យាមនៅពេទ្យ មានអ្វីខ្លះគួរធ្វើ និងគួរចៀសវាង?
ក្នុងជីវិតជានិស្សិតពេទ្យ និងពេទ្យ ប្រាកដណាស់ គឺធ្លាប់ស្គាល់ច្បាស់ពាក្យថា«យាម»…គ្រាន់តែតិច និងច្រើន…
អារម្មណ៍ពេលគេងយាម ដំបូងៗលក្ខណៈថា ទីស្ងាត់តែចិត្តមិនស្ងប់ ភ្នែកបិទតែចិត្តនៅបើក…ប្លែកកន្លែងមធ្យម ងំចេះតែគិតផ្តេសផ្តាស។ លុះក្រោយមក បានតែជាង១ខែ ក៏អាចបន្សាំខ្លួនបាន…អស់រយៈកាលប៉ុន្មានឆ្នាំមកនេះ មិនហ៊ាននិយាយថាជាអ្នកជំនាញ ឬមានបទពិសោធន៍អ្វីច្រើននោះទេ គ្រាន់តែនិយាយទៅតាមអ្វីដែលធ្លាប់បានឆ្លងកាត់កន្លងមក…
បើគេចមិនបានហើយ អ្វីដែលត្រូវធ្វើនោះ គឺស្វែងយល់ពីទង្វើដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យពេលវេលានោះមានតែរឿងល្អៗ និងភាពសប្បាយរីករាយ…ហើយខាងក្រោមនេះ ជាDos និង Don’ts សម្រាប់ពេលទៅយាមនៅមន្ទីរពេទ្យ…
Dos
មានភាពរួសរាយរាក់ទាក់ជាមួយនឹងបុគ្គលិកនៅទីនោះ ៖ ជាពិសេស នៅឆ្នាំដំបូងដែលត្រូវចុះស្តារ អ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយគ្រប់គ្នានៅទីនោះ ហើយត្រូវចាំថាអ្នកទៅទីនោះ ដើម្បីរៀនសូត្រ មិនមែនដើម្បីមានបញ្ហា ឬបង្កជម្លោះជាមួយនរណាម្នាក់ឡើយ។ ការរាប់អាន និងបង្កើតចំណងមិត្តភាពជាមួយពួកគាត់ ប្រសើរជាងធ្វើឲ្យពួកគាត់ស្អប់អ្នក។
មានចិត្តចង់ជួយជានិច្ច ៖ ដរាបណាអ្នកមានចិត្តចង់ធ្វើការ និងចង់ចេះចង់ដឹងនោះ នឹងមានការងារច្រើនណាស់សម្រាប់សាកល្បង និងសិក្សា ហើយវាក៏ជាឱកាសសម្រាប់អភិវឌ្ឍជំនាញរបស់អ្នកផងដែរ។
មិនយល់មិនច្បាស់ ត្រូវសួរ ៖ ជាថ្មីម្តងទៀត ត្រូវតែចាំក្នុងចិត្តថា មូលហេតុចម្បងដែលអ្នកនៅទីនោះ គឺដើម្បីរៀនសូត្រ។ ពេលវេលាដែលត្រូវចំណាយនៅទីនោះ នឹងបង្រៀនអ្នកនូវបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងដែលមិនអាចរកបាននៅក្នុងសៀវភៅ ឬឯកសារនោះទេ។ បន្ថែមពីលើអ្វីដែលអ្នកបានរៀនពីសាស្រ្តាចារ្យនៅសាលា អ្នកនឹងអាចពង្រឹងជំនាញរបស់អ្នកបន្ថែមទៀត ជាមួយនឹងបទពិសោធន៍នៅក្នុងមន្ទីរពេទ្យ។
យកអាហារមកជាមួយ ៖ ការធ្វើការងារនៅមន្ទីរពេទ្យ គឺបង្កឲ្យមានភាពនឿយហត់ ហេតុនេះហើយ អាហារគឺជាអ្វីដែលមិនអាចខ្វះបាន មិនថាសម្រាប់ខ្លួនអ្នក បុគ្គលិក និងមិត្តភក្តិនោះទេ។ អាហារនឹងជួយបង្កើនថាមពល ក៏ដូចជាភាពស្និទ្ធស្នាល។
មានស្មារតីរឹងមាំ ៖ ជាពិសេស នៅពេលយប់…កុំស្លន់ស្លោ និងគិតផ្តេសផ្តាស។ បើដឹងថាខ្លួនឯងខ្លាច ចៀសវាងការទៅណាមកណាតែម្នាក់ឯង យកល្អបបួលមិត្តភក្តិនៅបានជាគ្នា ក្នុងករណីដែលគិតថាមានអ្វីមិនស្រួល។
Don’ts
កុំពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ៖ សូមរំលឹកខ្លួនឯងថា អ្នកគ្រាន់តែជានិស្សិត ដែលនៅទីនោះដើម្បីចុះអនុវត្តនូវទ្រឹស្តីបានទទួលពីសាលា មិនមែនដើម្បីរកប្រាក់ចំណូលនោះឡើយ។ សូមចៀសវាងដាច់ខាតនូវការទទួលយកប្រាក់កាសពីអ្នកជំងឺ ឬក្រុមគ្រួសាររបស់អ្នកជំងឺ។
កុំរអ៊ូរទាំនៅចំពោះមុខអ្នកជំងឺ ៖ ក៏ដឹងថា…អ្នកមានភាពហត់នឿយ ដែលមានកិច្ចការងារត្រូវបំពេញច្រើន ហើយជួនកាលក៏ត្រូវគេងមិនគ្រាន់ដោយសារតែមានអ្នកជំងឺចូលមកពាក់កណ្តាលយប់ទៀត តែទោះជាយ៉ាងណាក៏ដោយ គឺត្រូវតែរក្សាជំហរខ្លួនឯងឲ្យបាន និងចេះបិទបាំងនូវអារម្មណ៍អវិជ្ជមានរបស់អ្នក។ ត្រូវតែធ្វើល្អ និងផ្តល់នូវការសេវាថែទាំ ក៏ដូចជាព្យាបាលដែលល្អប្រសើរបំផុតជូនដល់អ្នកជំងឺ។
ហាមលួចគេច ៖ កុំប្រើលេសយាមយប់ ដើម្បីដើរដាច់យប់ឲ្យសោះ។ អ្វីដែលសំខាន់ គឺគួរចៀសវាងការចេញពីពេទ្យពេលយប់ជ្រៅ ប្រសិនបើមិនមានភារៈចាំបាច់នោះទេ ព្រោះថាសន្តិសុខ និងសុវត្ថិភាពនាពេលយប់ គឺមិនល្អឡើយ។ ម្យ៉ាងទៀត ហាមដាច់ខាតនូវការលេងសើចចំពោះកាតព្វកិច្ចមួយនេះ។
សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាមតិយោបល់ខ្លះៗប៉ុណ្ណោះ…អាចនឹងមានចំណុចមួយចំនួនដែលមិនបានលើកឡើង តែក៏សង្ឃឹមថាចំណុចខាងលើនឹងបានជាជំនួយខ្លះដល់មិត្តអ្នកអានជាពិសេសអ្នកដែលត្រូវឆ្លងកាត់បទពិសោធន៍មួយនេះ…
ហើយក៏មិនភ្លេចអរគុណដល់មិត្តរបស់ខ្ញុំម្នាក់ ដែលជានិស្សិតពេទ្យ ហើយតែងតែផ្តល់ជាមតិយោបល់ និងចែករំលែកនូវបទពិសោធន៍របស់គេជានិច្ច...បើគ្មានគេ អត្ថបទមួយនេះ និងមួយចំនួនទៀត ក៏ប្រហែលជាមិនអាចមានវត្តមាននៅទីនេះបានដែរ...អរគុណ!!!