តែប៉ុន្មាននាទីងាយៗ ដើម្បីបានរូបរាងស្អាត
ហ៊ាននិយាយថា អត់ចង់បានរូបរាងស្អាតមួយម៉ាត់មើល៎! តែសំខាន់…
ដូចជាខ្ជិលទៅកន្លែងហាត់ប្រាណទាំងព្រលឹមហើយមិនចង់ឲ្យគេឃើញរូបរាងមិនសូវស្អាតរបស់ខ្លួនឯងទៀត។ អញ្ចឹងគួរធ្វើយ៉ាងណា? សម្រេចថាហាត់ប្រាណនៅផ្ទះចុះ ក៏ប៉ុន្តែ…
មិនដឹងត្រូវហាត់ពីកន្លែងណាមុន? ហាត់របៀបណាខ្លះ? រយៈពេលប៉ុន្មានមានប្រសិទ្ធភាព? ថ្ងៃខ្លះហាត់បែបនេះ ថ្ងៃខ្លះហាត់បែបនោះ ឬគិតថាទាល់តែមានឧបករណ៍ថ្លៃៗទើបហាត់បាន។ ឥឡូវបែរមកអនុវត្តវិធីសាស្ត្រងាយៗ ដោយគ្រាន់តែចំណាយពេលត្រឹមតែប៉ុន្មាននាទីជារៀងរាល់ព្រឹក ដូចខាងក្រោមវិញ...
1. Jumping jacks
នេះ គឺជាលំហាត់ប្រាណកម្តៅសាច់ដុំខ្លួនប្រាណទាំងមូល មុននឹងចាប់ផ្តើមធ្វើនូវលំហាត់ប្រាណផ្សេងៗទៀត។ ដោយលោកអ្នកគ្រាន់តែឈរហត់ចុះ ហត់ឡើង ហើយលើកដៃឡើងលើចុះក្រោម ឲ្យបានរយៈពេល ៣០វិនាទី ។
2. Squat
ជួយឲ្យសាច់ភ្លៅហាប់ណែនល្អ ត្រគាកមូលក្លំ ជួយពង្រឹងនូវស្ថេរភាពនៃជង្គង់ ព្រមទាំងធ្វើឲ្យសរសៃភ្ជាប់នៃឆ្អឹងមានភាពរឹងមាំថែមទៀតផង។ ដោយឈរឲ្យត្រង់ជាមួយដៃពន្លាតឲ្យត្រង់ បន្ទាប់មកអង្គុយបន្ទន់ជង្គង់ចុះឲ្យបាន៩០ដឺក្រេ ដកដង្ហើមចូលនៅពេលអ្នកបន្ទន់ជង្គង់ចុះ ដកដង្ហើមចេញពេលអ្នកងើបឡើងវិញ។ ធ្វើចំនួន
៣០ដង។
3. Abdominal crunches
លំហាត់ប្រាណដែលធ្វើឲ្យក្បាលពោះរាបស្មើ ណែនល្អ ដោយលោកអ្នកគ្រាន់តែផ្តេកខ្លួនទៅលើផ្ទៃរាបស្មើ បន្ទាប់មកបន្ទន់ជង្គង់ ពន្លាតដៃឲ្យត្រង់ ហើយបង្ហើបខ្លួនឡើងពីផ្ទៃរាបស្មើ (ដេកងើបៗ)។ ធ្វើចំនួន ១៥ដង។
4. Plank
ផ្កាប់ខ្លួននៅលើផ្ទៃរាបជាមួយនឹងការបញ្ឈរកែងដៃ និងបញ្ឈរប្រអប់ជើង ដាក់ខ្នងឲ្យត្រង់ហើយរក្សសកម្មភាពនឹងបែបនេះឲ្យបាន២០វិនាទី។ លំហាត់ប្រាណនេះ ជួយពង្រឹងក្បាលពោះ ដើមដៃ ខ្នងនិងស្មា។
5. Wall sit
ដាក់ខ្នងឲ្យត្រង់ផ្អែកជញ្ជាំង រួចបន្ទន់ជង្គង់ឲ្យបានមុំកែង៩០ដឺក្រេដោយគម្លាតជើងពីជញ្ជាំងប្រវែង៦០សម និងគម្លាតរវាងជើងទាំងពីរពីគ្នាប្រវែង១៥សម។
រក្សាសកម្មភាពបែបនេះឲ្យបាន៦០វិនាទី (តាមការសិក្សា យ៉ាងហោចណាស់២០វិនាទីឡើងទៅ ទើបអាចដុតបំផ្លាញសារធាតុខ្លាញ់បាន)។ ការធ្វើលំហាត់ប្រាណនេះអាចឲ្យអ្នកមានលំនឹងល្អ ព្រមទាំងពង្រឹងសាច់ដុំជើង និងគូទហាប់ណែន។
6. High stepping
នេះ គឺជាលំហាត់ប្រាណសម្រាប់អ្នកដែលចូលចិត្តរត់ ដែលវាមាននាទីជួយដល់ចលនាបេះដូង និងសួតផងដែរ។ វាគឺជាការរត់នៅមួយកន្លែងដែលទាមទារឲ្យលោកអ្នកលើកជើងឲ្យខ្ពស់តាមដែលអាចធ្វើបាន ដោយប្តូរម្តងម្ខាង ហើយដាក់ខ្នងឲ្យត្រង់។ អនុវត្តបែបនេះឲ្យបាន ៣០ដង។
ចំណាយពេលមិនច្រើនប៉ុន្មានផង...ហើយក៏គ្មានរបស់ណាហ្វ្រីហ្រ្វី ឬបានមកដោយឯកឯងនោះទេ...តាមវិធីទាំង៦ខាងលើនេះ មិនចាំបាច់ប្រឹងច្រើនមែនហ្នឹងណា៎...សាកលេងលេង ក្រែងលោបានស្អាតមែនទែនហា
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ