Dengue Requires High Attention!
គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ស្ថិតក្នុងក្រុមគ្រួសារជាមួយគ្នានឹង វីរុសរលាកខួរក្បាល(Japanese encephalitis) និងគ្រុនលឿង (Yellow fever)ជាដើម។ ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៣។ជារៀងរាល់ឆ្នាំ កម្ពុជាត្រូវបានរាយការណ៍ថាមានជំងឺគ្រុនឈាមជាមធ្យម ១០៣ករណី ក្នុងចំនួនប្រជាជន១០០.០០០នាក់ និងអត្រាស្លាប់ប្រមាណ ១% ដែលសុទ្ធតែជាកុមារអាយុក្រោម១៥ឆ្នាំ (៧៩%ជាកុមារដែលមានអាយុក្រោម៩ឆ្នាំ)។ អត្រាឈឺដែលខ្ពស់បំផុតគឺ កើតមានលើកុមារដែលមានអាយុពី៥ដល់៩ឆ្នាំ បន្ទាប់មក គឺកុមារដែលមានអាយុពី ០ដល់៤ឆ្នាំ (នេះបើយោងតាមមគ្គទេសក៍ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនឈាម ឆ្នាំ២០១១)។ មេរោគនៃគ្រុនឈាម (Dengue Virus) បែងចែកជា៤ប្រភេទ ៖ ដាំង១ ដាំង២ ដាំង៣ ដាំង៤ (DEN-1, DEN-2, DEN-3, DEN-4) គឺសុទ្ធតែជាប្រភេទវីរុសដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមមកលើមនុស្ស។ ដោយឡែក នៅកម្ពុជាត្រូវបានឃើញថាភាគច្រើនបង្កដោយវីរុសដាំង-២ និងដាំង-៣ដែលចាប់ផ្តើមកើតមានការរាតត្បាតចាប់ពីខែមេសា-ឩសភា និង កាន់តែខ្ពស់នៅ ខែកក្កដា-សីហា ហើយថយចុះមកវិញចាប់ពីខែតុលា-វិច្ឆិកា។
រោគសញ្ញា
ជំងឺគ្រុនឈាមភាគច្រើនប្រមាណ៧៥% គឺគ្មានរោគសញ្ញាទេ រីឯប្រមាណ២៥% ផ្សេងទៀតអាចមានរោគសញ្ញាតិចតួច (Denguefever)និងមានចំនួនតិចបំផុតដែលមានសភាពធ្ងន់ធ្ងរ(Dengue hemorrhagic fever)។
ការវិវឌ្ឍរបស់ជំងឺគ្រុនឈាមមាន ៣ដំណាក់កាល៖
1. ដំណាក់កាលក្ដៅ (Febrile phase) មានរយៈពេល២-៧ថ្ងៃ
2. ដំណាក់កាលត្រជាក់ខ្លួន (Afebrile phase or Critical phase)មានរយៈពេល២៤-៤៨ម៉ោង
3. ដំណាក់កាលជាសះស្បើយ (Convalescent phase) មានរយៈពេល២-៣ថ្ងៃ។
រោគសញ្ញានៃ Dengue fever នៅក្នុងដំណាក់កាលក្តៅ (Febrile phase)៖
• រោគសញ្ញាដំបូងគួរឲ្យកត់សម្គាល់គឺគ្រុនក្តៅខ្លាំង ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀត៖
• មុខឡើងក្រហម
• ឈឺក្បាល
• ឈឺក្នុងប្រឡង់ភ្នែក
• ឈឺសាច់ដុំ និងសន្លាក់ដៃជើង
• កន្ទួលក្រហមលើស្បែក
• សញ្ញាហូរឈាមលើស្បែក (Petechiae,Tourniquet test)
• គោលិកាសធ្លាក់ចុះតិចតួចបន្ទាប់មកDengue fever វិវឌ្ឍទៅរកដំណាក់កាលជាសះស្បើយ (Convalescent phase) តែម្ដងដោយមិនឆ្លងកាត់ដំណាក់កាលត្រជាក់ខ្លួន (Critical phase)។
រោគសញ្ញានៃ Dengue haemorrhagic feverនៅក្នុងដំណាក់កាល Febrile phase សញ្ញាដូចហ្នឹង Dengue fever ដែរ ប៉ុន្តែ
• សញ្ញាហូរឈាមមានលក្ខណៈធ្ងន់ធ្ងរនិងច្បាស់លាស់ជាងដូចជា (សញ្ញាហូរឈាមលើស្បែក ជាំស្បែក ហូរឈាមអញ្ចាញធ្មេញឈាមច្រមុះ ឈាមក្រពះ ឬជុះឈាម)
• ក្រៅពីនេះក៏មានសញ្ញា ថ្លើមរីកធំ ហើយឈឺ
• ងងុយដេកច្រើន មិនលេង មិនញ៉ាំអាហារ
• គោលិកាស និងប្លាកែតធ្លាក់ចុះខ្លាំង
• វត្តមាននៃការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)។
ក្នុងដំណាក់កាល Critical phase កុមារចាប់ផ្ដើមត្រជាក់ខ្លួន។ ការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage) កាន់តែខ្លាំងក្លា ធ្វើឲ្យកំហាប់ឈាមខាប់ និងអាចនាំឲ្យមានស្សុក hypovolemic (Dengue shock syndrome)។ នៅក្នុងករណី Dengue shock syndrome កុមារមានសញ្ញាដូចខាងក្រោម៖
• ឡេះឡះ ស្បែកត្រជាក់ហើយស្អិត
• ជីពចរញាប់ហើយខ្សោយ
• សម្ពាធឈាមទាបធៀបនឹងអាយុរបស់កុមារ
• សម្ពាធឈាមត្បៀតតិចជាង 20 mmHg
• អត់ទឹកនោម។
ដំណាក់កាលជាសះស្បើយ (Convalescent phase)កុមារមានសភាពត្រឡប់មកធម្មតាវិញ៖
• សីតុណ្ហភាពធម្មតា
• ជីពចរនិងសម្ពាធឈាមនឹងនរ
• មិនមានសញ្ញាហូរឈាមបន្ត
• បរិភោគអាហារបាន និងលេងឡើងវិញ
• កំហាប់ឈាមមកសភាពល្អ
• មាននោមដូចប្រក្រតី
• មានកន្ទួលក្រហមនៅផ្ដុំគ្នា ហើយរមាស់ នៅពេញខ្លួនជាពិសេសចុងដៃជើង។
មូលហេតុ និងការចម្លង
មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមមានប្រភេទ Aedes aegypti និង Aedes albopictus ហើយវាចូលចិត្តរស់នៅតាម ទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ ជំងឺគ្រុនឈាមតែងមានវត្តមាននៅតំបន់ដែលមានអាកាសធាតុក្តៅមធ្យម រួមមានទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិង អាមេរិកខាងត្បូង ហើយកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានការចម្លងខ្ពស់ មិនថានៅក្នុងទីក្រុង ឬទីជនបទ។លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និង ពីមូសទៅមនុស្សវិញមានន័យថាក្រោយពីមូសខ្លាញីបានខាំជញ្ជក់ឈាម ពីអ្នកជំងឺគ្រុនឈាមវីរុសដាំងបានលូតលាស់ហើយសម្ងំនៅក្នុងក្រពេញទឹកមាត់របស់សត្វមូស។ បន្ទាប់មកសត្វមូសនោះបានទៅខាំជញ្ជក់ឈាម ហើយវាបានបញ្ចូលវីរុសដាំងពីក្រពេញទឹកមាត់របស់វាទៅក្នុងខ្លួនមនុស្សមានសុខភាពល្អផ្សេងទៀតដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកជំងឺគ្រុនឈាម វដ្តនេះនឹងប្រព្រឹត្តទៅជាដដែលៗ ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យអាចនឹងពិបាកព្រោះរោគសញ្ញារបស់វាងាយនឹងច្រឡំជាមួយរោគសញ្ញានៃជំងឺផ្សេងទៀត។ ដូច្នេះ ក្នុងករណីមានរោគសញ្ញាទាំងឡាយខាងលើ ត្រូវស្នើសុំវិភាគឈាមដូចជា៖
• វីរូឡូហ្ស៊ី (Virology) ៖ រកឌីអិនអេ (DNA) ឬ អង់ទីហ្សែន (Ag) NS-1 របស់វីរុសដាំង (អាចធ្វើបាននៅក្នុង៥ថ្ងៃដំបូងបន្ទាប់ពីមានការចម្លង ប៉ុន្តែត្រូវចំណាយខ្ពស់)
• សេរ៉ូឡូហ្ស៊ី (Serology) ៖ រកអង្គបដិបក្ខ IgM និង IgG (ធ្វើបានចាប់ពីថ្ងៃទី៥ បន្ទាប់ពីមានការចម្លង)
• បច្ចុប្បន្នមានភាពងាយស្រួលជាងមុនដោយ
អ្នកវិទ្យាសាស្រ្តអាចផលិតបាននូវតេស្តលឿន (Rapid test: SD DengueDuo NS1/IgM/IgG) ៖ កម្រិតជឿជាក់ខ្ពស់ប្រមាណ៩៥% មានភាពងាយស្រួល រហ័សនិងចំណាយតិច។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការវាយតម្លៃការវិវឌ្ឍ ឬប្រភេទនៃជំងឺគ្រុនឈាមបានទេ។ ដើម្បីបែងចែកថាវាជាប្រភេទ Dengue feverឬ Dengue hemorrhagic fever គឺត្រូវមានការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)៖
• ឈាមខាប់
• អេម៉ាតូគ្រិតលើសពី ២០%នៃអេម៉ាតូគ្រិតធម្មតា
• មានទឹកដក់ក្នុងស្រោមសួត ឬស្រោមពោះ
• កម្រិតប្រូតេអុីនក្នុងឈាមថយចុះ។
ការព្យាបាល
ការព្យាបាលជំងឺគ្រុនឈាមទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៖
• ការផ្តល់ថ្នាំបញ្ចុះកំដៅត្រឹមត្រូវ មិនឲ្យលើសកម្រិត ចៀសវាងពុលនិងខូចថ្លើម
• ហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង
• ចៀសវាងប្រើថ្នាំប្រភេទ Steroids, Ibuprofen
• ជូតខ្លួនកុមារដោយក្រណាត់ជ្រលក់ទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅ និងតម្រូវការថ្នាំបញ្ចុះកំដៅ
• ផ្តល់អាហារ និងទឹកតាមមាត់ដល់កុមារឲ្យបានគ្រប់គ្រាន់
• ការផ្តល់សេរ៉ូមតាមសរសៃមានភាពចាំបាច់ និងដោយប្រុងប្រយ័ត្នខ្ពស់ នៅក្នុងដំណាក់កាលCritical phase ដើម្បីកុំឲ្យមានស្សុក(Hypovolemic shock) ឬលើសជាតិទឹកក្នុងខ្លួន (Fluid overload)
• ការចាក់បញ្ចូលឈាម ឬប្លាស្មាបើមានការចាំបាច់
• គ្មានថ្នាំផ្សះ ឬថ្នាំប្រឆាំងវីរុសណាអាចព្យាបាលជំងឺគ្រុនឈាមឲ្យជាសះស្បើយបានទេ
• តាមដាននូវសញ្ញាជីវិត បរិមាណទឹកនោម និងកម្រិតអេម៉ាតូគ្រិតឲ្យបានញឹកញាប់ជាពិសេសក្នុងដំណាក់កាល Critical phase ។
ក្នុងករណីទទួលការព្យាបាលយឺតយ៉ាវកុមារនឹងមានហានិភ័យដល់ជីវិតខ្ពស់ណាស់។ ផលវិបាកក្រោយពីព្យាបាល
• អតុល្យភាពនៃអេឡិចត្រូលីត្រ
• លើសជាតិទឹកក្នុងខ្លួន និងហើមសួត
• ស្សុកយូរពេល
• ហូរឈាមច្រើន
• ខ្សោយថ្លើម និងតម្រងនោម
• រលាកខួរក្បាល (Hepatic encephalopathy)
• ឆ្លងរោគ។
ការបង្ការ
• ការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច
• ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក
• សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន
• ចាក់ថ្នាំបង្ការជំងឺគ្រុនឈាម ជាការការពារ(នឹងមាននៅកម្ពុជាឆាប់ៗ)។
គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេវិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឡាំ ពេជ្រកិត្យា ឯកទេសកុមារនៅមន្ទីរពេទ្យកុមារជាតិ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។