ជុំវិញការងារស្ម័គ្រចិត្តដែលអ្នកអាចមិនធ្លាប់បានដឹង…
ការងារស្ម័គ្រចិត្តអាចកើតមានក្នុងរូបភាពផ្សេងៗពីគ្នាដែលជាការងារមួយមិនត្រឹមតែជួយឲ្យបំពេញនូវចន្លោះពេលទំនេររបស់បុគ្គលម្នាក់ឲ្យមានប្រយោជន៍ទេ វាថែមទាំងរួមចំណែកជួយដល់បុព្វហេតុសង្គមណាមួយផងដែរ។
Konexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយលោក ឆាលី សំសុក្រឹត្យ ដែលមានបទពិសោធន៍ជាង៧ឆ្នាំជាមួយការងារស្ម័គ្រចិត្តនិងជាប្រធានក្រុមការងារស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ប្រចាំឆ្នាំBarCamp ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…
គុណប្រយោជន៍នៃការងារស្ម័គ្រចិត្ត
- ចូលរួមចំណែកជួយដល់សង្គមជាតិ
- បង្ហាញឲ្យអ្នកដទៃឃើញពីការគោរព និងស្រឡាញ់ខ្លួនឯង
- ស្គាល់ខ្លួនឯងរឹតតែច្បាស់ ព្រមទាំងកាន់តែចេះឲ្យតម្លៃខ្លួនឯង
- ដឹងថាទោះបីជាមនុស្សបែបណា មានជំនាញអ្វី ហើយស្ថិតក្នុងស្ថានភាពណា ក៏សុទ្ធតែអាចផ្តល់ប្រយោជន៍ដល់សង្គមដូចគ្នា។
សំណួរអ្នកគួរសួរខ្លួនឯង ពេលជ្រើសរើសការងារស្ម័គ្រចិត្ត
- តើការងារមួយនេះមានលក្ខណៈអ្វីខ្លះពិសេសជាងការងារដទៃ?
- តើវាអាចផ្តល់អ្វីខ្លះមកឲ្យយើង?
- តើវាស័ក្តិសមនឹងយើងឬទេ (ស្របតាមមុខជំនាញសិក្សា ឬការងារ)?
- តើវានឹងអាចកែប្រែយើងបានកម្រិតណា? ក្នុងរូបភាពបែបណាខ្លះ?
- តើវាអាចឲ្យយើងស្គាល់ខ្លួនឯងថែមទៀតឬអត់?
- តើការងារមួយនេះនឹងផ្តល់ឱកាសឲ្យយើងយល់ពីបញ្ហាសង្គមអ្វីខ្លះ?
- តើវាផ្តល់ឱកាសឲ្យរៀនពីអ្នកដទៃឬទេ?
ប្រភេទការងារស្ម័គ្រចិត្តដែលមិនគួរមើលរំលង
ការងារដែលទាញយើងចេញពីភាពស្រណុក ជាពិសេសការចុះទៅតាមខេត្ត ឬ តំបន់ណាក៏ដោយឲ្យតែមិនមែនជាកន្លែងយើងនៅសព្វថ្ងៃ ដើម្បីមានឱកាសជួបជាមួយបរិស្ថានថ្មី មនុស្សថ្មី បញ្ហាថ្មី ហើយការមើលទៅកាន់ពិភពលោករបស់យើងក៏កាន់តែទូលំទូលាយជាងមុនដែរ។
ប្រភេទការងារដែលពេញចិត្តជាងគេ
ការងារដែលអាចឲ្យផ្សារភ្ជាប់ជំនាញដែលកំពុងសិក្សា និង ការងារដែលខ្លួនកំពុងបំពេញ ដូចជាBarCampជាដើម ដែលអាចឲ្យអ្នកមានជំនាញផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងមួយទៀត ទាញយកគុណប្រយោជន៍បានច្រើនយ៉ាង។
លក្ខណៈសម្បត្តិនៃអ្នកស្ម័គ្រចិត្តឆ្លាតវៃ
- ស្គាល់ខ្លួនឯងឲ្យបានច្បាស់
- ស្គាល់ពីការងារដែលខ្លួនចូលរួម
- បើកចិត្តឲ្យទូលាយទទួលយកបទពិសោធន៍ថ្មី
- មានចិត្តចង់ដឹង ចង់រៀនពីគ្រប់គ្នា
- ចាត់ទុកមិត្តរួមការងារ ប្រធានក្រុម និងអ្នកដែលពាក់ព័ន្ធជាគ្រូ ព្រោះថាយើងនឹងធ្វើការជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗពីគ្នា
- គ្រប់គ្រងខ្លួនឯង ជាពិសេសការបែងចែកពេលវេលា ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងារផ្ទាល់ខ្លួន
- ធ្វើការងារឲ្យមានប្រសិទ្ធភាព
- ចេះវិភាគលើបញ្ហាសង្គម ព្រោះការងារស្ម័គ្រចិត្តភាគច្រើនទាក់ទងនឹងបញ្ហាសង្គមដែលចោទឡើង
- បង្កើតគំនិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។
ចំណុចដែលបេក្ខភាពគួរមាន ដើម្បីទទួលបានការងារស្ម័គ្រចិត្ត
- ស្គាល់ពីអង្គភាពនៃអ្នកចាត់ចែងកម្មវិធី
- ស្គាល់ពីខ្លួនឯង
- ស្គាល់ពីគោលបំណងនៃការងារស្ម័គ្រចិត្ត
- មានគោលបំណងច្បាស់លាស់ក្នុងការចូលរួមការងារស្ម័គ្រចិត្ត
- មានភាពឆ្លាតវៃក្នុងការគ្រប់គ្រងការងារ ពេលវេលា និងស្ថានភាពបញ្ហា
- មានចំណង់ក្នុងការចង់រៀនបន្ថែម
- មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ
លក្ខណៈពិសេសដែលជួយឲ្យក្លាយជាអ្នកដឹកនាំ
- មានសមត្ថភាពក្នុងការធ្វើការងារជាមួយមនុស្ស
- មិនផ្តោតសំខាន់តែលើការបញ្ចប់ការងារតាមគោលដៅមួយមុខ
- ព្យាយាមបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាព
សារសម្រាប់មិត្តអ្នកអាន
គួរតែស្វែងយល់ពីខ្លួនឯងបន្ថែម ហើយសួរខ្លួនឯងថាតើការជួយសង្គមមានន័យយ៉ាងណាសម្រាប់ខ្លួនយើង? ហើយការរីកចម្រើនអ្វីខ្លះ ដែលយើងចង់អោយកើតមានឡើងក្នុងសង្គម? ហេតុនេះហើយ គួរចាប់ផ្តើមរៀបចំពេលវេលា និងចូលរួមធ្វើការងារស្ម័គ្រចិត្ត ដើម្បីឲ្យសង្គមមានការរីកចម្រើនទាំងអស់គ្នា…