តើអ្វីជាឫសនៅនឹងប្រដាប់បន្តពូជ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺឆ្លងតាមការរួមភេទបាន និងកំពុងមានសន្ទុះកើនឡើងយ៉ាងលឿន។ សឹងតែពាក់កណ្តាលនៃអ្នកដែលស្ថិត នៅក្នុងវ័យរួមភេទសកម្ម ត្រូវបានប្រឈមមុខនឹងជំងឺឆ្លងប្រភេទនេះនៅទូទាំងពិភពលោក។ ក្នុងចំណោមជំងឺឆ្លងដោយការរួមភេទទាំងអស់ Human Papillomavirus (HPV) គឺជាមូលហេតុចម្បងគេដែលនៅពីក្រោយការចម្លងរោគនៅតំបន់ប្រដាប់បន្តពូជរបស់ទាំងស្រ្តី និងបុរស។
រឿងដែលគួរចាប់អារម្មណ៍ពីមេរោគ HPV គឺវាមានចំនួនលើសពី ១០០ប្រភេទដែលគេបានរកឃើញ ហើយក្នុងនោះមានដល់ទៅជាង ៤០ប្រភេទដែលជា មូលហេតុនៃការកកើតជាដំបៅនៅលើអវយវៈភេទ រួមទាំង genital warts និង venereal warts ។
មជ្ឈមណ្ឌលសិក្សាផ្នែកសើស្បែកនៃប្រទេសអាមេរិកបានបង្ហាញថា គិតចេញពីករណីដ៏ច្រើនលើសលប់នៃការបង្ករោគដោយមេរោគ HPV ជំងឺឬស នៅអវយវៈភេទ ឬ condylomatosis នេះ ត្រូវបានកើតឡើងញឹកញាប់ជាងគេចំពោះមនុស្សពេញវ័យដែលស្ថិតក្នុងវ័យបន្តពូជសកម្មនៅដំណាក់កាល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ។ ជាអកុសល មនុស្សជាច្រើនបានមើលរំលងរោគសញ្ញានៅដំណាក់កាលដំបូងនៃការកើតឫសនៅអវយវៈភេទនេះ ហើយតែងចាប់ផ្តើមរាយការណ៍អំពីអាការៈនេះនៅពេលដែលស្ថានភាពនៃជំងឺឈានដល់ដំណាក់កាលពិបាកក្នុងការគ្រប់គ្រងទៅហើយ។
ជាការពិតណាស់ ជំងឺឆ្លងតាមរយៈការរួមភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ ទាន់ពេលវេលា និងព្យាបាល បានឆាប់រហ័ស។ ជាពិសេស ផលប៉ះពាល់របស់ HPV នឹងវិវឌ្ឍជាលំដាប់និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ពីព្រោះប្រភេទ HPV ខ្លះអាចបង្កឲ្យមាន ជំងឺមហារីកកស្បូន ក៏ដូចជាមហារីកយោនីផងដែរ។ ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងទាក់ទងនឹងបញ្ហានេះ។ ទោះយ៉ាងណាក៏ដោយ ឱកាសប្រឈមមុខនឹងជំងឺនេះអាចត្រូវកាត់បន្ថយបាន ទាល់តែអ្នកធ្វើការការពារឲ្យបានត្រឹមត្រូវនៅមុនពេល និងអំឡុង ពេលរួមភេទ។
តើអ្វីខ្លះជាការស្តែងចេញនូវអាការៈនៃឫសត្រង់អវយវៈភេទ?
មនុស្សជាច្រើនមានចម្ងល់ថាធ្វើយ៉ាងណាដឹងថាដំបៅត្រង់អវយវៈភេទនោះគឺជាឫស? ជាទូទៅមេរោគនេះច្រើនវាយប្រហារទៅលើជាលិកាសើមនៅត្រង់ តំបន់ភេទ។ នៅពេលដែលតំបន់នោះមានការរលាក និងមានការឆ្លងដោយវីរុសហើយ នោះនឹងមានការលេចឡើងនូវដុំពកតូចៗដែលមានពណ៌សាច់ នៅក្នុង ឬក្រៅយោនី ឬរន្ធគូទ និងនៅកស្បូនចំពោះមនុស្សស្រី។ ដោយឡែក លក្ខណៈចំណាំរបស់ឫសនោះគឺជាការនៅផ្តុំគ្នាជារាងដូចផ្កាស្ពៃ។ យ៉ាងណាមិញ ការស្រាវជ្រាវខ្លះទៀត បានបង្ហាញថា ឫសនៅអវយវៈភេទនេះ អាចនឹងមើលមិនឃើញចំពោះបុគ្គលមួយចំនួន ដោយវាអាស្រ័យទាំងស្រុងទៅលើកម្រិត នៃការវិវឌ្ឍទៅមុខរបស់ជំងឺ និងសភាពធ្ងន់ធ្ងរនៃឫសនោះ។
តើអ្វីជាមូលហេតុនៃការកើតឬសនៅប្រដាប់បន្តពូជ?
ការរួមភេទដោយមិនមានការការពារត្រឹមត្រូវគឺជាកត្តាចម្បងគេដែលនៅពីក្រោយបញ្ហានេះ។ ដោយសារតែជំងឺនេះឆ្លងតាមការប៉ះពាល់ស្បែក និងស្បែក ដូចនេះ អ្នកគ្រប់គ្នាក៏មានឱកាសប្រឈមមុខនឹងការកើតជំងឺឫសនេះដែរ។ ម្យ៉ាងទៀត ស្ត្រីមានផ្ទៃពោះអាចនឹងចម្លងមេរោគ HPV នេះទៅកាន់ទារក ក្នុងផ្ទៃផងដែរ។ ហេតុនេះ អ្នកទាំងអស់គ្នាគួរតែព្យាយាមការពារខ្លួន ពិសេសអំឡុងពេលរួមភេទតែម្តង៕
អត្ថបទដោយ វេជ្ជបណ្ឌិត Anna Roslyakova
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។