Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ
សក្តានុពលនៃការសិក្សាតាមរយៈអ៊ីនធើណែត គឺពិតជាមិនគួរឲ្យជឿ ប៉ុន្តែការស្វែងរកព័ត៌មានដ៏ល្អបំផុត គឺមានច្រើនលើសលប់។ គេហទំព័រ YouTube គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលមានការផ្គត់ផ្គង់មិនចេះរីងស្ងួតនូវ Channels និងវីដេអូជាច្រើនដែលនិយាយទាក់ទងនឹងវិស័យវេជ្ជសាស្រ្ត និងការថែទាំសុខភាព។ Channels និងវីដេអូមួយចំនួនធំ គឺអាចខ្ជះខ្ជាយពេលវេលារបស់អ្នក ប៉ុន្តែមានមួយចំនួនទៀតពិតជាមានគុណប្រយោជន៍ និងជាប្រភពធនធានដ៏អស្ចារ្យសម្រាប់អ្នកដែលចាប់យកជំនាញវេជ្ជសាស្រ្ត។
ប្រសិនបើអ្នកស្រឡាញ់វិស័យវេជ្ជសាស្រ្ត អ្នកគួរតែរៀនក៏ដូចជាធ្វើការស្វែងយល់បន្ថែមអំពីវាតាមរយៈ Channels វេជ្ជសាស្រ្តទាំង៧នេះនៅក្នុង YouTube។ ពួកវានឹងជួយឲ្យអ្នករៀនពេទ្យកាន់តែស្រួល កាន់តែចូលចិត្ត និងកាន់តែរីករាយ។
1. MedCramVideos
នេះ គឺជាChannelដែលល្អបំផុតក្នុងការស្វែងរកការបង្រៀនអំពីវេជ្ជសាស្រ្តដែលងាយយល់សម្រាប់ការត្រៀមប្រលងរបស់អ្នក។ MedCramVideos ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមChannelsវេជ្ជសាស្រ្តល្បីៗនៅក្នុង YouTube ដែលមានលក្ខណៈជាវីដេអូអប់រំ។ ជាមួយនឹងការបង្ហាញសាមញ្ញនិ ងការពន្យល់ច្បាស់ៗ ដូច្នេះហើយ បានជាមាននិស្សិតពេទ្យជាច្រើនចូលចិត្តChannelនេះ។
មាតិកានៃប្រធានបទនីមួយៗរួមមាន ការបង្ហាញអំពីរោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ វា គឺជាប្រភពធនធានដ៏មានសារៈសំខាន់មួយសម្រាប់និស្សិតពេទ្យក៏ដូចជាគ្រូពេទ្យ និងអ្នកដែលបម្រើការក្នុងវិស័យវេជ្ជសាស្រ្តទាំងអស់។
Channel នេះគឺត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Roger Seheult។ ការបង្រៀនរបស់គាត់ គឺល្អឥតខ្ចោះ សម្រាប់អ្នកកំពុងត្រៀមប្រលងUSMLE, MCAT, PANCE, NCLEX, NAPLEX, NDBE, RN, RT, MD, DO, PA, NP និងការប្រលងផ្សេងៗទៀត។
2. iMedicalSchool
“សូមស្វាគមន៍មកកាន់សាលាវេជ្ជសាស្រ្តក្នុងគេហទំព័រ YouTube!” ស្រដៀងនឹង Channel មុនដែរ iMedicalSchool ផ្ដោតសំខាន់ទៅលើការពន្យល់ដែលមានលក្ខណៈងាយយល់ និងសាមញ្ញ។ អ្វីដែលខុសគ្នានោះគឺ របៀបនៃការរៀបចំមាតិកា។
ប្រសិនបើអ្នកមានភាពលំបាកជាមួយនឹងពាក្យបច្ចេកទេសពេទ្យ ឬក៏មិនចង់អានសៀវភៅនោះ iMedicalSchool គឺជាជម្រើសដ៏ល្អក្នុងការសិក្សាអំពីជំងឺ និងមេរៀនដែលមានលក្ខណៈស្មុគស្មាញ។ ទោះបីជាអ្នកដែលមិនធ្វើការក្នុងវិស័យសុខាភិបាលក៏អាចស្ដាប់យល់ដែរ។
Channel នេះផ្ដោតលើប្រធានបទដូចជា ការសិក្សាអំពីក្រពេញបញ្ចេញក្នុង(Endocrinology) ឈាម(Hematology) រូបភាពវេជ្ជសាស្រ្ត(Radiology) ក្រពះពោះវៀន(Gastroenterology) ជំងឺសន្លាក់(Rheumatology) គីមីជីវៈ(Biochemistry) និងជំងឺឆ្លង(Infectious Diseases)។
3. Armando Hasudungan’s Medical Channel
វា គឺជាChannel ដែលល្អបំផុតក្នុងការសិក្សាអំពីអំប្រ៊ីយ៉ុង(Embryology) ប្រព័ន្ធប្រសាទ(Neurology) តម្រងនោម(Nephrology) ជីវវីទ្យាអំពីកោសិកា(Cell Biology) ប្រព័ន្ធបន្តពូជ(The Reproductive System) ឱសថសាស្រ្ត(Pharmacology) ឬអតិសុខុម(Microbiology)។ ក្រៅពីការពន្យល់ដែលមានលក្ខណៈច្បាស់ៗទៅលើប្រធានបទដ៏ស្មុគស្មាញហើយនោះ អ្វីដែលធ្វើឲ្យChannelនេះមានលក្ខណៈពិសេសខុសពីគេនោះ គឺការគូររូបយ៉ាងស្អាតដែលអមជាមួយនឹងការពន្យល់នោះ។
សម្លេងដែលនិយាយពន្យល់ក្នុងវីដេអូនោះ គឺជាសម្លេងរបស់Armando Hasudungan ដែលរូបលោកជានិស្សិតវេជ្ជសាស្រ្តដែលគ្រប់គ្រងChannelនេះដោយខ្លួនឯង។ វីដេអូភាគច្រើនដែលគាត់បានបង្ហោះ គឺសម្រាប់និស្សិតពេទ្យ និងគ្រូពេទ្យ។
4. One Minute Medical School
ដូចឈ្មោះរបស់Channelអីចឹង នៅទីនេះអ្នកនឹងរកមានវីដេអូអប់រំដែលមានរយៈពេលមួយនាទីជាច្រើនដែលឆ្លើយតបនឹងសំណួរទាក់ទងនឹងសុខភាព បញ្ហាវេជ្ជសាស្រ្ត ឬជីវវីទ្យា។ អ្នកដែលអ្នកបានឃើញក្នុងវីដេអូនីមួយៗនោះ គឺជាលោកវេជ្ជបណ្ឌិត Rob Tarzwell ដែលលោកគឺជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យ British Columbia។
លោកវេជ្ជបណ្ឌិត Tarzwell ជារឿយៗតែងតែលើកឡើងពីសំណួរប្រចាំថ្ងៃ ហើយផ្ដល់ឲ្យនូវការពន្យល់ដ៏សាមញ្ញ និងមិនប្រើភាសាបច្ចេកទេសពេទ្យទេ។ ពេលខ្លះ លោកបានពន្យល់យ៉ាងស៊ីជម្រៅចំពោះប្រធានបទដ៏ស្មុគស្មាញមួយចំនួនដូចជា ការព្យាបាលដោយវិទ្យុសកម្ម(Nuclear medicine) ការសិក្សាអំពីឥទ្ធិពលនៃអ៊ីយ៉ុងរបស់វិទ្យុសកម្ម(Radiobiology) ជំងឺសាច់ដុំ និងគ្រោងឆ្អឹង (Musculoskeletal disorder) និងជំងឺដែលទាក់ទងនឹងបេះដូង និងផ្លូវដង្ហើម(Cardio-respiratory medicine)។
5. Interactive Biology
ប្រសិនបើអ្នកមានការចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលរាងកាយអ្នកធ្វើការនោះ Channel មួយនេះស័ក្តិសមនឹងអ្នកបំផុត។ ភាគច្រើននៃវីដេអូ គឺផ្ដោតទៅលើកាយវិភាគវិទ្យា(Human anatomy) និងរបៀបដែលរាងកាយយើងធ្វើការ និងការប្រាស្រ័យទាក់ទងនឹងបរិស្ថានរបស់យើង។ កម្រិតនៃពាក្យបច្ចេកទេសពេទ្យ គឺមានលក្ខណៈទាប ខណៈពេលដែលការយល់មានលក្ខណៈខ្ពស់។
មិនថាអ្នកកំពុងដាក់ពាក្យសុំធ្វើការនៅក្នុងមន្ទីរពេទ្យ និងចង់បង្កើនការចងចាំរបស់អ្នក ឬអ្នកមានការចាប់អារម្មណ៍ខ្លាំងទៅលើមុខវិជ្ជាកាយវិភាគវិទ្យាក្ដី អ្នកនឹងឃើញថាវីដេអូទាំងនេះមានការទាក់ទងគ្នាយ៉ាងខ្លាំង។ ជាការពិតណាស់ ដែលថាអ្នកមិនអាចពឹងពាក់លើវាទាំងស្រុងនោះទេ។ ចំណេះដឹងពីវីដេអូទាំងនេះមិនមែនសម្រាប់អ្នកត្រៀមប្រលងទេ តែអ្នកត្រូវប្រាកដថាអ្នកមើលវាដើម្បីជាជំនួយបន្ថែមដល់ការមើលសៀវភៅរបស់អ្នក។
Interactive Biology គ្របដណ្ដប់ប្រធានបទដូចជា ការសិក្សាពីការធ្វើចលនារបស់រាងកាយ(Kinesiology) រោគសាស្រ្ត(Pathology) ប្រព័ន្ធប្រសាទ(Nervous system) ប្រព័ន្ធចរន្ដឈាម(Circulatory system) ប្រព័ន្ធសាច់ដុំ(Muscular system) និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាល័យ។
6. Harvard Medical School
Channel នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Harvard Medical School (HMS) ផ្ទាល់តែម្ដង។ វាគ្របដណ្ដប់ទៅលើប្រធានបទយ៉ាងធំទូលាយនៅក្នុងវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត បច្ចេកវិទ្យា និងការបង្កើតថ្មី។ មានវីដេអូជាច្រើនត្រូវបានចូលរួមដោយអតីតសិស្ស និងគ្រូបង្រៀននៅសាកលវិទ្យាល័យHarvard ដើម្បីជជែកវែកញែកអំពីបញ្ហាផ្សេងៗក្នុងការអប់រំវិស័យសុខាភិបាល និងការសិក្សាស្រាវជ្រាវ។
ចំណែកឯមាតិកាវិញក៏មានលក្ខណៈផ្លូវការ និងម៉ត់ចត់ ហើយព័ត៌មានវិញគឺត្រូវបានរៀបចំយ៉ាងមានជំនាញវិជ្ជាជីវៈ និងបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ វីដេអូទាំងនោះភាគច្រើនមានលក្ខណៈជាព័ត៌មាន ហើយវាមិនមែនជាវីដេអូអប់រំចំទេ ប៉ុន្តែប្រធានបទគឺសុទ្ធតែត្រូវបានសង្ខេបយ៉ាងល្អនិងកម្រលើសពី៥នាទីណាស់ វាគឺជាChannel ដ៏អស្ចារ្យមួយសម្រាប់អ្នកដែលចង់ដឹងពីការពិតផ្សេងៗ។
7. NIH US National Library of Medicine
វីដេអូដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបានបង្ហោះចេញពីបណ្ណាល័យវេជ្ជសាស្ត្រជាតិនៃសហរដ្ឋអាមេរិក (US National Library of Medicine ឬNLM) ហើយ Channelនេះមានវីដេអូចាស់ៗជាច្រើន។ អ្នកអាចស្វែងរកមើលវីដេអូអប់រំតាំងពីទសវត្សរ៍ឆ្នាំ១៩៣០ និងអំឡុងសង្រ្គាមលោកលើកទី២។ អ្នកអាចធ្វើការស្រាវជ្រាវទៅលើប្រវតិ្តនៃវេជ្ជសាស្រ្ត និងស្វែងរកព័ត៌មានដែលកម្រៗ។
ព័ត៌មានទាំងនោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកដែលមានបំណងចង់សិក្សាអំពីប្រវត្តិនៃវេជ្ជសាស្រ្ត។ ហើយវានៅមានវីដេអូណែនាំមួយចំនួនដែលពន្យល់ពីការស្វែងរកព័ត៌មានពីគេហទំព័ររបស់ NLM។
តើមានChannels អ្វីដែលគិតថានឹងល្អសម្រាប់ការចែករំលែកដែរឬទេ? សូមចែករំលែកប្រាប់ផង យើងខ្ញុំនឹងដាក់បង្ហាញបន្ថែមទៀត...
ចូលចិត្តមើលTED Talk ទេ? បើចូលចិត្ត ប្រាកដជាចូលចិត្តអត្ថបទនេះដែរជាមិនខាន TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ