មហារីកមាត់ស្បូន មូលហេតុទី១នៃការស្លាប់ដោយសារមហារីករបស់ស្រ្តីនៅប្រទេសកំពុងអភិវឌ្ឍ
១.លក្ខណៈទូទៅ
នៅលំដាប់ពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់ថ្នាក់ទី៣នៃជំងឺមហារីកស្ត្រី បន្ទាប់ពីជំងឺមហារីកដោះ និងពោះវៀន។ នៅប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាយើងនេះ វាជាមូលហេតុទី១នៃការស្លាប់របស់ស្រ្តីដោយសារជំងឺមហារីក។ មហារីកមាត់ស្បូន គឺជា ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖
- ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម
- ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ
-ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ
-ការជក់បារី
-កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ
-កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។
ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។
២.រោគសញ្ញា
ជាទូទៅ ភាគច្រើននៃអ្នកកើតជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងពុំមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែមានមូលហេតុមួយចំនួន តូចអាចឲ្យយើងដឹងបានដោយសាររោគសញ្ញាតិចតួចបំផុតដូចជា ការធ្លាក់ស ឬការធ្លាក់ឈាមមិនប្រក្រតីជាដើម។ ករណីមានជំងឺមហារីកមាត់ស្បូន នៅដំណាក់កាលធ្ងន់ធ្ងរ ស្រ្តីអាចយល់ដឹងដោយសារមានការឈឺចាប់ ឬការធ្លាក់ឈាមមិនធម្មតានៅពេលរួមដំណេក និងអាចមានរោគសញ្ញារួមផ្សំ ផ្សេងៗទៀតផងដែរ។ នៅពេលនោះ ស្ថានភាពជំងឺហួសពេលនឹងព្យាបាលទៅហើយ។ ជារួម ករណីនេះអាចនិយាយបានថា អ្នកជំងឺភាគច្រើនមិនមាន រោគសញ្ញាអ្វីបង្ហាញឲ្យយើងបានដឹងទេ ជួនកាលគាត់អាចមានរោគសញ្ញាតិចតួចដែលអាចឲ្យគាត់ទៅជួបវេជ្ជបណ្ឌិតជំនាញ ប៉ុន្តែករណីភាគច្រើន វាអាចជ្រុលពេលទៅហើយ។
ទោះបីជាយ៉ាងណាក្តី យើងក៏នៅអាចដឹងមុនបានថាស្ត្រីម្នាក់អាចនឹងកើតមានជំងឺនេះបានអាស្រ័យលើការសិក្សាស្រាវជ្រាវជាទៀតទាត់ និងត្រឹមត្រូវ តាមការកំណត់ ដែលអាចឲ្យយើងរកឃើញនៅដំណាក់កាលមុនមហារីក ឬមហារីកដំណាក់កាលដំបូង ដែលអាចព្យាបាលឲ្យជាសះស្បើយបាន។
ជាទូទៅ ពីដំណាក់កាលមុនមហារីកទៅដល់ពេលកើតជាមហារីកពិតប្រាកដនោះ វាត្រូវការរយៈពេលពី៦-១០ឆ្នាំ។ ដូច្នេះ បើយើងបានធ្វើការស្រាវជ្រាវ ត្រឹមត្រូវ នោះយើងអាចព្យាបាលបានទាន់ពេលវេលា និងអាចចៀសផុតពីជំងឺមហារីកមាត់ស្បូននៅដំណាក់កាលធ្ងន់ធ្ងរ។
៣.អត្រាជំងឺ
តាមការសិក្សាកន្លងមករបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវរករោគមហារីក ដែលបានធ្វើកាសិក្សាស្រាវជ្រាវទូទៅពិភពលោកហើយអាចធ្វើការវាយតម្លៃ ដោយឡែកចំពោះប្រទេសកម្ពុជាយើងអាចមានអត្រាអ្នកកើតមហារីកមាត់ស្បូននេះមានប្រមាណជា ២៧.៤ ករណីថ្មីក្នុងមួយឆ្នាំ ក្នុងចំណោមស្រ្តី ១០០ពាន់នាក់។ ដោយឡែកទាក់ទងជាមួយនឹងវ័យនៃការកកើតជំងឺនេះ យើងសង្កេតឃើញថាវាមានការចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ចំពោះ ដំណាក់កាលមុនមហារីក និងអាយុ ៤០ ឡើងទៅ ចំពោះមហារីកពិតប្រាកក។ ជួនកាលវាអាចកើតមានមុនអាយុនេះ ក្នុងករណីដែលស្រ្តីមានភាពស៊ាំ ចុះខ្សោយដូចជា ស្រ្តីមានផ្ទុកមេរោគអេដស៍ ឬស្ត្រីដែលមានរលាកមាត់ស្បូនរ៉ាំរ៉ៃជាដើម។
៤.ការយល់ដឹង
ចំពោះការយល់ដឹងរបស់ប្រជាជនយើងទាក់ទងទៅនឹងជំងឺមហារីកមាត់ស្បូននេះ គឺពុំមានការសិក្សានាមួយឲ្យពិតប្រាកដថា តើការយល់ដឹងរបស់ស្រ្តី យើងមានកម្រិតណានៅឡើយ។ ករណីមន្ត្រីក្របខណ្ឌក្រសួងសុខាសភិបាលវិញ ក្រសួងបានធ្វើការផ្សព្វផ្សាយពីការស្រាវជ្រាវ រកជំងឺនេះទៅដល់ មន្ត្រីសុខាភិបាលទូទៅប្រទេសរួចហើយ។ ការងារបន្តនោះគឺ មន្រ្តីសុខាភិបាលដែលបានឆ្លងកាត់ការសិក្សានេះ ជាអ្នកផ្សព្វផ្សាយ បន្តដល់ស្រ្តីទូទាំង ប្រទេសកម្ពុជាឲ្យពួកគាត់មានការយល់ដឹង និងមកស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនឲ្យបានទាន់ពេលវេលា។ ជាទូទៅ ស្ត្រីទាំងឡាយគប្បីមកស្រាវជ្រាវ រកជំងឺនេះរៀងរាល់១ឆ្នាំម្តង ពិសេសសម្រាប់អ្នកធ្លាប់មានដៃគូរួមភេទ។
៥.ការព្យាបាល
បើនៅក្នុងដំណាក់កាលមុនមហារីកទៅដល់មហារីកដំណាក់កាលដំបូង(ដំណាក់កាលសូន្យ) យើងអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើវិធីដុត មាត់ស្បូនកាត់កស្បូន ឬកាត់ស្បូនទាំងមូលចេញតែម្តង។ ផ្ទុយទៅវិញ បើអ្នកជំងឺមានការយឺតយ៉ាវក្នុងកាព្យាបាល ឬមិនបានទទួលបានព្យាបាល ត្រឹមត្រូវទេនោះនឹងធ្វើឲ្យជំងឺវិវត្តទីរកទៅមហារីកដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ (ចាប់ពីដំណាក់កាលទី១ ឡើងទៅគេមិនអាចនិយាយថាព្យាបាលជនោះទេ) ។ នៅដំណាក់កាលធ្ងន់ធ្ងរនៅជំងឺនេះ វេជ្ជបណ្ឌិតអាចត្រឹមតែធ្វើការព្យាបាលបំបាត់រោគសញ្ញា ឬបន្ថយភាពធ្ងន់ធ្ងរនៃជំងឺ (បន្ថយការឈឺចាប់) ដែលអាចជួយឲ្យអ្នកជំងឺអាចរស់នៅបានមួយរយៈទៅមុខទៀតប៉ុណ្ណោះ។ ពេលនោះហើយដែលធ្វើឲ្យ ជីវិតមានសភាពរ៉ាំរ៉ៃ ត្រូវការចំណាយថវិកាច្រើន បាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់សង្គមសេដ្ឋកិច្ចមួយទៀតផង។ ចំពោះសេវាព្យាបាលវិញ អ្នកជំងឺអាចរកបាននៅតាមមណ្ឌលសុខភាពក្នុងភូមិ-ឃុំ ឬតាមមន្ទីរពេទ្យបង្អែកជិតផ្ទះដែលខ្លួនរស់នៅ។ បើទីតាំងសុខាភិបាលទាំងនោះ មិនមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនោះទេ គេនឹងបញ្ចូនអ្នកជំងឺតាមបណ្តាញមករាជធានីភ្នំពេញទៀត។
៦.វីធីបង្ការ
វិធីបង្ការបឋម៖ ការចាក់វ៉ាក់សាំង HPV ដើម្បីការពារជំងឺមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងដែលផ្សំឡើដោយ HPV2 ប្រភេទ ឬ៤ប្រភេទ។ គេអាចចាក់ នៅលើក្មេងស្រីដែលមិនទាន់មានការរួមភេទ និងមានអាយុចាប់ពី៩ឆ្នាំ ទៅ២៥ឆ្នាំ។ វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ ៣ដង ក្នុងមួយរយៈពេល ៦ខែគឺ៖ ចាក់លើកទី១នៅខែសូន្យ លើកទី២នៅមួយខែក្រោយការចាក់លើកទី១ និងលើកទី៣ នៅ៥ខែក្រោយចាក់លើកទី២។
វីធីបង្ការបន្ថែម៖ ជាវិធីការពារ និងស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។ វិធីការពារគឺត្រូវយល់ដឹងឲ្យច្បាស់ និងចៀសវាងឲ្យបានពីកត្តាអំណោយផល ដូចរៀបរាប់ខាងលើ។ ចំណែកឯការស្រាវជ្រាវវិញ គឺស្រ្តីអាចទៅជួបមន្ត្រីសុខាភិបាលដែលធ្វើការនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកនានា ដើម្បីឲ្យគាត់ធ្វើការពិនិត្យស្រាវជ្រាវ។ របៀបស្រាវជ្រាវនេះ គឺមានការប្រើទឹកថ្នាំដើម្បីពិនិត្យ ការធ្វើកំនៀរយកកោសិកាមាត់ស្បូនទៅពិនិត្យ និងអាច ធ្វើតេស្តរកមេរោគ HPV ។ កាលណាយើងបានធ្វើការស្រវជ្រាវទាន់ពេលវេលា យើងនឹងអាចធ្វើការព្យាបាលបានត្រឹមត្រូវ។ ពេលនោះយើងអាច ចៀសផុតពីជំងឺមហារីកមាត់ស្បូនបានយ៉ាងពិតប្រាកដ។
បកស្រាយដោយ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា វេជ្ជបណ្ឌិតជំនាញរោគស្រ្តី និងជាប្រធានអគារផ្នែករោគស្រ្តីនៃមន្ទីរពេទ្យព្រះកុសុមៈ និងចូលរួម បកស្រាយអំពីប្រធានបទ«ជំងឺមហារីកមាត់ស្បូន»។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។