ថ្នាំបំបាត់អាការៈចុកចុងដង្ហើមអាចបង្កើនហានិភ័យដែលធ្វើឲ្យឆាប់ស្លាប់?
ការសិក្សាស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទក្នុងទស្សនាវដ្ដី The British Medical Journal Open បាននិយាយថា ការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំប្រភេទ Proton-pump inhibitors (PPIs) (វាមានមុខងារធ្វើការបញ្ឈប់អាស៊ីតដ៏ច្រើនលើសលប់ក្នុងក្រពះ) មានការផ្សារភ្ជាប់ជាមួយនឹងការបង្កើនហានិភ័យដែលធ្វើឲ្យឆាប់ស្លាប់ពីមូលហេតុផ្សេងៗប្រមាណ ២៥%។
គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវនេះមិនបានធ្វើការសិក្សាទៅលើថ្នាំ Proton-pump inhibitors ដែលគ្មានវេជ្ជបញ្ជា ឬក៏ម៉ាកថ្នាំណាមួយដែលចេញដោយវេជ្ជបញ្ជាឡើយ។ ជាទូទៅថ្នាំប្រភេទនេះត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ចំពោះអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេលយូរ ហើយFDA នៃសហរដ្ឋអាមេរិកក៏អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រភេទនេះដោយគ្មានវេជ្ជបញ្ជាក្នុងកម្រិតទាបហើយរយៈពេលដ៏ខ្លីមួយ។
ការប្រៀបធៀប
បើយោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Ziyad Al-Aly (អ្នកនិពន្ធជាន់ខ្ពស់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington) បានឲ្យដឹងថា ការស្រាវជ្រាវពីមុនបានបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់ថ្នាំ Proton-pump inhibitors ទៅនឹងការបង្កើនហានិភ័យដែលបណ្ដាលឲ្យសុខភាពមិនល្អ ក្នុងនោះមានច្រើនដែលបានបង្ហាញថាការប្រើប្រាស់ថ្នាំទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមួយចំនួនដូចជាជំងឺតម្រងនោម ការបាក់ឆ្អឹង ជំងឺរលាកសួត ជំងឺវិកលចរិក ការឆ្លងមេរោគ C. diff និងជំងឺសរសៃឈាមបេះដូង។
លោក Al-Aly និងសហការីរបស់លោកបានសួរសំណួរដ៏សាមញ្ញមួយថា តើនេះមានន័យថាមានការកើនឡើងហានិភ័យនៃការស្លាប់ឬ? ដើម្បីឆ្លើយនឹងសំណួរនេះពួកគេបានពិនិត្យមើលទិន្នន័យរបស់ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក(មានប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិចដ៏ធំជាងគេក្នុងពិភពលោក) ដែលមានទិន្នន័យប្រមាណជា ៣.៥លាននាក់ ដែលអាចធ្វើការពិនិត្យមើលអ្នកជំងឺជាច្រើន និងអាចធ្វើការតាមដានពួកគេក្នុងរយៈពេល៦ឆ្នាំ ដើម្បីសិក្សាទៅលើការស្រាវជ្រាវ។
ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកដែលបានប្រើប្រាស់ថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលប្រើប្រាស់ថ្នាំប្រភេទដទៃទៀតដែលជួយកាត់បន្ថយអាស៊ីតក្រពះគឺ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន H2 ឬត្រូវបានគេស្គាល់ថាជា H2 blockers។ ពួកគេក៏បានធ្វើការប្រៀបធៀបមួយទៀតដែលមានរួមបញ្ចូលអ្នកដែលប្រើប្រាស់ថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលមិនមានប្រើថ្នាំ H2 blockers ឬPPIs។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាអ្នកដែលប្រើ Proton-pump inhibitors មានហានិភ័យខ្ពស់នឹងការស្លាប់ ២៥% ដែលបណ្ដាលមកពីមូលហេតុទាំងអស់ បើធៀបជាមួយនឹងអ្នកដែលប្រើថ្នាំ H2 blockers។ លោកបានពន្យល់ថាប្រសិនបើមានអ្នកជំងឺចំនួន៥០០នាក់ប្រើប្រាស់ថ្នាំ Proton-pump inhibitors រយៈពេលមួយឆ្នាំនោះនឹងមានម្នាក់ស្លាប់ ដែលអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំ និងបានបន្តថាប្រសិនបើអ្នកជំងឺប្រើថ្នាំ PPIs នេះកាន់តែយូរនោះហានិភ័យដែលពួកគេប្រឈមនឹងការឆាប់ស្លាប់គឺកាន់តែខ្ពស់។
នៅពេលដែលប្រៀបធៀបរវាងអ្នកប្រើថ្នាំ Proton-pump inhibitors ជាមួយនឹងអ្នកដែលមិនមានប្រើថ្នាំ H2 blockers ឬPPIs ការវិភាគបានបង្ហាញថាមានកម្រិតហានិភ័យខ្ពស់ប្រមាណ២៥%ស្មើគ្នាត្រូវបានរកឃើញ។
លោក Al-Aly និងសហការីរបស់លោកបាននិយាយថាវាពុំមានហេតុផលជីវសាស្ត្រណាមួយច្បាស់លាស់ក្នុងការពន្យល់អំពីទំនាក់ទំនងរវាង PPIs និងការកើនឡើងហានិភ័យនៃការស្លាប់នោះទេ។ ភស្ដុតាងបានបង្ហាញថា ថ្នាំទាំងនេះបានធ្វើការផ្លាស់ប្ដូរលក្ខណៈនៃហ្សែន បង្កើនសកម្មភាពរបស់DNA ខណៈពេលដែលបន្ថយសកម្មភាពដទៃទៀត ប៉ុន្តែវាអាចបណ្ដាលមកពីភាពខុសគ្នានៃហ្សែននេះ។ លោក Al-Aly និងសហការីរបស់លោកបានសន្និដ្ឋានថាភស្តុតាងវិទ្យាសាស្ត្រដែលកំពុងតែរីកចម្រើនបានបង្ហាញថាមានផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំទាំងនេះ។ ពួកគេនិយាយថា គួរតែមានការដាក់កំហិតទៅលើរយៈពេលប្រើប្រាស់ និងការប្រើប្រាស់ថ្នាំប្រភេទនេះរបស់អ្នកជំងឺ ដោយមានការបញ្ជាក់តាមបែបវេជ្ជសាស្ត្រ។
យ៉ាងណាមិញ វាគឺជាការសិក្សាបែបសង្កេត ដូច្នេះពុំមានសេចក្ដីសន្និដ្ឋានណាមួយជាក់លាក់ឡើយ។ ម្យ៉ាងទៀត ក៏មានសំណួរជាច្រើនត្រូវបានចោទសួរទៅលើលទ្ធផលនៃការសិក្សានេះពីសំណាក់អ្នកវិទ្យាសាស្រ្តដទៃ ក៏ដូចជាបុគ្គលពាក់ព័ន្ធផងដែរ។ ប៉ុន្តែ លោក Al-Aly និងសហការីរបស់លោកនៅតែជឿជាក់ថា ភស្តុតាងវិទ្យាសាស្ត្រដែលកំពុងតែរីកចម្រើនបានបង្ហាញថាវាមានផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំទាំងនេះ ហេតុនេះហើយ ការកំណត់ឲ្យប្រើតែក្នុងលក្ខខ័ណ្ឌវេជ្ជសាស្ត្រដែលចាំបាច់ គឺជាជម្រើសល្អបំផុត។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។