រយៈពេល៣ឆ្នាំមកហើយ។
មូលហេតុនៃការសម្រេចចិត្តចូលសិក្សានៅUP
ជានិស្សិតពូកែ និងគម្រូមួយរូបរបស់ UP វីរីយ៉ាក៏បានបង្ហើបប្រាប់ដល់ហេលស៍ថាមផងដែរ អំពីមូលហេតុដែលកញ្ញាជ្រើសរើស UP ជាសាលាដែលកញ្ញាចូលសិក្សាក្នុងនោះរួមមានដូចជា ប្រព័ន្ធសិក្សាដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលដែលជួយសម្រួលដល់និស្សិតដែលមានបំណងសិក្សាផ្នែកវេជ្ជសាស្រ្ត ហើយមានចំណេះតែភាសាអង់គ្លេស។ ហេតុផលចម្បងមួយទៀត គឺ ដំណើរការដោយមានគោលការណ៍ច្បាស់លាស់ និងមានគម្រោងល្អៗជាច្រើនក្នុងការជម្រុញនិស្សិតឲ្យទទួលបានចំណេះដឹង និងសមត្ថភាពពិតប្រាកដដែលនឹងអាចយកទៅប្រើប្រាស់បានយ៉ាងជាក់លាក់។ ទន្ទឹមនឹងគ្នានេះដែរ UP ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ ជាពិសេសក្រសួងសុខាភិបាល និងសាកលវិទ្យាល័យ ព្រមទាំងមន្ទីរពេទ្យនានា។ ក្រៅពីស្ថាប័នជាតិ UP ក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។
គន្លឹះនៃការសិក្សាមុខវិជ្ជាពេទ្យ
ចំពោះការយល់ឃើញរបស់យុវតីក្នុងវ័យ២១ឆ្នាំដ៏មានប្រជាប្រិយភាព និងរូបសម្ផស្សស្រស់សោភាជាទីចាប់អារម្មណ៍របស់អ្នកគ្រប់គ្នារូបនេះ ក៏បានប្រាប់ថាការសិក្សាមុខវិជ្ជាអ្វីក៏មានភាពលំបាកដែរ មិនថាតែមុខវិជ្ជាពេទ្យដែលខ្លួនកំពុងសិក្សានោះឡើយ។ យ៉ាងណាមិញ ការសិក្សាផ្នែកវេជ្ជសាស្រ្តនេះ គឺប្រាកដណាស់មានភាពលំបាកដូចដែលគ្រប់គ្នានិយាយមែន។ ជាក់ស្តែង ចំនួនមេរៀនដែលត្រូវសិក្សាមានច្រើន។
កញ្ញាក៏បានលើកឡើងផងដែរថា ការសិក្សាផ្នែកនេះទាមទារឲ្យប្រើប្រាស់នូវការស្រមៃច្រើនបន្តិច ព្រោះពេលដែលទើបចូលរៀនដំបូង គឺនិស្សិតត្រូវនៅតែសាលារៀនដោយមិនទាន់មានឱកាសទៅមន្ទីរពេទ្យនោះទេ ហេតុនេះហើយ រាល់ពេលដែលសាស្រ្តាចារ្យនិយាយ ឬណែនាំអំពីជំងឺអ្វីមួយ និស្សិតចាំបាច់ស្រមៃមើលថាតើក្នុងករណីដែលមានជំងឺនោះកើតមានមែន តើមានទិដ្ឋភាពបែបណាខ្លះ? កញ្ញាក៏បន្ថែមទៀតថា របស់ខ្លះមិនអាចមើលឃើញដោយភ្នែកទទេនោះទេ ដែលជាការចាំបាច់ក៏ទាមទារនូវការស្រមៃដូចគ្នា។
មិនត្រឹមតែប៉ុណ្ណោះ និស្សិតគ្រប់រូបត្រូវមានការស្វែងយល់ពីមេរៀនឲ្យបានច្បាស់ ដោយមិនពឹងផ្អែកតែលើការទន្ទេញទាំងស្រុងនោះឡើយ ព្រោះថាការទន្ទេញនឹងមិនជួយឲ្យមានការចងចាំបានយូរនោះទេ។ អ្វីដែលមិនអាចខ្វះបាននោះ គឺ ការព្យាយាមស្រាវជ្រាវបន្ត ដើម្បីធ្វើការតាមដាននូវការវិវឌ្ឍថ្មីនៃផ្នែកវិទ្យាសាស្រ្ត តាមរយៈការអាននូវឯកសារ ឬប្រភពព័ត៌មានផ្សេងៗដែលមាននៅក្នុងសៀវភៅ ឬប្រព័ន្ធអ៊ីនធឺណែតឲ្យបានច្រើន។
ជាការពិតណាស់ ពេលដែលរៀននៅសាលា កម្រិតនៃការយល់ដឹងអាចនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុនេះហើយ និស្សិតគួរណាស់តែអាន និងស្រាវជ្រាវបន្ថែមទៀតពេលដែលទៅដល់ផ្ទះ។ ប្រសិនបើនៅតែមិនទាន់សូវច្បាស់ទៀត ការពិភាក្សាជាមួយនឹងមិត្តភក្តិជាជម្រើសមួយដ៏ប្រសើរ ព្រោះថាបុគ្គលម្នាក់ៗមិនអាចចេះ ឬយល់ដឹងគ្រប់ដប់នោះទេ ប៉ុន្តែការពិភាក្សាបំពេញនូវចន្លោះគ្នាបែបនេះ នឹងជួយយ៉ាងហោចណាស់ក៏បានខ្លះៗដែរ។
គន្លឹះសាមញ្ញ តែប្រកបដោយប្រសិទ្ធភាពមួយទៀត គឺ ការត្រងត្រាប់ស្តាប់នូវការពន្យល់របស់សាស្រ្តាចារ្យឲ្យបានច្បាស់លាស់ ហើយមិនត្រូវរួញរាក្នុងការសាកសួរ រាល់ពេលដែលមានចម្ងល់ផ្សេងៗ។ និយាយដល់ត្រង់ចំណុចនេះ យុវតីវ័យក្មេងរូបសម្រស់ស្រស់សោភារូបនេះ ក៏បានលើកឡើងផងដែរថា កញ្ញាមានការអរគុណចំពោះការផ្តល់នូវឱកាសដ៏ពិសេសរបស់ UP ដែលអាចឲ្យនិស្សិតធ្វើការសាកសួរ ក៏ដូចជាពិភាក្សាជាមួយនឹងសាស្រ្តាចារ្យ ដើម្បីដោះស្រាយនូវរាល់ចម្ងល់ ឬបញ្ហាផ្សេងៗ។
ឱកាសពិសេសផ្តល់ជូនដោយUP
UP បានផ្តល់នូវលក្ខណៈងាយស្រួល ក៏ដូចជាសម្រួលដល់ការសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្រ្តជាច្រើន។ជាក់ស្តែងសាស្រ្តាចារ្យ
ដែលបម្រើការងារនៅ UP សុទ្ធតែមានទឹកចិត្តទូលាយ និងតែងតែបង្កើតនូវភាពស្និទ្ធស្នាលនិស្សិតគ្រប់រូបដោយមិនប្រកាន់ខ្លួន ដែលជាឱកាសដ៏ល្អសម្រាប់ដល់និស្សិតធ្វើការពិភាក្សា ឬបញ្ចេញមតិយោបល់របស់ខ្លួនទាក់ទិននឹងមេរៀនដែលខ្លួនបានសិក្សា។ មិនត្រឹមតែសាស្រ្តាចារ្យនោះទេ បុគ្គលិកបម្រើការងារផ្នែកដទៃទៀត ក៏តែងតែរួសរាយរាក់ទាក់ជាមួយនឹងនិស្សិត ដែលជាហេតុជួយសម្រួលឲ្យទំនាក់ទំនងរវាងនិស្សិត និងសាលាមានភាពរលូន។
ស្របពេលជាមួយគ្នានេះផងដែរ UP តែងតែផ្តល់នូវឱកាសជូនដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនមិនថាតែនៅក្នុងថ្នាក់រៀន សាលា ឬនៅក្រៅប្រទេសនោះឡើយ។ ជាក់ស្តែង វីរីយ៉ា ផ្ទាល់ក៏ធ្លាប់បានចុះកម្មសិក្សា និងធ្វើបទបង្ហាញជាលក្ខណៈអន្តរជាតិអំពីវិស័យសុខាភិបាល នៅឯប្រទេសសិង្ហបុរីជាមួយនឹងនិស្សិត UP ចំនួន៤រូបទៀត ក្រោមការអញ្ជើញពីសំណាក់
សាកលវិទ្យាល័យមួយឈានមុខគេនៅអាស៊ី គឺ National University of Singapore (NUS) ។
អំពីសកម្មភាពក្រៅម៉ោងសិក្សានៅសាលា
ចំពោះនិស្សិតវិស័យវិទ្យាសាស្រ្តសុខាភិបាល ចាំបាច់ណាស់ត្រូវឆ្លងកាត់នូវការចុះកម្មសិក្សានៅតាមស្ថាប័នផ្សេងៗទៅតាមជំនាញ ក៏ដូចជាមុខវិជ្ជាដែលខ្លួនសិក្សា។ ជាក់ស្តែង គ្លីនិកស្បែក និងឡាស៊ែBC តែងតែផ្តល់ឱកាសជានិច្ចចំពោះនិស្សិតឆ្នាំទី៥ ឬ៦ ដែលអាចឲ្យពួកគេធ្វើការហ្វឹកហាត់ខ្លួនឯងឲ្យស៊ាំនឹងបរិយាកាសការងារក្នុងការអនុវត្តផ្ទាល់ ព្រមទាំងអាចទទួលបាននូវថវិកាខ្លះផងដែរ។ ការចុះហ្វឹកហាត់ការងារបែបនេះពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់និស្សិត ដែលរួមមាន បទពិសោធន៍ពិតៗក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ ដែលជាលទ្ធផល គឺនិស្សិតមិនមានការភ័យខ្លាចពេលដែលចុះបំពេញការងារ ក៏ដូចជាជួបអ្នកជំងឺ។
សម្រាប់វីរីយ៉ាផ្ទាល់ ពេលម៉ោងទំនេរពីការសិក្សា កញ្ញាតែងតែធ្វើការងារនៅគ្លីនិក ដើម្បីទទួលបានចំណេះបន្ថែមពីលើទ្រឹស្តីដែលបានសិក្សាពីក្នុងថ្នាក់។ ក្រៅពីនេះ កញ្ញាក៏ប្រាប់ដល់ហេលស៍ថាមផងដែរថា កញ្ញាក៏បានចូលរួមក្នុងការងារសង្គមដោយធ្វើការចុះទៅតាមសហគមន៍ផ្សេងៗ និងការងារស្ម័គ្រចិត្តដោយធ្វើការពិនិត្យជំងឺជូនដល់ប្រជាជនដោយឥតគិតថ្លៃ តាមរយៈអង្គការ ឬគម្រោងជាតិ និងអន្តរជាតិមួយចំនួន។ ទន្ទឹមនឹងគ្នានេះ យុវតីរាងស្រលូនគួរឲ្យស្រលាញ់ក៏ឆ្លៀតធ្វើលំហាត់ប្រាណ ហើយកីឡាដែលកញ្ញាចូលចិត្តជាងគេ គឺកីឡាហែលទឹក ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។
កត្តានាំឲ្យការសិក្សាបានជោគជ័យ
ចំពោះកញ្ញាផ្ទាល់ កត្តាដែលជម្រុញឲ្យការសិក្សារបស់និស្សិតពេទ្យទទួលបានជោគជ័យ គឺនិស្សិតគោរពតាម និងអនុវត្តតាមគុណតម្លៃទាំង៣របស់UP «គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម» ដែលការគោរពខ្លួនឯង គឺត្រូវខិតខំស្រាវជ្រាវ ឬរៀនបន្ថែមដោយខ្លួនឯង ហើយគោរពពេលវេលា និងពាក្យសន្យាដែលខ្លួនបាននិយាយ។ ចំណែកឯការគោរពអ្នកដទៃវិញ គឺការឲ្យតម្លៃទៅលើពួកគេ តាមរយៈការផ្តល់សិទ្ធិ និងធ្វើការចែករំលែកជូនដល់គាត់។ កញ្ញាក៏បានបន្ថែមទៀតដែរថា «ដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់មិនមែនត្រឹមតែរៀនពូកែ ចេះខ្លាំងហើយអាចព្យាបាលគេជានោះទេ សំខាន់ គឺត្រូវមានឆន្ទៈមួយដែលមិនគិតលុយជាធំ។»
គោលបំណងទៅថ្ងៃអនាគត
ពេលដែលហេលស៍ថាម ធ្វើការសាកសួរអំពីគោលបំណងនៃថ្ងៃអនាគតវិញកញ្ញាក៏ផ្តើមបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ មុននឹងផ្តល់នូវចម្លើយថា ក្នុងនាមជានិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូប មុខរបរនាពេលអនាគត គឺគ្មានអ្វីក្រៅពីក្លាយខ្លួនជាវេជ្ជបណ្ឌិតមួយរូបនោះឡើយ។ ប៉ុន្តែ វីរីយ៉ា មិនត្រឹមតែចង់ធ្វើជាវេជ្ជបណ្ឌិតសាមញ្ញមួយរូបនោះទេ គឺ កញ្ញាប្រាថ្នាចង់ក្លាយជាបុគ្គលមួយរូបដ៏សំខាន់ និងសកម្មនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍ ក៏ដូចជាជួយស្តារនូវវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ យុវតីក្មេងវ័យ តែចិត្តគំនិតគួរឲ្យស្ញប់ស្ញែងរូបនេះ ក៏មានបំណងបង្កើតនូវមូលនិធិ និងមន្ទីរពេទ្យដែលអាចជួយអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃព្រមទាំងឧបត្ថម្ភនូវគ្រឿងបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធានាឲ្យបាននូវការទទួលបានសេវាព្យាបាល និងថែទាំសុខភាពជូនដល់ប្រជាជនកម្ពុជា ឲ្យដូចជាប្រជាជននៃជាតិសាសន៍ដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមានឱកាស កញ្ញាក៏ចង់បម្រើការងារជាសាស្រ្តាចារ្យមួយរូប ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងនានាដែលខ្លួនមានទៅកាន់និស្សិតជំនាន់ក្រោយផងដែរ។
សារជូនដល់និស្សិតពេទ្យ
«ត្រូវស្រលាញ់អ្វីដែលយើងធ្វើ មិនថាខ្លួនឯងកំពុងសិក្សា ឬធ្វើការងារអ្វីនោះទេចាំបាច់ណាស់ត្រូវមានចិត្តស្រលាញ់ និងឲ្យតម្លៃទៅលើវា។ ម្យ៉ាងទៀត ត្រូវតែគោរពអ្នកដទៃដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ។ អ្វីដែលមិនអាចភ្លេចបានទៀតនោះ គឺការតស៊ូប្រឹងប្រែងរៀនសូត្រ ដោយកុំចុះចាញ់បើទោះជាពិបាកយល់ ឬពិបាកចាំ ព្រោះថាមនុស្សគ្រប់គ្នាមិនអាចចាំបានទំាងអស់នោះទេ គឺត្រូវព្យាយាមមើលម្តងហើយម្តងទៀត ដោយមានភាពក្លាហានក្នុងការសួរ និងឆ្លើយរាល់ពេលដែលមានចម្ងល់។ ជាចុងក្រោយ ក៏សូមអរគុណគ្រប់គ្នាដែលតែងតែស្រលាញ់រាប់អាននាងខ្ញុំរហូតមក។»
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ