Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក និងអង្កេតប្រជាសាស្ត្រ ជំងឺកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជាមានការធ្លាក់ចុះជាងពីមុន តែចំនួននៃកុមារមានបញ្ហានេះ នៅតែត្រូវបានគេចាត់ទុកថានៅខ្ពស់នៅឡើយ ដោយជាមធ្យម ក្មេងដែលត្រូវសម្រាកនៅពេទ្យកុមារជាតិដោយសារជំងឺ Marasmus និង Kwashiorkor មានប្រមាណពី៨០​ ដល់១០០នាក់ក្នុងមួយឆ្នាំ។ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមាន ការកើនឡើងក៏ដោយ តែមាតាកម្ពុជាយើងនៅខ្វះខាតចំណេះដឹងក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានត្រឹមត្រូវ មាតាខ្លះមិនបានបំបៅដោះកូនដោយទឹកដោះម្តាយ និងពុំបានផ្តល់អាហារបន្ថែមឲ្យបានគ្រប់គ្រាន់ ចាប់ពីកូនមានអាយុ៦ខែឡើងទៅ។
 
ជំងឺ Marasmus 

Marasmus គឺជាជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលបណ្តាលមកពីខ្វះថាមពលសឹងតែគ្រប់មុខ ធ្វើឲ្យទម្ងន់របស់គាត់តិចជាង៦០%នៃទម្ងន់រំពឹងទុកធម្មតា ធៀបទៅនឹងអាយុ៖
• ទម្ងន់/អាយុ < -2 DS ជា Marasmus កម្រិតល្មម
• ទម្ងន់/អាយុ < -3 DS ជា Marasmus ធ្ងន់ធ្ងរ។

Marasmus កើតឡើងពីកង្វះថាមពលធ្ងន់ធ្ងរស្ទើរគ្រប់ប្រភេទប្រភពថាមពល (ប្រូតេអ៊ីន លីពីត​ ជាតិស្ករ)។ ការខ្វះប្រភពថាមពលទាំងនេះ បណ្តាលមកពី៖
• ការបង្ករោគដោយវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលធ្វើឲ្យកុមារញ៉ាំអាហារបានតិចជាងធម្មតា
• ជំងឺរាករ៉ាំរ៉ៃ ដូចជាជំងឺរាកមួល ឬមានព្រូន ឬដង្កូវនៅក្នុងពោះ ដែលធ្វើឲ្យកុមារញ៉ាំតិច បាត់បង់អាហារទៅឲ្យពពួកព្រូន ឬពោះវៀនស្រូបមិនបានល្អ។
 
ក្មេងដែលមានជំងឺ Marasmus មានរូបរាងស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង បាត់សាច់ដុំ និងខ្លាញ់ ជាពិសេសសាច់ដុំដើមដៃនិងសាច់ដុំគូថ សាច់ត្រជាក់ខ្លាំង តែអាចក្តៅខ្លួន ប្រសិនបើមានការបង្ករោគដោយពពួកមេរោគ បាត់បង់ជាតិទឹក និងស្លេកស្លាំង។ មានសញ្ញាទាក់ទងនឹងភ្នែក ដែលកើតឡើងដោយសារ តែខ្វះវីតាមីនអា។ ករណីធ្ងន់ធ្ងរ កុមារអាចនឹងឈានដល់ Shock (សម្ពាធឈាមធ្លាក់ចុះ ជីពចរខ្សោយ បេះដូងដើរញាប់) ពោះឡើងប៉ោង ដែលសញ្ញាទាំងនេះ អាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។
 
ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺ Marasmus មានដូចជា៖
• ដំបូងបំផុតគឺសាកសួរពីប្រវត្តិរបស់អ្នកជំងឺ លើរបៀបនៃការចិញ្ចឹមកូន និងរបៀបហូបចុករបស់គាត់ ដូចជាមិនបានបំបៅដោះកូន ឬបំបៅក្នុងរយៈពេលខ្លី ផ្តល់អាហារមិនមានសាច់ មិនមានជីជាតិគ្រប់គ្រាន់ ដូចជាបបរស ឬឲ្យកូនញ៉ាំតិចតួចពេក។
• ការពិនិត្យមើលការលេចឡើងនូវរោគសញ្ញាស្គមស្គាំងខ្លាំង ឃើញតែឆ្អឹង ដូចទៅនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។
• ក្រៅពីនេះ គ្រូពេទ្យនឹងធ្វើផលធៀបរវាងទម្ងន់ និងអាយុរបស់ក្មេង។ បើផលធៀបនេះ ទាបជាងឬស្មើនឹង -2DS ជាបញ្ហា Marasmus កម្រិតល្មម តែបើផលធៀបនេះ ទាបជាងឬស្មើ -3DS នោះជា Marasmus ធ្ងន់ធ្ងរ។
 
ជំងឺ Kwashiorkor

Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់
ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។
 
Kwashiorkor ជាភាសារបស់ Ghana មានន័យថា ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmus
ត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។
 
ការធ្វើរោគវិនិច្ឆ័យជំងឺ Kwashiorkor នឹងធ្វើឡើងដូចជា៖
• ដំបូងបំផុត គ្រូពេទ្យនឹងសួររកប្រវត្តិចិញ្ចឹមក្មេង៖ អ្នកជំងឺមានការលូតលាស់ធម្មតាដូចក្មេងដទៃ តែតាំងពីម្តាយមានផ្ទៃពោះកូនបន្ទាប់ គាត់បាត់ ការយកចិត្តទុកដាក់ពីម្តាយ ទាំងការឲ្យអាហារមិនគ្រប់គ្រាន់ ត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់។
• បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យរោគសញ្ញាគ្លីនិកលើខ្លួនកុមារដូចជា ស្គមស្គាំង ហើមដៃជើង និងពោះប៉ោង ព្រមទាំងពិនិត្យលើផលធៀបទម្ងន់ និងអាយុ របស់កុមារនោះ។ បើផលធៀបនេះទាបជាងឬស្មើនឹង -2DS ជា Kwashiorkor កម្រិតល្មម តែបើផលធៀបនេះ ទាបជាង ឬស្មើ -3DS នោះជា Kwashiorkor ធ្ងន់ធ្ងរ។
 
ការព្យាបាល Marasmus និង Kwashiorkor
បើទោះជំងឺទាំងពីរនេះ កើតឡើងដោយសារមូលហេតុផ្សេងគ្នាក៏ដោយ ការព្យាបាលជំងឺទាំងពីរនេះគឺធ្វើឡើងក្នុងលក្ខណៈដូចគ្នា ប៉ុន្តែទៅតាមទម្រង់នៃជំងឺ៖
• ករណីទម្រង់ស្រាល៖ ណែនាំម្តាយពីការចិញ្ចឹមទារក ដោយឲ្យបំបៅកូននឹងទឹកដោះឲ្យបានច្រើន។ ករណីកូនមានអាយុច្រើនជាង៦ខែ ត្រូវបន្ថែម អាហារបំប៉នចម្រុះ ដូចជាបន្លែ ផ្លែឈើ និងសាច់ឲ្យបានគ្រប់គ្រាន់។
• ករណីទម្រង់ធ្ងន់ធ្ងរ៖ ត្រូវឲ្យកុមារសម្រាកពេទ្យ និងធ្វើការព្យាបាលកង្វះអាហារូបត្ថម្ភដោយផ្តល់អាហារពិសេស (F75, F100) និងការព្យាបាលផលវិបាក ដូចជា ការបង្ករោគ បាត់បង់ជាតិទឹក ឬខ្វះវីតាមីនអាជាដើម។
 
បើទោះបីជា Marasmus និង Kwashiorkor ស្ថិតក្នុងទម្រង់កង្វះអាហារូបត្ថម្ភដូចគ្នាក៏ដោយ តែKwashiorkor មានលក្ខណៈ ធ្ងន់ធ្ងរជាង។ ការផ្តល់អាហារឲ្យកុមារ ត្រូវធ្វើឡើងបន្តិចម្តងៗ ព្រោះកុមារមិនអាចទទួលយកអាហារច្រើនភ្លាមៗបានទេ។
 
ក្រៅពីនេះ គ្រូពេទ្យនឹងអនុវត្តគោលការណ៍ទាំង១០ របស់អង្គការសុខភាពពិភពលោក គឺព្យាបាលលើ៖
១.  ការខ្វះជាតិស្ករ
២.  កម្តៅត្រជាក់ខ្លាំង
៣.  ការបាត់បង់ជាតិទឹក
៤.   ការខ្វះអេឡិចត្រូលីត
៥.   ការបង្ករោគ
៦.   ការខ្វះអាហារូបត្ថម្ភ
៧.   ការប្រុងប្រយ័ត្នលើការផ្តល់អាហារ
៨.   ការតាមដាន
៩.   ការជម្រុញការលូតលាស់ផ្នែកផ្លូវចិត្ត
១០. ការតាមដានការវិវឌ្ឍរបស់កុមារ។
 
វិធីបង្ការ Marasmus និង Kwashiorkor​ មាតាគ្រប់រូបគួរបំបៅកូន ដោយទឹកដោះតែមួយមុខគត់ ហើយនៅពេលដែលកូនបានអាយុ៦ខែ មាតាត្រូវបន្ថែមអាហារចម្រុះ ដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ បើទោះជាមាតាត្រូវទៅធ្វើការនៅក្រៅផ្ទះ គួរច្របាច់ទឹកដោះទុកឲ្យកូនបៅ ព្រោះទឹកដោះម្តាយ ជាអាហារដែលល្អបំផុត សម្រាប់កូន ឯការបំបៅទឹកដោះគោ គឺធ្វើឡើងប្រសិនបើ មាតាមានបញ្ហាសុខភាព ឬលក្ខខណ្ឌណាមួយ មិនអាចបំបៅដោះកូនបាន ហើយការបំបៅទឹកដោះគោ មាតាត្រូវចេះពីរបៀបឆុង ជ្រើសរើសទឹកដាំពុះ និងអនាម័យដបទឹកដោះគោផងដែរ។  ក្រៅពីនេះ មាតាគ្រប់រូបត្រូវនាំកូនទៅទទួលយកវ៉ាក់សាំងការពារជំងឺ ឲ្យបានគ្រប់មុខ ដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗដែលអាចបង្ការបាន។

អត្ថបទដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 


Related Articles

View All

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

យោងតាម GLOBOCAN ២០១៨នេះ បានបង្ហាញថាអត្រានៃការកើតជំងឺមហារីកនៅទ្វីបអាស៊ីមានរហូតដល់ ៨៤.៦% ដែលជាអត្រាមួយច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាទ្វីបដទៃទៀតនៅលើសកលលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ ដោយហេតុថា មិនទាន់មានការសិក្សាណាមួយអំពីជំងឺនេះ ដូច្នេះទិន្នន័យពិតប្រាកដទូទាំងប្រទេសក៏មិនទាន់មានដែរ។ប៉ុន្តែបើយោងតាមទិន្នន័យបានពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ (២០១៦- ២០១៧) បានបង្ហាញថា ជំងឺមហារីកគល់ច្រមុះបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជំងឺមហារីក​ ត្រចៀក ច្រមុះ បំពង់ក និងជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងផ្នែកជំងឺមហារីក។ ជំងឺមហារីកគល់ច្រមុះ ឬភាសាបច្ចេកទេសហៅ ថា Nasopharyngeal Cancer គឺជាប្រភេទជំងឺមហារីកដែលជាទូទៅ វាចាប់ផ្តើមកើតមាននៅទីតាំងក្រោយរន្ធច្រមុះ ខាងលើបំពង់ក និងនៅជាប់បាតខួរក្បាល បន្ទាប់មកវាអាចរីករាលដាល ទៅផ្នែកផ្សេងៗនៃរាងកាយ។ យើងសង្កេតឃើញថាជំងឺមហារីកគល់ច្រមុះមានច្រើនប្រភេទណាស់ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ បានបែងចែកជំងឺនេះជា ៣ ប្រភេទធំៗ ដោយក្នុងនោះមានតែ២ប្រភេទប៉ុណ្ណោះ ដែលជួបប្រទះច្រើនជាងគេនៅលើពិភពលោក គឺប្រភេទទី២ និងទី៣ ហើយប្រភេទទី៣នេះត្រូវបានគេឲ្យ ឈ្មោះថា Undifferentiated Carcinoma Nasopharyngeal Tumor (UCNT)។ មូលហេតុ និងកត្តាប្រឈម ទោះបីជំងឺមហារីកគល់ច្រមុះគ្មានមូលហេតុច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានកត្តាប្រឈមចម្បងផ្សេងទៀត ដែលរួមមាន៖ • ការបង្ករោគដោយវីរុសមួយប្រភេទឈ្មោះថា Epstein-Barr Virus (EBV)៖  វីរុសប្រភេទនេះអាចមានលទ្ធភាពបង្កឲ្យកើតជាដុំសាច់ និងធ្វើឲ្យដុំសាច់វិវឌ្ឍក្លាយជាសាច់មហារីក ដែលភាគច្រើននៃការវិវឌ្ឍនេះនឹងក្លាយជាជំងឺមហារីកប្រភេទទី ២ ឬ៣តែម្តង • របបអាហារ៖ ការចូលចិត្តបរិភោគអាហារផ្អាប់ឬអាហារខ្លោច • ការជក់បារី៖ ការសិក្សាមួយកាលពីឆ្នាំ ២០១៣បានបង្ហាញថាអ្នកជក់បារីមានអត្រាប្រឈមខ្ពស់ ចំពោះការកើតជំងឺនេះរហូតដល់ ៦០% ច្រើនជាងអ្នកមិនជក់បារី • តំណពូជ៖ មានភាគរយតិចតួចកើតមានផងដែរ ចំពោះបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់បានកើតជំងឺមហារីកនេះពីមុន។ រោគសញ្ញា និងយន្តការ រោគសញ្ញាតែងតែស្តែងចេញទៅតាមការវិវឌ្ឍរបស់ដុំសាច់ មានន័យថា ពេលទំហំដុំសាច់ក្នុងរន្ធច្រមុះតូច នោះរោគសញ្ញាមានតិចតួច ផ្ទុយមកវិញ ប្រសិនបើដុំសាច់រីកកាន់តែធំ នោះរោគសញ្ញា អាចមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ដូចជា៖ • រោគសញ្ញាទាក់ទងនឹងច្រមុះ៖ ការហូរឈាមច្រមុះ ដែលអាចហៀរចេញមកខាងក្រៅ ឬអាច ធ្លាក់ទៅផ្នែកខាងក្រោយតាមបំពង់កវិញ • រោគសញ្ញាទាក់ទងនឹងត្រចៀក៖ អាចបណ្តាលឲ្យមានការរលាកត្រចៀកកណ្តាល ឈឺត្រចៀកហ៊ឹងត្រចៀក ឬមានទឹករងៃក្នុងត្រចៀក • រោគសញ្ញាទាក់ទងនឹងសរសៃវិញ្ញាណ៖ រោគសញ្ញាទាំងនេះអាចកើតមាន ករណីដែលដុំសាច់ រីករាលដាលដល់បាតខួរក្បាល ហើយអាចស្តែងជា ការធ្លាក់ភ្នែកមួយចំហៀង ការទាញភ្នែកមួយ ចំហៀង ស្ពឹកមុខ ឈឺក្បាលខ្លាំងជាដើម។ ម៉្យាងវិញទៀត ប្រសិនបើដុំនេះវិវឌ្ឍលឿនទៅកាន់តំបន់ជិតៗ ជាពិសេសត្រង់ទីតាំងកូនកណ្តុរនៅក វាអាចនឹងបង្កឲ្យមានការឡើងកូនកណ្តុរនៅនឹងក ដែលអាចមានទំហំខុសៗគ្នាចាប់ពី ១សង់ទីម៉ែត្រឡើងទៅ។ អ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះគឺការវិវឌ្ឍនៃជំងឺដល់ដំណាក់កាលចុងក្រោយយ៉ាងលឿន ទៅកាន់តំបន់ឆ្ងាយៗដូចជា​ ឆ្អឹង សួត និងថ្លើម ហើយអ្នកជំងឺអាចនឹងមាន ជាអាការៈ ឈឺឆ្អឹងកងខ្នងខ្លាំង ចុកជើងខ្លាំង ឈឺតាមសរសៃប្រសាទ ចាក់មកជើង ដង្ហក់ ហត់ ក្អកមានឈាមឬឡើងលឿងជាដើម។   ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចសន្និដ្ឋានបានថាវាពិតជាជំងឺមហារីក គល់ច្រមុះមែននោះ គ្រូពេទ្យជំនាញត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖ • ពិនិត្យសញ្ញាគ្លីនិក (Clinical Examination) មានដូចជា ការស្ទាបរកមើលកូនកណ្តុរនៅ ក​ ការសាកសួរពីរោគសញ្ញា ប្រវត្តិនៃការរស់នៅ របបអាហារ និងប្រវត្តិគ្រួសារ។ បន្ទាប់មក ប្រសិនបើមានករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺ ឲ្យទៅជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីបន្តការពិនិត្យឆ្លុះរកមើលសាច់ដុះនៅតំបន់កនោះតែម្តង។ • ការថតស្កែន ឬMRI ពីសំណាក់គ្រូពេទ្យ​ឯកទេសរូបភាពវេជ្ជសាស្រ្ត ដើម្បីផ្តល់ជាព័ត៌មាន​បញ្ជាក់ថា មានដុំសាច់ ឬមិនមាន ក្នុងករណី​ដែលគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កមិនអាចពិនិត្យបាន។ ករណីមានដុះសាច់ អ្នកជំងឺត្រូវ​បញ្ជូនមកជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កម្តងទៀត ដើម្បីពិនិត្យឡើងវិញ និងច្រឹបសាច់នោះយកទៅវិភាគ។ ម៉្យាង​វិញទៀតការថតស្កែនក៏អាចវាយតម្លៃពីទំហំនៃការ​រីករាលដាល​ដុំសាច់ទៅដល់ឆ្អឹងក្បាលផងដែរ។ • ការវិភាគសាច់៖ សាច់ដែលបានច្រឹបហើយនឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពិសោធន៍វិភាគសាច់ដើម្បីសន្និដ្ឋានថាជាប្រភេទសាច់ស្លូត ឬសាច់​កាច។ ការត្រៀមខ្លួនរបស់អ្នកជំងឺមុនពេលធ្វើរោគវិនិច្ឆ័យ អ្នកជំងឺធម្មតាដែលគ្មានជំងឺប្រចាំកាយ គឺមិនចាំ បាច់មានជាការត្រៀមខ្លួនអ្វីច្រើននោះទេ។ លើកលែងតែ អ្នកជំងឺមានបញ្ហាតម្រងនោម ជំងឺទឹកនោមផ្អែម ទើបតម្រូវឲ្យធ្វើការពិនិត្យមុខងារតម្រងនោមជាមុនសិន ដោយហេតុថាការថតស្កែនអាច​ប៉ះពាល់ដល់តម្រងនោមតាមរយៈការចាក់បញ្ចូល​សារធាតុមួយប្រភេទ ដើម្បីឲ្យរូបភាពស្កែនកាន់តែ​ច្បាស់។ ចំណែកអ្នកជំងឺបេះដូង សរសៃឈាមដែលតែងប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម តម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំនេះ ក្នុងរយៈពេល៧២ម៉ោងមុន និងក្រោយការច្រឹបដុំសាច់។ ការព្យាបាល បន្ទាប់ពីបានដឹងថា អ្នកជំងឺពិតជាមានជំងឺមហារីកមែនហើយ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការវាយតម្លៃអំពីដំណាក់កាលនៃជំងឺជាមុន ទើបធ្វើការ​សម្រេចចិត្តជ្រើសរើសវិធីសាស្ត្រយកមកព្យាបាលដែលការព្យាបាលត្រូវបានចែកជា២ប្រភេទធំៗ គឺវិធីសាស្ត្របញ្ចាំងកាំរស្មី និងការប្រើថ្នាំគីមី៖ • ដំណាក់ទី១៖ ជាដំណាក់កាលដែលដុំសាច់​មានទំហំតូច ដូច្នេះ ការព្យាបាលគឺប្រើប្រាស់ការបាញ់កាំរស្មីតែម៉្យាងគត់ ប្រសិនបើមិនមានការចេញជាកូនកណ្តុរក។ ប៉ុន្តែប្រសិនបើក្នុងរយៈពេលតាមដានក្រោយការបញ្ចាំងកាំរស្មីអ្នកជំងឺមានលេចឡើងជាដុំសាច់នៅត្រង់កូនកណ្តុរកទៀតគ្រូពេទ្យអាចនឹងធ្វើការវះកាត់ដុំសាច់នោះចេញ។ • ដំណាក់ទី២ និង៣៖ ជាដំណាក់កាលដែលដុំសាច់មានទំហំធំជាងមុន បូករួមជាមួយការរាលដាលមកកូនកណ្តុរក នោះការព្យាបាលតម្រូវឲ្យមានការបញ្ចូលវិធីសាស្ត្រ ២ គឺមានទាំងការប្រើ​ប្រាស់ថ្នាំដើម្បីជួយបង្កើនប្រសិទ្ធភាពរបស់ការបាញ់កាំរស្មី និងការបញ្ចាំងកាំរស្មី ដើម្បីកម្ចាត់ចោលនូវដុំសាច់មហារីកនេះតែម្តង។ • ដំណាក់ទី៤៖ ជាដំណាក់ចុងក្រោយ ឬជាដំណាក់យឺតយ៉ាវ ដែលដុំសាច់អាចរាលដាល ចូលខួរក្បាល ឆ្អឹងខ្នង សួត និងថ្លើម។ ការព្យា បាលសម្រន់ការឈឺចាប់ ដោយការចាក់ថ្នាំគីមី ជាជម្រើសតែមួយគត់ដែលអាចប្រើប្រាស់ចំពោះអ្នកជំងឺ ដើម្បីជួយពន្យារអាយុជីវិត និងបង្កើនគុណ ភាពជីរិតរបស់អ្នកជំងឺបានខ្លះ។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺអាចឆ្លើយតបនឹងការព្យាបាលបែបថ្នាំគីមីនេះបានល្អ ដោយដុំសាច់ប្រែជាតូចជាងមុន បាត់អស់កន្លែងរាលដាលនៅ ឆ្អឹងខ្នង សួត និងថ្លើម គ្រូពេទ្យជំនាញអាចនឹងពិភាក្សាក្នុងការបញ្ចាំងកាំរស្មី បំបាត់ដុំសាច់ត្រង់គល់ច្រមុះនោះឲ្យគាត់បន្តទៀត។ ផលរំខាននៃការព្យាបាល អ្នកជំងឺអាចនឹងទទួលបាននូវផលរំខានមួយចំនួន ទៅតាមប្រភេទនៃការព្យាបាល ប៉ុន្តែវាមិនបង្ក ផលប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺទេ គ្រាន់តែរំខានដល់ការរស់នៅរបស់គាត់ប៉ុណ្ណោះ៖ • ការប្រើប្រាស់កាំរស្មី៖ អាចបង្កឲ្យមានការខូចខាតក្រពេញទឹកមាត់ (Parotid gland) ជាហេតុធ្វើឲ្យក្រពេញមិនអាចផលិតទឹកមាត់បាន ហើយអ្នកជំងឺមានសភាពស្ងួតមាត់ខ្លាំង។ ក្រៅពីនេះ អ្នកជំងឺអាចមានការរលាកមាត់ ឈឺមាត់ ពិបាកទទួលទានអាហារ ការរលាកស្បែកខាងក្រៅត្រង់តំបន់ក នៅអំឡុងពេលព្យាបាលផងដែរ។ ប៉ុន្តែអាការៈនេះនឹងបាត់ទៅវិញទាំងស្រុង ឬ៥០%បន្ទាប់ពីបញ្ចប់ការព្យាបាល។ • ការប្រើប្រាស់ថ្នាំគីមី៖ អាចបណ្តាលឲ្យមានការក្អួត ចង្អោរ និងចំនួនគ្រាប់ឈាមថយចុះជាដើម។ ការត្រៀមខ្លួនរបស់អ្នកជំងឺ គ្រប់ដំណាក់កាល ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្យាបាល អ្នកជំងឺត្រូវសហការជា មួយគ្រូពេទ្យនិងធ្វើការត្រៀមខ្លួនជាស្រេចដូចជា៖ • តមអាហារហឹរ ជូរខ្លាំង ក្តៅខ្លាំង និងចៀសវាងការប៉ះផ្ទាល់នឹងកម្តៅថ្ងៃ • បរិភោគអាហារដែលផ្តល់សុខភាពល្អ មានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាពិសេសពិសា ទឹកឲ្យបានច្រើន • អាចប្រើប្រាស់ទឹកខ្ពុរមាត់ដែលមានសូដ្យូមប៊ីកាបូណាត ដើម្បីកាត់បន្ថយមេរោគក្នុងមាត់ចំពោះអ្នកជំងឺមានបញ្ហារលាកមាត់ • លាបក្រែមប្រឆាំងការរលាកនៅតំបន់ដែល រលាកខ្លាំង។ គួរបញ្ជាក់ថា ការព្យាបាលជំងឺនេះមិនតម្រូវឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាន ព្រមទាំងអាចប្រកបរបរទទួលទានបានធម្មតា លើកលែងតែការប៉ះ កម្តៅថ្ងៃ។ ផលវិបាកនៃភាពយឺតយាវ ករណីអ្នកជំងឺមិនបានរួសរាន់មកទទួលការព្យាបាលឲ្យបានទាន់ពេលវេលា នោះអ្នកជំងឺអាចនឹងប្រឈមមុខនឹងការរីករាលដាលដុំសាច់ ទៅកាន់តំបន់សំខាន់ផ្សេងទៀត នៃរាងកាយមានដូចជា ឆ្អឹង សួតនិងថ្លើម ដែលបង្កឲ្យអ្នកជំងឺមានអាការៈកាន់តែ ធ្ងន់ធ្ងរ ជាពិសេសអាចនឹងបាត់បង់អាយុ ជីវិតទៀតផង។ វិធីសាស្រ្តការពារ នៅពេលបានដឹងអំពីកត្តាប្រឈម និងមូលហេតុ ដែលបង្កឲ្យមានជំងឺនេះហើយ យើងអាចកាត់បន្ថយអត្រានៃការកើតជំងឺនេះបានខ្លះតាមរយៈ វិធីសាស្ត្រការពារខ្លួន ដូចខាងក្រោម៖ • រក្សាអនាម័យក្នុងការរស់នៅ ដើម្បីកុំឲ្យឆ្លងមេរោគពីបរិយាកាស ក៏ដូចជាពីអ្នកដទៃ • បរិភោគតែអាហារផ្តល់សុខភាពល្អ និងចៀសវាងការបរិភោគអាហារផ្អាប់ អាហារខ្លោច ស្រា បារី ជាដើម។ ការសិក្សារបស់ប្រទេសហុងកុង រយៈពេល ២៥ ឆ្នាំ  ១៩៨៤-២០០៩ បានបង្ហាញថា អត្រាជំងឺមានការថយចុះរហូតដល់ ៥០%  ដោយ គ្រាន់តែបញ្ឈប់ការញ៉ាំអាហារផ្អាប់ និងខ្លោច • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាព ចំណាយថវិកាតិច និងចំណេញពេលវេលា។ ម៉្យាងទៀត សូមបញ្ឈប់ការបរិភោគអាហារផ្អាប់ និងខ្លោច ឲ្យបានកាន់តែច្រើនកាន់ តែប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត រិទ្ធ សុភារិន ឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

មហារីកសួត ឬ Lung Cancer ជាមហារីកមួយប្រភេទបង្កឡើងនៅក្នុងកោសិកានៃសាច់សួត ហើយវាត្រូវបានគេចែកជា ២ប្រភេទធំៗ ដោយផ្អែកលើលក្ខណៈកោសិកា ការវិនិច្ឆ័យ និងព្យាបាលដែលរួមមាន Non-small Cell Lung Cancer (NSCLC) និង Small Cell Lung Cancer (SCLC)។ បច្ចុប្បន្ន ជំងឺមហារីកសួតមានការប្រែប្រួលកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយច្រើនកើតមាននៅលើបុរសជាងស្រ្តី ដោយសារកត្តាបរិស្ថាន និងការជក់បារី។ គួរបញ្ជាក់ថា ជំងឺមហារីកសួតស្ថិតនៅលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមចំពោះបុរស  និងលំដាប់ទី៤ចំពោះស្ត្រី ដែលមានអត្រាគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា។ មូលហេតុ តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានកំណត់នូវមូលហេតុបង្កជំងឺមហារីកសួតជាចម្បងបំផុតគឺផ្សែងបារី និងកត្តារួមផ្សំមួយចំនួនទៀតដូចជា កត្តាបរិស្ថាន និងការប្រឈមជាមួយសារធាតុពុលពេលដកដង្ហើមចូលជាដើម។ រោគសញ្ញា ជាទូទៅ មហារីកសួតស្តែងចេញជារោគសញ្ញាមានលក្ខណៈខុសគ្នាអាស្រ័យទៅលើកន្លែង ឬទីតាំង និងការរីករាលដាលនៃដុំសាច់ដែលរួមមានការក្អកធម្មតារ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម និងឈឺចាប់ក្នុងទ្រូង។ ករណីខ្លះអ្នកជំងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារដុំមហារីកសួតកាន់តែរីកធំ សង្កត់ផ្នែកមួយជិតបំពង់កធ្វើឲ្យហើម (Supraveina Cava Syndrome) និងលេចចេញជាសញ្ញាហត់ជាដើម។ យន្តការនៃជំងឺ ជំងឺមហារីកសួតកើតឡើងដោយសារមានការប្រែប្រួលខុសធម្មតានៃកោសិកាមួយរបស់សាច់សួតដោយសារមានការរលាក។ ការរលាកនេះ បណ្តាលមកពីការជក់បារីញឹកញាប់ ឬច្រើនដងក្នុងមួយថ្ងៃមានរយៈពេលយូរឆ្នាំ (លើសពី២០កញ្ចប់ក្នុងមួយឆ្នាំ) ជាលទ្ធផលបង្កឲ្យកោសិកាសាច់សួតរលាករុំារ៉ៃ និងមានបម្រែបម្រួលហ្សែន (Genemutation)យូរឆ្នាំ រហូតដល់ក្លាយជាកោសិកាមហារីក។ កោសិកាមហារីកនេះចាប់ផ្តើមរីករាលដាលធំឡើងៗ រហូតដល់រយៈពេលមួយដែលវាដុះសង្កត់ទៅលើទងសួត ធ្វើឲ្យអ្នកជំងឺលេចចេញជារោគសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។ មិនខុសពីជំងឺមហារីកផ្សេងទៀត  មហារីកសួតក៏អាចរីករាលដាលទៅបំពង់រំលាយអាហារ ឆ្អឹង ខួរក្បាលនិងសរីរាង្គផ្សេងទៀតផងដែរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ករណីសង្ស័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះទងសួត (Bronchoscopy) ដើម្បីច្រឹបយកកោសិកា (Biopsy) មហារីកសួតយកទៅពិនិត្យ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកអាចនឹងមានការប្រជុំរវាងគ្រូពេទ្យឯកទេសផ្សេងៗរួមមាន គ្រូពេទ្យឯកទេសមហារីកដោយបញ្ចាំងកាំរស្មី (Radiation Oncologist) គ្រូពេទ្យឯកទេសមហារីកដោយចាក់ថ្នាំគីមី (Medical Oncologist)គ្រូពេទ្យឯកទេសខាងសួត (Pneumologist)គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ (Radiologist) និងគ្រូពេទ្យវះកាត់ផ្នែកសួត (ThoracicSurgeon) ដើម្បីពិភាក្សាគ្នារកយុទ្ធសាស្ត្រ​​ ក្នុងការព្យាបាលអ្នកជំងឺ។ ក្នុងការព្យាបាលនោះរួមមាន ការវះកាត់ដែលផ្តល់នូវប្រសិទ្ធភាពអាចជួយអ្នកជំងឺឲ្យជាសះស្បើយក្នុងកម្រិតខ្ពស់ ពិសេសនៅដំណាក់កាលដំបូង។ ការព្យាបាលដោយកាំរស្មី និងការប្រើថ្នាំគីមីជាការព្យាបាលមុន ឬបន្ថែមក្រោយវះកាត់ (Adjuvant ឬ Neo-adjuvant modalities) ឬជាការជ្រើសរើសដោយមិនមានការវះកាត់ដោយសារ  (exclusive treatment) ដំណាក់កាលជំងឺមិនអាចវះកាត់បាន (Non-resectable ឬ non-operable)។ គួរបញ្ជាក់ថាអ្នកជំងឺមហារីកសួតភាគច្រើន  (ជាង ៩០%) ដែលបានទទួលការព្យាបាល អត្រានៃការរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំមានត្រឹម២០%ប៉ុណ្ណោះដោយសារតែការរកឃើញជំងឺនេះនៅពេលព្យាបាលស្ថិតនៅដំណាក់កាលខ្ពស់ (Late stage) រួមផ្សំនឹងការភ្ជាប់មកជាមួយនឹងស្ថានភាពចុះខ្សោយនៃមុខងារសួត និងសរីរាង្គសំខាន់ជាច្រើនទៀត (ដែលមូលហេតុជាច្រើនមកពីការជក់បារី)។ វិធីសាស្រ្តការពារ • បញ្ឈប់ការជក់បារី និងចៀសវាងការហិតផ្សែងបារី (Second hand smoker) • បញ្ឈប់ការផ្សព្វផ្សាយពីពាណិជ្ជកម្មបារីដែលជាកត្តាជំរុញឲ្យមានការជក់បារីកាន់តែច្រើន • ចៀសវាងការប៉ះសារធាតុគីមីពុល និងថ្នាំសម្លាប់សត្វល្អិត • តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ បកស្រាយដោយ  ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និងមន្ទីរពេទ្យ សូរិយា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។ ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។ នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។ ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖ -Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។ -exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។ គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។ ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។ ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top