វេជ្ជបណ្ឌិត ហាវ មនីរត្ន ឆ្លើយតបចម្ងល់ពី «ជំងឺមហារីកមាត់ស្បូន»
«នៅក្នុងប្រទេសកម្ពុជាយើង ស្រ្តីប្រមាណ១,៥០០នាក់បានកើតជំងឺនេះជារៀងរាល់ឆ្នាំ និងប្រមាណ ៦០%បានបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ» នេះបើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត និងអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនតាំងពីឆ្នាំ២០១៣។
ដោយសារតែជំងឺនេះ ជាកង្វល់ដ៏គួរព្រួយបារម្ភមួយនៃបញ្ហាសុខភាពស្រ្តីមិនថាតែនៅកម្ពុជា និងទូទាំងពិភពលោក យើងខ្ញុំក៏សូមនាំមកជូនអត្ថបទសំណួរ-ចម្លើយទាក់ទិននឹងជំងឺនេះ ដែលចម្លើយខាងក្រោមជាការបកស្រាយផ្ទាល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយគ្នា…
សំណួរ ៖ ដូចម្តេចដែលហៅថា«ជំងឺមហារីកមាត់ស្បូន»?
ចម្លើយ ៖ ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការលូតលាស់ឥតឈប់ឈររបស់កោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូន។
សំណួរ ៖ តើជំងឺនេះលេចឡើងជាមួយនឹងរោគសញ្ញាអ្វីខ្លះ?
ចម្លើយ ៖ រោគសញ្ញាសំខាន់នៃជំងឺមហារីកមាត់ស្បូន គឺការធ្លាក់ឈាមដោយឯកឯង ក្រៅពីឈាមរដូវ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា៖ ការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងពេល ឬ ក្រោយពេលរួមភេទ ។
សំណួរ ៖ តើស្រ្តីណាខ្លះដែលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺមួយនេះ?
ចម្លើយ ៖ ស្រ្តីដែលងាយប្រឈមនឹងជំងឺមហារីកមាត់ស្បួនមានដូចជា ៖
•ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូរបស់គាត់មានដៃគូរួមភេទច្រើន
• ស្ត្រីដែលមានជំងឺអេដស៍ ឬជំងឺកាមរោគផ្សេងៗទៀត
• ស្ត្រីដែលមានកូនច្រើន (មានផ្ទៃពោះដំបូងនៅអាយុក្មេងជាង ១៨ឆ្នាំ)
• ស្ត្រីដែលមិនបានធ្វើការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV
• ស្រ្តីដែលមិនធ្លាប់តាមដានកោសិកាមាត់ស្បូន (pap smear)
•ស្ត្រីដែលមិនធ្លាប់ធ្វើតេស្តរកមេរោគ HPV (HPV DNA test)
សំណួរ ៖ តើជំងឺនេះបង្កឡើងដោយសារអ្វីខ្លះ?
ចម្លើយ ៖ មូលហេតុនៃជំងឺមហារីកមាត់ស្បូនមានតែមួយគត់គឺ ការផ្ទុកវីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូនរយៈពេលយូរ (ជាទូទៅលើសពី ៥ ឆ្នាំ)។
សំណួរ ៖ តើការធ្វើរោគវិនិច្ឆ័យជំងឺនេះប្រព្រឹត្តទៅដូចម្តេចដែរ?
ចម្លើយ ៖ ជំងឺមួយនេះអាចធ្វើការរោគវិនិច្ឆ័យបានតាមរយៈវិធីមួយចំនួនដូចខាងក្រោម ៖
•វេជ្ជបណ្ឌិតធ្វើការពិនិត្យមាត់ស្បូនដោយប្រើសារធាតុជូរ ឬឆ្លុះមាត់ស្បូនដោយប្រើកែវពង្រីក (colposcopy)
•ប្រសិនបើគ្មានដំបៅនៅនឹងមាត់ស្បូនទេ វេជ្ជបណ្ឌិតនឹងធ្វើការបៀកយកកោសិកាមាត់ស្បូនយកទៅវិភាគ (pap smear) ដើម្បីស្វែងរកកោសិកាដែលមិនប្រក្រតីដែលត្រៀមវិវឌ្ឍទៅជាកោសិកាមហារីក
•ប្រសិនបើមានដំបៅគួរឲ្យសង្ស័យនៅនឹងមាត់ស្បូន វេជ្ជបណ្ឌិតនឹងធ្វើការដុតដំបៅមាត់ស្បូនដែលគួរឲ្យសង្ស័យនោះ (cryotherapy) ឬធ្វើការច្រឹបយកសាច់មាត់ស្បូនយកទៅវិភាគ (cervical biopsies)ដើម្បីរុករកកោសិកាមហារីក។
សំណួរ ៖ តើមានការព្យាបាលទេសម្រាប់ជំងឺមួយនេះ? បើមាន តើព្យាបាលដោយវិធីណា? ក្រោយពីព្យាបាលជាហើយ តើជំងឺនេះមានបន្សល់ទុកនូវផលវិបាកអ្វីខ្លះដល់អ្នកជំងឺទេ?
ចម្លើយ ៖ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យរកឃើញកោសិកាមាត់ស្បូនមិនប្រក្រតីនៅដំណាក់កាលត្រៀមមហារីក(Pre-cancerous) ការព្យាបាលដោយកាត់យកតែមួយផ្នែកនៃមាត់ស្បូនចេញអាចព្យាបាលជំងឺនេះជាដាច់។ ដោយឡែក ប្រសិនបើកោសិកានោះក្លាយជាកោសិកាមហារីកដែលរាលដាលទៅហើយ ការព្យាបាល គឺផ្អែកទៅលើដំណាក់កាលនៃជំងឺ ឬ ផ្អែកលើការរាលដាលនៃកោសិកាមហារីកនោះផ្ទាល់។ ការព្យាបាលទាំងនោះរួមមាន៖
១. ការវះកាត់យកស្បូនទាំងមូលព្រមទាំងដៃស្បូនទាំងសងខាងចេញ
២. ការព្យាបាលដោយថ្នាំគីមី
៣. ការព្យាបាលដោយថាមពលវិទ្យុសកម្ម។
ថ្វីត្បិតការព្យាបាលទាំង៣វិធីសាស្រ្តខាងលើនេះមានប្រសិទ្ធភាពខ្ពស់ ការព្យាបាលពុំអាចជាដាច់នោះទេ គឺគ្រាន់តែអាចពន្យារជីវិតរបស់អ្នកជំងឺបានមួយរយៈប៉ុណ្ណោះ យូរ ឬឆាប់អាស្រ័យលើដំណាក់កាលនៃមហារីក។
សំណួរ៖ ងាកទៅរកការបង្ការជំងឺនេះវិញ យើងឃើញមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ តើវ៉ាក់សាំងនេះអាចការពារស្ត្រីគ្រប់រូបឲ្យរួចផុតពីការកើតជំងឺនេះបានដល់កម្រិតណា?
ចម្លើយ៖ វីរុស HPV ដែលកាចសាហាវ (high-risk HPV) ដែលនាំឲ្យកើតជំងឺមហារីកនេះមានជាង១០ប្រភេទ។ វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV មាន២ប្រភេទ គឺឈ្មោះ Gardasil និង Cervarix។ វ៉ាក់សាំងទាំង២ប្រភេទនេះ អាចការពារមេរោគ HPV ដែលកាចសាហាវជាងគេ (high-risk HPV) បានចំនួន២ប្រភេទដូចគ្នា គឺប្រភេទទី
១៦ និងប្រភេទទី១៨ (HPV16 and HPV18) ដែលមេរោគទាំង២ប្រភេទនេះ បង្កឲ្យកើត៧០% នៃជំងឺមហារីកមាត់ស្បូន។
សរុបមក វ៉ាក់សាំងពុំអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០%ទេ។ យ៉ាងណាមិញ កុមារីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅអាចធ្វើការចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនៅពេលពួកគាត់ចាប់ផ្តើមសកម្មភាពផ្លូវភេទ ពួកគាត់ត្រូវមកធ្វើការពិនិត្យកោសិកាមាត់ស្បូន (pap smear) និងធ្វើតេស្តរកមេរោគ HPV (HPV DNA Test) ឲ្យបានទៀងទាត់ ដើម្បីអាចបង្ការ៣០%ទៀតនៃជំងឺមហារីកមាត់ស្បូន។
សំណួរ៖ មានការនិយាយតគ្នាថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ អាចចាក់បានចំពោះតែស្រ្តីដែលមិនទាន់រៀបការប៉ុណ្ណោះ តើនេះជាការពិតដែរឬទេ? បើនេះជាការពិត តើស្ត្រីដែលរៀបការហើយអាចបង្ការខ្លួនគាត់ពីជំងឺនេះបានដោយរបៀបណា?
ចម្លើយ៖ កុមារីចាប់ពីអាយុ៩ឆ្នាំឡើង អាចធ្វើការចាក់វ៉ាក់សាំងនេះបាន ទោះបីជាគាត់មិនទាន់ពេញវ័យក៏ដោយ (មិនទាន់មានឈាមរដូវ)។ ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធិភាពខ្ពស់បំផុត នៅពេលស្រ្តីមិនទាន់ឆ្លងកាត់ការរួមភេទ។ ដោយឡែក ស្រ្តីដែលរៀបការរួចអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែប្រសិទ្ធិភាពនៃការបង្ការជំងឺមហារីកមានការថយចុះ។ ការបង្ការដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ស្រ្តីដែលរៀបការរួច គឺការពិនិត្យកោសិកាមាត់ស្បូនរៀងរាល់២ ឬ៣ឆ្នាំម្តង និងការធ្វើតេស្តរកមេរោគ HPV ឲ្យបាន៣ ឬ៥ឆ្នាំម្តង។
សំណួរ៖ តើមានសកម្មភាពអ្វីខ្លះពីសំណាក់រដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាលផ្ទាល់ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូននេះ?
ចម្លើយ៖ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការដៃគូសំខាន់ៗមួយចំនួនទៀត បាន និងកំពុងធ្វើការសិក្សាសាកល្បងមួយ(pilot study) សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនដោយប្រើប្រាស់សារធាតុជូរ (VIA test) នៅខេត្តកំពង់ចាម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានដាក់បញ្ចូលជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីជាតិប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់ស្បូន។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏កំពុងធ្វើគម្រោងស្នើសុំជំនួយផ្នែកវ៉ាក់សាំងពីអង្គការ GAVI ដែលផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍលើពិភពលោក។
គួរបញ្ជាក់ផងដែរ សម្រាប់ឆ្នាំ២០១៧នេះ ក៏មានផងដែរនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្ត្រីដែលរៀបការរួច (អាយុចាប់ពី៣០ដល់៥០ឆ្នាំ) រយៈពេលមួយខែ ចាប់ពីថ្ងៃទី០៨ កុម្ភៈ ដល់ថ្ងៃទី០៨ មិនា នៅឯមន្ទីរពេទ្យកាល់ម៉ែត។
បញ្ជាក់ ៖ សូមធ្វើការចុះឈ្មោះជាមុនតាមទូរស័ព្ទលេខ 085 22 12 92