ជំនាញទន់ដែលសិស្សវិទ្យាល័យគួរតែមាន
ការស្វែងរកការងាររបស់សិស្សទើបតែបញ្ចប់ការសិក្សា ឫចំពោះអ្នកដែលពុំធ្លាប់មានបទពិសោធន៍ការងារពីមុនមក គឺជារឿងមួយដែលលំបាក និងប្រើប្រាស់រយៈពេលយូរក្នុងការទទួលបានការងារមួយដែលមានលំនឹង និងប្រើប្រាស់រយៈពេលយូរក្នុងការទយលបានការងារមួយដែលមានលំនឹង ព្រមទាំងស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន។
កញ្ញា លីម ហ៊ួង ដែលសព្វថ្ងៃជានាយកប្រតិបត្តិនៅស្ថាប័ន First Solutions (Cambodia) Co, Ltd បានផ្តល់ជាគន្លឹះសំខាន់ៗដល់ហេលស៍ថាម ដើម្បីចែកជូនមិត្តអ្នកអានក្នុងការត្រៀមលក្ខណៈ និងជំនាញទន់ដែលគួរមានសម្រាប់ប្រលូកក្នុងវិស័យការងារនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា កញ្ញាជាអតីតនិសិ្សតបរិញ្ញាបត្រខាងផ្នែកច្បាប់ពីសាកលវិទ្យាល័យកម្ពុជា និងផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យភូមិនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) មុននឹងបន្តថ្នាក់អនុបណ្ឌិតនៅ Chales Sturt University ប្រទេសអូស្រា្តលីខាងជំនាញពាណិជ្ជកម្ម។ កញ្ញាធ្លាប់មានបទពិសោធន៍ការងារច្រើនជាមួយស្ថាប័នផ្សេងៗជាពិសេសខាងផ្នែកទំនាក់ទំនង ព្រមជាមួយនឹងជំនាញការប្រើប្រាស់ភាសាខ្មែរ អង់គ្លេស ជប៉ុន និងចិនបានយ៉ាងស្ទាត់ជំនាញ។
ហេលស៍ថាម៖ សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ការងារ គួរតែមានជំនាញអ្វីខ្លះ?
ចម្លើយ ៖ ខ្ញុំយល់ថាចំពោះអ្នកដែលទើបតែរៀនចប់ ឬអ្នកដែលពុំទាន់មានបទពិសោធន៍ការងារពីមុនមកទាល់តែសោះ គួរតែមានជំនាញមួយចំនួន ដើម្បីក្លាយជាបេក្ខភាពលេចធ្លោ។
• ជំនាញភាសាក្រៅពីភាសាជាតិរបស់ខ្លួន ដែលអាចជាភាសាអង់គ្លេស ឬ ភាសាផ្សេងទៀត ដែលវាជាទុនមួយសម្រាប់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗពិចារណាក្នុងការសម្រេចចិត្តជ្រើសរើស។
• ចំពោះអ្នកគ្មានចំណេះដឹងខាងភាសា គួរតែមានប្រវត្តិការសិក្សាដែលអាចយកជាការបាន រួមជាមួយជីវប្រវត្តិទាក់ទងទៅនឹងការធ្លាប់ទទួលបានការបណ្តុះបណ្តាលពីជំនាញផ្សេងៗតាមកម្មវិធីមួយចំនួន ក្រៅពីការសិក្សានៅតាមសាលារបស់ពួកគាត់ ជំនាញទាំងនេះអាចមិនមែនជាបទពិសោធន៏នោះទេតែវាក៏ជាចំណេះដឹងមួយផ្នែកផងដែលទាក់ទងនឹងការបណ្តុះបណ្តាល។
• ជំនាញពិសេសមួយចំនួន ដូចជាជំនាញកុំព្យូទ័រ រឺផ្នែករចនា ជាដើម។
ហេលស៍ថាម៖ ជំនាញទន់ ដែលសិស្សវិទ្យាល័យ ក៏ដូចជាបុគ្គលគ្រប់រូបគួរតែមាន ដើម្បីត្រៀមខ្លួនបម្រើការងារ?
ចម្លើយ ៖ បុគ្គលគ្រប់រូបរួមនឹងសិស្សវិទ្យាល័យ ខ្ញុំយល់ថាពួកគាត់គួរតែមានការរៀបចំខ្លួនឲ្យបានមុននូវជំនាញទន់ទាំងនោះ ដែលមិនមែនជាជំនាញពិសេស រឺត្រូវការហ្វឹកហាត់លក្ខណៈជាផ្លូវការនោះទេ។
• ជំនាញក្នុងការប្រាស្រ័យទាក់ទង(Networking)។ ជាការពិត វាជាការល្អក្នុងការមានទំនាក់ទំនងជាមួយមិត្តភក្តិច្រើនក្នុងសង្គមការសិក្សារបស់គាត់ ។
ផ្ទុយទៅវិញ ជំនាញទន់ខាងទំនាក់ទំនងនេះ គឺពួកគាត់គួរតែប្រើប្រាស់ពេលវេលាចូលរួមកម្មវិធីផ្សេងៗ ដូចជាវេទិកានិសិ្សតសម្រាប់ចែកជាបទពិសោធន៏ដល់គ្នាទៅវិញទៅមក ហើយអាចមានកម្មវិធីជាច្រើនទៀតសំរាប់យុវជនក្មេងៗ តាមរយៈកម្មវិធីទាំងនេះផងដែរអាចជាឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងសិស្សច្បង។
• មានការដុសខាត់ទម្លាប់ក្នុងការរៀបចំ គោរពពេលវេលា (Time Management) ឲ្យមានប្រសិទ្ធិភាព ដែលជាការល្អ ទម្លាប់ទាំងនេះគួរតែមានការអនុវត្តទាំងពីថ្នាក់វិទ្យាល័យ។
• ការប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងការរស់នៅល្អ ក៏ជាកត្តាសំខាន់ផងដែរក្នុងវិស័យការងារ។ វាមានតម្លៃខ្ពស់ក្នុងការប្រកបការងារ ឬការទទួលបានអាហារូបករណ៏ ជាក់ស្តែងទោះបីជាពួកគាត់ទទួលបានពិន្ទុខ្ពស់លើជំនាញតែក្រមសីលធ៌មមានសភាពអន់ខ្សោយ ក៏វាជាការពិបាកក្នុងការទទួលបានការងារល្អផងដែរ។
ហេលស៍ថាម៖ ជំនាញទន់ទាំងនោះ អាចនឹងទទួល ឫរៀនសូត្របានតាមរយៈវិធីអ្វីខ្លះ?
ចម្លើយ ៖ ទោះបីជាជំនាញទន់ជាការអប់រំក្រៅប្រព័ន្ធ ប៉ុន្តែបុគ្គលគ្រប់រូបគួរតែចំណាយពេលវេលាដោយស្ម័គ្រចិត្តក្នុងការធ្វើកម្មវិធីទៅតាមវិទ្យាល័យនៅទីក្រុង និងតាមទីបណ្តាខេត្តផ្សេងៗ កម្មវិធីនេះមិនប្រាកដថាផ្តល់ផលប្រយោជន៍បានទាំងស្រុងនោះទេ តែវាក៏ជាផ្នែកតូចមួយសម្រាប់ចែករំលែកការអប់រំដល់គ្នាទៅវិញទៅមក។
ម៉្យាងវិញទៀត ពួកគេអាចចូលរួមកម្មវិធីដែលធ្វើឡើងដោយអ្នកជំនាញផ្សេងៗទាក់ទងនឹងការចែកចាយគំនិតក្នុងការរៀបចំខ្លួនសម្រាប់ចូលរៀនថ្នាក់បរិញ្ញាបត្រ ឬមុនចូលបម្រើការងារ ពីព្រោះតាមរយៈកម្មវិធីនេះពួកគេអាចទទួលបានវិធីសាស្រ្តថ្មីៗ ឬយល់ដឹងពីផលប៉ះពាល់ក្នុងការគ្មានជំនាញទន់ ។
ហេលស៍ថាម៖ ការដុសខាត់នូវជំនាញទន់ អាចធ្វើបានតាមរូបភាពអ្វីខ្លះ?
ចម្លើយ៖ ដើម្បីតម្រង់ទិស ដុសខាត់អ្នកវ័យក្មេង ទីមួយ គឺទាក់ទងនឹងបរិយាកាសជុំវិញខ្លួន យើងអាចនិយាយបានថាសង្គមគ្រួសារជាបរិយាកាសចម្បង ដែលវាជាបំណែកមួយក្រៅពីសង្គមនៅតាមសាលារៀន ឬវិទ្យាល័យ ដែលពួកគាត់កំពុងតែទទួលបានការបណ្តុះបណ្តាល។
បន្ថែមពីសង្គមទាំងពីរខាងលើ ពួកគាត់អាចត្រូវបានដុសខាត់តាមរយៈកម្មវិធីដែលរៀបចំឡើងដោយថ្នាក់ដឹកនាំនៅតាមក្រុមហ៊ុនឯកជន ឬក្នុងស្ថាប័នរដ្ឋ ដោយហេតុថាកម្មវិធីនេះអាចផ្តល់ឱកាសឲ្យពួកគាត់ស្វែងយល់ពីសង្គមដែលមានលក្ខណៈថ្មីហើយប្លែក ក្រៅពីសង្គមគ្រួសារដែលបានឆ្លងកាត់រយៈពេលយូរ ដោយវាហាក់ដូចជាគ្មានអ្វីប្លែក។
ហេលស៍ថាម៖ សិស្សវិទ្យាល័យគួរធ្វើ និងមិនគួរធ្វើអ្វីខ្លះ ដើម្បីមានអាទិភាពជាងគេ ពេលដែលដាក់ពាក្យបម្រើការងារ?
ចម្លើយ៖ ការសិក្សា ឬការទទួលការហ្វឹកហាត់ពីអ្នកដទៃមិនអាចដុសខាត់សមត្ថភាពបាន១០០%ទេ ដូច្នេះ ពួកគាត់គួរតែយកនូវអ្វីដែលខ្លួនបានរៀនកន្លងមក យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ពីព្រោះការរៀនបានទ្រឹស្តី តែខ្វះការអនុវត្ត ចំណេះដឹងទាំងនោះក៏ត្រូវបានកប់ចោលដោយឥតប្រយោជន៍។
បន្ថែមពីនេះ ពួកគាត់គួរតែមានជំនាញទន់ដែលបាននិយាយខាងលើ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ការចូលរួមក្នុងសង្គមក៏ជាអ្វីដែលពួកគាត់គួរធ្វើ ដូចជាការជួយសង្គមតាមកម្មវិធីសប្បុរសធម៌ ឬការចុះជួយសហគមន៍តាមរូបភាពផ្សេងៗ ពីព្រោះថាវាអាចជួយឲ្យពួកគាត់មានក្តីស្រមៃផ្សេង ក្រៅពីការសិក្សាតាមសាលារៀន។
ផ្ទុយមកវិញ អ្វីដែលគាត់មិនគួរធ្វើ គឺប្រព្រឹត្តិអ្វីដែលខុសដោយចេតនាផ្ទុយទៅនឹងទ្រឹស្តីដែលគាត់បានរៀន ដោយវាអាចប៉ះពាល់ដល់កិត្តិយស ការប្រកបការងាររបស់ខ្លួនគាត់ផ្ទាល់។ ដូច្នេះ គួរកុំប្រព្រឹត្តិអ្វីដែលខុសពីឆន្ទៈរបស់ខ្លួន ដូចជាពាក្យគេថា «បើយើងរៀន គឺយើងត្រូវគិតថាយើងរស់នៅមួយជីវិត»។