ជាគ្រូពេទ្យ នៅពេទ្យច្រើនជាងនៅផ្ទះ ហើយនៅជាមួយអ្នកជំងឺក៏ច្រើនជាងនៅជាមួយគ្រួសារ...
បើមានគេសួរថា«ហេតុអ្វីបានជារៀនពេទ្យ?» តើអ្នកនឹងឆ្លើយតបដូចម្តេចវិញ?
ព្រោះប៉ាម៉ាក់ចង់ឲ្យរៀន? ព្រោះគិតថានឹងរកប្រាក់បានច្រើន?ព្រោះមិនដឹងរៀនអ្វី?ព្រោះគិតថាជាមុខរបរតែមួយគត់ ដែលគេយកប្រាក់មកឲ្យ ហើយអរគុណអ្នកទៀត?ព្រោះគិតថាធ្វើពេទ្យមិនខ្លាចខ្វះចំណូល បើទោះមិនធ្វើការឲ្យគេ?ឬហេតុផលផ្សេងទៀត?
សម្រាប់ខ្ញុំ…គឺមានហេតុផលរបស់ខ្ញុំច្បាស់ណាស់!!!
ហើយរាល់ពេលដែលមានគេសួរខ្ញុំ ខ្ញុំក៏មិនដែលរួញរានឹងឆ្លើយប្រាប់គេដែរ…
រឿងរ៉ាវរាងវែងឆ្ងាយ តែនឹងព្យាយាមសង្ខេបតាមដែលអាចធ្វើបាន…កាលពីតូច ចូលចិត្តណាស់ មើលរឿងភាគជាពិសេសរឿងបែបស៊ើបអង្កេត និងរឿងពេទ្យអីហ្នឹង ហើយរាល់ពេលដែលមើលរឿងទាំងនោះហើយ ក៏តែងតែងប្រាប់ប៉ាម៉ាក់ថា កូនចង់ក្លាយមេធាវី កូនចង់ក្លាយជាគ្រូពេទ្យ កូនចង់ក្លាយជាប៉ូលិស…និយាយទៅ ផ្លាស់ប្តូររហូត!!!លក្ខណៈថា ឃើញគេឡូយ ក៏ចង់ឡូយដូចពួកគាត់ដែរ…ទាំងដែលភ្លេចគិតទៅថា ជីវិតពិតមិនដូចជារឿងដែលគេបញ្ចាំងក្នុងកុននោះទេ…
ចាំបានថា មានរឿងហុងកុងមួយដែលនិយាយជីវិតជាគ្រូពេទ្យមួយដែលទាក់ចិត្តខ្ញុំជាងគេ ហើយគោលដៅរបស់ខ្ញុំក៏ត្រូវបានសម្រួចចាប់ពីពេលនោះមក…ក៏សំណាងម្យ៉ាងដែរ ដែលខ្ញុំមានអ៊ំជាពេទ្យស្រាប់ ហេតុនេះហើយ រាល់ពេលដែលចេញពីរៀន គឺដឹងតែទៅគ្លីនិករបស់គាត់ ចាំសង្កេតមើលរាល់សកម្មភាពរបស់គាត់…ទឹកចិត្តចង់ក្លាយជាគ្រូពេទ្យក៏ត្រូវបានបណ្តុះបន្ថែមឡើងទៀត…អារម្មណ៍ជាក្មូយរបស់ពេទ្យអស្ចារ្យប៉ុណ្ណឹងហើយ ចុះទម្រាំអារម្មណ៍ជាពេទ្យទៀតនោះ? កាលនោះ សូម្បីតែប៉ាម៉ាក់ក៏គាំទ្រឲ្យខ្ញុំរៀនពេទ្យ ហើយគាត់ក៏បាននិយាយដែរថា«មិនថាចំណាយប៉ុណ្ណា គឺត្រូវតែឲ្យកូនរៀនពេទ្យទាល់តែចប់»។ ពាក្យមួយឃ្លានេះ ខ្ញុំចំាគ្មានថ្ងៃភ្លេចទេ…
ខ្ញុំមិនទុកវាត្រឹមតែជាក្តីសុបិន្ត ហើយចាំឲ្យវាក្លាយជាការពិតនោះទេ…គឺខ្ញុំបានរៀបគម្រោងយ៉ាងច្បាស់លាស់ ដើម្បីប្រលងចូលរៀនឲ្យបាន…ដោយសារតែឆន្ទៈ និងជំនឿចិត្ត ខ្ញុំក៏បានក្លាយជានិស្សិតផ្នែកវេជ្ជសាស្រ្ត ហើយសព្វថ្ងៃក៏ជាវេជ្ជបណ្ឌិតមួយរូបដែរ…
ចាប់តាំងពីឈានចូលវិជ្ជាជីវៈមួយនេះមក មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានឆ្លងកាត់ ហើយប្រាកដណាស់ គឺមានទាំងរឿងវិជ្ជមានដូចដែលខ្ញុំធ្លាប់បានឃើញក្នុងរឿង និងរឿងអវិជ្ជមានដែលមិនធ្លាប់បានគិតដល់ជាច្រើនទៀត…គ្រូពេទ្យដូចគ្នាប្រាកដជាបានយល់អារម្មណ៍នេះច្បាស់ហើយ!!! ប៉ុន្តែ…មានថ្ងៃមួយដែលខ្ញុំចាំមិនភ្លេចរហូតមក…
ចាំថា…ថ្ងៃហ្នឹង ខ្ញុំត្រូវយាមនៅពេទ្យ ហើយតាំងពីព្រឹកមក គឺមានតែរឿងកាពុលមុខកើតមានមិនចេះឈប់…ព្រឹកឡើង ត្រូវទៅប្រជុំយឺត ព្រោះឡានបែកកង់…ថ្ងៃឡើង ត្រូវគ្រួសារអ្នកជំងឺស្តីបន្ទោសនៅចំពោះអ្នកជំងឺជាច្រើន លើការមកយឺត ហើយក៏បានថតរូបផុសផងដែរ (គាត់មិនបានដឹងទេថា ខ្ញុំមកយឺតព្រោះតែអ្វី?ទាំងដែលរាល់ថ្ងៃ ខ្ញុំតែងតែមកដល់មុនគេជានិច្ច…មកយឺត ព្រោះរវល់ប្រជុំ ហើយទើបតែទើបញ៉ាំបាយហើយ) ខ្ញុំក៏មិនបាននិយាយស្តីតបតដែរ…ព្រោះក៏ដឹងថា ខ្លួនឯងជាអ្នកខុស…
ល្ងាចឡើង ដោយសារតែអត់ងងុយពេក ខ្ញុំក៏សម្ងំគេងមួយសន្ទុះ ហើយក៏មានសម្លេងគោះទ្វារ…ខ្ញុំប្រឹងបើកភ្នែកព្រឹមៗមើល ហើយក៏ឃើញស្រមោលនៃអ៊ំស្រីម្នាក់ដើរចូលមកដោយមានថង់ដាក់អ្វីម្យ៉ាង…ការពិតទៅ គាត់ជាអ្នកជំងឺម្នាក់របស់ខ្ញុំ ហើយលឺថាគាត់រស់នៅខេត្តឯណោះទេ…សម្តី និងទឹកមុខរបស់គាត់ក្នុងខណៈនោះ មិនដែលត្រូវបានបំភ្លេចពីការចងចាំរបស់ខ្ញុំឡើយ…គាត់ដើរមកជិតខ្ញុំ ហើយនិយាយថា«លោកគ្រូពេទ្យ! ខ្ញុំសូមអរគុណលោកគ្រូច្រើនសម្រាប់ការមើលថែទាំខ្ញុំរហូតមក ហើយហេតុអ្វីបានជាលោកគ្រូពេទ្យឥលូវស្គមម្ល៉េះ? ហើយមើលទៅទឹកមុខក៏ស្លេកស្លាំងទៀត…នៅបែបនេះម៉េចនឹងកើតទៅ? អ្នកជំងឺឃើញ ម៉េចនឹងទុកចិត្តលោកគ្រូទៅ? នេះ!!! ជាស៊ុបមាន់ខ្មៅ ខ្ញុំបានរំងាស់ជូនលោកគ្រូ…ត្រូវតែញ៉ាំឲ្យអស់ណា៎!!!ខ្ញុំដឹងថា លោកគ្រូត្រូវម៉ោងយាមយប់នេះ ទើបខ្ញុំឲ្យកូនជូនមកបន្តិច…»
ពេលនោះ ទឹកភ្នែករលីងរលោង មិនដឹងនិយាយអ្វី តែដឹងត្រឹមថាកម្លាំងចិត្តឡើងខ្លាំង…
ជាគ្រូពេទ្យ នៅពេទ្យច្រើនជាងនៅផ្ទះ ហើយពេលវេលានៅជាមួយអ្នកជំងឺក៏ច្រើនជាងនៅជាមួយគ្រួសារ...ថ្វីត្បិតថា មានថ្ងៃខ្លះ ពិបាកនឹងទទួលយកក៏ដោយ ត្រូវប្រឈមនឹងរឿងជាច្រើនក៏ដោយ តែក៏នៅមានពេលខ្លះ ដែលយើងទទួលបានកម្លាំងចិត្តពីអ្នកជំងឺផងដែរ…ស្នាមញញឹមរបស់អ្នកជំងឺ ជាអ្វីដែលយើងចង់ឃើញ ហើយយើងក៏អាចញញឹមដោយរីករាយ នោពេលដែលឃើញពួកគេមានសុខភាពល្អ មិនចាំបាច់ដល់ថ្នាក់មានអ្វីមកតបស្នងក៏បាន…
បញ្ជាក់ ៖ នេះជាអ្វីដែលខ្ញុំបានរកឃើញនៅក្នុងកំណត់ហេតុរបស់បងប្រុសខ្ញុំដោយចៃដន្យ(តែគាត់ក៏បានអនុញ្ញាតឲ្យចែករំលែកដែរ)…ពេលនេះ ទើបយល់អារម្មណ៍របស់គាត់ថាបែបណា? គ្រប់គ្នាចេះតែបន្ទោសថា គាត់មិនដែលមានពេលឲ្យគ្រួសារ…តែ ខ្ញុំនៅតែស្ញប់ស្ញែងគាត់រហូតមក