តើខ្ញុំដឹងថាខ្ញុំអស់រដូវដោយរបៀបណា?
តើអ្វីទៅជាការត្រៀមអស់រដូវ?
ការត្រៀមអស់រដូវ គឺជារយៈពេលចុងក្រោយនៃភាពចាស់របស់កន្សោមពង ដែលសំដែងចេញជារោគសញ្ញាផ្សេងៗ។ ការត្រៀមអស់រដូវនេះសំដៅលើ ភាពមិនទៀងទាត់របស់វដ្តរដូវ ដូចជា វដ្តរដូវមានរយៈពេលខ្លី ឬវែងជាងមុនខុសធម្មតាការធ្លាក់ឈាមរដូវតិច ឬច្រើនខ្លាំង ការធ្លាក់ឈាមចន្លោះរដូវ ដោយសារមានការប្រែប្រួលអ័រម៉ូនបញ្ចេញដោយដៃស្បូន។ ការត្រៀមអស់រដូវ ជាទូទៅអាចចាប់ផ្តើមនៅចន្លោះអាយុពី ៤០ឆ្នាំទៅ ៤៥ឆ្នាំដែលភាគច្រើន មានរយៈពេល៥ឆ្នាំ មុននឹងឈានដល់អស់រដូវតែម្តង។
រោគសញ្ញា និងបម្រែបម្រួលរាងកាយ
ការថយចុះនូវអ័រម៉ូនអូវែ Progesterone និង Estrogen ធ្វើឲ្យរាងកាយរបស់ស្ត្រីមានការប្រែប្រួល រួមជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា៖
បម្រែបម្រួលរាងកាយ៖ រោគសញ្ញាអាចមានលក្ខណៈធ្ងន់ធ្ងរ ឬអត់ អាស្រ័យលើលក្ខណៈធម្មជាតិ និងសុខភាពរបស់ស្ត្រីម្នាក់ៗ ទាក់ទងនឹងការថយចុះ អ័រម៉ូនរបស់អូវែ ដែលវានឹងចុះរហ័ស ឬសន្សឹមៗ។ ជាញឹកញាប់អ្នកជំងឺអាចមានអាការៈ អស់កម្លាំង ក្តៅក្នុង ហត់ ឈឺក្បាល ឈឺសុដន់ ស្បែកស្ងួត បែកញើសច្រើនពេលយប់ដើមទ្រូងរួមតូច ឡើងទម្ងន់។ ក្រៅពីរោគសញ្ញាខាងលើ ស្ត្រីមួយចំនួនក៏បានប្រឈមនឹង ទ្វារមាសស្ងួត ក្តៅ សរីរាង្គបន្តពូជ ចាប់ផ្តើមរួមតូចបន្តិចបន្តួច ឈឺចាប់ពេលរួមភេទ ថយចុះអារម្មណ៍ផ្លូវភេទ នោមញឹក មានអារម្មណ៍ថាពិបាកទប់ពេលឈឺនោម។ ករណីខ្លះ សរសៃយឺតតោងរបស់ស្បូនគាត់ចាប់ផ្តើមចុះខ្សោយជាហេតុបង្កឲ្យស្រុតស្បូន ឬប្លោកនោម នៅពេលអស់រដូវ ។
បម្រែបម្រួលផ្លូវចិត្ត៖ ភាគច្រើនស្ត្រីមួយចំនួនអាចប្រឈមនឹងការពិបាកក្នុងការគេង មួរម៉ៅ ឆាប់ភ្លេចភ្លាំង ពិបាកចិត្ត គិតច្រើនដោយសារភាព រអាក់រអួលរដូវ។ ម៉្យាងទៀត ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យគាត់មានអារម្មណ៍ឆេវឆាវ ស្ត្រេស ស្មុគស្មាញច្រើន។
រោគវិនិច្ឆ័យ
ភាគច្រើនការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទៅលើ អាយុ សញ្ញានានាដូចបានរៀបរាប់ខាងលើ រួមនឹងរោគសញ្ញាអមគ្លីនិកដែលជាការធ្វើរោគវិនិច្ឆ័យ តាមរយៈការពិនិត្យឈាមដើម្បីឲ្យដឹងពីការកើនឡើងនិងថយចុះនៃអ័រម៉ូនមួយចំនួន។ ជាលទ្ធផល កាលណាមានការកើនឡើងអ័រម៉ូនដែលបញ្ចេញ ដោយខួរក្បាល FSH និងLH ព្រមជាមួយនឹងការថយចុះអ័រម៉ូនដែលបញ្ចេញដោយក្រពេញអូវែគឺ anti Mullerium hormone (AMH) អ័រម៉ូន Estrogen និងProgesterone នោះបញ្ជាក់បានថាគាត់កំពុងស្ថិតក្នុងដំណាក់កាលនៃការត្រៀមអស់រដូវ។
ការព្យាបាល
ជាទូទៅស្ត្រីត្រូវបានទទួលការប្រឹក្សាពីអ្នកជំនាញឲ្យយល់ច្បាស់អំពីស្ថានភាពរបស់គាត់ ព្រមជាមួយនឹងរោគសញ្ញាត្រៀមអស់រដូវមួយចំនួនដែល អាចនឹងកើតមាន ដើម្បីសម្រួលផ្លូវចិត្ត និងទទួលយកការព្យាបាលដ៏ត្រឹមត្រូវមួយ។ សូមបញ្ជាក់ថា ការព្យាបាលរយៈពេលត្រៀមអស់រដូវគឺជា រយៈពេលរដូវរអាក់រអួលមិនទៀងទាត់ ដូច្នេះការព្យាបាលធានាឲ្យស្ត្រីមានរដូវទៀងទាត់មកវិញ ឬបន្តមករដូវជាធម្មតាតាមរយៈការព្យាបាលដោយ ប្រើអ័រម៉ូន HRT (Hormone Replacement Therapy) ឬវីតាមីនចម្រុះដែលមានមុខងារជំ-នួយសម្រាប់ស្ត្រីត្រៀមអស់រដូវ។ ដូចគ្នាផងដែរ ស្ត្រីខ្លះទាមទារឲ្យមានការព្យាបាលទៅតាមរោគសញ្ញា ដូចជាការប្រើប្រាស់ជែលរំអិលទ្វារមាសចំពោះអាការៈមានរមាស់នៅទ្វារមាសជាដើម។
ដំបូន្មាន
គ្រប់ស្ត្រីដែលឈានដល់អាយុត្រៀមអស់រដូវមានសញ្ញាដូចខាងលើ គួរតែមកជួបជាមួយគ្រូពេទ្យឯកទេស ធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អ រួមទាំងគុណភាពជីវិតកាន់តែប្រសើរ។
ស្ត្រីក្នុងវ័យនេះផងដែរ គួរថែរក្សាសុខភាពឲ្យបានល្អដោយការគ្រប់គ្រងទម្ងន់របស់គាត់តាមរយៈ៖
• ធ្វើលំហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដូចជាការដើរ រត់ ឬរាំដើម្បីបញ្ចេញញើស។
• កំណត់របបអាហារត្រឹមត្រូវ ដោយទទួលទានអាហារប្រភេទបន្លែ ផ្លែឈើ ទឹកដោះគោ និងទឹកសណ្តែក ព្រោះវាសម្បូរដោយប្រូតេអ៊ីន វីតាមីនចម្រុះ និងកាល់ស្យូម។
• គេងឲ្យបានគ្រប់គ្រាន់ (ចៀសវាងប្រើទូរស័ព្ទមុនគេង ឬដាក់ទូរទស្សន៍ក្នុងបន្ទប់គេង និងបន្ថយការគិតមុនគេង)។
• បន្ថយការញ៉ាំកាហ្វេ ស្រា និងបារី។
មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីក្នុងដំណាក់កាលត្រៀមអស់រដូវ គួរស្រាវជ្រាវរកជំងឺមហារីកផ្សេងៗដូចជាមហារីកមាត់ស្បូន មហារីកសុដន់ជាដើម ព្រោះវ័យនេះ ស្ថិតក្នុងអត្រានៃការកើតជំងឺមហារីកខ្ពស់។
បកស្រាយដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ឯកទេសសម្ភព-រោគស្ត្រី និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌល
ជាតិគាំពារមាតា និងទារក។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។