ការបន្ធូរបន្ថយនូវការលំបាកក្នុងដំណាក់កាលអស់រដូវរបស់ស្រ្តី
ជាញឹកញាប់ នៅក្រោយអាយុ 45 ឆ្នាំ បាតុភូតអស់រដូវរបស់ស្ត្រីចាប់ផ្តើមប្រព្រឹត្តិទៅជាដំណាក់កាលផ្សេងៗដែលអាចប្រើពេលវេលារហូតដល់ជាង 10ឆ្នាំ ដោយនាំមកនូវបញ្ហាជាច្រើន និងនាំឲ្យរំខានដល់គុណភាពនៃជីវិតចំពោះស្ត្រីផ្ទាល់ជាហេតុនាំឲ្យការឆ្លងកាត់នូវដំណាក់កាលនេះ ប្រព្រឹត្តទៅយ៉ាងពិបាក។លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី បានបង្ហាញ រួចមកហើយថា ការមានរដូវមិនទៀងទាត់ (ច្រើន ឬតិច) និងអាការៈដ៏រំខានផ្សេងៗទៀតដូចជា ការក្តៅក្រហល់ក្រហាយ បែកញើសពេលយប់ ពិបាកគេង អារម្មណ៍មិនល្អ ព្រួយបារម្ភច្រើន បេះដូងលោតញាប់ និងការថយចុះនូវចំណង់ ក្នុងការរួមភេទជាដើម ជាសញ្ញាដែលត្រូវបានជួបប្រទះញឹកញាប់ នៅពេលស្ត្រីឈានដល់វ័យអស់រដូវដែលទាំងអស់នេះបង្កឡើងដោយសារការបញ្ចេញនៃអ័រម៉ូនអឺស្ត្រូសែនថយចុះ។ ដើម្បីជួយឲ្យស្ត្រីអាចមានការធូរស្រាលខ្លះក្នុងការឆ្លងកាត់ដំណាក់កាលមួយនេះ មានវិធីសាស្ត្រមួយចំនួនដែលត្រូវបានណែនាំ ដែលក្នុងនោះការប្រើប្រាស់នូវអាហារបំប៉នចម្រាញ់ពីធម្មជាតិដែលមានផ្ទុកនូវសមាសធាតុ phytoconstituents ដូចជា isoflavone, lycopene, vitamin C, calcium, green tea extract និងសារធាតុផ្សេងទៀត បានបង្ហាញនូវសកម្មភាពយ៉ាងគួរឲ្យកត់សម្គាល់។
1. សារធាតុចម្រាញ់ពីតែបៃតង (Green tea extract)
មានសកម្មភាពប្រឆាំងនឹងការរលាក អុកស៊ីតកម្មការប្រែប្រួលរបស់ហ្សែន ជំងឺទឹកនោមផ្អែម បាក់តេរីព្រមទាំងឥទ្ធិពលបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម ដូចនេះវាត្រូវបានប្រើក្នុងបញ្ហាសុខភាពជាច្រើន។ ដោយឡែក សារធាតុចម្រាញ់ម្យ៉ាងរបស់វាគឺ epigallocatechin gallate (EGCG) ត្រូវបានបង្ហាញថា អាចប្រើប្រាស់ក្នុងការជាសះស្បើយពីការ ovariectomy-induced bladder។ ការសិក្សាគ្លីនិកលើស្ត្រីជប៉ុន និងអាមេរិកកាំងក៏បាន
ឲ្យឃើញផងដែរថា ស្ត្រីដែលប្រើប្រាស់តែបៃតងបានញឹកញាប់ អាចកាត់បន្ថយកំហាប់របស់អ័រម៉ូនestrone នៅប្រព័ន្ធបង្ហូរនោម (មានន័យថាបន្ថយឱកាសក្នុងការកើតមហារីកសុដន់) ក៏ដូចជាបរិមាណកូឡេស្តេរ៉ូលសរុប និងខ្លាញ់មិនល្អ (LDL-C)នៅក្នុងឈាមបាន។ ក្រៅពីនោះ ប្រសិទ្ធភាពក្នុងការការពារសុខភាពឆ្អឹងក៏ត្រូវបានគេកត់សម្គាល់ផងដែរ។
2. Isoflavone ពីសណ្តែកសៀង
សារធាតុនេះត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ចំពោះបញ្ហា និងជំងឺជាច្រើន រួមទាំងជំងឺមហារីក ជំងឺបេះដូង ជំងឺពុកឆ្អឹង និងរោគសញ្ញា
ក្រោយអស់រដូវ។ តាមការរាយការណ៍មួយលើរោគសញ្ញាក្រោយអស់រដូវរបស់ស្ត្រីបានបង្ហាញអំពី ភាពសមស្របនៃការព្យាបាលតាំងពីដំបូងដោយប្រើ isoflavones។ តាមការបូកសរុបលើស្រ្តីអាស៊ីដែលមានរបបអាហារសណ្តែកសៀងខ្ពស់ ក៏បង្ហាញផងដែរនូវលទ្ធផលអាចប្រៀបបាន នឹងការព្យាបាលដោយអ័រម៉ូនជំនួស។ ទិន្នន័យផ្សេងទៀតក៏បានឲ្យដឹងថា មានការថយចុះនូវអាការៈនៃការអស់រដូវ ក៏ដូចជាលំនឹងនៃកម្រិត
ប្រើប្រាស់ក្នុងមួយថ្ងៃ ក្រោយការប្រើ isoflavone ពីសណ្តែកសៀងរយៈពេល១៦សប្តាហ៍។ ទោះយ៉ាងណាប្រសិនមិនទទួលបានលទ្ធផលនៅក្រោយ១២សប្តាហ៍ នោះជម្រើសព្យាបាលផ្សេងនឹងត្រូវបានប្រើប្រាស់។
3. លីកូប៉ែន (Lycopene)
ជាសារធាតុពណ៌ដែលច្រើនមានក្នុងប៉េងប៉ោះទុំនិងផ្លែឈើទុំផ្សេងៗ។ វាក៏មានប្រហែលជា ៥០%ផងដែរនៃបរិមាណ carotenoids ទាំងអស់ដែលមានក្នុងឈាមរបស់មនុស្សជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន។ Lycopene មិនត្រូវបានបន្ថយដោយការជក់បារី និងផឹកស្រាដូចជាប្រភេទcarotenoids ដទៃឡើយ តែនឹងត្រូវថយចុះនៅពេលអាយុរបស់យើងកាន់តែច្រើន។ ការសិក្សាបានបង្ហាញថា Lycopene អាចកាត់បន្ថយនូវប្រតិកម្មអុកស៊ីតកម្ម និងការបាត់បង់របស់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ។ ក្រៅពីនោះ តាមរយៈ
Scientific Reporter ព្រឹត្តិប័ត្រព័ត៌មានដ៏ល្បីពី Nature’s group ក៏បានបញ្ជាក់ផងដែរអំពីការកាត់បន្ថយឱកាសក្នុងការកើតមហារីករបស់ Lycopene ជាពិសេសគឺមហារីកអូវែចំពោះស្ត្រីអស់រដូវផងដែរ ។
4. វីតាមីន សេ (Vitamin C)
ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ ជាមួយនឹងមុខងារក្នុងភាពយឺតនៃសរសៃឈាមអាកទែសម្របសម្រួលសម្ពាធឈាម កាត់បន្ថយជំងឺ
សរសៃឈាមបេះដូង ក៏ដូចជាការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ diabetes mellitus ផងដែរ។ ចំពោះរោគសញ្ញាក្រោយការអស់រដូវ វីតាមីនសេ ត្រូវបានបង្ហាញថាអាចកាត់បន្ថយ កម្រិតនិងភាពញឹកញាប់នៃការកើតមានភាពក្តៅក្រហល់ក្រហាយ (hot flashes) បានយ៉ាងប្រសើរ។ វាក៏ត្រូវបានស្គាល់ផងដែរថាជាអ្នកភ្ញោចឲ្យមានការផលិតកូឡាជែន និងភ្ញោចសកម្មភាពរបស់ alkaline phosphatase ដែលជំរុញឲ្យមានការ
ផលិតកោសិកាឆ្អឹងថ្មីៗ ដែលជាលទ្ធផលនៃការរក្សាដង់ស៊ីតេឆ្អឹងដើម្បីការពារការបាក់បែកឆ្អឹងក្រោយពេលអស់រដូវបានដល់ទៅជាង ១៧ឆ្នាំ។
5. កាល់ស្យូម កាបូណាត (Calcium carbonate)
មាន៣៣%នៃអំបិលកាល់ស្យូមនៅក្នុងខ្លួន ហើយត្រូវបានបញ្ជាក់ថាមានសកម្មភាពក្នុង ការកន្ត្រាក់នៃសរសៃឈាម ពង្រីកសរសៃឈាម មុខងារ
សាច់ដុំ ការបញ្ជូនសញ្ញានៃប្រព័ន្ធប្រសាទ និងការបញ្ចេញអ័រម៉ូន។ ដោយឡែក ដោយសារតែការថយចុះនៃអ័រម៉ូន អឺស្ត្រូសែនក្រោយពេលអស់រដូវ រាងកាយរបស់ស្ត្រីក៏មានការថយចុះនូវការទទួលយកសារធាតុ calcium ពីរបបអាហារផងដែរ។ ដូចនេះហើយទើបអាហារបំប៉ន calcium
ត្រូវបានប្រើប្រាស់ជាយូរមកហើយក្នុងការការពារការបាត់បង់នៃសារធាតុនេះដែលទទួលខុសត្រូវក្នុងរក្សាម៉ាស់របស់ឆ្អឹង និងការពារជំងឺពុកឆ្អឹង។ ដោយសារការបាត់បង់ឆ្អឹងការចាប់ផ្តើមបន្តិចម្តងពីអាយុ ២៥ ទៅ ៣៥ឆ្នាំ ដូចនេះអាហារបំប៉ននេះក៏ត្រូវប្រើក្នុងការការពារការរសាត់ឆ្អឹងមុនពេល
អស់រដូវផងដែរ។ តាមរយៈ National Institutes of Health (NIH) និង Institute of Medicine (IOM) បរិមាណពី ១០០០ទៅ ១៥០០ មក ក្នុង
មួយថ្ងៃនៃកាល់ស្យូម ត្រូវបានណែនាំឲ្យប្រើប្រាស់អាស្រ័យនឹងអាយុរបស់ស្ត្រីអស់រដូវនិងការព្យាបាលដោយអ័រម៉ូនជំនួសរបស់ពួកគេ។ លទ្ធផលត្រូវបានកត់សម្គាល់ជាងគេចំពោះស្ត្រីដែលមានរបបអាហារប្រចាំថ្ងៃដែលមានកាល់ស្យូមតិចជាង ៤០០ មក ក្នុងមួយថ្ងៃ និងបានប្រើប្រាស់អាហារបំប៉ននេះតាំងពី ៥ឆ្នាំដំបូងនៃការអស់រដូវ។
បកស្រាយដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី
វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។