Menu

ការពិតនៅផ្ទះក៏មានឧបករណ៍ហាត់ប្រាណ!


ការពិតនៅផ្ទះក៏មានឧបករណ៍ហាត់ប្រាណ!

សុខភាពល្អ អ្នកណាក៏ប្រាថ្នាចង់បាន ឯការហាត់ប្រាណវិញ នរណាៗក៏ប្រាថ្នាថានឹងធ្វើមើលតែរាងក៏ដឹងដែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានព្រលឹងទៅៗហើយ…ប៉ុន្តែ ថាទៅក្លឹបហាត់ប្រាណក៏ខ្ជិល ទិញឧបករណ៍មកហាត់ប្រាណខ្លួនឯងនៅផ្ទះក៏ត្រូវមានច្រើនមុខ ពេលខ្លះ ពិបាកដែរក្នុងការទិញឲ្យគ្រប់តាមតម្រូវការ។ ចុះបើមិនបាច់ទិញក៏មាន ហើយហាត់ប្រាណនៅផ្ទះអារម្មណ៍ដូចនៅក្លឹបហាត់ប្រាណវិញនោះ អស្ចារ្យយ៉ាងណាទៅ…តាមដាន អំពីឧបករណ៍ហាត់ប្រាណដែលអ្នកអាចបង្កើតដោយខ្លួនឯងបាន (DIY)៖

• សម្ភារៈជំនួសការធាក់កង់
កង់ដែលឈប់ប្រើទៅហើយ កុំទុកចោលនាំតែចង្អៀតផ្ទះធ្វើអ្វី យកមកច្នៃជាកង់ដែលនៅនឹងមួយកន្លែងសម្រាប់ធាក់ហាត់ប្រាណនៅផ្ទះមិនជាការល្អទេឬ? គ្រាន់តែដាក់កង់ក្រោយកុំប៉ះដល់ដី និងកំណត់ល្បឿនដូចកង់ធាក់ក្នុងក្លឹបហាត់ប្រាណទៅបានហើយ។ ការពិតទៅវាមានលក្ខណៈមិនសូវទំនើបប៉ុន្តែលោកអ្នកអាចប្រើវាបាន ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតផង។

• សម្ភារៈសម្រាប់ទាញ
អ្នកធ្លាប់តែប្រើកន្សែងពោះគោសម្រាប់ជូតខ្លួន តែអ្នកដឹងទេថា វាក៏អាចជួយអ្នកក្នុងការហាត់ប្រាណបានដែរ។ ជាដំបូងអ្នកគ្រាន់តែកាន់វាជាមួយដៃទាំងពីរ ដើម្បីទប់លំនឹងដងខ្លួន បន្ទាប់មកធ្វើចលនាងើបចុះឡើងៗដូចអ្នកធ្លាប់ហាត់នៅក្នុងក្លឹបហាត់ប្រាណដូច្នេះដែរ។

• សម្ភារៈសម្រាប់គង ឬទប់លំនឹង
កោអី ឬគ្រែរបស់អ្នក មិនត្រឹមតែសម្រាប់គេងនោះទេ វាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដោយមិនដឹងខ្លួន តាមរយៈការប្រើធ្វើជាឧបករណ៍សម្រាប់ធ្វើចលនាផ្សេងៗ ដូចជាពត់ដៃ ជើង ឬគងដៃ ជើង និងបត់បែនខ្លួនជាមួយវាជាដើម។ រីឯជញ្ជាំងផ្ទះវិញ អ្នកគ្រាន់តែឈរផ្កាប់មុខជាមួយវា ឬគេងផ្ទប់ជើងឡើងស្របតាមជញ្ជាំង ក៏ជាផ្នែកជួយដល់ចលនាឈាមរត់ដែរ។

• សម្ភារៈជំនួសម៉ាស៊ីនរត់
ផ្ទះនរណាក៏មានកាំជណ្តើរដែរ សាកប្រើវាធ្វើជាឧបករណ៍ហាត់ប្រាណរបស់អ្នកម្តងទៅមើល។  ងាយៗ អ្នកអាចរត់ ឬលោតតាមកាំជណ្តើរឡើងចុះ តែ២ ឬ៣ដង ក៏បែកញើសបាត់ទៅហើយ។  

• សម្ភារៈជំនួសខ្សែលោត
ខ្សែចងដែលអ្នកប្រើសម្រាប់ចងរបស់របរ មានទម្ងន់ធ្ងន់បន្តិច អ្នកក៏អាចយកវាមកជំនួសការទិញខ្សែលោតបាន គ្រាន់តែកាត់ខ្សែឲ្យល្មមនឹងកម្ពស់របស់អ្នក ដែលអាចលោតបានជាការស្រេច។

• សម្ភារៈជំនួសខ្សែយឺត ឬខ្សែទាញ
វាជាប្រភេទឧបករណ៍ដែលសាមញ្ញ និងមានភាពងាយស្រួលក្នុងការអនុវត្ត ដោយលោកអ្នកអាចជ្រើសរើសយកខ្សែយឺតដូចជាកៅស៊ូរឹត ឬប្រភេទកៅស៊ូផ្សេងទៀតដែលផ្តល់ភាពយឺតបាន។ លោកអ្នកអាចប្រើវាដោយគ្រាន់តែដាក់២ ទៅ៣ជាន់ ដើម្បីកុំឲ្យងាយនឹងដាច់ អញ្ចឹង អ្នកអាចប្រើបានហើយ។

• សម្ភារៈដែលអាចជំនួសដុំដែក
ការធ្វើលំហាត់ប្រាណនានាគួបផ្សំជាមួយការកាន់ដុំដែក គឺធ្វើឲ្យលំហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាពល្អ។ អ្នកអាចប្រើរបស់របរមួយចំនួនដើម្បីជំនួសវាបានដូចជា ដុំឥដ្ឋ សៀវភៅ ដបទឹកសុទ្ធចំនុះ ១លីត្រ ឬ២លីត្រ ឬច្នៃបាវខ្សាច់ដែលល្មមនឹងកាន់បាន។ ម្យ៉ាងទៀត អ្នកអាចជំនួសដោយដុំស៊ីម៉ង់ដែលអ្នកអាចកំណត់ទម្ងន់ដោយខ្លួនឯងបានក៏ជាការប្រសើរដែរ។

ឃើញទេ នៅផ្ទះអ្នកប្រាកដជាមានសម្ភារៈទាំងអស់នេះ សាកល្បងច្នៃហាត់ជាមួយគ្រួសាររបស់អ្នកល៎មើល មិនត្រឹមតែអាចសន្សំសំចៃថវិកាថែមទាំងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារថែមទៀតផង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង