តោះ! មកស្គាល់ប្រភេទកម្រាលយូហ្គាទាំងអស់គ្នា
យូហ្គា មើលទៅមានភាពសាមញ្ញណាស់ដែលមិនតម្រូវឲ្យមានឧបករណ៍ច្រើននោះទេ ដោយគ្រាន់តែមានកម្រាលមួយនិងរាងកាយអ្នកប៉ុណ្ណោះក៏អាចហាត់បានដែរ។ ជាក់ស្ដែង លំហាត់ប្រាណបែបនេះមានភាពពេញនិយម និងទាក់ទាញដោយសារលក្ខណៈពិសេសជាច្រើនថែមទាំងអាចហាត់បានពេញមួយតួខ្លួនទៀតផង។ ដោយឡែក បើក្រឡេកមើលកម្រាលយូហ្គាវិញក៏ត្រូវបានផលិតឡើងជាច្រើនប្រភេទទៅតាមតម្រូវការដែរ។ តោះ! មកមើលទាំងអស់គ្នាថាតើមានប្រភេទអ្វីខ្លះ? បើទោះមិនបានដឹងគ្រប់សព្វ ក៏បានដឹងខ្លះដែរ៖
កម្រាលយូហ្គាស្អិត (Basic Sticky Yoga Mats)
ជាប្រភេទកម្រាលដែលមានច្រើនក្នុងចំណាមកម្រាលទាំងអស់។ លក្ខណៈស្អិតរបស់វាអាចជួយទប់លំនឹងដងខ្លួនកុំឲ្យដួលនៅពេលហាត់យូហ្គាម្ដងៗ។ បើនិយាយពីទំហំវិញ អ្នកក៏អាចជ្រើសរើសកម្រាស់ពី ១/៨ ទៅ១/៤អុីង ទៅតាមសភាពដែលអ្នកចង់បាន និងធ្វើឲ្យការហាត់កាន់តែបានរលូន។ កម្រាលយូហ្គាប្រភេទនេះមានតម្លៃធូរថ្លៃជាងប្រភេទផ្សេងទៀត ដែលអ្នកអាចទិញបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះ។
កម្រាលយូហ្គាកៅស៊ូធម្មជាតិ (Natural Rubber Yoga Mats)
ដើម្បីកាន់តែជិតស្និទ្ធជាមួយនឹងធម្មជាតិ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូហ្គាដែលធ្វើឡើងពីកៅស៊ូធម្មជាតិ។ វាជាប្រភេទកម្រាលយូហ្គាដែលគ្មានជាតិពុល និងផ្ដល់ផលវិជ្ជមានដល់បរិស្ថានដោយហេតុថាកាកសំណល់នៃកៅស៊ូប្រភេទនេះអាចបំបែក និងយកមកកែច្នៃបាន។ កម្រាលបែបនេះស័ក្តិសមបំផុតសម្រាប់កាយវិការយូហ្គាដែលផ្ដោតសំខាន់ទៅលើសាច់ដុំ និងត្រូវការថាមពលខ្លាំង។
កម្រាលយូហ្គាប្លាស្ទិកយឺត (Plastic Elastomer Yoga Mats)
ដោយហេតុថាការផលិតកម្រាលយូហ្គាកាន់តែមានជម្រើសច្រើនដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់បរិស្ថានមួយមុខនោះទេ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផងដែរ។ ជាក់ស្ដែងកម្រាលបង្កើតដោយប្លាស្ទិកម៉្យាងឈ្មោះថា Plastic Elastomer មិនមែនជាប្រភេទប្លាស្ទិកដែលធ្វើឲ្យពុលដល់សុខភាពដូចទៅនឹងពពួក PVC ឬសារធាតុពុលដទៃទៀតឡើយ។ ជាពិសេសប្រភេទកម្រាលយូហ្គានេះ អាចប្រើបានសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មានភាពធន់ និងងាយស្រួលក្នុងការសម្អាតដោយសារភាពមិនស្រូបទឹករបស់វា។
កម្រាលយូហ្គាក្រណាត់ (Cotton Yoga Mats)
លក្ខណៈទន់ និងជក់ទឹករបស់យូហ្គាប្រភេទក្រណាត់នេះ អាចធ្វើឲ្យកាយវិការហាត់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ អ្នកអាចធ្វើការសម្អាតភាពកង្វក់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ប៉ុន្តែដោយសារតែវាធ្វើឡើងពីក្រណាត់ នោះវាអាចប្រឈមខ្ពស់ទៅនឹងការដាច់រហែកបាន។
កម្រាលយូហ្គាសរសៃអំបោះរឹង (Jute Yoga Mats)
សរសៃអំបោះដែលចម្រាញ់ចេញពីដើមរុក្ខជាតិមួយចំនួន ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតជាកម្រាលយូហ្គាផងដែរនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនសរសៃអំបោះបែបនេះគេអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈធម្មជាតិដែលអំណោយផលដល់បរិស្ថាន។ អ្នកអាចជ្រើសរើសកម្រាលប្រភេទនេះសម្រាប់ការហាត់យូហ្គាគ្រប់កាយវិការ ដោយសារសភាពធន់ និងស្អិតរបស់វា។
ត្រូវចាំថា វាជាការល្អដែលអ្នកគួរស្វែងយល់ និងជ្រើសរើសប្រភេទកម្រាលយូហ្គាណាមួយដែលមិនត្រឹមតែឲ្យការហាត់ប្រព្រឹត្តទៅដោយរលូននោះទេ ថែមទាំងជាចំណែកផ្ដល់នូវអនាម័យ និងផាសុកភាពសម្រាប់អ្នកក៏ដូចជាបរិស្ថានផងដែរ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ