Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មានសភាពស្រៀវ ត្រង់កន្លែងប៉ះធ្មេញ

សំណួរ ៖  នាងខ្ញុំមានអាយុ ២៣ឆ្នាំ។ កាលពី២សប្តាហ៍មុន នាងខ្ញុំបានទៅប៉ះធ្មេញត្រង់កន្លែងពុក តែរហូតមកដល់ពេលនេះ ត្រង់កន្លែងធ្មេញប៉ះនោះ នៅតែមានសភាពស្រៀវចំពោះភេសជ្ជៈ និងអាហារក្តៅ ឬត្រជាក់។ នាងខ្ញុំចង់ជម្រាបសួរលោកស្រីទន្តបណ្ឌិតថា តើសភាពស្រៀវនេះបណ្តាលមកពីអ្វី? ហើយវានឹងនៅយូរប៉ុណ្ណាដែរ?

ចម្លើយ ៖  មូលហេតុនៃការស្រៀវធ្មេញមានច្រើន ដោយឡែក ចំពោះករណីរបស់ប្អូន វាអាចបណ្តាលមកពីត្រង់ប្រហោងដែលពុកនោះធំ ដែលតម្រូវឲ្យធ្វើការកាយយកផ្នែកដែលពុកនោះចេញ និងធ្វើឲ្យថ្នាំសម្រាប់បំពេញប្រហោងនោះ អាចនៅកៀកនឹងបណ្តូល ឬសរសៃធ្មេញធ្វើឲ្យមានការស្រៀវ។ 

ក្រៅពីនោះ ភាពស្រៀវក៏អាច បណ្តាលមកពីការបំពេញថ្នាំ ដោយមានខ្យល់ (bubble)ចូលក្នុងប្រហោងធ្មេញពុកនោះ ការកាយយកធ្មេញពុកមិនអស់ ឬការសម្លប់មេរោគ មិនបានត្រឹមត្រូវអំឡុងពេលប៉ះធ្មេញផងដែរ។ ក្នុងករណីនេះ ប្អូនស្រីគួរចៀសវាងបរិភោគ អាហារក្តៅ និងត្រជាក់មួយរយៈសិន។ 

គួរបញ្ជាក់ថា ប្រសិនបើការប៉ះធ្មេញរបស់ប្អូនបានធ្វើឡើងដោយត្រឹមត្រូវ នោះភាពស្រៀវធ្មេញអាចនឹង កាត់បន្ថយបន្តិចម្តងៗ និងប្រសើរឡើងវិញនៅ សប្តាហ៍ទី ៦។ ផ្ទុយទៅវិញ ប្រសិនភាពស្រៀវកាន់ តែធ្ងន់ធ្ងរឡើង ឬមិនមានភាពធូរស្រាលនោះ អ្នកជំងឺគួរទៅជួបជាមួយនឹងអ្នកជំនាញ ដើម្បីធ្វើការថត X-ray រកមូលហេតុ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ 

កស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាយ និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវន្តសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។ មូលហេតុបង្ក និងកត្តាប្រឈម មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖ • កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម • កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម • កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង • កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង • កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។ រោគសញ្ញា ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។ វិធីសាស្រ្តព្យាបាល ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។ វិធីសាស្រ្តការពារ • ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។ • ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។ ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទម្រង់នៃការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃម៉្យាងត្រូវបានហៅថា Cholesteatoma ត្រចៀក បង្កឡើងពីកោសិកាស្បែកប្រភេទ épithélium pavimenteux ឬ simple squamous epithelium ដែលជ្រៀតចូលទៅក្នុងត្រចៀកកណ្តាល មានដំណើរវិវឌ្ឍយ៉ាងស្ងៀមស្ងាត់ឈានដល់កូនឆ្អឹងតូចៗ (Auditory Ossicle) នៃត្រចៀកកណ្តាល។ Cholesteatoma ត្រចៀកជាបញ្ហាចោទធ្ងន់ធ្ងរបំផុតមួយដែលពិបាកព្យាបាល បើប្រៀបធៀបជាមួយជំងឺកើតលើត្រចៀកផ្សេងទៀត។ បច្ចុប្បន្ន ប្រជាជនកម្ពុជាហាក់មានការប្រឈមច្រើនគួរឲ្យកត់សម្គាល់ ដោយសារពុំមានទម្លាប់ថែរក្សា និងត្រួតពិនិត្យត្រចៀកជាប្រចាំ រហូតទាល់តែមានសញ្ញា ឬឈឺទើបសម្រេចចិត្តមកជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ជាក់ស្តែង Cholesteatoma កើតមានជាពិសេសចំពោះបុគ្គលមានបញ្ហារលាកត្រចៀករ៉ាំរ៉ៃ ដែលភាគច្រើននៅចន្លោះអាយុពី៥ឆ្នាំ ទៅ១៥ឆ្នាំ។ មូលហេតុ ការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃដែលជា Cholesteatoma កើតមានឡើងដោយសារមូលហេតុសំខាន់ៗរួមមាន៖ • ជំងឺដក់ទឹកក្នុងត្រចៀកកណ្តាលរ៉ាំរ៉ៃរយៈពេលយូរដែលបង្កឲ្យក្រដាសត្រចៀកកាន់តែស្តើង ប៉ះពាល់ដល់ភាពស្វិតនៃក្រដាសត្រចៀកធ្វើឲ្យក្រដាសត្រចៀកផតចូលក្នុង បន្ទាប់មកស្បែកនៅត្រចៀកខាងក្រៅលូនចូលទៅក្នុងតាមការផតនៃក្រដាសត្រចៀក ប៉ះពាល់ដល់ត្រចៀកកណ្តាល។ • អ្នកជំងឺធ្លាយក្រដាសត្រចៀក មានន័យថាគ្មានរនាំងការពាររយៈពេលយូរ ធ្វើឲ្យស្បែកនៅខាងក្រៅដុះលូនចូលទៅក្នុងត្រចៀកបង្កជា Cholesteatoma។ • មូលហេតុពីកំណើត គឺក្នុងពេលបង្កកំណើតទារកមានដុះនូវកោសិកាស្បែកមួយតូចនៅក្នុងត្រចៀកកណ្តាលតែម្តង ដែលកោសិកានេះលូតលាស់កាន់តែធំតាមវ័យ។ • អ្នកជំងឺមានបញ្ហាហូរសម្បោររ៉ាំរ៉ៃ មានខ្ទុះក្នុងច្រមុះ ឬមានដុះសាច់បំពង់កនៅផ្នែកខាងក្រោយ បង្កឲ្យស្ទះ និងរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ដោយសារការស្ទះខ្យល់ក្នុងត្រចៀកដែលរ៉ាប់រងដោយ eustachain tube (សរីរាង្គដង្ហើមត្រចៀកមកបំពង់ក)។ • ការធ្លាយក្រដាសត្រចៀក ដោយសារការសម្អាតត្រចៀកខ្លួនឯង និងមិនបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ រោគសញ្ញា និងផលវិបាក Cholesteatoma មានដំណើរវិវឌ្ឍយ៉ាងស្ងប់ស្ងាត់ដោយដំបូងពុំធ្វើឲ្យអ្នកជំងឺមានសញ្ញាណាមួយឡើយ ឬមានត្រឹមអាការៈតិចតួចដែលមិនគួរឲ្យចាប់អារម្មណ៍ឬកត់សម្គាល់ឡើយ។ ភាគច្រើន អ្នកជំងឺអាចលេចចេញនូវសញ្ញាសម្គាល់ច្បាស់នៅពេលមានភាពធ្ងន់ធ្ងរទៅហើយរួមមានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង ហូរខ្ទុះតាមត្រចៀក ឬហៅថាអំបៅអំបែកដែលមានក្លិនមិនល្អ ថយចុះសមត្ថភាពក្នុងការស្តាប់ឬរហូតបាត់បង់ការស្តាប់ និងវិលមុខ ដែលជាអាការៈបន្ទាប់បន្សំតែងជួបប្រទះ។ បន្ទាប់ពីរោគសញ្ញាកើតមានឡើងយូរខែ ឬយូរឆ្នាំដោយពុំបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងប្រឈមជាមួយផលវិបាក នៅពេលប៉ះពាល់ដល់សរសៃប្រសាទទី៧ ដែលនាំឲ្យអ្នកជំងឺវៀចមាត់។ ម៉្យាងទៀត បញ្ហានេះអាចបង្កឲ្យរលាកឆ្អឹង mastoid ផ្នែកខាងក្រោយ ដែលបន្តរហូតរលាកត្រចៀកផ្នែកខាងក្នុង ហើយធ្វើឲ្យអ្នកជំងឺថ្លង់។ ប្រសិនបើមានការបង្ករោគដល់ Vestibular អ្នកជំងឺនឹងលេចចេញនូវអាការៈវិលមុខញឹកញាប់។ នៅទីបំផុតមេរោគអាចបង្កឲ្យមានរលាកស្រោមខួរក្បាល ឬរហូត មានខ្យល់ក្នុងខួរក្បាល និងអាប់សែខួរក្បាល ដែលធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយឆ្លុះត្រចៀក (Autoscope) ដែលអាចរកឃើញនូវដំបៅនៅផ្នែកខាងលើនៃក្រដាសត្រចៀក និងនៅគែមក្រដាសត្រចៀក ករណីធ្លាយ រួមជាមួយការសម្គាល់ឃើញដុំសៗច្រើន។ បើការពិនិត្យដោយឆ្លុះពុំអាចញែកបានឬរកមិនឃើញនោះអ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយស៊ីធីស្គែន មើលលើឆ្អឹងត្រចៀក ឬរកមើលទីតាំង Cholesteatoma។ បន្ថែមពីការពិនិត្យទាំង ២ខាងលើ អ្នកជំងឺអាចនឹងត្រូវវាស់កម្រិតនៃការស្តាប់ដោយaudiogram ឬ PTA (Pure Tone audiometry) ព្រោះថាមានតែអ្នកជំងឺ cholesteatoma ប៉ុណ្ណោះដែលប៉ះពាល់ដល់ឆ្អឹងតូចៗនៅត្រចៀកកណ្តាលប្រសិនការស្តាប់ធ្លាក់ចុះខ្លាំង នោះមានន័យថា មានការខូចខាតកូនឆ្អឹង ឬការបញ្ជូនសំឡេងដាច់នៅផ្នែកណាមួយ។ វិធីសាស្ត្រព្យាបាល គួរបញ្ជាក់ថា គ្មានប្រភេទថ្នាំណាមួយដែលអាចព្យាបាល Cholesteatoma បានឡើយក្រៅពីការវះកាត់។ ជាទូទៅ ការវះកាត់នេះ ធ្វើឡើងនៅផ្នែកខាងក្រោយនៃត្រចៀកដើម្បីសម្អាតផ្នែករលាក ឬផ្នែកបង្ករោគ និងឆ្អឹងដែលខូចខាតចេញឲ្យអស់។ ការវះកាត់ Cholesteatoma ត្រចៀក ជាប្រភេទនៃការវះកាត់ពិបាកមួយ ដោយសារសរីរាង្គត្រចៀកមានទំហំតូចដែលមិនអាចមើលឃើញច្បាស់ដោយភ្នែកទទេនិងតម្រូវឲ្យប្រើមីក្រូទស្សន៍ពង្រីកក្នុងការវះកាត់។ ម៉្យាង សរីរាង្គត្រចៀកមានសរសៃច្រើនពិសេសសរសៃប្រសាទទី៧នៅផ្នែកខាងក្រោមបាតត្រចៀកដែលងាយនឹងប៉ះពេលវះកាត់ ក្នុងករណី Cholesteatoma ប៉ះដល់ឆ្អឹងការពារជុំវិញសរសៃប្រសាទនេះ។ វិធីសាស្រ្តការពារ • សម្អាតច្រមុះកុមារជានិច្ច ប្រសិនពួកគេតែងមានអាការៈតឹងច្រមុះ ឬហៀរសម្បោរជាប្រចាំ • ស្វែងរកការប្រឹក្សា និងព្យាបាលប្រសិនមានជំងឺដុះសាច់បំពង់កផ្នែកខាងក្រោយដែលតែងបង្ហាញចេញជាការស្រមុកខ្លាំង។ គួរចៀសវាងការសម្អាតត្រចៀកដោយខ្លួនឯង ដោយហេតុថាវាអាចចម្លងមេរោគផ្សិត ឬបង្កឲ្យធ្លាយក្រដាសត្រចៀក និងត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុតបើមានសញ្ញានៃបញ្ហាត្រចៀកណាមួយកើតឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺអំបៅអំបែកត្រចៀក ជាការរលាករ៉ាំរ៉ៃនៃត្រចៀកកណ្តាល បង្កឡើងដោយសារមេរោគ។ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាភាគច្រើនបាននិងកំពុងប្រឈមជាមួយបញ្ហានេះ ដែលស្តែងឡើងតាមសណ្ឋាននៃអំបៅអំបែកធម្មតា និងអំបៅអំបែកកម្រិតធ្ងន់ហើយបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ បុគ្គលប្រឈមខ្ពស់ ភាគច្រើនជំងឺអំបៅអំបែកត្រចៀកកើតមានលើក្មេងតូចៗអាយុក្រោម ៧ឆ្នាំ ដោយសាររន្ធមួយដែលឆ្លងពីត្រចៀកកណ្តាលមកច្រមុះមានប្រវែងខ្លី ធំហើយផ្តេកដែលជាលក្ខខណ្ឌមួយងាយឲ្យមេរោគឆ្លងចូល។ មួយវិញទៀតអំបៅអំបែកនេះ កើតមានក្នុងកម្រិតគួរឲ្យកត់សម្គាល់ចំពោះកុមារដែលរស់នៅក្នុងតំបន់កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភផងដែរ។ មូលហេតុ ការកកើតនៃជំងឺអំបៅអំបែក ទាក់ទងជាពិសេសទៅនឹងការចម្លងរោគនៅសរីរាង្គផ្លូវដង្ហើមផ្នែកខាងលើ។ មានកត្តារួមផ្សំផ្សេងៗទៀតផងដែរដូចជាការកើតជំងឺផ្តាសាយញឹកញាប់ ជំងឺឆ្លងនៃផ្លូវដង្ហើមខាងលើកញ្ជ្រឹល ក្អកមាន់ ការដុះសាច់បំពង់ក សាច់ដុះពីច្រមុះមកក ការរលាកប្រអប់ឆ្អឹងស៊ីនីសសងខាងច្រមុះ អាល្លែកហ្ស៊ីច្រមុះ ការមានដុំសាច់នៅចន្លោះច្រមុះ និងបំពង់ក ការដាក់ ឬប្រើឧបករណ៍ឃាត់ឈាមនៅច្រមុះណែនពេកនាំឲ្យស្ទះរន្ធដល់ត្រចៀកកណ្តាល និងភាពមិនធម្មតានៃច្រមុះ ឬឆែបមាត់។ រោគសញ្ញា សញ្ញាណដំបូង អ្នកជំងឺអំបៅអំបែកអាចមានការឈឺចាប់ ថយចុះសមត្ថភាពក្នុងការស្តាប់ ឬស្តាប់មិនឮតែម្តង ហ៊ឹងត្រចៀក ក្តៅខ្លួន ក្រដាសត្រចៀកឡើងក្រហម ប៉ោងចេញក្រៅ នៅពេលបែក ឬធ្លាយក្រដាសត្រចៀកនោះនឹងមានហូរទឹកចេញពីត្រចៀកមកក្រៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការពិនិត្យត្រចៀក សម្អាតត្រចៀកប្រសិនមានហូរទឹកចេញមកក្រៅ បន្ទាប់មកពិនិត្យដោយអង់ដូស្កុប ឬអូតូស្កុប ដាក់ចូលក្នុងត្រចៀក ហើយវានឹងបង្ហាញនូវរូបភាពដូចជាការរហែកក្រដាសត្រចៀករួមជាមួយខ្ទុះនៅជាប់នឹងក្រដាសត្រចៀកដែលរហែកនោះ មានហូរទឹកចេញពីត្រចៀក ហើម ក្រហម និងអាចមើលឃើញដល់ត្រចៀកកណ្តាល។ ការព្យាបាល ជាទូទៅ អ្នកជំងឺនឹងត្រូវព្យាបាលទៅតាមសណ្ឋាននៃអំបៅអំបែក រួមមាន៖ • អំបៅអំបែកធម្មតា ដែលគ្រាន់តែមានការហូរទឹក ការរហែកក្រដាសត្រចៀកដែលមិនប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំសម្ងួតទឹកដែលហូរចេញពីត្រចៀក និងបិតក្រដាសត្រចៀករហែកដែលជួយដល់ការស្តាប់ឲ្យបានប្រហែលនឹងត្រចៀកធម្មជាតិរបស់អ្នកជំងឺហើយលែងមានហូរទឹកតទៅទៀត។ • អំបៅអំបែកកម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬអំបៅអំបែកដែលមាន cholesteatoma អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់ធំ ដើម្បីធ្វើការសម្អាតក្នុងប្រអប់ត្រចៀកកណ្តាល ដោយយកចេញនៃ cholesteatoma ធ្វើការកោសនូវឆ្អឹងពុកៗចេញ និងជួយឲ្យអ្នកជំងឺស្តាប់បានវិញតាមកម្រិតសមស្របមួយ។ ផលវិបាក ការពុំទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវជំងឺអំបៅអំបែកអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ ទៅជាស្តាប់មិនឮ មានហៀរទឹកពីក្នុងរន្ធត្រចៀក និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម។ លក្ខណៈធ្ងន់ធ្ងរផ្សេងទៀត អាចឲ្យអ្នកជំងឺមានការវិវឌ្ឍទៅជា វៀចមាត់ដោយសារមានការបំផ្លាញសរសៃប្រសាទទី៧ ងាយវិលមុខពេលងាកចុះឡើងបន្តិចបន្តួច មេរោគឆ្លងដល់ខួរក្បាល បង្កឲ្យរលាកស្រោមខួរ អាប់សែក្នុងខួរក្បាល  និងអាចឲ្យអ្នកជំងឺស្លាប់បាន។ វិធីសាស្ត្របង្ការ ការពារពីមូលហេតុ ដោយត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាប្រសិនមានជំងឺឆ្លងនៅប្រព័ន្ធដង្ហើមផ្នែកខាងលើ ករណីមានដុះសាច់បំពង់កអាចនឹងតម្រូវឲ្យកាត់ចេញ បើមានដុះសាច់នៅតំបន់ចន្លោះច្រមុះ-កចំពោះក្មេង ត្រូវកោសចេញ និងកាត់បន្ថយ ឬទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល ប្រសិនជួបអ្នកជំងឺអំបៅអំបែកសូមប្រញាប់បញ្ជូនមកកាន់ផ្នែកត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងកឲ្យបានទាន់ពេលវេលា ព្រោះមួយផ្នែកតូចនៃបញ្ហានេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះប្រជាជនគ្រប់រូបបើមានសញ្ញាសង្ស័យណាមួយដូចខាងលើសូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ​ ៨៣ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mastoiditis ជាពាក្យបច្ចេកទេសសំដៅដល់ការរលាកនៃឆ្អឹង Mastoid ដែលស្ថិតនៅផ្នែកខាងក្រោយនៃត្រចៀក។ ជាក់ស្តែងសម្រាប់ពិភពលោកគេរកឃើញជំងឺនេះកើតមានក្នុងកម្រិត ១/២៥០០០ រីឯនៅកម្ពុជាហាក់មានការកើតឡើងច្រើនជាងនេះ។ Mastoiditis ជាជំងឺប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង ២ឆ្នាំ ដែលគេហៅថាជាការរលាកឆ្អឹង Mastoid ស្រួចស្រាវ និងជាប្រភេទធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ ឯចំពោះមនុស្សចាស់ ច្រើនជាការរលាករ៉ាំរ៉ៃ។ ការរលាកឆ្អឹង Mastoid នេះអាចនឹងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឲ្យអ្នកស្វែងយល់នូវសញ្ញាសំខាន់ៗ ដូចខាងក្រោម៖ មូលហេតុ និងកត្តាជំរុញនៃ Mastoiditis ភាគច្រើននៃការរលាកឆ្អឹង Mastoid បង្កពីបាក់តេរី Pneumococcus ដែលរស់នៅនឹងត្រចៀក-ច្រមុះ-បំពង់ក និងបាក់តេរី Pseudomonas aeruginosa Hemophilus influenzae។ ការរលាកនេះ កើតឡើងបន្ទាប់ពីមានការរលាកត្រចៀកកណ្តាលស្រួចស្រាវចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេល ឬមិនត្រឹមត្រូវ។ សម្រាប់មនុស្សចាស់ ឬអ្នកដែលវ័យចាប់ពី ៣០ឆ្នាំឡើងទៅ Mastoiditis កើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ឬហៅថាអំបៅអំបែក។ គួរបញ្ជាក់ថា អ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមាន៖ • អ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយ ធ្វើឲ្យរលាកត្រចៀកកណ្តាល និងអាចឆ្លងបន្តទៅ Mastoid • អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ងាយធ្វើឲ្យខ្ទុះ ឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់ក និងឡើងដល់ត្រចៀក។ សញ្ញាបញ្ជាក់ពី Mastoiditis អ្នកជំងឺអាចមានអាការៈឈឺក្នុងរន្ធត្រចៀក បន្ទាប់មកឈឺផ្នែកខាងក្រោយត្រចៀកអ្នកខ្លះមានហៀរខ្ទុះពីក្នុងត្រចៀក ហើយមានពណ៌ក្រហមនៅតំបន់ Mastoid ខាងក្រោយត្រចៀក ប៉ោងរលោង និងទន់ពេលប៉ះ។ ករណីខ្លះវាឡើងប៉ោងរហូតដល់អាចរុញស្លឹកត្រចៀកមកខាងមុខ និងឲ្យរន្ធត្រចៀករួមតូចផងដែរ។ សញ្ញាធ្ងន់ធ្ងរអាចរហូតហៀរខ្ទុះចេញពីផ្នែកខាងក្រោយត្រចៀកដែលអាចឲ្យអ្នកជំងឺច្រឡំថាជាការកើតបូស។ ក្រៅអំពីសញ្ញាពិសេសៗខាងលើ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំផ្សេងទៀតដូចជា ក្តៅខ្លួនញាក់ចំពោះកុមារ ឬក្ដៅស្ទេញៗ ឈឺក្បាលចំពោះមនុស្សចាស់ និងមានការថយចុះនូវកម្រិតនៃការស្តាប់។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវតិ្តជំងឺ បន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីរកវត្តមានខ្ទុះក្នុងត្រចៀក និងសភាពក្រដាសត្រចៀក។ ប្រសិនមានខ្ទុះ គ្រូពេទ្យនឹងយកខ្ទុះនោះទៅបណ្ដុះបន្ថែមរកមេរោគបង្ក។ ករណីមិនអាចញែកដាច់ថាជាការរលាក Mastoid អ្នកជំងឺអាចនឹងត្រូវស្នើសុំឲ្យស្កែនមើលឆ្អឹង Mastoid បន្ថែមទៀត។ របៀបព្យាបាល Mastoiditis ការព្យាបាលត្រូវធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងខុសៗគ្នាអាស្រ័យតាមដំណាក់កាលរបស់អ្នកជំងឺ។ សម្រាប់ដំណាក់កាលទី១ ដែលជាការរលាក Mastoid ស្រួចស្រាវ ឬនៅថ្មីៗ និងគ្មាននូវផលវិបាកធ្ងន់ធ្ងរ នោះអ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំ រួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបសមស្របតាមប្រភេទមេរោគដែលបានរកឃើញ។ អំឡុងពេលនៃការព្យាបាលគ្រូពេទ្យនឹងវាយតម្លៃនៃការព្យាបាលនោះ ប្រសិនអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលដោយថ្នាំទេនោះ ការវះកាត់ជាវិធីសាស្ត្របន្ទាប់។ គួរបញ្ជាក់ផងដែរថា ការវះកាត់នេះធ្វើឡើងនៅតំបន់ Mastoid ខាងក្រោយដើម្បីយកចេញនូវផ្នែកដែលរលាក រួចប្រើប្រាស់ថ្នាំបន្តទើបអាចទទួលបានការជាសះស្បើយ។ ផលវិបាកនៃការព្យាបាលយឺតយ៉ាវ Mastoiditis ត្រូវបានចាត់ទុកជាជំងឺធ្ងន់ធ្ងរដោយផ្អែកលើផលវិបាកដែលធ្វើឲ្យពិបាកក្នុងការព្យាបាលនិងអាចបង្កឱ្យស្លាប់ក្នុងកម្រិតខ្ពស់ដូចខាងក្រោម៖ • ការស្តាប់ត្រូវបានថយចុះខ្លាំង រហូតដល់ខូចប្រព័ន្ធបញ្ជូនសំឡេង និងអាចប៉ះពាល់រហូតដល់ត្រចៀកខាងក្នុងបង្កឲ្យបាត់បង់ការស្តាប់ទាំងស្រុង • មេរោគចេញពី Mastoid ចូលដល់ក្នុងឈាមដែលអាចឲ្យអ្នកជំងឺស្លាប់បានបើសង្គ្រោះមិនទាន់ពេល • មេរោគអាចជ្រៀតចូលទៅភ្នាសខួរក្បាល ធ្វើឲ្យរលាកភ្នាសខួរក្បាល (Meningitis) • មេរោគចូលដល់ក្នុងខួរក្បាលអាចបង្កឲ្យមានអាប់សែខួរក្បាល (Brain abscess) • មេរោគអាចធ្វើឲ្យមានផលប៉ះពាល់ដល់សរសៃឈាមវ៉ែនដែលមាននាទីនាំឈាមពីខួរក្បាលទៅបេះដូងបង្កជាការរលាក (Thrombophlebitis Sinus Sigmoidei) ដែលពិបាកក្នុងការព្យាបាល • បង្កជាការរលាកសរសៃប្រសាទទី៧ ធ្វើឲ្យអ្នកជំងឺវៀចមាត់ (Facial paralysis)។ ការការពារពី Mastoiditis ចៀសវាងនូវមូលហេតុបង្កដូចរៀបរាប់ខាងលើអាចកាត់បន្ថយហានិភ័យនៃការរលាក Mastoid ដោយប្រសិទ្ធភាព ដែលរួមមាន៖ • ចាក់វ៉ាក់សាំងបង្ការមេរោគភ្នឺម៉ូកុក (Pneumocoque) ចំពោះក្មេងតូចៗ ដែលជាមេរោគសម្បូរបំផុតនៅផ្លូវដង្ហើម • ប្រុងប្រយ័ត្នការពារកុំឲ្យក្មេងមានការរលាកត្រចៀកកណ្តាលស្រួចស្រាវដោយកុំឲ្យពួកគេមានអាការៈហូរសម្បោររ៉ាំរ៉ៃ • ចៀសវាងឲ្យក្មេងទទួលទានអាហារដែលអាចប៉ះពាល់ ឬរលាកដល់បំពង់ក ដូចជាទឹកកក ការ៉េម ទឹកក្រូច ឬស្ករគ្រាប់។ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះកុមារអាយុក្រោម២ឆ្នាំ ធ្វើយ៉ាងណាកុំឲ្យពួកគេមានជំងឺផ្តាសាយញឹកញាប់ ពិសេសអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ឬនៅរដូវវស្សា ទាំងអាហាររបៀបរស់នៅ និងគួរចេះប្រើប្រាស់សេរ៉ូមប្រៃលាងច្រមុះ។ ករណីក្មេងតូចៗដែលមិនអាចប្រាប់ពីសញ្ញានៃការឈឺត្រចៀករបស់ពួកគេបាន ឪពុកម្តាយត្រូវចំណាំនៅពេលក្មេងយំអំឡុងម៉ោង១២យប់ និងយកដៃខ្ទប់ត្រចៀក ឬមានសញ្ញាមិនប្រក្រតីណាមួយគួរជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាផងដែរ ករណីមនុស្សចាស់មានជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ គួរជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលសមស្របឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។ កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖ • អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ • អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ • ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ • ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។ ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។ ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។ ការព្យាបាលផ្សិតត្រចៀក ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។ យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក • សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់ • ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់ • ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក • កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា • ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ក្លិនមាត់មិនមែនបណ្ដាលមកពីការខូចខាតធ្មេញតែមួយមុខនោះទេ។ ជាក់ស្ដែងរបបអាហាររៀងរាល់ថ្ងៃក៏អាចធ្វើឲ្យមានក្លិនមាត់ផងដែរហើយអ្នកហាក់មិនបានដឹងទាល់តែសោះ។ បើច្បាស់ថា សុខភាពមាត់ធ្មេញមិនមានបញ្ហានោះ អ្នកគួរសង្កេតមើលអាហារដែលកំពុងតែបរិភោគឡើងវិញ ដែលករណីខាងក្រោមនេះនឹងបញ្ជាក់ប្រាប់អ្នកថាមានអាហារអ្វីខ្លះ? សំណួរ៖ ខ្ញុំមានអាយុ ២១ឆ្នាំ ភេទស្រី រស់នៅខេត្តសៀមរាប។ នាងខ្ញុំមានចម្ងល់ចង់ជម្រាបសួរ លោកទន្តបណ្ឌិតថា តើអាហារដែលនាងខ្ញុំទទួលទានអាចប៉ះពាល់ដល់ខ្យល់ដកដង្ហើមនាងខ្ញុំតាមរបៀបណាខ្លះ? ចម្លើយ៖ អាហារមួយចំនួនគឺធ្វើឲ្យខ្យល់ដកដង្ហើមរបស់អ្នកមិនល្អមានដូចជា ខ្ទឹម កាហ្វេ គ្រឿងស្រវឹង និងអាហារផ្សេងៗទៀត។ ការទទួលទានខ្ទឹមអាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ តែវាក៏ធ្វើឲ្យក្លិនអាក្រក់ជះចេញពីរាងកាយតាមរយៈការបែកញើសផងដែរ ដោយសារតែធាតុផ្សំនៅក្នុងខ្ទឹមសត្រូវបានស្រូបទៅក្នុងឈាម និងលំពែងហើយវាបង្កជាក្លិនមិនល្អចេញពីរាងកាយទាំងមូល និងខ្យល់ដកដង្ហើម។ លើសពីនេះការទទួលទានកាហ្វេច្រើនពេកក្នុងមួយថ្ងៃអាចធ្វើឲ្យរាងកាយ និងខ្យល់ដង្ហើមរបស់អ្នកជះក្លិនមិនល្អផងដែរ បើទោះបីជាអ្នកងូតទឹកសម្អាតខ្លួនប្រាណ ឬផ្លាស់ប្តូរសម្លៀកបំពាក់យ៉ាងណាក៏ដោយ។ នោះក៏ដោយសារតែជាតិកាហ្វេអុីនបានធ្វើការរំញោចក្រពេញញើស និងធ្វើឲ្យអ្នកបែកញើសច្រើនខុសពីធម្មតាទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ថ្គាមទាល់តែងតែត្រូវបានគ្រូពេទ្យជំនាញណែនាំឲ្យដកចេញជាដាច់ខាត ទោះបីជាមិនឈឺ ឬមានអាការៈឈឺចាប់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយកំពុងមានការឈឺចាប់ខ្លាំងវិញនោះ តើអ្នកគួរដកចេញដែរឬទេ? សំណួរ៖ ខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី អំឡុងពេលនេះខ្ញុំកំពុងមានផ្ទៃពោះប្រាំពីរខែហើយខ្ញុំឈឺថ្គាមទាល់ខ្លាំងណាស់។​ តើខ្ញុំអាចធ្វើការដកថ្គាមនេះចេញបានទេ? តើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ? ចម្លើយ៖ ក្នុងករណីដែលប្អូនឈឺថ្គាមទាល់ខ្លាំង ក្នុងអំឡុងពេលមានផ្ទៃពោះប្រាំពីរខែប្អូនគួរតែមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញ ព្រោះក្នុងករណីខ្លះទន្តបណ្ឌិតអាចមិនធ្វើការវះកាត់ភ្លាមៗនោះទេ ប៉ុន្តែទន្តបណ្ឌិតនឹងមានវិធីបន្ថយការឈឺចាប់ហើយរង់ចាំសម្រាលរួចរាល់ជាមុនសិនព្រោះថា ៣ខែដំបូងនៃការមានផ្ទៃពោះ ឬត្រីមាសដំបូងគឺជាដំណាក់កាលសំខាន់នៃការលូតលាស់របស់គភ៌។ យើងមិនអាចផ្តល់ដំបូន្មានក្នុងការដកធ្មេញក្នុងអំឡុងពេលនេះឡើយ ព្រោះឱសថមួយចំនួនធ្វើការរារាំងដល់ការលូតលាស់របស់ទារក។ រយៈពេលដែលមានសុវត្ថិភាពបំផុតសម្រាប់ការដកធ្មេញគឺត្រីមាសទី ២ចាប់ពី ៤ទៅ៦ខែ ព្រោះនេះគឺជាដំណាក់កាលដែលទារកកំពុងលូតលាស់ ដូច្នេះប្រសិនបើមានការចាំបាច់ក្នុងការដកធ្មេញថ្គាមទាល់ក្នុងអំឡុងពេលនេះគឺ មិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃពោះនោះទេ។ ក៏ប៉ុន្តែចាប់ពីខែទី៧ ដល់ពេលសម្រាលគឺត្រីមាសទី៣ ជាដំណាក់កាលគ្រោះថ្នាក់កើនឡើងក្នុងការវះកាត់ធ្មេញ។ ដំណាក់កាលនេះគឺមិនអាចធ្វើការវះកាត់នោះទេដោយសារម្តាយដែលមានផ្ទៃពោះមិនអាចអង្គុយ ឬគេងក្នុងទីតាំងដែលត្រូវបានតម្រូវ។ ការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកដោយសារការរាំងស្ទះចរន្តឈាមទៅកាន់បេះដូងព្រោះតែទម្ងន់ធ្ងន់សង្កត់ទៅលើសរសៃឈាម។ ទន្តបណ្ឌិតភាគច្រើននឹងមិនធ្វើការវះកាត់ក្នុងអំឡុងពេលនេះទេគឺរង់ចាំការសម្រាលរួចជាមុនសិន។ ករណីចាំបាច់បំផុតការដកធ្មេញថ្គាមទាល់អាចធ្វើទៅបានដោយមិនមានប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ប៉ុន្តែរយៈពេលនៃការវះកាត់ត្រូវធ្វើឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយទីតាំងក្នុងការអង្គុយ ឬគេងត្រូវធានាថាមិនប៉ះពាល់។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ករណីថ្គាមទាល់ដុះចេញ ត្រូវបានបង្ហាញឡើងជាមួយនឹងសំណួរជុំវិញបញ្ហានេះជាច្រើន។ ជាទូទៅការដុះថ្គាមទាល់អាចបង្កការឈឺចាប់មួយរយៈ និងបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញទោះបីវាហាក់ដូចជាមិនបង្កផលរំខាននានាផ្សេងទៀតតែចម្ងល់ក្នុងការដកថ្គាមទាល់ចេញនៅតែជាបញ្ហាក្នុងការសម្រេចចិត្តរបស់ប្រជាជនមួយចំនួន។ តើថ្គាមទាល់បែបណាដែលអ្នកគួរដកចេញ? អត្ថបទខាងក្រោមនេះអាចជាចម្លើយរបស់អ្នក៖ សំណួរ៖ ខ្ញុំមានអាយុ ៣០ឆ្នាំ ភេទស្រី រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។ តើខ្ញុំគួរតែដកចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ? ចម្លើយ៖ ប្អូនគួរតែដកចេញ ទោះបីជាពេលនេះវាមិនមានការឈឺចាប់ក៏ដោយព្រោះវានឹងអាចបង្កការឈឺចាប់នៅពេលអនាគតនិងធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់ធ្មេញជិតខាងដោយសារការសម្អាតមិនបានស្អាតល្អធ្វើឲ្យមានរោគពុកធ្មេញ រោគអញ្ចាញនិងបញ្ហាផ្សេងៗដូចជាបញ្ហាក្លិនមាត់ជាដើម។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

បច្ចុប្បន្ន ការពត់ធ្មេញពិតជាពេញនិយមណាស់ក្នុងចំណោមយុវវ័យកម្ពុជា ប៉ុន្តែលក្ខខណ្ឌពត់ធ្មេញរបស់មនុស្សម្នាក់ៗ អាចនឹងខុសគ្នាអាស្រ័យស្ថានភាពធ្មេញបច្ចុប្បន្នរបស់គាត់។ បុគ្គលខ្លះមិនចាំបាច់តម្រូវឲ្យមានការដកធ្មេញទេ តែបុគ្គលខ្លះវិញត្រូវឲ្យដកធ្មេញយ៉ាងច្រើនទៅវិញ ជាក់ស្តែងដូចករណីខាងក្រោមរបស់មិត្តអ្នកអានយើងម្នាក់... សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ នាងខ្ញុំចង់ធ្វើការពត់ធ្មេញ ប៉ុន្តែពេលទៅពិគ្រោះគ្រូពេទ្យថាខ្ញុំត្រូវដកធ្មេញចំនួន ៥គ្រាប់។ ខ្ញុំក៏សម្រេចចិត្តថាមិនពត់វិញ ព្រោះត្រូវដកធ្មេញច្រើនក្នុងពេលតែមួយ ហើយក៏ធ្លាប់ឮមិត្តភក្តិថាអាចមានគ្រោះថ្នាក់។ ខ្ញុំចង់ដឹងថា តើការដកធ្មេញច្រើនបែបនេះអាចមានគ្រោះថ្នាក់ពិតប្រាកដដែរឬទេ ឬអាចបណ្តាលឲ្យមានបញ្ហាទៅថ្ងៃមុខឬទេ? ចម្លើយ៖ ទាក់ទងនឹងការពត់ធ្មេញដោយតម្រូវឲ្យដកធ្មេញគឺពិតជាមាន ប៉ុន្តែដកធ្មេញប៉ុន្មានគ្រាប់ប៉ះពាល់ ឬអត់នោះមិនអាចសន្មត់បានភ្លាមៗទេទាល់តែពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន។ ដើម្បីឲ្យកាន់តែប្រាកដចំពោះករណីនេះ ប្អូនចាំបាច់ត្រូវតែទៅជួបប្រឹក្សាជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការធុំក្លិនមាត់ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយដោយសារតែក្លិនមាត់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ សំណួរ៖ ខ្ញុំមានអាយុ ៣២ឆ្នាំ ភេទប្រុស រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី ហើយតើព្យាបាលតាមវិធីណា? ចម្លើយ៖ ក្លិនមាត់មិនល្អបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • ការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារនៅលើផ្ទៃនៃគល់អណ្តាតនៅតាមចន្លោះធ្មេញ និងដក់ក្រោមអញ្ចាញធ្មេញ • មានធ្មេញខូចច្រើននៅក្នុងមាត់ • មានធ្មេញដែលដាក់ពីមុនជ្រាបទឹក • មានជំងឺបំពង់ក ឬសួត • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ • ស្រេ្តស និងការធុញថប់ • ការខ្សោះជាតិទឹក • ដំបៅមាត់រុំារ៉ៃ ឬដំបៅអណ្តាត • ជំងឺរលាកប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះ ប្អូនគួរមកជួបពិនិត្យ និងពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងមានផែនការព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នៅពេលបច្ចុប្បន្នមានភាពជឿនលឿន ​វិស័យទន្តសាស្ត្រមានការរីកចម្រើន ​និងវិវឌ្ឍទៅរកអ្​វីដែលយើងតែងតែនិយមហៅថា “Technology of Digital” ឬយើងអាចធ្វើការកែតម្រូវ ទម្រង់ឆ្អឹងថ្គាមដោយបច្ចេកវិទ្យាទំនើបៗ។ នៅក្នុងនោះយើងសង្កេតឃើញការដាក់ធ្មេញឡើងវិញកំពុងតែឈានឡើង និងមានការចាប់អារម្មណ៍ច្រើនពីប្រជាជន។ ដោយឡែក វិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជាយើងមានការរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំងរហូតដល់មានប្រជាជនក្រៅស្រុកមកទទួលការព្យាបាល និងថែរក្សាមាត់ធ្មេញ។ ដោយហេតុនេះ ខ្ញុំសូមលើកបង្ហាញ និងពន្យល់បន្ថែមនូវប្រភេទធ្មេញដែលប្រជាជនតែងតែយកមកដាក់ដើម្បីបន្ថែមសោភ័ណភាព។ ប្រភេទធ្មេញដែលសម្រាប់ដាក់ញឹកញាប់មានដូចជា៖ 1. ប្រភេទធ្មេញលោហៈ (Metal Crown) ប្រភេទធ្មេញលោហៈមានច្រើនប្រភេទ Metal alloy ហើយប្រភេទដែលគេនិយមប្រើប្រាស់ជាងគេមាន  ៣ប្រភេទរួមមានដូចជា៖ High-noble, Noble alloy និង Base metal alloy។ • Metal-noble និង Noble alloy សំដៅទៅលើមាស (Gold) ប៉ុន្តែមាសមានសភាពទន់ដូច្នេះគេបញ្ចូលនូវសារធាតុ Copper , Platinum, Palladium, Zinc, Indium និង Nickel។ ជាក់ស្តែង គេប្រើចំពោះធ្មេញខាងក្រោយ (ធ្មេញថ្គាម) ដោយវាប៉ះពាល់ទៅលើសោភ័ណភាព។ ដោយសារវាមានភាពរឹងមាំប្រើបានយូរ ហើយមិនត្រូវការកម្រាស់ធ្មេញច្រើន (០,៥ ទៅ១មិល្លីម៉ែត្រ) ប៉ុន្តែវាមានភាពប៉ះពាល់ទៅលើកំណាំធ្មេញម្ខាង (Trauma) ទៀតនៅពេលខាំកល់។ វាមានភាពរឹងតែត្រូវការកែតម្រូវនិងខាត់ឲ្យរលោងឲ្យមានសភាពងាយស្រួល ចំណេញពេលវេលារបស់អ្នកជំងឺ។ • Base  Metal alloy ធ្មេញប្រភេទបែបនេះមិនសូវមានច្រើន ឬប្រើប៉ុន្មានទេ។ នៅពេលប្រៀបធៀបជាមួយ High-noble និង Noble វាមានភាពរឹងខ្លាំងដែលអាចឆាបកម្រាស់ធ្មេញបានតិច (០,២ ទៅ០,៥មិល្លីម៉ែត្រ) បាន។ វាមានសភាពរឹងខ្លាំងពិបាកកែតម្រូវ និងមានភាពលំបាកចំពោះអ្នកជំងឺ Allergy និង Nickel ។ 2. ប្រភេទធ្មេញ Titanium ចំពោះប្រភេទធ្មេញ Titanium វិញមានសភាពប្រហាក់ប្រហែលនឹង Biocompatible របស់មនុស្ស។ • Metal Ceramic វាត្រូវបានប្រើប្រាស់ជាយូរមកហើយ ប៉ុន្តែយើងសង្កេតឃើញថាវាងាយទទួលរងប្រតិកម្មជាមួយនឹងអញ្ចាញធ្មេញបំផុត។ មិនត្រឹមតែប៉ុណ្ណោះគេកំណត់ឃើញអ្នកជំងឺអាចរលាក (Sensible) ឬខ្មៅអញ្ចាញធ្មេញផងដែរ។ • Nickel-Free Ceramic ជាទូទៅត្រូវបានគេដឹងថាវាមិនមានប្រតិកម្មជាមួយអញ្ចាញធ្មេញនោះទេ គេប្រើប្រាស់វាសម្រាប់ជំនួសធ្មេញដែលខូចខាតដើម្បីបង្កើតនូវមុខងារសោភ័ណភាព និងរចនាសម្ព័ន្ធរបស់ធ្មេញឡើងវិញ ព្រមទាំងមានតម្លៃដែលអាចទទួលយកបាន។ • Titanium Ceramic វាមានសភាពល្អប្រហាក់ប្រហែលនឹងសរីរៈដែលនៅជុំវិញធ្មេញ ប៉ុន្តែវាមានតម្លៃថ្លៃ ហើយត្រូវបានគេប្រើប្រាស់ច្រើន ចំពោះអ្នកជំងឺដែលប្រតិកម្មជាមួយ Nickel ។ • Gold Ceramic វាត្រូវបានប្រើប្រាស់លើសពី ៤០០០ឆ្នាំ  ហើយវាលាយជាមួយសារធាតុដទៃដូចជា Palladium, Nickel ឬ Chronium ដែលជួយបង្កើនភាពរឹងមាំ និងកាត់បន្ថយតម្លៃ។ វាមានសភាពល្អដោយកាត់បន្ថយនូវអាល្លែកហ្ស៊ីបានច្រើន។ 3. Zirconium Teeth ធ្មេញប្រភេទ Zirconium បង្កើតឡើងដោយ Zirconium dioxide (ZrO2) ដែលមានសភាពរឹងមាំ ហើយត្រូវបានរកឃើញដោយជនជាតិអាល្លឺម៉ង់ឈ្មោះM.H Klaproth នៅក្នុងឆ្នាំ ១៧៨៩។ ដោយឡែក នៅឆ្នាំ ១៩៦០ ធ្មេញប្រភេទ Zirconium ត្រូវបានប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្ត ហើយទសវត្សរ៍ ១៩៩០ ធ្មេញប្រភេទនេះត្រូវបានគេដាក់ប្រើប្រាស់នៅក្នុងវិស័យទន្តសាស្រ្តផងដែរ។ ជាក់ស្តែងចំពោះធ្មេញប្រភេទ Zirconium មានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដូចជា៖  គុណសម្បត្តិ   • ពណ៌មានសភាពប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • វាមានសភាពរឹងមាំ ហើយមិនចាំបាច់ឆាបធ្មេញកំណើតច្រើន (Fram Zirconium)   • ជួយបង្កើនសោភ័ណភាពដោយ Layered with Porcelain   • Zirconium Crown អាចភ្ជាប់បាន ( Bonded ឬ Cemented) ដោយម៉ាស៊ីនភ្ជាប់ធ្មេញច្រើនប្រភេទ   • Zirconium អាចរចនានៅក្នុងកុំព្យូទ័រមុនពេលផលិត   • សារធាតុផ្សំមានសភាពដូចធ្មេញធម្មជាតិ ពិសេសវាមិនសូវមានប្រតិកម្មជាមួយបង្គោលនៅក្នុងឆ្អឹងថ្គាម។ គុណវិបត្តិ   • តម្លៃនៃការធ្វើធ្មេញ Zirconium មានតម្លៃថ្លៃដូច្នេះនៅពេលធ្វើ ឬកែសម្រួល Occulusion (ផ្ទៃទំពារ) មិនបានត្រឹមត្រូវ   • អាចធ្វើឲ្យឈឺធ្មេញធម្មជាតិ (Antagonist teeth)។ 4. Emax –System វាបង្កើតដោយសារធាតុ Lithium disilicate glass, Lithium dioxide, Phosphoroxide, Alumina, Potassium oxide និង Trace elements។ វាមានភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយសារសោភ័ណភាព (Excellent esthetic) ព្រមទាំងប្រើប្រាស់បានយូរ និងរឹងមាំ (Strength)។ លើសពីនេះ វាមានសភាពល្អប្រសើរចំពោះធ្មេញមុខនិង Veneer ។ ដោយឡែក Emax មានតម្លៃថ្លៃ មិនប្រើសម្រាប់ធ្មេញថ្គាម ឬធ្មេញក្រោម មិនប្រើសម្រាប់អ្នកដែលមានធ្មេញខ្មៅខ្លាំង និងធ្វើធ្មេញតែមួយប៉ុណ្ណោះ។ ចំពោះអ្នកដែលអាចទទួលការធ្វើ Emax-System គឺ៖   • Stained teeth៖ មានសភាពឆ្លុះថ្លា (Highly transclucent) និងអ្នកដែលមានធ្មេញមិនស្អាត។   • Crooked teeth៖ វាអាចជួយកែចំពោះធ្មេញមុខដែលមានភាពវៀច ឬមិនត្រង់ជួរ   • Root canal teeth៖ ធ្មេញដែលបានព្យាបាលរួចមានភាពផុយស្រួយ ឆាប់ខូច និងមានបញ្ហារន្ធឫសធ្មេញ   • Fractured teeth៖ ធ្មេញដែលខូច ព្រោះតែរោគពុកធ្មេញ ឬការប៉ះទង្គិច។ មូលហេតុមួយចំនួនដែលជ្រើសរើសយក Emax-System គឺ៖   • វាមានពណ៌ថ្លាប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • All Ceramic Prosthetic៖ ដោយមិនមាន Metal alloy (សារធាតុលោហៈក្នុងការធ្វើធ្មេញ) ដូច្នេះវាជួយកាត់បន្ថយអញ្ចាញពណ៌ខ្មៅ និងអាចមើលទៅប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • Durability៖ ដោយ E-max ធ្វើឡើងពី Lithiumdislocate ដូច្នេះវាមានភាពរឹងមាំខ្លាំង ហើយ E-max អាចជួយកាត់បន្ថយស្រាំ ឬបាក់នៅក្នុងពេលប្រើប្រាស់   • Ability to milled ៖ មានភាពងាយស្រួលក្នុងការធ្វើដោយ CAD, CAM milling   • Conservation of teeth structure៖ វាមានសភាពរឹងមាំ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top