ហាត់ប្រាណពេលធ្វើដំណើរកម្សាន្តដ៏អស្ចារ្យ…
ហាត់ប្រាណ និងដំណើរកម្សាន្ត ហាក់ដូចជារឿង២ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែវាហាក់ផ្តល់គុណប្រយោជន៍រហូតអ្នកមិនអាចស្មានដល់។ សំខាន់នៅត្រង់ថា អ្នកគួរធ្វើវានៅពេលណា ហើយលំហាត់ប្រាណបែបណាដែលអ្នកអាចធ្វើបាននៅពេលនេះប៉ុណ្ណោះ…
ល្មមអំឡុងចុងឆ្នាំ ដែលម្នាក់ៗហាក់កំពុងរៀបចំគម្រោងដើរកម្សាន្ត ជាមួយមិត្តភក្តិ ក្រុមការងារ គ្រួសារ ហើយអ្នកខ្លះក៏ប្រហែលចង់ទៅម្នាក់ឯង ដូចនេះ លោកអ្នកអាចសាកល្បងគន្លឹះហាត់ប្រាណមួយចំនួន ដូចខាងក្រោម៖
ខណៈពេលរង់ចាំ ឬអង្គុយយូរ
បើសិនជាអ្នកនឹងត្រូវដើរលេងកម្សាន្តដោយការធ្វើដំណើរដោយយន្តហោះ ឬរថយន្តរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងសណ្តូកទៅមុខ អង្គុយចោងហោងដោយបន្ទន់ជង្គង់យឺតៗ និងការបង្វិលកជើងឲ្យស្របទ្រនិចនាឡិកាផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់សំខាន់ៗ និងធ្វើឲ្យអ្នកមានសុខភាពល្អបានថែមទៀតផង។
អំឡុងពេលនៃដំណើរកម្សាន្ត
ក្នុងរយៈពេលនៃដំណើរកម្សាន្តដ៏រីករាយនេះលោកអ្នកអាចឆ្លៀតឱកាសហាត់ប្រាណបន្ថែមបែបងាយៗដែលរួមមាន៖
១. ដើរ៖ ជ្រុលជាអ្នកត្រូវមកដើរកម្សាន្ត ហើយមកដល់ទីតាំងត្រូវឈប់ល្មម ដែលអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃ តែសូមព្យាយាមដើរឲ្យបានច្រើន ព្រោះថាទេសភាពនឹងអមដំណើរអ្នកនឹងមិនធ្វើឲ្យអ្នកនឿយហត់ក្នុងការដើរឡើយ។ អ្នកអាចចំណាយត្រឹមតែពីរ ទៅបីនាទី នោះអ្នកនឹងដឹងដោយអារម្មណ៍នូវភាពស្រស់ស្រាយ បង្កប់ទាំងផ្លូវចិត្ត និងកាយ។ ត្បិតការដើរក្នុងដំណើរកម្សាន្តរបស់អ្នកពេលនេះ អាចជួយកាត់បន្ថយស្រេ្តស បន្ថយសម្ពាធឈាម សម្រួលលំហូរឈាមនៅក្នុងរាងកាយយ៉ាងល្អទៀតផង។
២. រត់ត្រឹកៗ៖ ពេលព្រឹកព្រលឹម ឬពេលល្ងាចពិតជាអំណោយផលយ៉ាងល្អដែលអ្នកគួរព្រលែងបាតជើងរបស់អ្នកឲ្យប៉ះជាមួយគ្រាប់ខ្សាច់ដ៏ល្អិត និងត្រជាក់ បូករួមជាមួយទេសភាពមាត់សមុទ្រ ឬព្រៃឈើបៃតងខ្ចីនៃទីតាំងកម្សាន្តរបស់អ្នក។ មិនចាំបាច់ចំណាយពេលយូរតែ១០ ទៅ ២០នាទីអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវភាពតានតឹង បញ្ចេញជាតិពុល សម្រកជាតិខ្លាញ់ និងពង្រឹងប្រព័ន្ធការពាររាងកាយលើពីការរត់ធម្មតានៅផ្ទះ។
៣. ជិះកង់៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅទីតាំងមួយដែលមានទំហំធំ ដូច្នេះការជិះកង់គឺជាជម្រើសមួយល្អបំផុតជំនួសឲ្យការប្រើប្រាស់យាន្តជំនិះផ្សេង។ អ្នកអាចបញ្ចេញកម្លាំងពីគ្រប់កន្លែងនៃរាងកាយរបស់អ្នកបានយ៉ាងស្មើគ្នា ពិសេសសាច់ដុំជើង ហើយអ្នកនឹងកាន់តែរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក ជាមួយការរំឭកដល់អនុស្សាវរីយ៍កាលវ័យជិះកង់ទៅរៀនជាមួយគ្នា។ ទេសភាពស្រស់ស្អាត មាត់សមុទ្រធំល្វឹងល្វើយ សួនច្បារគួរជាទីទាក់ទាញ គួបផ្សំជាមួយនឹងតន្រ្តីយ៉ាងពិរោះថែមទាំងបានហាត់ប្រាណទៀត។
៤. លោតអន្ទាក់៖ ខ្សែលោតអន្ទាក់ ងាយស្រួលក្នុងការទុកដាក់តាមខ្លួន ហើយលោកអ្នកអាចអនុវត្ត ការហាត់ប្រាណដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង។ អ្នកអាចហាត់ជាមួយក្រុមមិត្តភក្តិដែលមកជាមួយគ្នា ដោយធ្វើការប្រកួតប្រជែងបានយ៉ាងសប្បាយរីករាយ នោះសេចក្តីរីករាយចេញពីចិត្តត្រូវបានជំរុញ តាមរយៈសំឡេងសើចក្អាកក្អាយ ដែលនាំដោយសោតវិញ្ញាណរបស់អ្នក។ ការចងចាំដ៏មានអត្ថន័យ ហើយក៏អាចធ្វើឲ្យអ្នកមានរាងស្រឡូនស្អាត និងមានសុខភាពល្អ។
បទពិសោធន៍ថ្មីដែលទទួលបានពេលនេះលោកអ្នកអាចយកទៅសាកល្បងនៅពេលអ្នកធ្វើដំណើរកម្សាន្តលើកក្រោយៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និងជីវិតពោរពេញដោយភាពមានន័យ…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ