Menu

Codingate អភិវឌ្ឍយុវជនកម្ពុជាផ្នែកបច្ចេកវិទ្យា


Codingate អភិវឌ្ឍយុវជនកម្ពុជាផ្នែកបច្ចេកវិទ្យា

វិស័យបច្ចេកវិទ្យានៅកម្ពុជាថ្វីត្បិតថាមិនទាន់មានការរីកចម្រើនដល់កម្រិតកំពូលមួយដូចជាប្រទេសដទៃក៏ពិតមែន តែយើងក៏អាចឃើញពីភាពរីកលូតលាស់ជាជំហានៗគួរឲ្យកត់សម្គាល់ផងដែរ។ មានស្ថាប័នជាច្រើនដែលកំពុង និងបន្តរួមចំណែកជួយឲ្យកាន់តែមានភាពប្រសើរឡើងទៀតនូវវិស័យមួយនេះ ក្នុងនោះផងដែរ ហេលស៍ថាម ក៏មានឱកាសជួបផ្ទាល់ជាមួយនឹងសហស្ថាបនិក Codingate គឺ លោក សុខ សុភមង្គល ដែលជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកព័ត៌មានវិទ្យាប្រចាំឆ្នាំ ២០១៦។

ប្រវត្តិនៃការស្ថាបនាCodingate
បុរសសង្ហាខ្មែរអង្គររូបនេះ មានទឹកដីកំណើតមកពីខេត្តសៀមរាបដែលធ្លាប់បានទទួលអាហារូបករណ៍ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាទៅសិក្សានៅសាធារណរដ្ឋឆេកកាលពីឆ្នាំ២០០៩។ ក្នុងពេលបម្រើការងារក្នុងអង្គការប្រព័ន្ធទិន្នន័យកម្ពុជាហៅថា DDD (Digital Divide Data) លោកក៏បានជួបនឹងក្រុមនិស្សិតផ្នែកITមួយក្រុមដែលមានទឹកចិត្តតស៊ូ និងភាពមុតមាំក្នុងការទទួលបានជោគជ័យនៅក្នុងជីវិត តែខ្វះខាតនូវសម្ភារៈសិក្សា គឺកុំព្យូទ័រ។

ពួកគេទាំងនោះហើយជាកម្លាំងជម្រុញទឹកចិត្តមួយឲ្យលោកមានបំណងក្នុងការជួយជ្រោមជ្រែងដល់ពួកគេ ដោយសន្យាថានឹងព្យាយាមដោះស្រាយបញ្ហានោះឲ្យបាន។ ជាមួយនឹងដៃគូពាណិជ្ជកម្មរបស់ខ្លួន លោកសុភមង្គលក៏បានព្យាយាមធ្វើការជាមួយនឹងគម្រោងមួយចំនួន ហើយជាលទ្ធផលក៏បានទទួលឧបករណ៍សិក្សាសម្រាប់ពួកគេគ្រប់គ្នា រួមផ្សំនឹងការប្រឹងប្រែងអភិវឌ្ឍខ្លួនរបស់និស្សិតម្នាក់ៗផង ខណៈនោះក៏បានក្លាយជាពេលដែល Codingate ចាប់បដិសន្ធិតែម្តង។

គោលដៅក្នុងការបង្កើត Codingate
Codingate ត្រូវបានបង្កើតឡើងក្នុងគោលដៅអភិវឌ្ឍយុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យាតាមរយៈការសម្លឹងមើលឃើញនូវចន្លោះគម្លាតដ៏ធំមួយ ដែលបច្ចេកវិទ្យានៅក្នុងប្រទេសភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេស ហើយសមិទ្ធផលដែលបានបង្កើតឡើងនៅក្នុងប្រទេស គឺត្រូវនាំចេញទៅក្រៅវិញ។ ប៉ុន្តែ Codingate កំពុងតែព្យាយាមទទួលធ្វើគម្រោងនៅក្រៅប្រទេសដែលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មានប្រមាណដល់ទៅជាង១៣០គម្រោង ដើម្បីស្វែងរក និងសន្សំទុនធ្វើការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។


មូលហេតុនៅពីក្រោយការស្ថាបនា
មូលហេតុចម្បង គឺបញ្ហាអនក្ខរភាពដែលអាចនឹងផ្តល់នូវផលប៉ះពាល់មិនតែចំពោះបុគ្គលជាអនក្ខរជននោះទេគឺចំពោះសង្គម និងប្រទេសជាតិតែម្តង ហើយលោកមានការចាប់អារម្មណ៍ខ្លាំងទៅលើការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្តែង Codingateមិនផ្តោតសំខាន់លើប្រាក់ចំណូលនោះឡើយ តែជាការបង្កើតនូវអ្វីដែលថ្មីជាសមិទ្ធផល និងមោទនភាពរបស់ប្រទេសជាតិ ក៏ដូចជាជួយឲ្យអតិថិជនប្រើប្រាស់នូវបច្ចេកវិទ្យាជាមួយនឹងផលប្រយោជន៍ពេញលេញ ដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។

មិនថានៅក្នុងកាលៈទេសៈបែបណាក៏ដោយលោកនៅតែប្រកាន់ខ្ជាប់នូវគោលជំហររឹងមាំក្នុងការស្វែងរក និងបង្កើតឱកាសការងារជូនដល់យុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍថ្មីនៅក្នុងវិស័យដដែលនេះផងដែរ។

លក្ខន្តិកៈនៃការចូលជាសមាជិក
ដើម្បីអាចក្លាយខ្លួនជាសមាជិករបស់ Codingate ជាចម្បង បុគ្គលមួយរូបត្រូវស្គាល់ពីខ្លួនឯងថាតើមានភាពខ្លាំង និងភាពខ្សោយអ្វីខ្លះ? ព្រោះថាក្រោយពីចូលជាសមាជិកហើយ Codingate នឹងផ្តល់នូវឱកាសការងារមួយដែលជួយពង្រឹងចំណុចខ្លាំងរបស់សមាជិកឲ្យកាន់តែខ្លាំង និងហ្វឹកហាត់ ដើម្បីលុបបំបាត់នូវចំណុចខ្សោយវិញ។ អ្វីដែលចាំបាច់មួយទៀត គឺការប្តេជ្ញាចិត្តខ្ពស់ និងចំណង់ចំណូលចិត្តខ្លាំងក្នុងការបង្កើតនូវអ្វីដែលថ្មី និងមានគុណប្រយោជន៍។

គួរបញ្ជាក់ផងដែរ សមាជិកភាគច្រើនរបស់ Codingate មានការគិតបែបសម័យថ្មី ព្រោះថាការធ្វើការងារជាមួយនឹងបច្ចេកវិទ្យា គឺដើម្បីដោះស្រាយនូវបញ្ហា និងផ្លាស់ប្តូរនូវផ្នត់គំនិត និងទម្លាប់នៃការរស់នៅមួយចំនួន។​ ជាក់ស្តែង មានបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតនូវភាពកក់ក្តៅ និងជិតស្និទ្ធនៅក្នុងក្រុមគ្រួសារជាពិសេសរវាងឳពុកម្តាយ និងកូន តាមរយៈការប្រើប្រាស់នូវកម្មវិធីនៅក្នុងទូរស័ព្ទដៃ។


គុណប្រយោជន៍នៃការបង្កើតបច្ចេកវិទ្យាថ្មី
វាពិតជាមានគុណប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ រួមមានការបញ្ជូននូវព័ត៌មានថ្មីៗទៅបានរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ដោយសារតែមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយនឹងការងារផ្នែកនេះ លោកក៏បានណែនាំផងដែរអំពី Information and Communication Technology (ICT) ដែលអ្វីដែលត្រូវគិតដល់មុនគេគឺអ្នកបង្កើត ដែលចាំបាច់ត្រូវមានការយល់ដឹងអំពីឥរិយាបថរបស់អ្នកប្រើប្រាស់គោលដៅ ដោយមានការពិចារណា និងគិតគូរល្អិតល្អន់ទៅលើការងារគ្រប់ផ្នែក រួមមានការរចនាបែបបទនៃការបង្ហាញព័ត៌មានជាដើម។

អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ
ថ្វីត្បិតតែទើបដំណើរការមិនបានយូរប៉ុន្មាន តែ Codingate ក៏បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ដែរ មិនថានៅក្នុងប្រទេសកម្ពុជាផ្ទាល់ ឬនៅក្រៅប្រទេសនោះទេ ភាពជោគជ័យនេះត្រូវបានលោកសុភមង្គលជាសហស្ថាបនិកផ្ទាល់បង្ហើបប្រាប់ដល់ក្រុមការងារយើងផងដែរថា ជាចម្បង គឺបណ្តាលមកពីការគាំទ្រ និងទុកចិត្តពីអតិថិជនដោយសារតែឆន្ទៈច្បាស់លាស់ក្នុងការបំពេញការងារមិនថាតូច ឬធំនោះឡើយ។ ភាពខ្លាំងមួយទៀត ជាសិល្បៈនៃការទំនាក់ទំនងទាំងនៅក្នុងក្រុមហ៊ុនផ្ទាល់ និងជាមួយនឹងដៃគូក៏ដូចជាអតិថិជន ដោយមិនលាក់លៀមនូវបែបផែននៃការធ្វើការងាររបស់ក្រុមហ៊ុនលោកឡើយ។

លោកក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងមានខ្សែបណ្តាញច្រើននៅទូទាំងប្រទេសក៏ជាហេតុផលមួយ ដែលនាំឲ្យមានអតិថិជនជាបន្តបន្ទាប់រហូត។ ជាក់ស្តែង តាំងពីពេលចាប់ផ្តើមមក Codingateមិនធ្លាប់បានចំណាយប្រាក់ច្រើនទៅលើ Marketing ឡើយដោយជាទូទៅ​ គឺមានការណែនាំតៗគ្នាពីអតិថិជនមួយទៅកាន់អតិថិជនមួយច្រើនជាង។

ទន្ទឹមនឹងគ្នានេះផងដែរ ទំនាក់ទំនងការបរទេសជាមួយនឹងដៃគូពាណិជ្ជកម្ម ក៏ជាកត្តាមួយសំខាន់ផងដែរ ដោយតាំងពីចាប់ផ្តើមដំបូង គឺមានការគាំទ្រពីដៃគូសហការនៅប្រទេសញូហ្សេលេនដែលតែងតែជួយជ្រោមជ្រែងជាពិសេសផ្នែកចំណេះដឹង។

សារជូនដល់មិត្តអ្នកអាន
មុននឹងបញ្ចប់កិច្ចសម្ភាសន៍ លោកក៏មានសារជាការលើកទឹកចិត្តចំពោះយុវជនខ្មែរឲ្យចាប់ផ្តើមធ្វើការស្វែងយល់ពីបច្ចេកវិទ្យា ដើម្បីប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាផ្សេងៗ ព្រោះថា បច្ចេកវិទ្យាជាចំណុចមួយនៃការបង្កើននូវល្បឿនសម្រាប់អភិវឌ្ឍខ្លួនឯង ក្រុមហ៊ុន សហគមន៍ ក៏ដូចជាប្រទេសជាតិផ្ទាល់តែម្តង ។

ជាការពិតណាស់  ការប្រើប្រាស់នូវបច្ចេកវិទ្យាបានត្រឹមត្រូវនឹងផ្តល់នូវតម្លៃព្រមទាំងផលវិជ្ជមានជាច្រើនក្នុងជីវិតរស់នៅ។ ដូចគ្នាផងដែរ លោកក៏ជម្រុញទឹកចិត្តចំពោះអ្នកដែលមានគំនិតច្នៃប្រឌិត ក៏ដូចជាអ្នកដែលមានគំនិតផ្តួចផ្តើមក្នុងការបង្កើត ឬច្នៃនូវអ្វីដែលថ្មី ដើម្បីភាពប្រសើរឡើង។


Share:

អត្ថបទទាក់ទង