Menu

គាត់រៀនពេទ្យផងIRផងផ្តាំថា«យកល្អរៀនពេទ្យតែមួយ ហើយផ្តោតឲ្យខ្លាំងទៅបានហើយ»


គាត់រៀនពេទ្យផងIRផងផ្តាំថា«យកល្អរៀនពេទ្យតែមួយ ហើយផ្តោតឲ្យខ្លាំងទៅបានហើយ»

គ្រាន់តែលឺថា រៀនពេទ្យ ម្នាក់ៗប្រាកដជាស្រមៃដល់កាលវិភាគដ៏សែនមមាញឹកទាំងព្រឹក ថ្ងៃនិងយប់ជាមិនខាន ហើយចុះទម្រាំនិយាយអំពីការសិក្សា២មុខវិជ្ជាក្នុងពេលតែមួយ ដែល១ជាការសិក្សាផ្នែកសុខាភិបាលទៀតនោះ តើស្រមៃដល់អ្វីដែរ? ប្រាកដជារូបភាពនៃនិស្សិតដែលត្រូវហត់នឿយ និងរវល់រកពេលដកខ្លួនមិនបានជាមិនខាន…តែក៏មិនមែនជាអ្វីដែលមិនអាចកើតមានដែរ…រាល់ថ្ងៃនេះ ប្រាកដជាមាននិស្សិតមួយចំនួនកំពុងសិក្សាបែបនេះដែរ។ ក្នុងនោះ ក៏មាននិស្សិតមួយរូបដែលរៀនពេទ្យផង និងមុខវិជ្ជាមិនងាយស្រួលនៅសាលាតឹងរឹងមួយទៀតផងដែរ ដែលគាត់ក៏បានផ្តល់កិត្តិយសចែករំលែកនូវបទពិសោធន៍របស់គាត់ទៅកាន់និស្សិតពេទ្យដទៃទៀត និងជំនាន់ក្រោយនៃនិស្សិតផ្នែកសុខាភិបាល។ 

តោះ! តាមដានការចែករំលែកបទពិសោធន៍ពីយុវនិស្សិត ឡូវ ប៉េងហុង មកពីខេត្តបាត់ដំបង ដែលសព្វថ្ងៃកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តឆ្នាំទី៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទើបបញ្ចប់ការសិក្សាផ្នែកសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេស (ឆ្នាំ២០១៧)។ 

មានហេតុផលមួយចំនួនដែលជំរុញឲ្យខ្ញុំសិក្សា២មុខវិជ្ជាលំបាកៗក្នុងពេលតែមួយ ហើយហេតុផលចម្បងគេ គឺ«ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន»។ ប្រសិនបើយើងស្រលាញ់ ឬចូលចិត្តអ្វី នោះយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចគោលដៅរបស់យើង។ ជាក់ស្តែង សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចាប់អារម្មណ៍លើផ្នែកវេជ្ជសាស្រ្តនេះ ហើយក៏ជាមនុស្សម្នាក់ដែលចូលចិត្តស្វែងយល់អំពីវិទ្យាសាស្រ្តនយោបាយផងដែរ។ កត្តាលោកអ្នកមានគុណ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តរាល់ការសម្រេចចិត្តរបស់ខ្ញុំ ព្រមទាំងការផ្តល់នូវការគំនិតយោបល់ផ្សេងៗ រាល់ពេលដែលខ្ញុំត្រូវការ ហើយជាពិសេស គឺការលើកទឹកចិត្ត និងទ្រទ្រង់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក្នុងចំណោមមុខវិជ្ជាទាំងពីរ ខ្ញុំគិតថាកម្មវិធីសិក្សា ដែលមានកិច្ចការងាផ្ទះ កិច្ចការស្រាវជ្រាវ ការធ្វើបទបង្ហាញ Quiz ដែលមិនប្រាប់មុន ការប្រលងMid-term ការពិភាក្សាក្រុម និងការងារផ្សេងទៀត នៅវិទ្យាស្ថានភាសាបរទេស ដែលសុទ្ធតែត្រូវការត្រៀមខ្លួនទុកមុនរហូតនោះ មានកម្រិតលំបាកជាង។ ជួនកាល ក៏ត្រូវគេចម៉ោងសាលាពេទ្យ ឬម៉ោងយាម ដើម្បីធ្វើការងារសាលាមួយទៀតផងដែរ។ ពេលខ្លះទៀត កាលវិភាគប្រលងក៏ត្រូវជាន់គ្នាទៀត ដូចនេះហើយ ការគ្រប់គ្រងពេលវេលាពិតជាមានភាពស្មុគស្មាញណាស់ ហើយរាល់ថ្ងៃ គឺពេលព្រឹក ស្តារនៅពេទ្យ ពេលថ្ងៃរៀនសាលាពេទ្យ ហើយពេលយប់រៀននៅIFL ជួនកាល ក៏ត្រូវយាមពេលយប់នៅពេទ្យទៀត។ 

ស្តាប់ទៅដូចជាមមាញឹកណាស់ ហើយពិតណាស់ គឺវាមិនងាយស្រួលនោះទេ។ ជំនាញជាចម្បងដែលត្រូវការ ដើម្បីជម្នះនូវឧបសគ្គនោះ គឺ«ការគ្រប់គ្រងពេលវេលា» សម្រាប់ខ្ញុំ គឺតែងតែត្រៀម ក៏ដូចជារៀបចំកាលវិភាគនៃការងារយ៉ាងហោចណាស់១សប្តាហ៍មុន។ ជំនាញ១ទៀត គឺ«ទំនាក់ទំនងល្អ» កាលណាយើងមានទំនាក់ទំនងជាមួយនឹងមិត្តរួមថ្នាក់ យើងក៏អាចឲ្យពួកគេពន្យល់បន្ថែមពីអ្វីដែលយើងមិនច្បាស់ ឬខកខានមិនបានមករៀន ហើយក៏អាចជួយសុំច្បាប់ឲ្យអ្នកផងដែរ។ «តិចនិកក្នុងការរៀន» ក៏ជាកត្តាដែលមិនអាចខ្វះបានផងដែរ ជាពិសេសskimming និងscanning រកចំណុចសំខាន់ និងជួយឲ្យអ្នកចំណេញពេលវេលាក្នុងការស្វែងយល់ពីមេរៀន ឬឯកសារផ្សេងៗ។ «ពេលវេលាសិក្សា» អាចនឹងមានភាពខុសគ្នារវាងមនុស្សម្នាក់ៗ ដោយមានអ្នកខ្លះចូលចិត្តរៀនពេលយប់ អ្នកខ្លះចូលចិត្តរៀនពេលព្រឹកព្រលឹម ដូច្នេះហើយ សម្រាប់ត្រូវដឹងខ្លួនឯងថា រៀនចូលពេលណាជាងគេ។

សម្រាប់ការសិក្សា២មុខវិជ្ជាដំណាលគ្នានេះដែរ អ្វីដែលសំខាន់នោះ គឺ«ការតាំងចិត្ត» ដែលនឹងជាកម្លាំងជំរុញទឹកចិត្តអ្នក ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ «ភាសាបរទេស» ក៏សំខាន់ផងដែរ បើយើងចេះភាសាស្ទាត់នោះ ការសិក្សាស្វែងយល់របស់យើងក៏បានឆាប់រហ័ស និងងាយយល់ផងដែរ ហើយចុងក្រោយនោះ «ការរៀបផែនការ» ត្រូវតែច្បាស់លាស់ និងម៉ត់ចត់់សម្រាប់ខ្លួនឯងផ្ទាល់ និងការសិក្សា។

ប្រសិនបើអ្នកកំពុងសិក្សាផ្នែកសុខាភិបាល ហើយចង់សិក្សា១ជំនាញទៀតនោះ គួរតែជ្រើសរើសមុខវិជ្ជាដែលមិនសូវពិបាកខ្លាំង។ តែបើស្រលាញ់ផ្នែកសិក្សាអន្តរជាតិដូចជាខ្ញុំនោះ អ្នកគួរតែរើសយកសាលាផ្សេងដែលលមិនសូវតឹងរឹង ឬមានកម្មវិធីសិក្សារវល់ខ្លាំង។ 

ប៉ុន្តែសម្រាប់អ្នកដែលស្រលាញ់ការសិក្សាផ្នែកសុខាភិបាលជាង គួរតែកុំរៀនមុខវិជ្ជា១ទៀតអី ព្រោះថាឆ្លងកាត់តាមអ្វីដែលបានឆ្លងកាត់កន្លងមក ខ្ញុំគិតថាវាពិតជាពិបាក ហើយខ្ញុំក៏មិនអាចនឹងធ្វើទៅបានដែរ ប្រសិនបើមិនមានការជួយជ្រោមជ្រែងគាំទ្រពីប៉ាម៉ាក់ និងមិត្តភក្តិនោះ ព្រោះថាការសិក្សាផ្នែកនេះក៏ពិបាកណាស់ទៅហើយ ហេតុនេះហើយ គួរតែរៀនតែមួយមុខបានហើយ ហើយផ្តោតខ្លាំងទៅលើស្វ័យសិក្សា និងការអនុវត្តនៅមន្ទីរពេទ្យ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង