អស់កម្លាំងល្ហិតល្ហៃពិតជាសញ្ញាព្រមាននៃសុខភាព
អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។
អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ? ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ?
1.ជំងឺផ្តាសាយ៖
អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។
ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖
•បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។
•សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។
2.ការមករដូវ៖
វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។
ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖
•ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។
•ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។
•ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់ ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។
3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖
ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។
អ្វីដែលគួរធ្វើគឺ៖
•គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។
•បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។
4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖
អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។
ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។
អ្វីគួរធ្វើ៖
•ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។
•ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។
មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ