ហាត់ប្រាណនៅខាងក្រៅដោយគ្មានឧបករណ៍ក៏មិនជាបញ្ហា
តើអ្នកធ្លាប់គិតដែរទេថា អ្នកក៏អាចហាត់ប្រាណនៅខាងក្រៅ ហើយទទួលបានលទ្ធផលល្អប្រសើរដែរ បើទោះជាអ្នកមិនមានឧបករណ៍អ្វីសោះក៏ដោយ?មិនមែនត្រឹមជាការរត់ត្រឹកៗ ធម្មតានោះទេ អ្នកអាចអនុវត្តនូវចលនាងាយៗមួយចំនួនខាងក្រោមនេះ ដែលអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំផងដែរ...
ការតោងបង្គោល ឬរបារ
ក្រឡេកមើលជុំវិញខ្លួនអ្នក ថាតើមានបង្គោលផ្តេកឬរបារ (អាចជាមែកឈើដែលមាំក៏បាន) ដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឬទេ? ហើយធ្វើ ការហក់លោតដើម្បីតោងចាប់វា ដោយប្រើកម្លាំងដៃទប់ទម្ងន់ខ្លួន ហើយប្រឹងងើបក្បាលឲ្យខ្ពស់ជាងបង្គោល ឬរបារនោះ ហើយទម្លាក់ខ្លួនចុះក្រោមវិញ (ដោយមិនដាក់ជើងដល់ដី) ហើយងើបឡើងលើទៀត។ ធ្វើបែបនេះប្រមាណ ៦០វិនាទី ជាមួយនឹងល្បឿនដែលអ្នកគិតថាល្មមសម្រាប់កម្លាំងរបស់អ្នក។
អាវ៉ង់ (Push-up)
អ្វីដែលត្រូវការពេលនេះ គឺកៅអីបង់ ដែលជឿជាក់ថាមិនពិបាកស្វែងរកនោះទេនៅសួនច្បារសាធារណៈនោះ។ អ្នកត្រូវអាវ៉ង់ចំនួន ៣ចលនាខុសៗគ្នាដំបូងអាវ៉ង់ដោយដាក់ជើងទៅលើកៅអីបង់ និងដៃនៅលើដី (ធ្វើឲ្យបាន ១០ដង)។បន្ទាប់មក ផ្លាស់ប្តូរទិសដៅវិញ ដោយដាក់ដៃនៅលើកៅអីបង់ និងជើងនៅលើដីវិញ (ធ្វើឲ្យបាន ១០ដង) រួចសឹមធ្វើការអាវ៉ង់ធម្មតានៅលើដីរាបស្មើវិញចំនួន១០ដងដូចគ្នា។
ការហក់លោតប៉ះទីខ្ពស់
អាចរកដើមឈើ ឬទីតាំងណាមួយដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឆ្ងាយ ហើយលើកដៃទាំងពីរឡើងលើឲ្យផុតពីក្បាល រួចធ្វើការលោតប៉ះដើមឈើ ឬទីខ្ពស់នោះឲ្យដល់ទីខ្ពស់បំផុតដែលអ្នកអាចធ្វើបានដោយត្រូវប្រាកដថាអ្នកលោត និងឈរដោយប្រមូលផ្តុំកម្លាំងនៅចុងជើង។ ធ្វើបែបនេះប្រមាណ ១នាទីជាការស្រេច។
ការអង្គុយលើអាកាស
អង្គុយលើកៅអីបង់ដោយលើកដៃទាំងពីរក្តាប់នៅពីមុខខ្លួនអ្នក (ដាក់នៅកម្ពស់ប្រហែលនឹងករបស់អ្នក) ហើយសាកងើបអង្គុយលើអាកាសឲ្យខ្ពស់តាមដែលអាចធ្វើបាន ហើយអង្គុយចុះផ្ទាល់លើកៅអីវិញពេលដែលមានអារម្មណ៍ថាទ្រទម្ងន់លែងបាន។ អ្នកគួរធ្វើបែបនេះប្រមាណ១នាទីទើបប្រសើរ។
ការរត់នៅមួយកន្លែង
ឈរនៅឆ្ងាយពីកៅអីបង់បន្តិច ដោយបែរមុខទៅរកកៅអី ហើយដាក់ដៃទប់លំនឹងខ្លួននៅលើកៅអី ជើងនៅលើដីធម្មតា (ស្រដៀងនឹងពេលអាវ៉ង់ដែរ) រួចធ្វើចលនាជើងរត់ដោយមិនផ្លាស់ទី ដោយប្រឹងធ្វើចលនាជង្គង់អបៗនឹងដើមទ្រូង ប្រៀបដូចជាកំពុងរត់ឡើងភ្នំដែរ។ ធ្វើបែបនេះប្រមាណ ៣០វិនាទីហើយផ្លាស់ប្តូរដោយដាក់ដៃ និងជើងនៅដីផ្ទាល់វិញ ជាមួយនឹងចលនាដូចគ្នាប្រមាណ៣០វិនាទីទៀត។
ការឈរទប់លំនឹងលើកៅអីបង់
ឡើងឈរលើកៅអីដោយដាក់ជើងស្តាំនៅលើកៅអីហើយបោះជំហានឡើងចុះកៅអីជាមួយនឹងជើងឆ្វេង រួចធ្វើការឆ្លាស់ជើងវិញម្តង ដោយដាក់ជើងឆ្វេងលើកៅអី ហើយបោះជើងឆ្វេងឡើងចុះកៅអីដោយធ្វើបែបនេះទៅមកឲ្យបាន២០ដង។
ការបង្វែរខ្លួនទៅទាំងសងខាង
បន្ទន់ជង្គង់ និងឱនខ្នងប្រៀបដូចជាពេលដែលអ្នកកំពុងប្រឹងលើកបាវខ្សាច់ ឬស្ពាយអ្វីដែលធ្ងន់នៅលើខ្នង ដោយដាក់ដៃទាំងសងខាងផ្អោបចូលគ្នា ហើយដាក់ព័ទ្ធទៅផ្នែកខាងក្រោយនៃក្បាល ដើម្បីទប់លំនឹងខ្លួន។ បង្វែរខ្លួនទៅឆ្វេងម្តង ទៅស្តាំម្តងដោយរក្សាជំហរដដែល ឲ្យបានប្រមាណ១នាទី។
អ្នកអាចជ្រើសរើសចលនាណាមួយដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកហើយអនុវត្តឲ្យបានជាប្រចាំ។ វានឹងមានការប្រសើរ ប្រសិនបើអ្នកធ្វើចលនានីមួយៗឲ្យបាន៣ដង ដោយធ្វើការរត់ត្រឹកៗប្រមាណជា៥នាទីរៀងរាល់ពេលបញ្ចប់ចលនាទាំងនោះបានម្តង…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ