លេសបបួលCrushចេញក្រៅ
Crush គេជារឿងងាយទេ តែអ្វីដែលមិនងាយនោះ គឺធ្វើម៉េចទើបអាចឲ្យគេចាប់អារម្មណ៍វិញ? ហើយអ្វីដែលសំខាន់ គឺថា…ត្រូវស្វែងយល់ពីគេឲ្យច្បាស់បន្តិច ដើម្បីឲ្យដឹងថាគួរតែនៅត្រឹមជាcrush ឬលើសពីហ្នឹង? គេថា«ឱកាសមិនចេះតែមាន»ហ្នឹង ប្រាកដណាស់គ្មានអីខុសទេ ហើយរឹតតែត្រឹមត្រូវនោះ គឺ«បើឱកាសមិនមករកយើង យើងត្រូវបង្កើតវាដោយខ្លួនឯង»…
ធ្លាប់គិតទេថា ចង់បបួលម្នាក់ដែលខ្លួនឯងខំcrushហ្នឹងចេញក្រៅ?មិនថាក្នុងរូបភាពណានោះទេ មិនថាទៅតែពីរនាក់ ឬជាមួយនឹងក្រុមមិត្តភក្តិនោះទេ វានឹងជាឱកាសដែលអាចឲ្យអ្នកយល់ពីគេកាន់តែច្បាស់…ជំហានដំបូងបំផុត គឺត្រូវដឹងសិនថា សកម្មភាពដែលជាចំណូលចិត្តរបស់គេជាអ្វី? មានន័យថា យ៉ាងហោចណស់ គួរតែដឹងថា ពេលទំនេរ គេចូលចិត្តទៅកន្លែងប្រភេទណា? ធ្វើអ្វីខ្លះនៅទីនោះ?
ក្រោយពីស៊ើបបានដំណឹងរាក់ៗខ្លះហើយ ដល់វគ្គត្រូវស្វែងយល់ក្នុងលក្ខណៈស៊ីជម្រៅវិញម្តង…ហើយប្រសិនបើមានវិបត្តិរាល់ពេលចង់បបួលគេម្តងៗ បន្តអានជាមួយគ្នា នឹងបានដឹងពីលេសខ្លះៗដែលអាចប្រើប្រាស់បាន…
ញ៉ាំអី
មានទំព័រហ្វេសប៊ុកមិនតិចនោះទេ ដែលបង្ហាញអំពីមុខម្ហូបប្លែកៗថ្មីៗនៅទីតាំងផ្សេងៗ…អាចគ្រាន់តែmentionគេនៅក្នុងpostណាមួយ ឬផ្ញើlinkហ្នឹងឲ្យគេ ហើយបបួលថា«ទៅសាកហី?» ឬវិធីផ្សេងទៀត ដោយយកលេសគេមានpromotionអីចឹងទៅ…ស្របពេលដែលអាចអង្គុយញ៉ាំអីជាមួយគ្នា អ្នកក៏អាចនឹងស្វែងយល់ពីចំណូលចិត្តម្ហូបអាហាររបស់គេផងដែរ…
មើលកុន
ស្រដៀងគ្នាដែរ…ពេលមានរឿងកុនអីចេញថ្មី អាចនឹងផុស ឬshare ហើយបបួលគេទៅមើលជុំគ្នា…បើគិតថាមិនហ៊ាន ឬទើសទាល់ ពេលទៅតែពីរនាក់នោះ អាចសាកបបួលមិត្តភក្តិឲ្យបានច្រើនបន្តិចសិន (ព្រោះថា ត្រូវចាំថាឋានៈពេលនេះ គឺត្រឹមតែជាcrushប៉ុណ្ណោះ)។ ក្នុងករណីគេបដិសេដថាមិនចូលចិត្តរឿងហ្នឹង យើងក៏អាចផ្លាស់ប្តូរជារឿងផ្សេងតាមការសំណូមពររបស់គេ (បើមិនចង់បាត់បង់ឱកាសមួយហ្នឹង)។ ត្រង់នេះ…ដឹងថាចំណេញអ្វីទេ៎? គឺចំណេញក្នុងការដឹងពីប្រភេទរឿងដែលគេចូលចិត្តហ្នឹងឯង…
ច្រៀងខារ៉ាអូខេ
ប្រាកដជាមានបទចម្រៀងណាមួយ ដែលអាចនឹងបញ្ជាក់ពីអារម្មណ៍របស់អ្នក(ដូចដែលភាសាអង់គ្លេសគេថា This song says it all about me!!! ;) ) បើមានឱកាសទៅKTV ជាមួយគ្នា នៅចាំអីទៀត៎? កុំខ្វល់ថា ច្រៀងពិរោះ ឬអត់ ត្រូវភ្លេង ឬខុសកាដង់ មានទឹកដម ឬភ្លាវ…សំខាន់ ចេះឆ្លៀតឱកាសបង្ហើបពីទឹកចិត្តទៅតាមអត្ថន័យនៃបទចម្រៀង…ហើយបើមានភាពក្លាហាន បបួលគេច្រៀងបទឆ្លើយឆ្លងផងទៅ!!! ប៉ុន្មានម៉ោងដែលច្រៀងនេះ ក៏អាចឲ្យអ្នកស្វែងយល់ពីចំណូលចិត្តតារាចម្រៀង និងបទចម្រៀងរបស់គេដែរ…កុំភ្លេចសង្កេតមើល…ពេលក្រោយ អាចshareទៅ ហើយក៏ក្លាយជាប្រធានបទដែលអាចនិយាយជាមួយគ្នាហូរហែរ។
ចូលរួមកម្មវិធីពិព័រណ៍ ឬសិក្ខាសាលា
ចំណេញបានទាំងចំណេះ និងអនុស្សាវរីយ៍ជាមួយcrushទៀត…ជាពិសេស កម្មវិធីណាដែលមានidolរបស់គេចូលរួម គឺមិនងាយនឹងត្រូវបានគេប្រកែកនោះឡើយ…ក្នុងពេលអង្គុយស្តាប់ ឬចូលរួមសកម្មភាពផ្សេងៗក្នុងកម្មវិធីនោះ អ្នកក៏អាចលើកជាប្រធានបទដែលគេនឹងចាប់អារម្មណ៍ ហើយជជែកពិភាក្សាគ្នា ដើម្បីកុំឲ្យបរិយាកាសដ៏កម្ររំលងផុតដោយមិនបានស្វែងយល់ពីគេអី…
ចូលរួមការប្រគុំតន្រ្តី
បើជាអ្នកមានចំណូលចិត្តខាងសិល្បៈដូចគ្នា…គឺអ៊ែមហ្មង៎!!! ពេលទៅមើលconcert ប្រាកដណាស់អាចមានឱកាសស្រែកហ៊ោកញ្ជ្រៀវ រាំ ច្រៀងកំសាន្តជាមួយគ្នា…រំសាយទាំងទុក្ខកង្វល់ ហើយក៏អាចនឹងបង្កើតនូវពេលវេលាដ៏គួរឲ្យចងចាំជាមួយមនុស្សពិសេសទៀត…
អានសៀវភៅ ឬមេរៀននៅបណ្ណាល័យ
សម្រាប់អ្នកចូលចិត្តអានសៀវភៅ ឬបរិយាកាសស្ងាត់ៗ…ថ្វីត្បិតថាមិនមានឱកាសនិយាយគ្នាច្រើនក៏ពិតមែន តែអ្វីដែលពិសេសនោះ គឺអាចអង្គុយដោយស្ងៀមស្ងាត់ ហើយសម្លឹងមើលមុខគេបានយូរ…តែហាមមើលមិនដាក់ភ្នែកណា៎!!!ប្រយ័ត្នគេទើសទាល់…លែងហ៊ានមកជាមួយអីហ្នឹង ដឹងតែចប់ហ្មង… ឆ្លៀតពេលខ្លះ ជជែកពីសៀវភៅដែលធ្លាប់បានអាន ហើយក៏អាចសុំឲ្យគេណែនាំនូវសៀវភៅណាដែលគេធ្លាប់បានអាន នឹងអាលមានឱកាសជជែកបន្តទៀតអំពីខ្លឹមសារនៃសៀវភៅទាំងនោះ…
ហាត់ប្រាណ
ក្នុងករណីដែលcrushស្រលាញ់សុខភាពរាងកាយ មានកីឡា និងសកម្មភាពជាលំហាត់ប្រាណជាច្រើនដែលអាចនឹងទៅជាមួយគ្នាបាន ឲ្យតែគិតថាស័ក្តិសម និងជាអ្វីដែលគេចូលចិត្ត។ លេសអ្វីដែលអាចប្រើបានត្រង់នេះ? គឺ…ចង់ចេះលេង ឬហាត់ដែរទៅ…បើគេចេះ ក៏អាចឲ្យគេបង្ហាត់ ហើយបើគេមិនចេះ យើងក៏អាចដើរតួជាអ្នកបង្ហាត់វិញក៏បាន…សុខភាពផ្លូវកាយក៏ល្អ រាងក៏ស្អាត ហើយសុខភាពផ្លូវចិត្តក៏រីករាយតាមហ្នឹងដែរ…
តាមពិតទៅ…នៅមានលេសជាច្រើនទៀត ដែលអាចប្រើប្រាស់បាន…តែសំខាន់…ដូចដែលបានលើកឡើងខាងដើមអញ្ចឹង…ត្រូវដឹងមិនបានច្រើន ក៏លំៗដែរ អំពីចំណូលចិត្តរបស់គេ...កុំភ្លេចណាថា «កុំគេងចាំឱកាស ត្រូវរៀនចេះបង្កើតឱកាស»!!! crushនរណាក៏ចេះដែរ តែការបបួលcrushចេញក្រៅនេះ មិនប្រាកដចេះរកលេស ហើយមានប្រសិទ្ធភាពនោះទេ…
បើចង់ដឹងល្បិចផ្សេងៗទៀតនោះ ចាំតាមដាននូវអត្ថបទក្រោយៗទៀតណា៎…