
ស្ទីម ឬសូណា និងម៉ាស្សា ដែលអ្នកជំងឺទឹកនោមផ្អែម គួរស្វែងយល់



ស្ទីម ឬសូណា និងម៉ាស្សា ដែលអ្នកជំងឺទឹកនោមផ្អែម គួរស្វែងយល់ដោយសារមានសំនួររបស់អ្នកជំងឺជាច្រើនបានសួរមកខ្ញុំក្នុងអំឡុងពេលមកពិនិត្យពិគ្រោះជំងឺម្តងៗ។ ភាគច្រើនពួកគាត់បានសួរថា ” តើស្ទីម ឬសូណា អាចជួយអ្នកជំងឺទឹកនោមផ្អែមជំនួសការហាត់ប្រាណបានដែរឬទេ?” ព្រោះវាចេញញើស និងចេញជាតិពុលដូចហាត់ប្រាណដែរ!។
ចម្លើយ គឺថា ស្ទីម និងសូណា មិនអាចជំនួសការហាត់ប្រាណបានទេ ដោយមានមូលហេតុជាច្រើន។ ការហាត់ប្រាណផ្ដល់ឲ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដូចជាបញ្ចុះជាតិខ្លាញ់ សម្ពាធឈាម ជាតិស្ករ ធ្វើអោយសាច់ដុំនិងឆ្អឹងរឹងមាំម ការពារនូវជំងឺពុកឆ្អឹង កាត់បន្ថយស្ត្រេស ធ្វើឲ្យគុណភាពរស់នៅល្អប្រសើរ រក្សាទំងន់ប្រកបដោយផាសុខភាព។ល។
មុននឹងធ្វើការបកស្រាយសំនួរមួយនេះ ខ្ញុំបាទសូមអភ័យទោសចំពោះអ្នកប្រកបអាជីវកម្ម ស្ទីម សូណានិងម៉ាស្សាព្រោះវាអាចប៉ះពាល់ដល់អ្នកប្រកបរបរមួយនេះហើយខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអាននឹងយល់ហេតុផលក្រោយពីការបកស្រាយចប់។ ស្ទីម ឬសូណា គឺជាបន្ទប់តូចមួយឬអាគារ ត្រូវបានរចនាឡើងដោយទទួលនូវកំដៅស្ងួត(សូណា) ឬសើម(ស្ទីម)អាចមានកំដៅលើសពី៨០អង្សារ-សេនិងអាចមានកន្លែងមួយ ឬច្រើន។
កំដៅខ្ពស់នៅក្នុងស្ទីម និងសូណាអាច:
•ជាមូលហេតុបែកញើសច្រើនពេកដែលបណ្តាលឱ្យបាត់បង់ជាតិទឹកដែលធ្វើឱឲ្យបរិមាណឈាមថយចុះ(ឈាមខាប់ជាងមុន) និងបង្កើនអរម៉ូនមួយចំនួនដែលប្រឆាំងនឹងសកម្មភាពអាំងស៊ុយលីនដូចជាអ័រម៉ូនលូតលាស់(growth hormone) គ្លូកាហ្គូន(Glucagone) ដែលជាលទ្ធផលនាំឲ្យជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់។ ម្យ៉ាងទៀតការបែកញើសច្រើន អាចបាត់បង់ជាតិអំបិលខនិជច្រើន ដែលងាយធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែម អស់កម្លាំង ធីងធោងវិលមុខ អាចជាខ្យល់គបណ្តាលឲ្យដួលបាន ដោយហេតុថាជំងឺទឹកនោមផ្អែមបានខូចស្រាប់ទៅហើយនូវប្រព័ន្ធសរសៃប្រសាទអូតូនូមីច(autonomic neuropathy)។
•ធ្វើឲ្យសរសៃឈាមរីកធំពេលនោះបេះដូងក៏ច្របាច់ខ្លាំងជាងមុនដែរ ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមសរីរាង្គផ្សេងៗ បង្កើនល្បឿននៃការស្រូបយកអាំងស៊ុយលីនអាចណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ត្រង់នេះយើងអាចនិយាយបានថាស្ទីម ឬសូណាមិនសូវល្អទេសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលភាគច្រើនមានជំងឺបេះដូងស្រាប់ទៅហើយ។
•ធ្វើឲ្យស្បែកស្ងួត និងបង្កឲ្យមានបញ្ហាស្បែក ដូចជារបួស ឬរលាកពងទឹកជាដើម។ ដូចជាកន្លែងអាងហែលទឹក មុចទឹកផ្កាឈូកនិងសូណាបង្កើនហានិភ័យដោយចម្លងរោគផ្សិតឬមេរោគចម្លងប្រភេទផ្សេងទៀតដែលអាចធ្វើឲ្យមានស្ថានភាពធ្ងន់ធ្ងរដូចជាជំងឺសរសៃប្រសាទចុងដៃចុងជើង(Peripheral Neuropathy)។ដោយសារហេតុផលជាច្រើនស្ទីមនិងសូណាជារឿយៗត្រូវបានគេហាមប្រើជាមួយអ្នកជំងឺទឹកនោមផ្អែមជាពិសេសអ្នកកំពុងព្យាបាលដោយអាំងស៊ុយលីន។
យ៉ាងណាមុិញមានការសិក្សាមួយនៅប្រទេសហ្វាំងឡង់ដែលបានចូលរួមមនុស្ស 2315 នាក់ អាយុវ ពី42-60ឆ្នាំ បានបង្ហាញថាស្ទីមនិងសូណាអាចជួយបន្ថយជាតិកូឡេស្តេរ៉ុលបានខ្លះ ស្ករ សំពាធឈាម នឹងជួយបន្ថយសរសៃឈាមកុំអោយរឹងក្រិន(Reducing atherosclerosis )ធ្វើឲ្យបេះដូងច្របាច់បានល្្អទាំងនេះហើយវាអាចជួយដល់ជំងឺសរសៃឈាមបេះដូងនៃមនុស្សវ័យចំណាស់។
ដើម្បីរីករាយនឹងអត្ថប្រយោជន៍នៃស្ប៉ាឬសូណាលោកអ្នកត្រូវគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អជាមុនសិន។ ចូរផឹកទឹកឲ្យបានគ្រប់គ្រាន់ជួសជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់ជាងធម្មតា និងយកអាហារមានជាតិស្ករ(កាបូអ៊ីដ្រាត)ដែលងាយរលាយ និងបឺតស្រូបលឿនមួយចំនួនតាមខ្លួនដើម្បីបង្ការក្នុងពេលចុះជាតិស្ករបើចាំបាច់។ ពាក់ស្បែកជើងគ្រប់ពេលដើម្បីការពារការរងរបួសនិងឆ្លងមេរោគហើយកុំយកអាំងស៊ុយលីន(Insulin)ចូលបន្ទប់ស្ទីម ឬសូណា ព្រោះអាចខូចគុណភាព។
ម៉ាស្សា(Massage)
អ្នកជំងឺទឹកនោមផ្អែមអាចមានការម៉ាស្សាពីពេលមួយទៅពេលមួយបាន។ តាមទិន្នន័យចុងក្រោយបំផុតបង្ហាញថាការម៉ាស្សាអាចជួយបន្ថយរោគសញ្ញានៃជំងឺសរសៃប្រសាទទឹកនោមផ្អែមដូចជាក្រហាយ ស្ពឹកស្រពន់ និងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។ជាតិស្ករក្នុងឈាមចុះខុសប្រក្រតីនៅពេលដែលកន្លែងចាក់ថ្នាំត្រូវម៉ាស្សាព្រោះវាបង្កើនសកម្មភាពអាំងស៊ុយលីន។
វាមានសារៈសំខាន់ណាស់ដើម្បីជូនដំណឹងអ្នកម៉ាស្សាអំពីជំងឺទឹកនោមផ្អែមរបស់លោកអ្នកនិងបញ្ហាសុខភាពផ្សេងទៀត ឬបញ្ហាស្បែក។ ប្រសិនបើលោកអ្នកមានបញ្ហាឈាមដើរមិនល្អជំងឺសរសៃឈាម ឬជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រង ដូចនេះហើយ ការម៉ាស្សាមិនត្រូវបានគេណែនាំនោះទេ។ វាជាការសំខាន់ណាស់ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ពីព្រោះម៉ាស្សាអាចបណ្តាលឲ្យសរសៃឈាមរីកធំ និងបង្កើនការស្រូបយកអាំងស៊ុយលីន។
ដូចដែលបានបកស្រាយខាងលើអ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងយល់បន្ថែមចំពោះចំណុចដែលគួរចៀសវាង(គុណវិបត្តរបស់ស្ទីម រឺ សូណា)។
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត នៅ គីមសាន បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា- កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត នៅ គីមសាន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។