អតីតនិស្សិតអាហារូបករណ៍ជំនាញឯកទេសក្រពះ-ពោះវៀន-ថ្លើម ពីប្រទេសបារាំងចែករំលែកពីការរើសជំនាញ និងសិក្សានៅបរទេស
ការជ្រើសរើសជំនាញឯកទេស បន្ទាប់ពីការសិក្សាអស់រយៈពេល៦ឆ្នាំ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនជារឿងដែលពិបាកខ្លាំង ឬងាយស្រួលនោះដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា ជានិស្សិតម្នាក់ ក្នុងចំណោមពីរនាក់ ដែលបានជាប់អាហារូបករណ៍ជំនាញឯកទេស ក្រពះ ពោះវៀន ថ្លើម ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០១៥- ២០១៦។ លោកវេជ្ជបណ្ឌិត បានសិក្សានៅទីក្រុងលីយ៉ង់ នៅសាកលវិទ្យាល័យ Claude Bernard Lyon1 រយៈពេល១ឆ្នាំ។ សព្វថ្ងៃលោកវេជ្ជបណ្ឌិត សិលា បម្រើការនៅមន្ទីពេទ្យព្រះកុសមៈ និងនៅមន្ទីរពេទ្យសូរិយាផងដែរ ជំនាញក្រពះ ពោះវៀន និងថ្លើម។
អ្វីដែលជួយក្នុងការសម្រេចជ្រើសរើសជំនាញមួយត្រូវតាមចំណង់ចំណូលចិត្ត?
លោកវេជ្ជបណ្ឌិត សិលាបានប្រាប់ពីការរើសជំនាញមួយនេះថា សម្រាប់លោកវេជ្ជបណ្ឌិតផ្ទាល់ ពេលនោះលោកវេជ្ជបណ្ឌិបានចុះកម្មសិក្សា រយៈពេល១ ទៅ២ខែ ដើម្បីទៅសិក្សាស្វែងយល់បន្ថែមនៅមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាដើម្បីសង្កេតមើលថា យើងពេញចិត្តនឹងជំនាញដែរឬទេ ហើយបើយើងយល់ថាយើងពិតជាស្រលាញ់ជំនាញមួយណាហើយអាចកំណត់ផ្លូវតទៅមុខទៀត ចៀសវាងការសម្រចដែលខុសពីចំណូលចិត្តខ្លួនឯង ដែលទោះជាចង់បកក្រោយបន្ទាប់ពីរើសហើយនោះ ក៏ពិបាកដែរ។ លោកសិលាបង្ហាញឲ្យដឹងថា ពេលដំបូងលោកក៏មិនជាសូវស្រលាញ់ជំនាញមួយនេះទេ ដោយហេតុថាវាមិនស្អាត មានក្អួតចង្អោរ រាគ មានរាគឈាម មានក្លិនស្អុយ តែបន្ទាប់ពីបានឃើញពីទុក្ខលំបាក់របស់អ្នកជំងឺ និងការជួយព្យាបាលគាត់ហើយ លទ្ធផលដែលធ្វើឲ្យអ្នកជំងឺបានជាសះស្បើយ ជាកត្តាជំរុញទឹកចិត្តខ្ញុំឲ្យចាប់ផ្តើមស្រលាញ់ខាងជំនាញនេះ ហើយម្យ៉ាងវិញទៀតឯកទេសនេះមានការអភិវឌ្ឍតទៅមុខទៀតតាមការវិវឌ្ឍនៃឧបករណ៍ ឬម៉ាស៊ីនក្នុងការព្យាបាល។»
អ្វីដែលគួរត្រៀម ដើម្បីបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស?
លោកវេជ្ជបណ្ឌិត សិលា បានចែករំលែកបទពិសោធន៍មួយចំនួន ពីការសិក្សារបស់លោកនៅប្រទេសបារាំងដែរថា ៖ «មុនពេលទៅបន្តការសិក្សានៅប្រទេសបារាំង យើងត្រូវត្រៀមខ្លួនឲ្យបានល្អ តួយ៉ាងយើងត្រូវមានកំរិតការសិក្សាល្អនៅសាលា ហើយអ្វីដែលសំខាន់គឺ ត្រូវមានកំរិតភាសាបារាំងល្អ ក្នុងលក្ខខណ្ឌកំណត់មួយ។» លោកវេជ្ជបណ្ឌិត ក៏បានបន្តឲ្យដឹងថា យើងត្រូវមានពិន្ទុភាសាបារាំងខ្ពស់ ដើម្បីជាប់អាហារូបករណ៍ មួយនេះដែលឧបត្ថម្ភគាំទ្រទាំងស្រុងដោយរដ្ឋាភិបាលបារាំង។
អ្វីដែលទទួលបានអំឡុងពេលសិក្សានៅបរទេស?
លោកវេជ្ជបណ្ឌិត សិលា បានឲ្យដឹងផងដែរថា អាហារូបករណ៍ដែលលោកទទួលបាន គឺរួមបញ្ចូលទាំងថ្លៃការសិក្សា និងទទួលបានប្រាក់ខែគោលប្រហែល ១៤០០អឺរ៉ូ ដែលអាចរ៉ាប់រងការហូបចុក និងស្នាក់នៅផងដែរ។ ចំពោះការស្នាក់នៅ លោកសិលា ទទួលបានការអនុញ្ញាតឲ្យស្នាក់នៅក្នុងមន្ទីរពេទ្យ ដែលចំណាយអស់តិចជាង ការស្នាក់នៅខាងក្រៅ (ដោយការស្នាក់នៅក្នុងមន្ទីរពេទ្យអស់ត្រឹមតែ ១០០អឺរ៉ូ បើគិតជាលុយដុល្លារអាមេរិចប្រហែល ១២០ ហើយបើស្នាក់នៅខាងក្រៅត្រូវអស់ប្រហែល៥០០ ទៅ៦០០ឯណោះ)។
អ្វីជាផលវិបាកដែលជួបប្រទះអំឡុងពេលសិក្សានៅបរទេស?
ចំពោះការសិក្សានៅប្រទេសបារាំង លោកវេជ្ជបណ្ឌិត សិលាបានរៀបរាប់ឲ្យដឹងពីផលវិបាកមួយចំនួន តួយ៉ាងគឺ ភាសាតែម្តង។ លោកបានបញ្ជក់ថា «ចំពោះការសិក្សានៅទីនោះមានការលំបាកខ្លាំង ដោយសារតែនៅទីនោះមានតែនៅមន្ទីរពេទ្យ និងនៅសាលាប៉ុណ្ណោះដែលប្រើប្រាស់ភាសាបារាំង ដូច្នេះបើទោះបីជាយើងរៀនបានច្រើនប៉ុណ្ណា ពេលដែលយើងទៅដល់ទីនោះ យើងមានអារម្មណ៍ថាពិបាកស្តាប់ ដោយសារភាគច្រើនគេនិយាយគ្នា ប្រើគ្រៀមភាសា ដូចនេះត្រូវចំណាយពេល ២ទៅ៣ខែដើម្បីបន្សាំខ្លួន។» មួយវិញទៀតនោះ លោកសិលាក៏បានលើកឡើងពីបញ្ហាអាកាសធាតុផងដែរ ដោយពេលលោកសិលាទៅដល់ដំបូង គឺក្នុងខែ១០ នៅទីនោះគឺចាប់ផ្តើម ត្រជាក់ ចុះដល់១០អង្សាសេ ដូច្នេះវាមានការលំបាកបន្តិចដែរ។ រឿងមួយទៀតផងដែរនោះគឺ ចំណីអាហារហូបចុក ព្រោះនៅបារាំង គេមិនបានហូបបាយដូចយើងឡើយ ហើយលោកវេជ្ជបណ្ឌិតប្រៀបធៀបថា បើទោះម្ហូបនៅទីនោះឆ្ងាញ់ ប៉ុណ្ណាក៏ដោយក៏មិនដូចនៅស្រុកខ្មែរដែរ។
ជាចុងក្រោយ ដូចដែលយើងដឹងហើយថា ការបន្តការសិក្សានៅកំរិតជាន់ខ្ពស់ និងជាពិសេសគឺការសិក្សាអប់រំនៅបរទេស ជាការប្រសើរ មួយដែលក្នុងការលើកកម្ពស់ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជាពិសេសផ្នែកសុខាភិបាលតែម្តង។ លោកវេជ្ជបណ្ឌិត សិលាបានបញ្ជាក់ពីការយល់ដឹង យ៉ាងទូលំទូលាយបន្ទាប់ពីបានទទួលការសិក្សានៅប្រទេសបារាំងថា «អ្វីដែលពិសេសនោះគឺ ពេលដែលយើងទៅដល់ខាងក្រៅ យើងបានឃើញ បានដឹងរឿងរ៉ាវជាច្រើនដែលយើងអត់ដឹង ព្រោះមានបច្ចេកទេស មួយចំនួនដែលរហូតមកដល់សព្វថ្ងៃនេះ យើងមិនទាន់ឃើញប្រើនៅស្រុកយើងនៅឡើយទេ។» លោកសិលាក៏បានផ្តល់យោបល់មួយចំនួន ដល់សិស្សនិស្សិតដែល ចង់បន្តការសិក្សាទៅប្រទេសបារាំងផងដែរថា អ្វីដែលគួរត្រៀមសំខាន់ បំផុតនោះគឺត្រូវមានភាសាបារាំងល្អ។ បើយើងចេះខ្លាំង ទំនាក់ទំនងបានល្អ ការងារផ្សេងៗ ក៏ធ្វើឲ្យមានភាពងាយស្រួល ជាងមុនដែរ។ លោកសិលាក៏បានបន្ថែមផងដែរថា បើនិយាយពីរឿងអាកាសធាតុ ចំណីអាហារ ដូចជាមិនមែនជា បញ្ហាចោទខ្លាំងនោះទេ ព្រោះទៅបានតែមួយរយៈយើងនឹងទម្លាប់បាន។ មួយវិញទៀត ចំពោះបច្ចេកទេស ក៏យើងរៀនបានខ្លះដែរ តែបើកាលណាភាសាយើងទៅអត់រួចហើយ គឺមិនអាច ទៅរួចឡើយ ជាពិសេសចំពោះការទំនាក់ទំនងគ្នា ជាចំបាច់គឺជាមួយអ្នកជំងឺផ្ទាល់តែម្តង។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ