បង្ហាញក្តីស្រលាញ់តាមកម្រិតសិក្សា(1990s-2010s)
ខណៈនេះ យើងងាកមកគិតអំពីវិធីបង្ហាញវាចាបេះដូងទៅតាមកម្រិតនៃការសិក្សាវិញម្តង ហើយក៏ចង់បញ្ជាក់ផងដែរថា វាអាចនឹងមិនដូចជាអ្វីដែលអ្នកធ្លាប់ជួបកន្លងមក ឬក៏ខុសកម្រិតគ្នា តែនេះគ្រាន់តែជាអ្វីដែលអេដមីនឧស្សាហ៍ជួប និងឃើញក្នុងជំនាន់តែប៉ុណ្ណោះ…
ជឿជាក់ថា មានមនុស្សមិនតិចទេដែលធ្លាប់លួចក្រាស់គេ មិនថាដោយលួចលាក់ទុកក្នុងចិត្តតែម្នាក់ឯង ឬបានប្រាប់ពួកម៉ាកខ្លះឲ្យដឹងនោះទេ…គឺដឹងតែថា កាលពីនៅក្មេង ប្រាកដជាមិនទាន់មានអីទំនើបដូចជាទូរស័ព្ទសម្រាប់stalkគេនោះទេ ហើយវិធីតាមគេនោះ ក៏មានលក្ខណៈប្រពៃណី តែបើគិតឡើងវិញ ក៏គិតថាគួរឲ្យស្រលាញ់ម្យ៉ាងដែរ…
តោះ! សូមធ្វើតាមខ្ញុំ!!!
បិទភ្នែក…ព្យាយាមកុំគិតពីអ្វីទាំងអស់…ដកដង្ហើមចេញ ដកដង្ហើមចូល….ធ្វើបែបនេះ ប្រមាណ២នាទី…
ហើយ…បើកភ្នែកវិញ…អានបន្តទៀត XD (លលេងតិចហ្នឹងណា៎!!!)
កម្រិតមត្តេយ្យសិក្សា
នៅក្មេងពេក!!! ធ្វើអីកើត?? នៅតែអាច…ព្រោះថា អ្វីក៏អាចកើតមានដែរ (ចាំទេ៎? Nothing is Impossible…)
១. ទិញរបស់ញ៉ាំ ឬរបស់លេងឲ្យគេ
មានលុយតិចបំផុត តែរបស់លេង ឬញ៉ាំសម្រាប់ក្មេងមានទៅថ្លៃអីម៉ាន…គឺថា ឆ្លៀតបាន ចេះតែឆ្លៀតទៅ!!! សន្សំតិចតួច ហើយក៏ដើរយ៉ាងរីករាយទៅកាន់តូបនំ ទិញ២ចំណែក សម្រាប់គេមួយ ខ្លួនឯងមួយ…
កម្រិតបឋមសិក្សា
រាងធំបន្តិចហើយ តែតាមពិតទៅ មិនគួរមានស្នេហាក្នុងវ័យនេះទេ តែធ្វើម៉េច បើជ្រុលស្រលាញ់ហើយ…ក្រែងគេថា អាយុគ្រាន់តែជាតួលេខហី…
២. សរសេរលើតុរៀន
គ្រូហាមថា មិនឲ្យសរសេរអីនៅលើតុជាដាច់ខាត ជាពិសេសគឺយកទឹកលុបសរសេរ…មានអ្នកខ្លះ សរសេរលើតុឯងសមជាស្រេច ហើយលួចសរសេរនៅលើតុគេ សារភាពបែបប្រពៃណីហ្មងហា៎!!! ក៏មានអ្នកខ្លះទៀត ស្តាប់បង្គាប់គ្រូ ហើយក៏ឆ្លៀតសរសេរដែរ តែគេចេះរកក្រដាសសរសេរត្រឹមត្រូវ រួចបានរកស្កុតទៅបិទលើតុគេ។
៣. ខ្ចីសៀវភៅ
«សុំខ្ចីសៀវភៅចម្លងមេរៀនសិនម៉ោ…» លេសណាស់!!! ការពិត ចង់បង្កើតឱកាសឲ្យខ្លួនឯងសោះ…មុនពេលយកសង មិនភ្លេចទេ សរសេរnoteផ្ញើឲ្យគេ មិនថាជាពាក្យអរគុណ ឬពាក្យក្នុងចិត្តនោះទេ(ស្ទាយហ្នឹង ត្រូវប្រយ័ត្នតិច ខ្លាចលោថាប៉ាម៉ាក់គេឆែកសៀវភៅអីហ្នឹង…នាំរឿងឲ្យគេប៉ាដោយ)
៤. បោះរបស់ទៅលើតុគេ
កំសាក៥០% ត្រង់ថាហ៊ានឲ្យគេផ្ទាល់ដៃដែរ តែបានត្រឹមបោះ…ខ្លះក៏បត់ជារូបយន្តហោះនាំវាចាបេះដូងទៅប្រាប់គេ…ខ្លះទៀត ក៏ទិញស្ករគ្រាប់ ឬកាដូតូចៗខ្ចប់ជាមួយនឹងសំបុត្រ…(បើប្រើវិធីនេះ ត្រូវតែសមដៃឲ្យបានស្ទាត់សិន ប្រយ័ត្នគប់ខុសមនុស្ស ឬត្រូវដែរ តែត្រូវគេ)
៥. ដាក់កាដូក្នុងកន្រ្តកកង់ ឬម៉ូតូ
ព្រោះតែមិនទាន់មានភាពក្លាហានក្នុងការប្រឈមនឹងគេផ្ទាល់ តែនេះប្រឈមខ្លាំងនឹងការបាត់កាដូច្រើនជាង…អញ្ចឹងហើយ បើដាក់ ត្រូវនៅឃ្លាំមើលផងថាតើបានដល់ដៃគេឬអត់?
៦. សរសេរសំបុត្រស្នេហា
ប្រហែលជាមានមិនច្រើនទេ តែវិធីហ្នឹង ពិតជាបងា្ហញពីទឹកចិត្តមែន ហើយក៏ជាវិធីប្រសើរបំផុតសម្រាប់អ្នកដែលមិនសូវចេះវោហាសាសព្ទតាមពាក្យសម្តីដែរ…អស់ក្រដាសតែមួយសន្លឹក តែក៏អាចបង្ហាញនូវអ្វីដែលកប់ទុកក្នុងបេះដូង
កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា
វ័យនេះ បានចាស់ចិត្ត ចាស់គំនិតគ្រាន់បើ…មិនប្រើវិធីបែបក្មេងៗ លាក់មុខលាក់ក្រោយទៀតហើយ…
៧. ប៉ាវញ៉ាំអាហារ
អាចជាអាហារពេលថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅកន្លែងណាមួយ…ស្ថានភាពបែបនេះមានបង្ហាញច្រើន នៅក្នុងរឿងកុន និងរឿងភាគហើយ…
៨. ប្រើប្រាស់គ្រឿងអេឡិចត្រូនិច
ច្រើនបែប ច្រើនយ៉ាងណាស់…ទាំងក្រៅ និងក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយមិនចង់ឲ្យទ្រលាន់ អាចប្រើស្នៀតទាំងនេះបាន ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់
នៅចាំបានទេថា មកទល់ពេលនេះ…ធ្លាប់ប្រើវិធីមួយណាខ្លះហើយ? ឬក៏ធ្លាប់ត្រូវបានគេប្រើវិធីណាមកលើខ្លួនដែរ? គ្រាន់តែជាការរំលឹកអនុស្សាវរីយ៍ល្អៗលេងលេងហ្នឹងណា៎…