Menu

(ភាគ២) ហេតុផលនៃការជ្រើសរើសឯកទេសផ្សេងៗពីនិស្សិតសុខាភិបាល...


(ភាគ២) ហេតុផលនៃការជ្រើសរើសឯកទេសផ្សេងៗពីនិស្សិតសុខាភិបាល...

(ឯកទេសផ្នែករោគកុមារ) ង៉ោ ម៉េងរិទ្ធី
ដោយសារតែខ្ញុំជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នាហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាងទៀត ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាលឆ្នាំទី១មកម្ល៉េះ។

(ឯកទេសសោភ័ណសល្យសាស្រ្ត) ម៉ម គឹមអេង
នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។

(ឯកទេស ថ្លើម ក្រពះ ពោះវៀន) រ៉ូ គីមឆាយ
មូលហេតុដែលនាំឲ្យលោកជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។

(ឯកទេសបេះដូងនិង សរសៃឈាម) ចិន ណារ៉ុង
មូលហេតុចម្បងក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀត អត្រាមរណភាពបណ្តាលមកពីជំងឺបេះដូង និងសរសៃឈាមស្ថិតនៅលេខរៀងទី១ បើប្រៀបធៀបនឹងជំងឺដទៃទៀត។ 

បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងដែលមានមួយផ្នែកធំជាជំងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកម្រិតតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតឲ្យខ្ញុំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជំងឺបេះដូង។

(ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) សេង ឡុង
មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀត ដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។

(ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) យិន សាស្រ្តា
ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង