លី តារា«សំខាន់ យើងជឿជាក់លើគោលដៅរបស់យើង»
ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានការកំណត់គោលដៅសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន? បើតាម លោក លី តារា ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងជាបុគ្គលមួយរូបដែលចាត់ទុកការអានជាសិល្បៈនៃជីវិតដែលខួរក្បាលទទួលយក រក្សាទុក និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព «ជីវិតដែលមានគោលដៅនឹងជួយឲ្យបុគ្គលមួយរូបចំណេញកម្លាំង ពេលវេលា និងធនធាន»។
គួរបញ្ជាក់ផងដែរថា លោកទើបតែបានសម្រេចនូវគោលដៅអានសៀវភៅចំនូន៧៧៩ក្បាលក្នុងពេល៣ឆ្នាំ ក៏ដូចជាទើបតែចេញផ្សាយនូវស្នាដៃនិពន្ធរបស់ខ្លួនដែលកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។ ចង់ដឹងថា ប្រសិនបើចង់ឲ្យគោលដៅមួយសម្រេចទៅបានដោយជោគជ័យ គួរតែធ្វើបែបណាខ្លះនោះ? តោះ! តាមដានជាមួយគ្នា...
ហេលស៍ថាម ៖ តើគោលដៅដ៏ល្អគួរមានលក្ខណៈសម្បតិ្តយ៉ាងដូចម្តេចខ្លះ?
ចំណាយពេលតិច ចំណាយធនធានតិច និងមានកម្រិតនៃការបត់បែន ឬផ្លាស់ប្តូរតូច។
ហេលស៍ថាម ៖ តើមានអ្វីខុសគ្នារវាងគោលដៅដែលត្រូវនឹងចំណូលចិត្តខ្លួន និងការកំណត់របស់អ្នកដទៃ?
អ្នកដែលដើរតាមក្តីសុបិន្តរបស់ខ្លួន៖ ប្រៀបដូចជាការដើរពីងងឹតទៅភ្លឺ ហើយក៏ដើរយូរៗទៅកាន់តែច្បាស់ និងងាយស្រួលទៅៗ ដោយសារតែវាជាគោលដៅដែលកើតចេញពីខ្លួនយើងផ្ទាល់ ព្រមទាំងជម្រុញឲ្យមានទំនួលខុសត្រូវ និងស្វែងយល់ពីដំណើរជីវិតកាន់តែច្បាស់។
អ្នកដែលដើរតាមការកំណត់របស់អ្នកដទៃ៖ ប្រៀបដូចជាការដើរពីភ្លឺទៅងងឹត ដោយហេតុថា ដំបូងមានអ្នកចង្អុលផ្លូវឲ្យដើរ លុះយូរៗទៅក៏ផ្តើមស្រពិចស្រពិល និងគ្មានទិសដៅច្បាស់លាស់។ ជួនកាល ត្រូវឈានទៅដល់ការសួរខ្លួនឯងថាហេតុអ្វីបានជាដើរតាមផ្លូវនេះ? ហើយចុងបញ្ចប់ក៏ប្រឈមនឹងការស្តាយក្រោយ។
ហេលស៍ថាម ៖ ពេលផ្តើមរៀបចំគម្រោងសម្រាប់គោលដៅមួយ តើត្រូវគិតដល់អ្វីខ្លះ?
ចំណុចសំខាន់ពីរ គឺ «ល្បឿន និងរយៈពេល» ព្រោះថាគោលដៅខ្លះអាចនឹងត្រូវសម្រេចបានលឿនជាងការគ្រោងទុក ប្រសិនបើល្បឿនរបស់យើងបានល្អប្រសើរនោះ។ ប្រសិនបើអាច អ្នកគួរតែមានគោលដៅតូចៗ ដើម្បីជាផ្នែកមួយនៃកម្លាំងជម្រុញទឹកចិត្តឆ្ពោះទៅកាន់គោលដៅធំនៃជីវិតរបស់យើង។
ហេលស៍ថាម ៖ តើអ្វីខ្លះដែលមិនអាចខ្វះបាន ចំពោះអ្នកចង់សម្រេចគោលដៅ?
សំខាន់គឺ ត្រូវតែមានភាពជឿជាក់លើខ្លួនឯង ប្រកបដោយមានទំនួលខុសត្រូវ និងឯករាជ្យភាព ដរាបណាយើងជឿជាក់លើខ្លួនឯងកាន់តែខ្លាំង នោះលទ្ធផលដែលរំពឹងទុកនឹងកាន់តែមកកៀកយើងដូចគ្នា។
ហេលស៍ថាម ៖ ប្រសិនបើបរាជ័យ តើមានទង្វើអ្វីខ្លះដែលគួរធ្វើ និងចៀសវាង?
សម្រាប់ខ្ញុំ នៅពេលគោលដៅមួយបរាជ័យ ខ្ញុំរៀបចំគោលដៅថ្មីដែលធំជាងមុន។ សម្រាប់បុគ្គលទូទៅ គួរតែចេះក្រោកឈរឡើង គ្រប់ពេលដែលដួល មិនសំខាន់អ្នកបរាជ័យប៉ុន្មានដង សំខាន់អ្នកមិនឈប់ស្ងៀមនៅត្រង់នោះ ហើយព្យាយាមរៀបចំគោលដៅថ្មីសម្រាប់ខ្លួនឯងទៀត។
ហេលស៍ថាម ៖ ក្រៅពីខ្លួនឯងផ្ទាល់ តើមានកត្តាអ្វីខ្លះទៀតដែលជួយឲ្យសម្រេចគោលដៅបាន?
ប្រាកដណាស់ គឺមនុស្សនៅជុំវិញខ្លួនដែលរួមមាន ក្រុមគ្រួសារដែលតែងតែលើកទឹកចិត្ត និងមើលថែទាំទាំងផ្លូវកាយ និងផ្លូវចិត្ត មិត្តភកិ្តដែលអាចជួយជម្រុញ ពិភាក្សា និងចែករំលែករឿងរ៉ាវជាច្រើនជាមួយគ្នា រួមផ្សំនឹងកត្តាខាងក្រៅដទៃទៀត ដូចជា
សាលារៀន និងបណ្តាញទំនាក់ទំនងសង្គមផងដែរ។
ហេលស៍ថាម ៖ ក្រោយពីការចាប់យកគោលដៅមួយតើត្រូវឆ្លុះបញ្ចាំងលើចំណុចអ្វីខ្លះរបស់គោលដៅនោះ?
ចំណុចវិជ្ជមាន (ភាពជោគជ័យ) ៖ ការដើរតាមគោលដៅនោះបានជួយឲ្យរៀន និងស្គាល់អ្វីខ្លះ
ចំណុចអវិជ្ជមាន (បរាជ័យ)៖ បញ្ហាប្រឈមអ្វីខ្លះដែលបង្កឡើង
ឧបសគ្គ ៖ ស្វែងយល់ពីមូលហេតុនៃភាពបរាជ័យ ថាតើមានអ្វីខ្លះដែលរារាំងដល់គោលដៅ?
ឱកាសអភិវឌ្ឍខ្លួន៖ ត្រៀមខ្លួនសម្រេចនូវគោលដៅថ្មីដោយកាត់បន្ថយនូវអ្វីដែលអាចក្លាយជាឧបសគ្គ
ហេលស៍ថាម ៖ តើតារាមានជាអនុសាសន៍អ្វីចែកជូនដល់មិត្តអ្នកអានដែរឬទេ?
ចំពោះអ្នកដែលស្រលាញ់ការអានសៀវភៅ៖ ចូលរួមផ្សព្វផ្សាយវប្បធម៌នៃការអាន
សម្រាប់អ្នកដែលមិនទាន់ចូលចិត្តការអានសៀវភៅ៖ ព្យាយាមអានមនុស្សដែលនៅជុំវិញខ្លួនសិន ដោយបង្កើតទំនាក់ទំនងល្អ ជាមួយពួកគេ តាមរយៈការនិយាយ ស្តាប់ និងអង្កេតមើល។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ