Depression!!! កុំឲ្យស្រមោលខ្មៅនោះទាញយកអ្វីគ្រប់យ៉ាងពីអ្នកអី...
អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ នេះពិតជាសោកនាដកម្មមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាច្រើនរួមទាំងខ្ញុំដែរ…
ត្រលប់ទៅស្តាប់ចម្រៀងរបស់គាត់ភាគច្រើន ក៏អាចដឹងថាមានបញ្ហាជាច្រើននៅក្នុងជីវិតដែលគាត់ត្រូវប្រឈមដែរ។ ជាពិសេស គឺអាល់ប៊ុមចុងក្រោយបង្អស់ដែលទើបតែបានចេញថ្មីៗនេះ(One More Light 2017 មានបង្ហាញខាងក្រោមអត្ថបទនេះ) ដែលមានមនុស្សជាច្រើនគិតថាវាជា«លិខិតបណ្តាំនៃការស្លាប់»របស់គាត់។
សម្រាប់ការសម្រេចចិត្តចាកចេញដោយលែងត្រលប់នេះ ក៏បានក្លាយប្រធានបទក្តៅគគុកនៃការពិភាក្សាផងដែរ ដោយអ្នកខ្លះគិតថា វាជាជម្រើសល្អក្នុងការបញ្ចប់នូវជីវិតដែលមានតែភាពទុក្ខសោក និងភាពខ្មៅងងឹត ស្របពេលដែលអ្នកខ្លះក៏បានគិតថា គាត់ជាមនុស្សអាត្មានិយមដែលយករួចខ្លួនតែម្នាក់ឯងហើយទុកចោលនូវប្រពន្ធកូនរបស់ខ្លួនបែបនេះ។ តើអ្នកគិតយ៉ាងណាដែរ?
សួរថានរណាដែលមិនធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹម? នរណាដែលមិនធ្លាប់យល់អារម្មណ៍មួយនេះ? ប្រហែលជាគ្មានទេ…រាល់ពេលដែលអារម្មណ៍មួយនោះកើតឡើងម្តងៗ គឺជាពេលដែលចាប់ផ្តើមគិតឃើញថា ជីវិតមានតែភាពស្មុគស្មាញ និងងងឹតតែម្តង។ ការគិតបែបអវិជ្ជមានក៏ផ្តើមចូលមកគ្របដណ្តប់ខួរក្បាល មិនថាក្រលេកមើលទៅជ្រុងណានៃពិភពលោកនោះទេ គឺមានអារម្មណ៍ថា មិនមែនជាកន្លែងសម្រាប់ខ្លួនឯងឡើយ។
អារម្មណ៍ឯកោក៏កើតមាន ស្របពេលដែលកម្លាំងចិត្ត និងកាយកាន់តែខ្សោយៗទៅរហូតដល់លែងថាមពល និងជំនឿចិត្តក្នុងរឿងគ្រប់យ៉ាង សូម្បីតែរឿងដែលមិនពាក់ព័ន្ធនឹងខ្លួនឯងសោះ។ ប្រសិទ្ធភាពការងារក៏ធ្លាក់ចុះ សុខភាពក៏ទ្រុឌទ្រោម ហើយក៏លែងចង់ធ្វើអ្វីៗទាំងអស់។ រឿងក្នុងចិត្តដែលកប់ជ្រៅនោះ ក៏មិនដឹងថាបើកបង្ហាញនរណា លាក់យូរទៅកាន់តែយូរទៅ រហូតដល់ដំណាក់កាលមួយដែលលែងមានសូម្បីតែកម្លាំងចិត្តក្នុងការរស់នៅបន្ត។ គិតត្រលប់ទៅវិញបន្តិច តើធ្លាប់គិតចង់សម្លាប់ខ្លួនប៉ុន្មានដងហើយមកដល់សព្វថ្ងៃនេះ? (ប្រាប់តាមត្រង់ចុះ…ខ្ញុំធ្លាប់មិនតិចដងនោះទេ ជាពិសេស គឺពេលយប់…កាន់តែគិត កាន់តែយល់ថា បើសិនជាទៅបាត់ ប្រហែលជាលែងអីហើយ)
ប៉ុន្តែ…ខ្ញុំអរគុណខ្លួនឯង!!! អរគុណដែលមិនព្រមបណ្តោយឲ្យស្រមោលខ្មៅមួយនោះទាញយកអ្វីៗគ្រប់យ៉ាងចេញពីខ្ញុំ ជាពិសេសគឺកាដូជីវិតដែលមានតែមួយគត់នេះ…ចាំបានថា…ពេលនោះ បានអានអត្ថបទមួយពីអាយដុលម្នាក់ដែលខ្ញុំតែងតែស្ញប់ស្ញែង (អត្ថបទគាត់ គឺ បាក់ទឹកចិត្ត) ហើយអ្វីដែលខ្ញុំចងចាំជាងគេ គឺ គាត់បានបង្ហាញថា មិនថាមនុស្សជោគជ័យប៉ុណ្ណា រឹងមាំដូចជាគាត់ប៉ុណ្ណា គឺតែងតែមានពេលមួយដែលដូចយើងគ្រប់គ្នាដែរ គឺពេលដែលលែងមានទឹកចិត្តទាំងស្រុង និងគិតដល់ចង់គេចវេសពីបញ្ហាប្រឈមដោយការសម្លាប់ខ្លួន។ តែ…គាត់ក៏បានប្រាប់ដែរថា៖
«បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សម ដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញុំនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនោះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។»
និយាយទៅ….ខ្ញុំក៏រន្ធត់ដែរ ដែលបានលឺពីដំណឹងមរណភាពរបស់អាយដុល Chester Bennington ដែលខំស្រលាញ់មកជាយូរ តែក៏សង្ឃឹមថា អ្នកគ្រប់គ្នានឹងយល់ថា…ការស្រាយបញ្ហាដោយការគេចវេសទៅដោយការលាចេញពីពិភពលោកនេះ អាចនឹងមិនមែនជាជម្រើសដែលត្រឹមត្រូវឡើយ!!!
សូមកុំលាក់ទុកវាបានទេ? រកនរណាម្នាក់ដែលអ្នកទុកចិត្ត ហើយនិយាយប្រាប់វាទៅកាន់គេ…មិនប្រាកដថាអាចជួយបាន តែយ៉ាងហោចណាស់ក៏គេនឹងជួយឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកានោះឡើយ»។ គ្រប់គ្រងខ្លួនឯងឲ្យបានសិន រួចសឹមរកផ្លូវស្រាយបញ្ហាតាមក្រោយ ហើយត្រូវចាំថា «សេដបាន តែហាមសេដយូរ!!!»